នៅក្នុងញត្តិនោះ បានរៀបរាប់ថា នៅឆ្នាំ២០០៣ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រគល់ដីសម្បទានសង្គមកិច្ចទំហំ ៤,៦០ហិកតា ឲ្យប្រជាពលរដ្ឋក្រីក្រ ចំនួន ១០ សហគមន៍នៅបុរីកីឡា មានស្ថិតិ ១.៧៧៦គ្រួសារ ធ្វើការអភិវឌ្ឍលំនៅដ្ឋាននៅនឹងកន្លែងឲ្យបានសមរម្យ។
ញត្តិបានបន្តទៀតថា ក្រោយពីក្រុមហ៊ុនផានអ៊ីម៉ិច ទទួលបានសិទ្ធិសង់លំនៅដ្ឋាន និងបានចុះកិច្ចសន្យាជាមួយតំណាងសហគមន៍ទាំង១០ និងសាលារាជធានីភ្នំពេញ យល់ព្រមសាងសង់អគារស្នាក់នៅចំនួន១០ អគារ កម្ពស់ ៦ជាន់ ដែល ១អគារមាន ១៧៤បន្ទប់ លើផ្ទៃដី ២ហិកតា នៅសល់ផ្ទៃដី ២,៦០ហិកតា ប្រគល់ជូនក្រុមហ៊ុនជាថ្នូរនឹងការសាងសង់អគារទាំង១០ជូនប្រជាពលរដ្ឋ ។
ញត្តិដដែលបានបញ្ជាក់ទៀតថា បច្ចុប្បន្នក្រុមហ៊ុនបញ្ឈប់ការសាងសង់ត្រឹម ៨អគារ ដោយសំអាងថា ខ្លួនមានការខាតបង់ក្នុងការសាងសង់អគារទាំង៨ ហើយអគារទី៨ ដែលទើបសាងសង់រួចថ្មីៗ មិនទាន់បានឲ្យប្រជាពលរដ្ឋចាប់ឆ្នោតឡើងស្នាក់នៅដូចអគារមុនៗផង ស្រាប់តែនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ ក្រុមហ៊ុនបានយកគ្រឿងចក្រ និងកម្លាំងប៉ូលិសរបស់ស្នងការរាជធានី ប្រមាណជាង ៣០០នាក់ មកឈូសឆាយលំនៅដ្ឋាន ក្រុមប្រជាពលរដ្ឋ ៣០០គ្រួសារ ដោយគ្មានសេចក្ដីជូនដំណឹងជាមុន និងសាលក្រមសម្រេចរបស់តុលាការឡើយ។ ក្នុងខណៈគ្រឿងចក្រកំពុងឈូសឆាយលំនៅដ្ឋានប្រជាពលរដ្ឋបណ្ដើរ ក្រុមហ៊ុនបានបញ្ជាឲ្យធ្វើការហ៊ុមព័ទ្ធមិនឲ្យប្រជាពលរដ្ឋបានចូលទៅ រស់នៅលើដីនោះឡើយ។
នៅក្នុងពេលយកញត្តិដាក់នៅស្ថានទូត អាមេរិក តំណាងពលរដ្ឋបុរីកីឡា អ្នកស្រី ជុំ យ៉ាន់ បាននិយាយថា សូមឲ្យស្ថានទូតអាមេរិកជួយជំរុញក្រុមហ៊ុននិងសាលាក្រុងភ្នំពេញ ធ្វើយ៉ាងណាដោះស្រាយបញ្ហាឲ្យពួកគាត់ជាពលរដ្ឋបុរីកីឡា ចំនួន ១១៧គ្រួសារ ឲ្យបានឆាប់។ អ្នកស្រីបានបន្តថា សូមអំពាវនាវដល់អង្គការជាតិ និងអន្តរជាតិ ទូទាំងប្រទេស សូមជួយឃ្លាំមើលដល់ពួកគាត់ ដែលទទួលរងការអត់ឃ្លាន និងអំពាវនាវដល់រាជរដ្ឋាភិបាល មេត្តាជួយជំរុញឲ្យមានការដោះស្រាយដល់ពួកគាត់។
សូមរម្លឹកថា លោកស្រី ហ៊ីលឡារី គ្លីនតុន រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងដឹកនាំគណៈប្រតិភូមកកាន់កម្ពុជា នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២ ដើម្បីចូលរួមកិច្ចប្រជុំវេទិកាតំបន់អាស៊ាន នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ៕
ពលរដ្ឋបុរីកីឡា យកញត្តិដាក់ជូនលោកស្រីរដ្ឋមន្ត្រីការបរទេសអាមេរិក នៅស្ថានទូតអាមេរិក
No comments:
Post a Comment