​ទោះបី​​ជា​​ធ្លាប់មាន​​កំណត់​ត្រា​​​យ៉ាង​​​​ទាប​​ស្តីពីសេរីភាព​ សារព័ត៌មានរបស់​​ប្រទេស​ទួរគី (Turkey)​​ក៏​ដោយ ​ប្រទេស​នេះ​កំពុង​​ពើប​​ប្រទះ​​នូវកំណើនយ៉ាង​ខ្លាំងក្លា​ចំពោះ​​ការ​ ប្រើប្រាស់​បណ្តាញ​​​សង្គម​នៅ​លើ​​ប្រព័ន្ធ​អ៊ីនធឺណិត​។ ប្រទេស​នេះ​ជាប់​ចំណាត់​ថ្នាក់​លេខ​៤ក្នុង​ពិភពលោក​សម្រាប់​​ការ​ប្រើប្រាស់ ​បណ្តាញ​ហ្វេសប៊ុក (Facebook) និង​ជាប់​លេខ​៨​ក្នុង​ការប្រើប្រាស់​ធ្វីតទ័រ (​Twitter)។ ​ចំណាត់​ថ្នាក់​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​បណ្តាញ​​​សង្គម​ ក្លាយទៅ​​ជា​គូ​ប្រជែង​ដ៏​មាន​ឥទ្ធិពល ត​ទល់ជាមួយ​​នឹង​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មានរបស់​ទួរគី។​ ​ប៉ុន្តែ​​ការ​ព្រួយ​បារម្ភ កំពុង​​កើតមាន​​ឡើង ដែល​​​​ការ​អភិវឌ្ឍន៍​នេះអាច​ធ្វើ​ឲ្យ​បែក​ខ្ញែក​នៅ​ក្នុង​​សង្គម​ទួរគី​​។

នៅ​​ក្នុងហាង​កាហ្វេ​មួយកន្លែង នៃទីប្រជុំជន​​ក្នុងទី​​ក្រុង​អ៊ីស្តង់ប៊ុល​ កញ្ញា ហេល (Hale) កំពុង​តែ​តាម​ដាន​ព័ត៌មាន ​ដោយ​ប្រើប្រាស់បណ្តាញ​​ធ្វីតទ័រ​និង​បណ្តាញ​​​សង្គម​ដទៃ​ទៀត ដែល​ឥឡូវនេះ កញ្ញា​​ត្រូវ​ពឹង​ផ្អែក​ដើម្បី​ស្វែង​យល់អំពី​​រឿង​រ៉ាវ​ដែលកំពុង​​កើត​ឡើង។ ​
Lonely Planet Images
«ខ្ញុំ​បើក​ធ្វីតទ័រ​និងមើល​​អ៊ីម៉េល​។ ខ្ញុំ​ព្យាយាម​មិន​ប្រើ​ទូរស័ព្ទ​ដើម្បី​បើក​ធ្វីតទ័រ​ទេ។ ខ្ញុំ​បើក​វា​តែ​ក្នុង​ករណី​មាន​ព័ត៌មាន​ទាន់ហេតុការណ៍ ឬ​ដំណឹង​ដែល​ត្រូវ​មើល​បន្ទាន់​តែ​ប៉ុណ្ណោះ។ ព័ត៌មាន​​ភាគ​ច្រើនគឺ​​ទាក់​ទងជាមួយ​​ប្រទេស​ទួរគីតែម្តង។ ​ពេល​នេះ​ ខ្ញុំ​បើកមើល​ ​សារព័ត៌មាន​តិច​ជាង​មុន ​ដោយសារ​តែ​​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​ភាគ​ច្រើន​​ពី​​បណ្តាញ​ធ្វីតទ័ររួច​​ទៅ ​ហើយ។​ អ្នក​អាច​មាន​​ប្លក់ ដែល​អ្នក​អាចមើល​គេហរទំព័រព័ត៌មាន។ ​ដូច្នេះ​ខ្ញុំ​មិន​ខ្វល់​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយសំខាន់ៗផ្សេង​ទៀត​សរសេរ​ អ្វី​ខ្លះនោះឡើយ​»។ 

បើ​យោង​តាម​​​សាស្ត្រាចារ្យ ​យ៉ាម៉ាន អាកដេនីស​ (YamanAkdeniz) អ្នក​ជំនាញ​ខាង​បណ្តាញ​ទំនាក់ទំនង​នៃ​សាកលវិទ្យាល័យ​ប៊ិលជីអ៊ីស្តង់ប៊ុល (Istanbul's Bilgi University) ​បាន​ឲ្យ​ដឹង​ថា ​ជ័យជម្នះ​​ដ៏​ភ្លូកទឹកភ្លូកដី​​​បីលើក​ជាប់​ៗគ្នា​នៅ​​ក្នុងការបោះឆ្នោត​​ របស់​គណបក្ស​កាន់​អំណាច​AK ​កាល​ពី​ឆ្នាំ​មុន ​ដែល​បាន​ជួយ​បង្កើន​​ការ​ប្រើប្រាស់​បណ្តាញ​ ​សង្គម​ ហើយ​បង្កើន​សម្ពាធទៅ​​លើ​បណ្តាញ​​ផ្សព្វផ្សាយ​ព័ត៌មាន។

«ចាប់​តាំង​ ពី​ការ​បោះឆ្នោតរួច​​មក ​រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​ទទួល​សម្លេង​ឆ្នោត​គាំទ្រ​យ៉ាង​ខ្លាំង​ក្លា​ ដោយ​សារ​តែ​​លទ្ធផល​ដែល​យើង​បាន​ឃើញ​គឺថា ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិនត្រូវ​បាន​​គ្រប់គ្រង​ដោយ​ផ្ទាល់ទេ ប៉ុន្តែត្រូវ​​គ្រប់គ្រង​ដោយ​ប្រយោល​ពីសំណាក់​រដ្ឋាភិបាល។​ ហើយ​យើង​បាន​ឃើញពី​ការ​ស្វ័យទិតៀន​​ និងត្រួតពិនិត្យ​ខ្លួនឯង នៅតាម​ប៉ុស្តិ៍​ទូរទស្សន៍​ និងការសែតទៀត​ផង​។​ ប្រការ​​នេះ​​​បាន​ផ្តល់​លទ្ធផល​ដោយ​សង្គម​មាន​ប្រតិកម្ម​តបទៅនឹង​ឧទាហរណ៍​​ ​​ខាង​លើ តាមរយៈការ​​​ងាក​ទៅរក​​ទម្រង់​ផ្សេង​ទៀតក្នុង​​ការ​ប្រមូល​ព័ត៌មាន ហើយ​​អ្នក​ទាំង​នោះ​​ចាប់​ផ្តើមតាំងខ្លួន​​ជា​អ្នកការសែត​​ដោយ​ខ្លួនឯង​តែ​ ម្តង​»។
AP
ប្រទេស​ទូរគី ​បាន​ឈាន​មុខ​គេ​ក្នុង​ការ​ផ្តល់​សេវា​អ៊ីនធឺណិត​និង​ការ​ប្រើ​ទូរស័ព្ទចល័ត ​។​ ស្រប​គ្នា​ជាមួយ​​នឹងចំនួន​​ពលរដ្ឋ​​ដែល​ចេះ​ប្រើ​អ៊ិនធឺណិតផង​​នោះ​ លទ្ធផល ស្តែង​ឲ្យ​ឃើញ​អំពី​​ការ​កើន​​ឡើងយ៉ាង​​ខ្លាំងលើបណ្តាញ​​សង្គម​ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​​ហ្វេសប៊ុកចំនួន​​៣០​លាន​នាក់​និង​អ្នកប្រើប្រាស់ ​ធ្វិតទ័រចំនួន​បួន​​លាន​នាក់។
សព្វថ្ងៃ​ មនុស្ស​កាន់​តែ​ច្រើន​ឡើងនៅ​ទួរគី​ កំពុង​ងាក​ទៅរក​បណ្តាញ​​​សង្គម​ដើម្បី​ទទួល​បាន​ព័ត៌មាន​ផ្សេងៗ​។ ​កត្តា​នេះ​បង្ហាញ​ឲ្យ​ឃើញ​កាល​ពី​ខែ​ធ្នូមុន។​
កាលពី​​រាត្រី​ថ្ងៃ​ទី​២៩​ខែ​ធ្នូ ​នៅ​តាម​ព្រំដែន​ប្រទេស​ទួរគី​​និង​អ៊ីរ៉ាក់​ ក្រុម​អ្នក​រត់​ពន្ធ​ជាតិ​ទូរគី-ឃឺត​(Turkish-Kurdish) ចំនួន​៣៥​នាក់ ​ដែល​ភាគ​ច្រើន​ជា​យុវជន​ ​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​ពី​លើ​អាកាស​របស់​ទួរគីប្រកបដោយ​ ការបំផ្លិច​បំផ្លាញ ដែល​​​តម្រង់​ទៅ​រក​ក្រុម​ឧទ្ទាម​ជាតិ​ឃឺត ​ឈ្មោះ​ថា ​PKK។

លោកស្រី​ ស៊ីកដេម មាធ័រ (​Cigdem Mater) សកម្មជន​នយោបាយ​មួយ​រូប ដោយ​​មាន​សមាជិក​ចំនួនប្រហែល ​១ម៉ឺន​ ៦ពាន់​នាក់​ នៅ​ក្នុង​ធ្វិតទ័រ មាន​ប្រសាសន៍​ថា​ កាល​ពី​មុន​ ឧប្បត្តិហេតុ​បែប​នេះ​ ត្រូវ​បានបិទជិត​ឈឹង។ ប៉ុន្តែ​​ លោក​ស្រី បាននិយាយថា ឧប្បត្តិ​ហេតុ​​នេះ​ត្រូវ​បាន​​កែ​សម្រួល​​ដោយ​​ប្រើ​ធ្វីតទ័រ​ជា​ ប្រភពព័ត៌មាន​វិញ។
«នៅ​ពេលដែល​ខ្ញុំ​​ភ្ញាក់​ពី​ដំណេក ខ្ញុំ​​បើក​មើល​ធ្វីតទ័រ។ ​ខ្ញុំ​បាន​ឃើញថា ​អ្នក​ទាំងឡាយ​កំពុង​​និយាយអំ​ពីអ្វី​ដែល​​បាន​​កើត​ឡើង​នៅ​ អ៊ូលូឌែរ​ (Uludere)។ នៅម៉ោង៧ និង៣០នាទី ​ខ្ញុំ​បាន​ឃើញ​រូបភាពដំបូងបង្អស់​ ​ដោយ​អ្នក​ទាំងឡាយ​​នៅ​អ៊ូលូឌែរ ​បាន​ថត​រូបភាព​សាកសព​ដែល​ត្រូវ​បាញ់​សម្លាប់​ដោយ​យន្តហោះ​ទួរគី។ សូម្បី​តែ​ក្រុម​គ្រួសារ​ ក៏​បាន​ចាប់​ផ្តើម​និយាយអំ​ពី​រឿង​នេះ​ ហើយ​យើង​​បាន​ដឹង​រឿងរ៉ាវ​ទាំងអស់​​នេះ​ដែរ​។​ រហូត​មក​ដល់​ម៉ោង​ប្រាំ​រសៀល ​គ្មាន​​ព័ត៌មាននៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ទួរគី​ទេ។ នេះ​ជា​ឧទាហរណ៍យ៉ាង​​ធំធេង​​មួយស្តី​ពី​ថាតើ​បណ្តាញ​ផ្សព្វផ្សាយ​ឯករាជ្យ​ និង​អ្នកសារព័ត៌មាន​ពលរដ្ឋ​អាច​​ធ្វើ​កិច្ចការ​​នេះ​បាន។​
ក្រុម​អ្នកវិភាគ ​ថ្លែង​​ថា ​ការបែក​ខ្ញែក​​នៅ​​តាម​មាគ៌ា​​នយោបាយ​និង​ជាតិពន្ធុ​ ​នៅ​តែ​បញ្ហា​បន្ទាន់​មួយ​​​សម្រាប់​សង្គម​ទួរគី។ ប៉ុន្តែ ​នៅ​មិន​ទាន់ច្បាស់​​នៅ​ឡើយ​ថា​តើ​បណ្តាញ​​​សង្គមនេះ​ ​បាន​ពង្រីក​ឬបង្រួម​​ការ​បែកខ្ញែក​ទាំងអស់​នេះ​។​ ​អ្វី​ដែល​ច្បាស់លាស់​នៅ​​ទួរគី ​គឺថា​​បណ្តាញ​​​សង្គម​កំពុង​តែ​ក្លាយ​ជា​ឧបករណ៍​ដ៏​មាន​ឥទ្ធិពល​សម្រាប់​​ អ្នក​ដែល​ចេះ​ប្រើប្រាស់បណ្តាញនេះ​៕
ប្រែសម្រួលដោយ គឹង ភិរុណ