Sunday, June 17, 2012

លោក William E. Todd ៖ “​សួរ​ឯកអគ្គរដ្ឋទូត​”

(ថ្ងៃទី 17 មិថុនា 2012, ម៉ោង 08:34:AM) | ដោយ: លោក William E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក
ភ្នំពេញ: “​សួរ​ឯកអគ្គ​រដ្ឋ​” គឺជា​អត្ថបទ​ដំបូង​របស់លោក William E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នេះ លោក​យល់ថា ជា​វិធី​មួយ​អាចទាក់ទង​ជាមួយ​ប្រជាជន​កម្ពុជា​បាន គឺ​តាមរយៈ​ខ្ទង់​សារព័ត៌មាន ហើយ​វិធី​នេះ លោក​ធ្លាប់បាន​ប្រើ​វា​ជា​លើកដំបូង នៅពេលដែល​លោក​ធ្វើជា ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​ប្រ៊ុយណេ​។​

​លោក​ ឯកអគ្គរដ្ឋទូត William E. Todd បាន​ថ្លែងថា “​សួស្តី និង​សូម​ស្វាគមន៍​ខ្ទង់​សារព័ត៌មាន (column) នៃ​អត្ថបទ​លើកដំបូង​របស់ខ្ញុំ​ស្តីពី “​សួរ​ឯកអគ្គរដ្ឋទូត​” ។ ខ្ញុំ​បានមក​ដល់​ប្រទេស​កម្ពុជា​បាន​ជិត​២ ខែ​ហើយ ហើយ​នៅ​ថ្ងៃទី ៨ ខែមិថុនា ខ្ញុំ​បាន​ថ្វាយ​សារតាំង​ដល់​ព្រះករុណា ព្រះបាទ​នរោត្តម សីហមុនី​។ ខ្ញុំ​មាន​កិត្តិយស​ដោយបាន​ជួប​ព្រះអង្គ ហើយ​ពិភាក្សា​ពី​គំនិត​ដើម្បី​ធ្វើអោយ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​និង​ ប្រទេស​កម្ពុជា កាន់​តែមាន​ប្រសិទ្ធភាព​ច្រើន​ថែមទៀត ក៏ដូចជា​ការធ្វើទំនាក់ទំនង​ជាមួយ​ប្រជាជន​កម្ពុជា​ទាំំ​ង​អស់ ដើម្បី​សុំ​ការជួយ​គាំទ្រ​របស់គេ​សំរាប់​កិច្ចប្រឹងប្រែង​នេះ​”​។​

​ លោក William E. Todd បាន​បន្តថា “​វិធី​មួយ​ក្នុងចំណោម​វិធី​ទាំងឡាយ​ដែល​ខ្ញុំ​សង្ឃឹមថា អាចទាក់ទង​ជាមួយ​ប្រជាជន​កម្ពុជា​បាន គឺ​តាមរយៈ​ខ្ទង់​សារព័ត៌មាន​នេះ​។ នៅ​សហរដ្ឋអាមេរិក កាសែត​មាន​កន្លែង​សំរាប់​អោយ​អ្នកអាន​សរសេរ ដោយ មាន​ចោទ​ជា​សំណួរ ហើយ​បន្ទាប់មក អ្នកណាម្នាក់​ដែល​ធ្វើការ​ក្នុង​កាសែត​នោះ ឆ្លើយ​សំណួរ​ទាំងនោះ​។ ខ្ញុំ​បាន​ប្រើ​គំនិត​នេះ​ដើម្បី​ចាប់ផ្តើម​ខ្ទង់​សារព័ត៌មាន “​សួរ​ឯកអគ្គរដ្ឋទូត​” លើកដំបូង​របស់ខ្ញុំ នៅពេល​ខ្ញុំ​ធ្វើជា ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​ប្រ៊ុយណេ​។ រាល់​សប្តាហ៍ ខ្ញុំ​បាន​សរសេរ​អត្ថបទ​មួយ​ឆ្លើយ សំណួរ​ដែល​អ្នកអាន​បាន​ផ្ញើមក​។ ពេលនេះ ខ្ញុំ​រីករាយ​នឹង​បន្ត​ប្រពៃណី​នេះ​នៅ​ប្រទេស​កម្ពុជា អាស្រ័យ​ដោយ សារ​មិត្ត​របស់​យើង​នៅ​កាសែត​រស្មី​កម្ពុជា​”​។​

​លោក Todd បាន​បន្ថែម “​ខ្ញុំ​ជឿថា ការផ្តល់​ឱកាស​អោយ​ប្រជាជន​កម្ពុជា​សួរ​សំណួរ​មក​ខ្ញុំ​មាន​សារៈសំខាន់ ពីព្រោះ​វា​បង្កើត​អោយ មានការ​ពិភាក្សាគ្នា​រវាង​យើង​។ វា​ធ្វើអោយ​ខ្ញុំ​អាច​ដឹងបាន​នូវ​អ្វី​ដែលមាន​សារៈសំខាន់​សំរាប់​ប្រជាជន​ កម្ពុជា ហើយ​វា​ផ្តល់អោយ​ប្រជាជន​កម្ពុជា​នូវ​ឱកាស​បានទទួល​ចំលើយ​ចំពោះ​សំណួរ​ដែល​ អាច​នឹង គ្មាន​អ្នកឆ្លើយ​។ ខ្ញុំ​ចង់អោយ​លោកអ្នក​សួរ​ខ្ញុំ​នូវ​អ្វីដែល​លោកអ្នក​មានការ​ចាប់អារម្មណ៍​។ សំណួរ​អាចទាក់ទង​សហរដ្ឋ អាមេរិក ប្រទេស​កម្ពុជា អំពី​ខ្លួន​ខ្ញុំ ឬ​គ្រួសារ​ខ្ញុំ​ជាដើម​។ ប្រហែល​លោកអ្នក​ចង់ដឹងថា តើ​ក្រុមបាល់ទាត់​មួយណា​ដែល​ខ្ញុំ​ចូលចិត្ត​ជាងគេ  ហេតុអ្វី​ក៏​ខ្ញុំ​ចូលចិត្ត​ម្ហូប​ខ្មែរ​ម្ល៉េះ ឬ​តើ​ខ្ញុំ​គិត​យ៉ាងដូចម្តេច​ចំពោះ​ការប្រកួត​កីឡាប្រដាល់​សេរី ដែល​ខ្ញុំ​តែងតែ​មើល​ទៀងទាត់ នៅ​រសៀល​ថ្ងៃ​សៅរ៍ តាម​ទូរទស្សន៍​ស៊ី​ធី​អិន​? ឬ​ប្រហែល  លោកអ្នក​ចង់​សួរថា ហេតុអ្វី​ក៏​រឿង​ខ្លះ​មាន​សារៈសំខាន់​សំរាប់​សហរដ្ឋអាមេរិក ដូចជា​សិទ្ធិមនុស្ស ឬ​ហេតុអ្វី​ក៏​យើង​ចាត់ទុកថា​សេរីភាព​នយោបាយ​ទាំងអស់​ចាំបាច់ និង​មាន​សារៈសំខាន់​? លោកអ្នក​អាច​សួរ​និង​ផ្តល់​មតិ​អំពី​អ្វី​ក៏បាន​ដែរ ហើយ​ខ្ញុំ​មាន​អ៊ីម៉េល​ពិសេស​ដែល​លោកអ្នក​អាច​ផ្ញើ​សំណួរ គំនិត​យោបល់ និង​មតិ​មក​បាន គឺ​អ៊ីម៉េល AskAMBToddPP@state.gov”​។​

​លោក​ ឯកអគ្គរដ្ឋទូត​បាន​លើកឡើងថា ការបង្កើត​និង​រក្សា​ការពិភាក្សាគ្នា​មួយ​គឺជា​ផ្នែក​សំខាន់​មួយ​ក្នុង​ គ្រប់​ទំនាក់ទំនង​ទាំងអស់​។ នៅ​សប្តាហ៍​នេះ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បានធ្វើ​ដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក ដើម្បី​ជួប​ជាមួយ​លោកស្រី​រដ្ឋមន្ត្រីការបរទេស​អាមេរិក Hillary Clinton ។ លោកស្រី Clinton បាន​ជួប​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី​ច្រើនលើក​មកហើយ ហើយ​ការជួប​ក្នុងពេល​ថ្មីៗ​បំផុត​នេះ​គឺ​នៅ​ខែវិច្ឆិកា ឆ្នាំ ២០១០ ក្នុងពេល​លោកស្រី​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ហើយ​ខ្ញុំ​ដឹងថា លោកស្រី​រីករាយ​នឹង​ជួប​លោក​ម្តងទៀត​នៅ​សប្តាហ៍​នេះ​។ មុនពេល​លោក​ចេញដំណើរ​ទៅ​សហរដ្ឋអាមេរិក លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា “​ទស្សនកិច្ច​នេះ​នឹង​រឹតចំណង​ទាក់ទង​រវាង​ប្រទេស​កម្ពុជា​និង​ សហរដ្ឋអាមេរិក និង​រវាង​សហរដ្ឋអាមេរិក និង​សមាគម​អាស៊ាន​ទាំងមូល​”​។ ខ្ញុំ​យល់ស្រប​។​

​លោក William E. Todd បានលើកឡើង​ទៀតថា ក្នុង​សុន្ទរកថា​បើក​របស់លោក​ស្រី លោកស្រី​រដ្ឋមន្ត្រី Clinton បាន​ស្វាគមន៍​លោក​ឧបនាយករដ្ឋមន្ត្រី​នៅ​ទីក្រុង​វ៉ា​ស៊ី​តោន ហើយ​បាន​មានប្រសាសន៍ថា លោកស្រី​ទន្ទឹង​មក​ទីក្រុង​ភ្នំពេញ នៅ​ខែកក្កដា ដើម្បី​ចូលរួម​ក្នុង​វេទិកា​តំបន់​អាស៊ាន​។ បន្ទាប់មក ក្នុងការ​ពិភាក្សា​ជា​ឯកជន លោកស្រី Clinton និង​លោក​ឧបនាយករដ្ឋមន្ត្រី បាន​ពិភាក្សាគ្នា​លើ​បញ្ហា​មួយចំនួន​ដែលមាន​សារៈសំខាន់​សំរាប់​ប្រទេស​ ទាំងពីរ និង​មាន​ផលប្រយោជន៍​សំរាប់​តំបន់ និង​ពិភពលោក​។ បញ្ហា​ជាច្រើន​នៃ​បញ្ហា​ទាំំ​ង​នេះ​គឺ​បញ្ហា​ដែល​ពិបាក​ដោះស្រាយ នោះ​គឺ​បញ្ហា​សិទ្ធិមនុស្ស ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ លទ្ធភាព​សំរាប់​សង្គម​ស៊ីវិល សន្តិសុខ​ដែនសមុទ្រ បំណុល​ទ្វេភាគី និង​ការភ្ជាប់​គ្នា​ក្នុង​តំបន់​អាស៊ាន​។

​លោក William E. Todd បាន​ឲ្យ​ដឹងថា ក្នុង​អាជីព​ដ៏​វែង​របស់ខ្ញុំៗ​បានដឹងថា ពេលខ្លះ​គេ​មិន​យល់​ស្របគ្នា​លើ​គ្រប់​រឿង ហើយ​ក្នុង​ករណីខ្លះ មិន យល់ស្រប​គ្នា​តែម្តង តែ​ការនិយាយ​ឆ្លើយឆ្លង​គ្នា និង​ការបន្ត​ការសន្ទនា​គ្នា​គឺជា​វិធី​ល្អ​បំផុត​ក្នុងការ​ស្វែងរក​ ដំណោះស្រាយ​។ តាម​មតិ​របស់ខ្ញុំ គេ​គួរ​លើក​បញ្ហា​មក​ពិភាក្សាគ្នា ជាជាង​លាក់លៀម​វា ឬ​ធ្វើ​ហាក់ដូចជា​គ្មាន​បញ្ហា​អ្វី​កើតឡើង​នោះ​។ តាមរយៈ​ការនិយាយ​ឆ្លើយឆ្លង​គ្នា យើង​អាច​ធ្វើការ​ជាមួយគ្នា ដើម្បី​ធ្វើ អោយ​ទំនាក់ទំនង​រវាង​រដ្ឋា​ភិ​បាល សង្គម​ស៊ីវិល យុវជន​នៃ​ប្រទេស​របស់​យើង និង​មេដឹកនាំ​របស់​យើង កាន់​តែមាន​ភាពរឹងមាំ​។​

​នេះ​គឺជា​អ្វីដែល លោក William E. Todd សង្ឃឹមថា ខ្ទង់​សារព័ត៌មាន​នេះ​នឹងធ្វើ​សំរាប់​យើង​។ វា​ធ្វើអោយ​ការនិយាយ​ទាក់ទង​គ្នា បើកចំហ ហើយ​វា​គឺជា​កន្លែង​សំរាប់​ផ្តល់​សំណួរ​ដែល​គួរអោយ​សើច​លេង ក៏ដូចជា​សំណួរ​ដែល​ពិបាក​ដោះ ស្រាយ​ផងដែរ​។ សូម​ផ្ញើ​អ៊ីម៉េល​មក​ខ្ញុំ​តាម AskAMBToddPP@state.gov ។ ខ្ញុំ​ទន្ទឹងរង់ចាំ​ស្តាប់​នូវ​មតិ យោបល់​និង​សំនួរ​របស់​លោកអ្នក ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​៕

No comments:

Post a Comment