ដោយ ជន ស្រីណុច និង ស៊ុន ណារិន
ថ្ងៃច័ន្ទ ទី20 សីហា ឆ្នាំ2012 ម៉ោង11:01
ក្រុមនិសិ្សតស្រាវជ្រាវលើភាពមិនប្រក្រតីនៃការ
ប្រឡងបាក់ឌុបឆ្នាំ២០១២នេះ
នឹងដាក់របាយការណ៍ស្ទង់មតិដែលគេបានសិក្សាកន្លងទៅ
ទៅក្រសួងអប់រំក្នុងសប្តាហ៍នេះ
ដើម្បីស្នើឲ្យក្រសួងចាត់វិធានការលើបញ្ហាអសកម្មមួយចំនួន
ដែលតែងតែកើតឡើងក្នុងពេលប្រឡង។អ្នកផ្តល់ជំនួយបច្ចេកទេសក្នុងការដឹកនាំ ក្រុមនិស្សិតស្រាវជ្រាវ លោក កែម ឡី មានប្រសាសន៍ថា ការស្ទង់មតិនេះ មានសារៈសំខាន់ណាស់ ក្នុងការឲ្យក្រសួងត្រួតពិនិត្យ និងអង្គការពាក់ព័ន្ធនឹងការអប់រំមួយចំនួន ដើម្បីជួយរកវិធីសាស្រ្តទប់ស្កាត់ពីបញ្ហាទាំងនោះ ៖ “ខ្ញុំគិតថា ការសិក្សារបៀបនេះ មានសារៈសំខាន់សំរាប់ឲ្យក្រសួងយល់ដឹងអំពីបញ្ហា យល់ដឹងអំពីមូលហេតុនៃបញ្ហា និងរិះរកមធ្យោបាយ នៅក្នុងការដោះស្រាយនៃបញ្ហា ហើយទីពីរ គឺយើងបានផ្តល់អនុសាសន៍ងាយៗ ដែលអាចអនុវត្តន៍បាន ប្រសិនបើយើងចង់កែលម្អ”។
ស្តាប់សម្លេង៖
លទ្ធផលស្ទង់មតិនៃភាពមិនប្រក្រតីក្នុងការប្រឡង បង្ហាញថា ពិតជាមានការលួចចម្លង ការសូកប៉ាន់ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដូចការរិះគន់កន្លងទៅ។ អ្នកស្រាវជ្រាវ រកឃើញថា ក្នុងចំណាមសិស្សប្រមាណជាង ១៥០នាក់ មាន៦៧ភាគរយ ឆ្លើយថា ពួកគាត់បានចំណាយលុយឲ្យមេប្រយោគ ហើយពួកគេក្នុងម្នាក់ៗជាមធ្យមចំណាយអស់១២ម៉ឺនរៀល សម្រាប់ការប្រឡងបីថ្ងៃនេះ។
មន្រ្តីក្រសួងអប់រំ មិនអាចទាក់ទងសុំការអត្ថាធិប្បាយលើរបាយការណ៍ នេះនៅឡើយទេ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន លើកឡើងថា កន្លងមកនេះ លោកក៏មានរបាយការណ៍មួយចំនួន ដែលទាក់ទងនឹងអំពើពុករលួយទាំងនេះ ហើយបន្ទាប់ពីលទ្ធផលបាក់ឌុបប្រកាសលោកនឹងធ្វើរបាយ ការណ៍ជូនទៅក្រសួងនិង លោកនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យឡើងវិញពីបញ្ហានេះ ៖ “ជាពិសេស ការដែលចូលគឺថាធ្វើសមាហរណកម្ម ទៅក្នុងសហគមន៍អាស៊ាននៅពេលឆ្នាំ២០១៥ អញ្ចឹងដើម្បីឲ្យធនធាន យើងមានសមត្ថភាពប្រកួតប្រជែងជាមួយគេបាន អាហ្នឹងវាត្រូវតែធ្វើការកែលម្អទោះបីចង់មិនចង់ ត្រូវតែមានចំណាត់ការ”។
គួរបញ្ជាក់ថា ការស្ទង់មតិនេះ គឺធ្វើឡើងក្នុងចំណោមសិស្សប្រឡងបាក់ឌុបប្រមាណជាង ១៥០នាក់ ក្នុង១០មណ្ឌលនៅរាជធានីភ្នំពេញ ក្នុងថ្ងៃចុងក្រោយនេះការប្រឡង។ បេក្ខជនប្រឡងថ្នាក់ទី១២ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១២ មានប្រមាណជាង១១ម៉ឺននាក់៕
No comments:
Post a Comment