អគារក្នុងពហុកីឡាដ្ឋានជាតិ
អូឡាំពិក
ផ្ទៃដីទំនេរនៅភាគខាងត្បូងនិងខាងកើតស្តាតអូឡាំពិកនៅចំកណ្តាល ទីក្រុងភ្នំពេញនឹងក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ទំនើបមួយនាពេល អនាគត។ នេះបើយោងតាមព័ត៌មានដែលផ្សព្វផ្សាយដោយវិបសៃត៍សាលារាជធានី ភ្នំពេញកាលពីពេលថ្មីៗកន្លងមកនេះ។
ក្រុមហ៊ុនអាណិកជនខ្មែរ OCIC ដែលជាអ្នកអភិវឌ្ឍកោះពេជ្រដែរនោះទទួលបានសិទ្ធិពីក្រសួងអប់រំ យុវជន និងកីឡាដើម្បីសាងសង់សណ្ឋាគារ៤០០បន្ទប់ អគារពាណិជ្ជកម្ម ៥៥ជាន់ ផ្ទះអាជីវកម្មខ្នាតតូចចំនួន១៧០ផ្ទះ ផ្សារទំនើប និងខុនដូមួយចំនួនផ្សេងទៀតនៅលើផ្ទៃដីភាគខាងកើតនិងខាងត្បូង ស្តាតអូឡាំពិក។ គម្រោងដ៏សម្បើមនេះត្រូវការរយៈពេល៥ឆ្នាំនិងចំណាយថវិកាប្រមាណជា ៤០០លានដុល្លារអាមេរិក។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានថ្លែង នៅល្ងាចថ្ងៃអាទិត្យនេះ ថា នេះជាគម្រោងដែលឆ្លើយតបទៅនឹងដំណើរវិវឌ្ឍន៍នៃសង្គមសេដ្ឋកិច្ចរបស់ កម្ពុជា។ ក្រុមហ៊ុន OCIC ទទួលបានការវិនិយោគនៅលើផ្ទៃដីទំនេររបស់ស្តាតអូឡាំពិកមែនប៉ុន្តែ ក្រុមហ៊ុននេះមានកាតព្វកិច្ចជួសជុលស្តាតអូឡាំពិក និងសាងសង់អគារគណៈកម្មាធិការជាតិអូឡាំកម្ពុជានៅតំបន់នោះផងដែរ។ ក្រុមហ៊ុន OCIC ទទួលបានសិទ្ធកាន់កាប់រយៈពេល៩៩ឆ្នាំ។
លោក ស៊ឹង ប៊ុណ្ណា អគ្គនាយកនៃទីភ្នាក់ងារអចលនទ្រព្យ ប៊ុណ្ណារៀលធីបានបញ្ជាក់ប្រាប់ថា ការវិនិយោគសាងសង់នៅក្នុងតំបន់នេះគឺជាការវិនិយោគត្រឹមត្រូវ ពីព្រោះតំបន់នេះគឺជាតំបន់ចំកណ្តាលក្រុងភ្នំពេញ មានតម្រូវការច្រើន។ ម៉្យាងវិញទៀត សំណង់ទាំងអស់នេះនឹងធ្វើអោយទីក្រុងកាន់តែមានសោភ័ណភាពឡើង។
បើយោងតាមប្រភពពីសាលារាជធានីភ្នំពេញដដែល ស្តាតអូឡាំពិកចាស់នេះនឹងរក្សាអោយនៅជាស្តាតបុរាណដដែល។ ហើយរដ្ឋាភិបាលគ្រោងនឹងសាងសង់ស្តាតថ្មីមួយទៀតនៅភាគខាងត្បូង ឆៀងខាងកើតទីក្រុងភ្នំពេញដែលមានលក្ខណៈស្តង់ដារអន្តរជាតិហើយ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនាសង្គមបច្ចុប្បន្ន៕
No comments:
Post a Comment