ដោយ វិជ័យ អានន្ទ
2012-08-14
ជម្លោះដីធ្លីនៅតែបន្តកើតមាននៅបណ្ដាខេត្តផ្សេងៗទៀតក្នុង ប្រទេស បើទោះបីជារាជរដ្ឋាភិបាលបានចាត់ឲ្យមានក្រុមនិស្សិតស្ម័គ្រចិត្ត ចុះវាស់វែងដី ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋក៏ដោយ។ អាជ្ញាធរខេត្តព្រះសីហនុ ប្រើកងកម្លាំងចម្រុះប្រមាណជាង២០០នាក់ បណ្ដេញពលរដ្ឋជាង១៣០គ្រួសារ។បន្ថែមលើនោះ ពលរដ្ឋ១៧៨គ្រួសារ នៅខេត្តកំពត ប្រឈមនឹងការបណ្ដេញចេញពីក្បាលដីចំនួនប្រមាណ៥០០ហិកតារ។ រីឯជនជាតិដើមភាគតិចសួយ ជាង១០០គ្រួសារ ព្រួយបារម្ភនឹងការចុះវាស់វែងដីរបស់ក្រុមនិស្សិតស្ម័គ្រចិត្ត វាស់វែងប៉ះពាល់ដីរបស់សហគមន៍ជនជាតិដើមភាគតិច។
ផ្ទះជាច្រើនខ្នងរបស់ពលរដ្ឋភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ត្រូវកងកម្លាំងសមត្ថកិច្ចចុះរុះរើ ក្រោយពីជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយ រវាងពលរដ្ឋ និងមន្ត្រីកំពង់ផែក្រុងព្រះសីហនុ អូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំនោះរួចមក។
ជម្លោះនេះត្រូវពលរដ្ឋ និងមន្ត្រីកំពង់ផែ លោក ចាន់ កាំង បានប្ដឹងផ្ដល់គ្នាតាមផ្លូវតុលាការចាប់ពីសាលាដំបូងរហូតសាលា កំពូល។ ហើយការកាត់ក្ដីរបស់តុលាការចាប់ពីសាលាដំបូងដល់តុលាការលោក ចាន់ កាំង តែងឈ្នះពលរដ្ឋ។ បន្ទាប់ពីលោក ចាន់ កាំង បានឈ្នះក្ដីនោះរួចមក តុលាការក៏បានចេញសាលក្រមមួយឲ្យពលរដ្ឋរុះរើផ្ទះរបស់ពួកគាត់ តែពលរដ្ឋទាំងនោះតែងនាំគ្នាធ្វើកូដកម្មប្រឆាំងនឹងសាលក្រមនោះ។ ដូច្នេះ រឿងក្ដីនេះចេះតែអូសបន្លាយចាប់ឆ្នាំ២០០៥ មកដល់ឆ្នាំ១០១២ នេះ។
ពលរដ្ឋម្នាក់អះអាងនៅថ្ងៃទី១៤ សីហា ថា គាត់ពិតជាសោកស្ដាយចំពោះការបាត់បង់ផ្ទះដែលត្រូវអាជ្ញាធររុះរើ នោះជាខ្លាំង៖ «មិនថាខ្ញុំ ថាគេទេ ពូអើយ ឥឡូវហ្នឹងគេរុះអស់ហើយ បើខ្ញុំទាល់ជាងគេ ផ្ទះស័ង្កសីតូចមួយ ទម្រាំធ្វើបាននៅ ឥឡូវអស់ហើយពូអើយ ខ្ញុំគ្មានស្អីសល់ឥឡូវ ខ្ញុំមិនដឹងរស់នៅឯណាទេ»។
ទាក់ទងនឹងករណីនេះ វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពីអភិបាលខេត្តព្រះសីហនុ លោក ស្បោង សារ៉ាត់ បានទេ នៅថ្ងៃទី១៤ សីហា នេះ ដោយលោកអះអាងថា លោកជាប់រវល់ប្រជុំ។
ស្របគ្នានេះដែរ នៅឯខេត្តកំពត ឯណោះវិញ ពលរដ្ឋប្រមាណ១៧៨គ្រួសារ ដែលបានកាន់កាប់ដីសម្បទានសង្គមកិច្ចចំនួន៥០០ហិកតារ ស្ថិតនៅភូមិតេជោជ្រៃបាក់ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ត្រូវអាជ្ញាធរខេត្តប្រាប់ពួកគាត់ថា ពួកគាត់នឹងត្រូវរើផ្ទះសម្បែងចេញពីតំបន់នោះ ព្រោះតំបន់នោះជាដីរបស់ក្រុមហ៊ុន ចាន់ សុធា ដូច្នេះក្រុមហ៊ុនគេនឹងដកយកដីនោះវិញ។
ពលរដ្ឋមានប្រសាសន៍ថា ក្បាលដីចំនួន៥០០ហិកតារនេះ ជាដីរបស់ពលរដ្ឋដែលព្រះមហាក្សត្រចែកឲ្យពលរដ្ឋក្រីក្រ ដែលចេញពីតំបន់ស្ទឹងមានជ័យ ក្រុងភ្នំពេញ ទៅរស់នៅទីនោះ។ ហើយពីមុនមក ក្រុមហ៊ុន ចាន់ សុធា ក៏ទទួលស្គាល់ថាក្បាលដីចំនួន៥០០ហិកតារនេះ ជាដីរបស់ពលរដ្ឋទាំង១៧៨គ្រួសារដែរ។ ប៉ុន្តែ ស្រាប់តែពេលថ្មីៗនេះ អាជ្ញាធរខេត្តកំពត មកហាមពលរដ្ឋមិនឲ្យសាងសង់ផ្ទះសម្បែងបន្ថែមទៀត ព្រោះក្រុមហ៊ុននឹងដកយកដីនោះវិញ៖ «គេថាកុំឲ្យយើងដាំដំណាំ ឬធ្វើផ្ទះសម្បែងកន្លែងនោះជាបន្តទៀត ព្រោះពេលក្រុមនិស្សិតចុះវាស់វែងដល់តំបន់នោះ គេនឹងដេញយើងឲ្យទៅនៅកន្លែងផ្សេង»។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ តំណាងជនជាតិដើមភាគតិចសួយម្នាក់ឈ្មោះ វ៉ែន ស៊ុននី អះអាងថា ក្រុមនិស្សិតស្ម័គ្រចិត្តរបស់រដ្ឋាភិបាលបានចុះវាស់វែងដីប៉ះដី សហគមន៍ជនជាតិដើមភាគតិច។ អ្នកស្រីលើកឡើងបន្តថា ដីជនជាតិដើមភាគតិចស្ថិតក្នុងភូមិចំនួន៣ គឺភូមិតានិល ភូមិកដូនតី និងភូមិពុទ្រា ត្រូវក្រុមនិស្សិតវាស់វែងប៉ះ ហេតុនេះ ទើបជនជាតិដើមភាគតិចចំនួន១០០គ្រួសារ ងើបឡើងតវ៉ាសុំឲ្យក្រុមនិស្សិតទាំងនោះបញ្ឈប់នូវការវាស់វែងរបស់ ខ្លួន ព្រោះដីនោះជាដីរបស់សហគមន៍ជាតិដើមភាគតិច។
ទាក់ទងនឹងការអះអាងរបស់ជនជាតិដើមភាគតិចនេះ អភិបាលខេត្តកំពង់ស្ពឺ លោក កង ហ៊ាន មានប្រសាសន៍នៅថ្ងៃទី១៤ សីហា នេះថា លោកកំពុងប្រជុំគ្នា មន្ត្រីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហានោះរួចហើយ ដូច្នេះដីនោះគ្មាននណាប៉ះពាល់ឡើយ៖ «គេ អនុវត្តទៅតាមគោលនយោបាយជនជាតិដើមភាគតិច គេបានប្រជុំគ្នាអស់ហើយ កុំទៅភ័យបារម្ភអី គេឲ្យគាត់ទាំងអស់ហ្នឹង»។
គេសង្កេតឃើញថា រដ្ឋាភិបាលប្រើយុទ្ធសាស្ត្រផ្សេងៗ ដើម្បីធ្វើយ៉ាងណាបញ្ឈប់ជម្លោះដីធ្លីដែលកើតមាននៅទូទាំងប្រទេស។ ជាក់ស្ដែង ថ្មីៗនេះ រដ្ឋាភិបាលបានបង្កើតក្រុមនិស្សិតស្ម័គ្រចិត្តចុះវាស់វែងដី និងផ្ដល់ប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋ តែគេឃើញថា ជម្លោះដីធ្លីនៅតែបន្តកើតមានជាហូរហែ៕
No comments:
Post a Comment