Friday, July 13, 2012

បញ្ជូន​ជំទាវ​ម្នាក់ និង​ស្វាមី ពាក់ព័ន្ធ​រឿង​ដីធ្លី ទៅ​តុលាការ​ខេត្ត​ស្ទឹងត្រែង​

(ថ្ងៃទី 12 កក្កដា 2012, ម៉ោង 09:44:PM) | ដោយ: សេសាន
Give our 
kids a better deal
បញ្ជូន​ជំទាវ​ម្នាក់ និង​ស្វាមី ពាក់ព័ន្ធ​រឿង​ដីធ្លី ទៅ​តុលាការ​ខេត្ត​ស្ទឹងត្រែង​
ខេត្តស្ទឹងត្រែង: ​លោក ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង បាន​បញ្ជាក់​តាម​ទូរស័ព្ទ កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១២ ថា ឈ្មោះ មាស សុខ​គន្ធ និង​ប្តី​ឈ្មោះ គុជ ព្រី​សុវណ្ណ បាន​បញ្ជូន​ទៅកាន់​តុលាការ​ខេត្ត​ស្ទឹងត្រែង​ហើយ នៅ​ល្ងាច​ថ្ងៃទី​១២​ខែកក្កដា ឆ្នាំ​២០១២ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​សំណុំរឿង​ដីធ្លី​។​

​ លោក ឱ បូ​រិន្ទ បញ្ជាក់ថា ពី​ដើម​មក ស្ត្រី​រូប​នោះ មាន​ដី​ចំនួន ៥​ខេត្ត មាន​នៅ​ស្ទឹង​ត្រែង ខេត្ត​កំពង់ចាម ខេត្ត​រតនគិរី ខេត្ត​កោះកុង និង​ខេត្ត​សៀមរាប​។ គាត់​មក​ខេត្ត​ស្ទឹងត្រែង​នេះ មិនមែន​មាន​តួនាទី​ក្នុងនាម​ជា​មេធាវី​មាន​វិជ្ជាជីវៈ​ទេ គឺ​ក្នុងនាម​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។​
​    ​
​លោក​ មេបញ្ជាការ​បាន​បញ្ជាក់​ទៀតថា ក្រោយពេល​ឃាត់ខ្លួន​សាកសួរ ជំទាវ​នោះ បាន​ឆ្លើយថា មិន​បាន​បំផុស​ប្រជាពលរដ្ឋ​ទេ ហើយក៏​មិន​បាន​ទៅ​ប៉ះពាល់​ក្រុមនិស្សិត​ដែរ​។​

​លោក​បញ្ជាក់ថា បើ​តាម​រូបភាព​ពិត និង​ថត​សំលេង បាន​បញ្ជាក់​យ៉ាង​ច្បាស់​ឃើញថា ស្ត្រី​នោះ បាន​ទៅ​សួរនាំ​និស្សិត ក្នុង​ពេល​ចុះ​វាស់​ដីធ្លី ជូន​ប្រជា​ល​រដ្ឋ ត្រង់​ចំណុច​ដុង​ក្រឡ ព្រំដែន​ឡាវ ដោយ​និយាយ​ពាក្យសម្តី​ធ្ងន់ៗ ដាក់​ក្រុម​យុវជន ដោយ​លើកឡើង​ថា "​តើ​ចុះ​មក​នេះ មាន​អនុក្រឹត្យ ឬ​មាន​គោលការណ៍​ច្បាស់លាស់​ក៏​អត់​?" អ៊ីចឹង​នៅពេល​គាត់​សួរ​នាំ​ទៅ​លើ​និស្សិត​របៀបនេះ ហាក់ដូចជា ធំ​ពេក​ហើយ​។

​ ប៉ុន្តែ​លោក​មេបញ្ជាការ បាន​លើកឡើង​ថា "​ក្នុង​ពេល​គាត់​សាកសួរ​ទៅ ស្ត្រី​នោះ​បាន​បដិសេធ​ទៅ​វិញ​ថា គាត់​មិន​បាន​នាំ​ប្រជាពលរដ្ឋ ទៅ​បំផុស​នៅ​ចំណុច​ដុង​ក្រឡ កន្លែង​ដី​របស់​គាត់​ទេ​។ ប៉ុន្តែ​តាម​ការពិត​រូបភាព​វីដេអូរ ដែល​ទទួលបាន​នោះ គឺ​គេ​ឃើញ​ស្ត្រី​នោះ កំពុង​ឆ្ការដៃឆ្ការជើង ស្ថិតក្នុង​ចំណោម​ប្រជាពលរដ្ឋ​ពី ១០ ទៅ ២០ នាក់​"​។​    ​

​នៅ​ល្ងាច​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១២ កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង បាន​បញ្ជូន​ខ្លួន​លោកជំទាវ​ឈ្មោះ មាស សុខ​គន្ធ អាយុ ៤៣​ឆ្នាំ មាន​តួនាទី​អ្នកច្បាប់ (​មេធាវី​) និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ខេត្ត​ក្រចេះ និង​ស្វាមី​ឈ្មោះ គុជ ព្រី​សុវណ្ណ អាយុ ៤០​ឆ្នាំ ឋានៈ វរសេនីយ៍ទោ មុខងារ​នាយរង​ការិយាល័យ​បុគ្គលិក នៅ​អគ្គបញ្ជាការដ្ឋាន ទៅកាន់​តុលាការ​សាលាដំបូង​ខេត្តស្ទឹងត្រែង​។​

​ចំណែកឯ​ឈ្មោះ មាស គា​រិទ្ធី អាយុ ៣២​ឆ្នាំ ឋានៈ​វរសេនីយ៍ត្រី មុខងារ​លេខា​ផ្ទាល់​លោក ចៅ ផល្លី កងឯកភាព​អគ្គលេខាធិការ​រដ្ឋា​ន ឈ្មោះ វណ្ណ សាន្ត អាយុ ៤២​ឆ្នាំ ឋានៈ​វរសេនីយ៍ឯក ជំនួយការ​លោក ធូ ស៊ុន កងឯកភាព​ខុទ្ទកាល័យ​អគ្គបញ្ជាការ និង​ឈ្មោះ សិទ្ធិ ទស្សី អាយុ ២៩​ឆ្នាំ ឋានៈ​វរសេនីយ៍ទោ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រូវ​តុលាការ​ដោះលែង បន្ទាប់ពី​រកឃើញ​ថា គ្មាន​កំហុស ដើម្បី​ដាក់បន្ទុក​បទល្មើស​។​

​សូមបញ្ជាក់​ថា មនុស្ស​ជាច្រើន​នាក់ រួមជាមួយ​លោក​ជំទាវ ឈ្មោះ មាស សុខ​គន្ធ មាន​តួនាទី​ក្រុមប្រឹក្សា​អ្នកច្បាប់ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ខេត្ត​ក្រចេះ និង​ស្វាមី ស​កិ្ត ៤ ត្រូវ​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង ឃាត់ខ្លួន​តាម​បទបញ្ជា​ថ្នាក់ដឹកនាំ ក្នុង​រឿង​ទំនាស់​ដីធ្លី​មួយ កាលពី​ល្ងាច​ថ្ងៃ​១០ ខែកក្កដា ឆ្នាំ​២០១២​។​

​ ប្រភព​ពី​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង បង្ហើប​ឱ្យដឹងថា មូលហេតុ នាំ​ឱ្យ​ឃាត់ខ្លួន​ជំទាវ​រូបនោះ និង​ស្វាមី​ស​កិ្ក ៤ នៅ​ក្រសួង​ការពារជាតិ រួម​ទាំង​មនុស្ស​ជាច្រើន​នាក់​ទៀត ដោយសារ​មាន​ការប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​របស់​ សម្តេច​តេជោ ហ៊ុន សែន ពេល​ចុះ​វាស់វែង​ដីធ្លី ត្រង់​ចំណុច​ដុង​ក្រឡ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ខេត្ត​ស្ទឹងត្រែង មាន​ចម្ងាយ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​-​ឡាវ​។ ក្រោយមក​ថ្នាក់ដឹកនាំ​បាន​បញ្ជា​ឱ្យ​ឃាត់ខ្លួន​តែម្តង​។​
  
​ ក្រោយពី​ឃាត់ខ្លួន​មក​សាកសួរ​ក្នុង​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ ស្ទឹងត្រែង ទាំងយប់ គេ​ឃើញ​មាន​ឃាត់​ទុក​រថយន្ត​ម៉ាក​ឡង់​គ្រីស័រ ស៊េរី​ខ្ពស់​មួយគ្រឿង ស្លាក​លេខ​បណ្តោះអាសន្ន ៤៣៧៦ មានតម្លៃ​ជាង ១០​ម៉ឺន​ដុល្លារ ពី​ជំទាវ មាស សុខ​គន្ធ​។ ក្រៅពីនេះ ក៏​មាន​ឃាត់​រថយន្ត​ពីរ​គ្រឿង​ទៀត​ម៉ាក VIGO និង​ហ្វ​រ​រី​ន័រ​មួយគ្រឿង​។​ក្នុងនោះ សមត្ថកិច្ច​ក៏​បាន​ដកហូត​កាំភ្លើងខ្លី ៤​ដើម​ផង​ដែរ​។​

​ចំណែក​ មនុស្ស​ទាំង ១៣​នាក់ ក្រោយពី​ឃាត់ខ្លួន គេ​បាន​ដោះលែង​ប្រជាពលរដ្ឋ​ចំនួន​ប្រាំ​បីនាក់​ទៅវិញ ទាំងយប់ ចេញពី​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ក្រោយ​រកឃើញថា អ្នក​ទាំងនោះ មិន​ជាប់​ពាក់ព័ន្ធ​ដីធ្លី​។

​ចំណែកឯ​អ្នក​មក​ពី​ ទីក្រុង​ភ្នំពេញ​ចំនួន​ប្រាំ​នាក់ អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ឃាត់ខ្លួន ពី​បទ​ជាប់​សង្ស័យ​រឿង​ដីធ្លី​នោះ​។

​ពួកគេ​មាន​ឈ្មោះ​ទី​១.​ជំទាវ​ មាស សុខ​គន្ធ តួនាទី​ក្រុមប្រឹក្សា​អ្នកច្បាប់​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ខេត្ត​ក្រចេះ​។ ទី​២.​វរសេនីយ៍ទោ គុជ ព្រី​សុវណ្ណ មាន​អាវុធ​ខ្លី BERETTA លេខ​០៦៥៦៩២Z ទី​៣.​វរសេនីយ៍ឯក វណ្ណ សាន្ត មាន​អាវុធ​ខ្លី​CF98+AK លេខ ០៦៥២៥០៧២៣៦+៩៧២៥ ទី​៤.​វរសេនីយ៍ត្រី មាស គា​រិទ្ធី ក្រសួង​ការពារជាតិ​ជំនួយការ​ផ្ទាល់​លោក ចៅ ផល្លី មាន​អាវុធខ្លី​ម៉ាក K៥៩ លេខ​៥២៨១ និង​ទី​៥.​ឧត្តមសេនីយ៍ទោ ប្រាក់ សិទ្ធិ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​៕​

No comments:

Post a Comment