Monday, August 27, 2012

ដីទំនេរ​នៅ​ក្បែរ​ស្តាត​អូឡាំពិក​ នឹងត្រូវ​សង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្នុង ​ទឹកប្រាក់​៤០០លាន​ដុល្លារ



អគារ​ក្នុង​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក
អគារ​ក្នុង​ពហុកីឡាដ្ឋាន​ជាតិ​ អូឡាំពិក

ដោយ គី សុខលីម
ដី​ទំនេរ​នៅ​ក្បែរ​ស្តាត​អូឡាំពិក​នឹង​ត្រូវ​យក​ទៅ​សាងសង់​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ដែលមាន​តម្លៃ​ទឹកប្រាក់​៤០០​លានដុល្លារ​អាមេរិក។ គម្រោង​ដ៏​សម្បើម​នេះ​នឹង​ត្រូវ​ការ​រយៈពេល​៥​ឆ្នាំ​ ដើម្បី​លេចចេញ​ជា​រូបរាង​ជាស្ថាពរ។

សេចក្តី​រាយការណ៍​របស់​ គី សុខលីម ពី​ភ្នំពេញ
 
26/08/2012

ផ្ទៃដី​ទំនេរ​នៅ​ភាគ​ខាងត្បូង​និង​ខាងកើត​​ស្តាត​អូឡាំ​ពិក​នៅ​ចំ​កណ្តាល ​ទីក្រុង​ភ្នំពេញ​នឹង​ក្លាយ​ទៅជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ដ៏​ទំនើប​មួយ​នាពេល​ អនាគត។ នេះ​បើ​យោង​តាម​ព័ត៌មាន​ដែល​​ផ្សព្វផ្សាយ​ដោយ​វិបសៃត៍​​សាលា​រាជធានី​ ភ្នំពេញ​កាល​ពីពេល​ថ្មី​ៗ​កន្លងមក​នេះ។

ក្រុមហ៊ុន​អាណិកជន​ខ្មែរ OCIC ដែល​ជា​អ្នក​អភិវឌ្ឍ​កោះពេជ្រ​ដែរ​នោះ​ទទួល​បាន​សិទ្ធិ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​​​ដើម្បី​សាងសង់​សណ្ឋាគារ​៤០០​បន្ទប់ ​អគារ​ពាណិជ្ជកម្ម​ ៥៥​ជាន់ ផ្ទះ​អាជីវកម្ម​ខ្នាតតូច​ចំនួន​១៧០​ផ្ទះ ផ្សារ​ទំនើប និង​ខុន​ដូ​មួយ​ចំនួន​ផ្សេង​ទៀត​នៅលើផ្ទៃដី​ភាគ​ខាង​កើត​និង​ខាង​ត្បូង​ ស្តាត​អូឡាំពិក។ គម្រោង​ដ៏​សម្បើម​នេះ​ត្រូវ​ការ​រយៈពេល​៥​ឆ្នាំ​និង​ចំណាយ​ថវិកា​ប្រមាណ​ជា​ ៤០០​លាន​ដុល្លារ​អាមេរិក។

លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ថ្លែង នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ ​ថា នេះជា​គម្រោង​ដែល​ឆ្លើយតប​ទៅនឹង​ដំណើរ​វិវឌ្ឍន៍​នៃ​សង្គម​សេដ្ឋកិច្ច​របស់​ កម្ពុជា​។ ក្រុមហ៊ុន OCIC ទទួល​បាន​ការ​វិនិយោគ​នៅ​លើ​ផ្ទៃ​ដី​ទំនេរ​របស់​ស្តាត​អូឡាំពិក​មែន​ប៉ុន្តែ ​ក្រុមហ៊ុន​នេះ​មាន​កាតព្វកិច្ច​ជួស​ជុល​ស្តាត​អូឡាំពិក ​និង​សាងសង់​អគារ​គណៈកម្មាធិការ​ជាតិ​អូឡាំ​កម្ពុជា​នៅ​តំបន់​នោះ​ផង​ដែរ។ ក្រុមហ៊ុន OCIC ទទួល​បាន​សិទ្ធកាន់​កាប់​រយៈពេល​៩៩​ឆ្នាំ។

លោក ស៊ឹង ប៊ុណ្ណា អគ្គនាយក​នៃ​ទីភ្នាក់ងារ​អចលនទ្រព្យ ប៊ុណ្ណារៀលធី​បាន​បញ្ជាក់​ប្រាប់​ថា ការ​វិនិយោគ​សាងសង់​នៅ​ក្នុង​តំបន់​នេះ​គឺ​ជា​ការ​វិនិយោគ​ត្រឹមត្រូវ​ ពីព្រោះ​តំបន់​នេះ​គឺ​ជា​តំបន់​ចំ​កណ្តាល​ក្រុង​ភ្នំពេញ ​មាន​តម្រូវ​ការ​ច្រើន​។ ម៉្យាងវិញទៀត សំណង់​ទាំងអស់​នេះ​នឹង​ធ្វើ​អោយ​ទីក្រុង​កាន់តែ​មាន​សោភ័ណភាព​ឡើង។

បើ​យោង​តាម​ប្រភព​ពី​សាលារាជធានី​ភ្នំពេញ​ដដែល ស្តាត​អូឡាំពិក​ចាស់​នេះ​នឹង​រក្សា​អោយ​នៅ​ជាស្តាត​បុរាណ​ដដែល​។ ហើយ​​រដ្ឋាភិបាល​គ្រោង​នឹង​សាងសង់​ស្តាត​ថ្មី​មួយ​ទៀត​​​នៅ​ភាគ​ខាង​ត្បូង​ ឆៀង​ខាង​កើត​ទីក្រុង​ភ្នំពេញ​ដែល​មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​ហើយ​ ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​ជាក់ស្តែង​នា​សង្គម​បច្ចុប្បន្ន៕

No comments:

Post a Comment