Tuesday, 19 Jun 2012 10:24
អង្គការក្រៅរដ្ឋាភិបាល ជនបរទេស និងជនជ្រុលនិយម គាំទ្រ “សិទ្ធិមនុស្ស” និង “ជើងឯកខាងប្រជាធិបតេយ្យ” ដែលប៉ិនខាងឡូឡាមួយក្តាប់តូច មានទម្លាប់ចោទប្រកាន់ រាជរដ្ឋាភិបាលកម្ពុជា និងសាលារាជធានីភ្នំពេញ ពីបទរំលោភសិទ្ធិមនុស្ស ដោយមិនបានខិតខំ ប្រឹងប្រែងក្នុងការស៊ើបអង្កេតស្វែងរកការពិត។ ពួកគេបាញ់ជាមុន ហើយសួរតាមក្រោយ ហើយ ជារឿយៗពួកគេបាញ់រួចហើយ មិនដែលទាំងសួរទៀតផង។ ពួកគេគិតថា ខ្លួនមានគ្រាប់កាំភ្លើង ពូកែស័ក្តិសិទ្ធិ។ ពួកគេគិតថា នៅពេលដែលពាក្យ វេទមន្ត ដូចជា “ការរំលោភសិទ្ធិមនុស្ស” “ភាពអយុត្តិធម៌ជាក់ស្តែង” និង “បទឆបោកលើប្រជាធិបតេយ្យ និងតម្លៃរបស់ប្រជាធិបតេយ្យ” ត្រូវបានចោទប្រកាន់ គ្មានរដ្ឋាភិបាលរបស់ប្រទេសតូចណាមួយ និងមានសេដ្ឋកិច្ចតូចតាច សុខចិត្តទទួលយកហានិភ័យនៅក្រោមការ ឡោមព័ទ្ធ និងការដេញប្រហារដោយពួកគេនោះទេ។ ជនបរទេសមួយចំនួន បានរៀបរាប់ពីឈ្មោះមេធាវីរបស់ពួកគេ ហាក់បីដូចជាឈ្មោះទាំងនោះ អាចនាំមកនូវ ភាពភ័យក្លាច និងអាចធ្វើឲ្យទីក្រុង ឬប្រទេសទាំងមូលរង្គោះរង្គើបាន។ ជនបរទេសមួយចំនួនទៀត ថែមទាំងបាន គម្រាមរដ្ឋាភិបាល និងអាជ្ញាធរថា ពួកគេអាចនឹងអូសទាញ ក្រុមជំនាញការល្បីៗមួយចំនួនសម្រាប់ការគាំទ្រ ឧទាហរណ៏ ដូចជា “ក្រុមអ្នកសិល្បករអន្តរជាតិ” ដើម្បីបរិហារ ជាឱឡារឹក ពីករណីបឹងកក់ ហាក់បីដូចជា “ក្រុមអ្នកសិល្បករអន្តរជាតិ” ទាំងនោះ គ្រាន់តែជាពួកកូនសត្វលាមួយក្តាប់តូចប៉ុណ្ណោះ។
ករណីអាក្រក់បំផុតនោះគឺ ពួកគេបានបង្ហាញនូវភាពមើលងាយចំពោះប្រព័ន្ធនយោបាយ របស់ប្រទេសកម្ពុជា ស្តីពីការបែងចែកអំណាច និងទាមទារសុំឲ្យ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះលែងស្ត្រីទាំង១៥នាក់ ពីពន្ធនាគារ បន្ទាប់ពីត្រូវបានកាត់ទោសដោយសាលា ដំបូងរាជធានីភ្នំពេញ។ ក្នុងលក្ខណៈជាផលិតផលនៃខួរក្បាល របស់ជនបរទេស និងជនជ្រុលនិយមគាំទ្រ “សិទ្ធិមនុស្ស” ទាំងនោះ ការទាមទារនេះមិនមែនជាសញ្ញានៃការល្ងង់ខ្លៅ ឡើយ។ តែនោះគឺជាការបង្ហាញនៃមោទនភាពលើកកម្ពស់ខ្លួនឯងជ្រុល របស់ជនបរទេស និងការមើលងាយដោយចំៗ ទៅលើបុគ្គល ដែលជាទីគោរពបំផុតរបស់ប្រជាជនកម្ពុជា ដែលត្រូវបានជ្រើសរើសក្នុងលក្ខណៈប្រជាធិបតេយ្យ ដោយប្រជាជនក្រោមប្រព័ន្ធរដ្ឋសភា ក្នុងការជ្រើសរើស នាយករដ្ឋមន្ត្រី។ ការប្រើប្រាស់ល្បិចកលថោកទាបបែបនេះ ម្តងហើយម្តងទៀត ជារឿងដែលគួរឲ្យអស់សំណើចពេកណាស់។ ប៉ុន្តែពួកគេពុំមានមធ្យោបាយក្នុងការបញ្ឈប់ សកម្មភាពរបស់ខ្លួនឯងទេ។ ពួកគេត្រូវបានបង់ថ្លៃឲ្យ ដើម្បីរក្សាគម្រោងល្បិចកលនេះ មានន័យថា សារលិខិតអេឡិច ត្រូនិកដែលបានបង្ហោះដោយជនបរទេសជនជ្រុលនិយមគាំទ្រ “សិទ្ធិមនុស្ស” ទាំងនោះ សុទ្ធតែ ទាមទារដូចគ្នាដែរ ក្នុងការសុំឲ្យរដ្ឋាភិបាល និងអាជ្ញាធរដោះលែងស្ត្រីទាំងនោះ។ ពួកគេបាន ធ្វើលើសពីភាពឡូហ្សិច និងសុភវិនិច្ឆ័យ។
ការពិតគឺថាមានរឿងរ៉ាវពិបាកជាច្រើន សម្រាប់ស្ត្រីទាំងនោះដែលបានក្លាយទៅជាអ្នក ជំនាញតវ៉ាប្រឆាំង ស្ថិតក្រោមស្លាបនៃអង្គការក្រៅរដ្ឋាភិបាល និងជនបរទេសមួយចំនួន សម្រាប់ការហ្វឹកហ្វឺន ការរៀបផែនការតវ៉ា ការទទួលបានមូលនិធិ ការទទួលជំនួយពីអ្នកស្ម័គ្រចិត្ត ដែលទទួលការ “បង់ថ្លៃ” ការទិញសម្ភារៈ និងបរិក្ខារផ្សេងៗ។ កូនចៅរបស់ពួកគេ តិចនឹងបានជួបពួកគេ តាំងតែពីថ្ងៃដំបូងនៃការតវ៉ា គឺជាងពីរឆ្នាំមុនមកម្ល៉េះ។ ពួកគេ បានបោះបង់ចោលការ ផ្តល់នូវសេចក្តីស្រលាញ់ ហើយការថែទាំមានតិចតួចបំផុត សម្រាប់កូនចៅរបស់ខ្លួន ដើម្បីទៅ បម្រើជនបរទេស និងអង្គការក្រៅរដ្ឋាភិបាលទាំងនោះ។ គួរឲ្យកំសត់ខ្លាំងណាស់ ដែលកូនចៅ របស់ពួកគេ នឹកពួកគេកាន់តែខ្លាំង តាំងតែពួកគេនៅក្នុងពន្ធនាគារ ពីព្រោះពួកគេគិតតែពីស្តាប់ និងធ្វើតាមបញ្ជារបស់ជនបរទេស និងអង្គការក្រៅរដ្ឋាភិបាលទាំងនោះ។
តាមការពិតក្នុង ចំណោមស្ត្រីទាំង១៥នាក់នៅក្នុងពន្ធនាគារ មាន៩នាក់ទទួលបាន ឡូតិ៍ដីរបស់ខ្លួន និងកម្មសិទ្ធិដី នៅក្នុងសហគមន៍បឹងកក់រួចហើយ។ ប៉ុន្តែដោយសារពួកគេត្រូវបានដឹកនាំឲ្យដើរផ្លូវខុស អស់រយៈពេលជាយូរហើយ ដោយជនបរទេស និងអង្គការក្រៅរដ្ឋាភិបាលទាំងនោះ ពួកគេបានបន្តប្រឆាំងនឹងរដ្ឋាភិបាល និងសាលារាជធានី។ ច្រើនរយគ្រួសារអតីតអ្នករស់នៅបឹងកក់បានផ្តល់ជា កសិណសាក្សីដោយស្ម័គ្រចិត្តថា ជនបរទេស និងអង្គការក្រៅ រដ្ឋាភិបាលទាំងនោះ គួរតែធ្វើដំណើរមកកាន់ភូមិថ្មីរបស់ពួកគាត់ ហើយស្វែងយល់ពីការពិតដោយខ្លួនឯង។ ពួកគាត់មាន ទីកន្លែងដ៏សមរម្យសម្រាប់រស់នៅ និងប្រកបរបរចិញ្ចឹមជីវិត នៅជិតទីផ្សារ នៅជិតសាលារៀន សម្រាប់កូនចៅរបស់គេ នៅជិតមជ្ឈមណ្ឌលសុខភាព។ គ្រួសារជាច្រើនទៀតដែលបានទទួលឡូតិ៍ដី និងកម្មសិទ្ធិដីនៅក្នុងសហគមន៍បឹងកក់ បានមើលឃើញថា រាជរដ្ឋាភិបាល និងសាលា រាជធានី មានភាពត្រឹមត្រូវ និងមានចិត្តអាណិតអាសូរដល់ប្រជាជន។
នៅថ្ងៃចាប់ខ្លួនពួកគេ ស្ត្រីទាំង១៥នាក់នោះបានយកមកជាមួយនូវកំណាត់ឈើមួយចំនួន ដែកគោលញញួរ ពូថៅ និងសំដៅទៅសាងសង់សំណង់ ដាំកំណាត់ឈើទៅក្នុងដីដើម្បីកំណត់ នូវអ្វីដែលពួកគាត់ហៅថាជាព្រំដែន កម្មសិទ្ធិរបស់ពួកគាត់ នៅលើដីឯកជនរបស់រដ្ឋ។ ពួកគេ បានរឹងទទឹងនឹងការអញ្ជើញដើម្បីឲ្យចាកចេញ ដោយមន្ត្រី អនុវត្តច្បាប់។ ពួកគេបានប្រើភាសា អាក្រក់ ជេរប្រទេចដោយចំៗទៅលើមន្ត្រីអនុវត្តច្បាប់ និងសាលារាជធានី។
បើមានការអនុញ្ញាតឲ្យស្ត្រីដែលជាអ្នកជំនាញតវ៉ា ធ្វើការកាន់កាប់ដីឯកជនរបស់រដ្ឋ និងសាងសង់សំណង់ សូម្បីគ្រាន់តែជាសំណង់រខេករខាកក៏ដោយ ក៏អាចនាំឲ្យមានបញ្ហាកាន់តែច្រើន និងកាន់តែធំដល់សាលារាជធានី។ បើសិនជាពួកអាចធ្វើបានមែននោះ ប្រជាជនជាច្រើនរយ និងពាន់នាក់ផ្សេងទៀតមកពីគ្រប់ទិសទី អាចនឹងនាំគ្នា សំដៅទៅកាន់តំបន់បឹងកក់ និងធ្វើសកម្មភាពដូចគ្នានឹងអ្វីដែលស្ត្រីទាំងនោះបានធ្វើ។
សកម្មភាពត្រូវបានចាត់វិធានការដោយសាលារាជធានី។ ស្ត្រីជំនាញខាងតវ៉ា ត្រូវបានចាប់ខ្លួន ហើយបើយោងតាម ស្ថានភាពជាក់ស្តែងនិងក្រឹត្យច្បាប់ ដែលមានតែអ្នកខ្លាំងជំនាញ ផ្នែកច្បាប់យុត្តិធម៌ ទើបពន្យល់បញ្ហានេះទៅបាន ពួកគេត្រូវបានកាត់ទោសដូចដែលត្រូវបាន ដឹងលឺជាសាធារណៈរួចទៅហើយនោះ។
ឥឡូវនេះ បញ្ហាស្ត្រីទាំង១៥នាក់ គឺស្ថិតនៅក្រៅដែនសមត្ថកិច្ចរបស់រដ្ឋាភិបាល និងសាលារាជធានីទៅហើយ។ ទស្សនៈសុភវិនិច្ឆ័យមានការយល់ឃើញថា អង្គការក្រៅរដ្ឋាភិបាល និងជនជ្រុលនិយម គាំទ្រ “សិទ្ធិមនុស្ស” និង “ជើងឯកខាងប្រជាធិបតេយ្យ” គ្រប់ប្រភេទ គួរតែមកជុំគ្នា ដើម្បីជួយសង្គ្រោះស្ត្រីជំនាញតវ៉ាដ៏កំសត់ទាំងនោះផង ដែលទីមួយ ជាសញ្ញា នៃការយកចិត្តទុកដាក់ និងសាមគ្គីភាព ហើយទីពីរ ជាការប្រមូលនូវធនធានច្បាប់ និងហិរញ្ញវត្ថុ ដើម្បីប្រមូលផ្តុំ អ្នកការពារក្តីយ៉ាងឈ្លាសវៃ និងប្រកបដោយប្រសិទ្ធភាព សម្រាប់ស្ត្រីទាំងនោះ នៅតុលាការថ្នាក់លើ ទៀត មានន័យថា នៅសាលាឧទ្ធរណ៍ ហើយបន្ទាប់មកគឺ តុលាការកំពូល បើសិនជាចាំបាច់។ ការធ្វើខុសពីនេះ អាចនឹងធ្វើឲ្យស្ត្រីទាំងនេះ ស្ថិតក្នុងសភាពឯកោ ដែលនេះជាសកម្មភាពអមនុស្សធម៌ និងមិនមានភាពទទួលខុសត្រូវ ទាល់តែសោះ។ ពួកគេគួរតែមកជុំគ្នា ហើយចាត់វិធានការច្បាប់ដ៏ត្រឹមត្រូវ។ ពាក្យសំដីញុះញង់ សុទ្ធតែជាការបំផ្លាញ ជាពិសេសពួកគេ បំផ្លាញជីវិតរស់នៅរបស់ស្ត្រីទាំងនោះ និងកូនៗរបស់គេ៕
វិចារណកថា៖ តើអង្គការក្រៅរដ្ឋាភិបាល ពួកជនបរទេស និងជនជ្រុលនិយម គាំទ្រ “សិទ្ធិមនុស្ស” និង “ជើងឯកខាងប្រជាធិបតេយ្យ” ដែលប៉ិនខាងឡូឡា នឹងទុកឲ្យស្ត្រីទាំងនោះឯកោឬ? news phnom penh
No comments:
Post a Comment