ដោយ ញឹមសុខន និងស៊ុន ណារិន
ថ្ងៃច័ន្ទ ទី20 សីហា ឆ្នាំ2012 ម៉ោង11:47
ស្តាប់សម្លេង៖
ពួកគេបន្តថា ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងកិច្ចការនារីនេះ ពុំមែនជាការពិត ហើយនឹងជំរុញឲ្យបង្ហាញភស្តុតាងជូនពួកគេ បើមិនដូច្នោះទេ ពួកគេថា រដ្ឋមន្ត្រីរូបនោះត្រូវចេញមុខសារភាពកំហុសជា សាធារណៈ ដើម្បីធានាថាសិទ្ធិនារីនៅកម្ពុជាត្រូវបានគេគោរព ៖ “លោកជំទាវ គាត់ដឹងអត់ហាស់? កន្លែងណាមួយដែលលោកជំទាវមើលឃើញថា ប្អូនខ្ញុំវាយសមត្ថកិច្ច? ភស្តុតាងមួយណាថាពួកខ្ញុំវាយប៉ូលីស? ហើយឥលូវនេះខ្ញុំសួរគាត់មើល តើគាត់គោះទ្រអាជ្ញាធរប្រើអំពើហឹង្សាលើស្ត្រីមែនអត់? បានន័យថា គាត់វាយប្រហារស្ត្រីទូទៅទាំងអស់តែម្តង មិនមែនតែពួកខ្ញុំអ្នកបឹងកក់ទេ។ អញ្ចឹងខ្ញុំសូមឲ្យគាត់លុបពាក្យហ្នឹងចោលវិញ ហើយធ្វើសន្និសិទការសែតមួយ ដើម្បីបង្ហាញថាគាត់ជាស្រ្តីគោះទ្រស្ត្រី លើកកំពស់ស្ត្រី ដូច្នេះលោកស្ត្រីគួរតែពិចារណាឡើងវិញ។”
VOD មិនអាចសុំការអត្ថាធិប្បាយពីរដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង គន្ថាផាវី ជុំវិញសំណើររបស់អ្នកភូមិនេះបានទេ រហូតមកដល់ពេលនេះ ប៉ុន្តែមន្ត្រីនៅខុទ្ធកាល័យរបស់លោកស្រី អ៊ឹង គន្ថាផាវី ដែលមិនប្រាប់ឈ្មោះ អះអាងថា ក្រុមការងារនៅក្រសួងនេះ កំពុងប្រមូលឯកសារផ្សេងពីមន្ត្រីប៉ូលីស ដើម្បីផ្ទៀងផ្ទាត់ទៅនឹងការអះអាងរបស់លោកស្រី រដ្ឋមន្ត្រី ហើយក្រសួងនឹងប្រាប់ទៅអ្នកភូមិវិញថា គួរធ្វើយ៉ាងណាបន្តទៀតនៅសប្តាហ៍ក្រោយ ៖ “លោកជំទាវរដ្ឋមន្ត្រីឲ្យដោះស្រាយបញ្ហារឿងហ្នឹងហើយ កាលណានេះ បានព័ត៌មានអី គាត់ប្រមូលបានភស្តុតាង ប្រមូលព័ត៌មានបានសព្ធគ្រប់ គាត់ហ្នឹងអញ្ជើញ លោកស្រីអស់ហ្នឹងមកប្រាប់។”
បើតាមអ្នកភូមិ បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែសីហា ពួកគេបានដាក់ញត្តិមកក្រសួងកិច្ចការនារីនេះ សុំអន្តរាគមន៍ជួយរកយុត្តិធម៌ ជូនស្ត្រីអ្នកតវ៉ាម្នាក់ឈ្មោះ បូវ ស្រីស្រស់ អាយុ ២៥ឆ្នាំ ដែលត្រូវប៉ូលីសវាយឲ្យរងរបួសរហូតសន្លប់ ហើយបានរលូតកូននៅក្នុងផ្ទៃ ដែលមានអាយុជាងពីខែ នៅពេលប៉ះទង្គិចគ្នានៅពេលនោះ។ ពួកគេចោទប្រកាន់ទៅលើស្នងការរងនគរបាលរាជធានីភ្នំពេញ លោក ភួង ម៉ាល័យ ថាបានបញ្ជាកម្លាំងវាយទៅលើស្ត្រីរូបនោះ ប៉ុន្តែអ្នកភូមិអះអាងថា ក្រសួងមួយនេះមិនទាន់បានឆ្លើយតបនឹង ញត្តិរបស់ពួកគេផង ស្រាប់តែរដ្ឋមន្ត្រីនៅក្រសួងនេះ បានអះអាងប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ករណីនេះមកពីពលរដ្ឋជាអ្នកវាយទៅលើសមត្ថកិច្ចមុន៕
No comments:
Post a Comment