ដោយ ញឹមសុខន និងស៊ុន ណារិន ថ្ងៃពុធ ទី20 មិថុនា ឆ្នាំ2012 ម៉ោង17:36
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលារាជធានីភ្នំពេញចេញផ្សាយ នៅថ្ងៃទី២០ខែមិថុនានេះបង្ហាញថា កន្លងមកសាលារាជធានីបានប្រគល់ផ្ទះស្នាក់នៅជូនប្រជាពល រដ្ឋនៅតំបន់បុរីកីឡាដែលមានឯកសារពិតប្រាកដអស់ហើយ លើកលែងតែក្រុមគ្រួសារនគរបាល៣១គ្រួសារ និងស៊ីវិលចំនួន៦គ្រួសារតែប៉ុណ្ណោះ ។
សេចក្តីប្រកាសព័ត៌មានបន្តថា អ្នកភូមិដែលចេញមុខតវ៉ារាល់ថ្ងៃនេះ ភាគច្រើនអ្នកទាំងនោះគ្មានលំនៅឋានពិតប្រាកដនៅ តំបន់បុរីកីឡាទេ។ សាលារាជធានីភ្នំពេញបានចោទប្រកាន់ថា ការតវ៉ារបស់អ្នកភូមិធ្វើឡើងក្នុងរូបភាពខុស ច្បាប់ ដែលញុះញង់ពីអង្គសង្គមស៊ីវិល និងគណបក្សនយោបាយមួយចំនួន។
ទោះជាយ៉ាងណាក៏ដោយ សេចក្តីប្រកាសព័ត៌មាន ជំរុញឲ្យអ្នកតវ៉ាទាំងនោះយកឯកសារពាក់ព័ន្ធនានា ដាក់ជូនមន្ត្រីជំនាញរបស់សាលារាជធានី ដើម្បីពិនិត្យស្វែងរកដំណោះស្រាយ ។
សេចក្តីប្រកាសរបស់សាលារាជធានីភ្នំពេញ ធ្វើឡើងបន្ទាប់ពីអតីតអ្នកភូមិបុរីកីឡាជាង១០០នាក់នៅ ព្រឹកថ្ងៃពុធនេះប្រមូលគ្នាទៅសួរនាំពីដំណោះស្រាយ ដែលពួកគាត់អះអាងថា សាលារាជធានីភ្នំពេញនឹងដោះស្រាយជូន បន្ទាប់ពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។
បើតាមតំណាងអ្នកភូមិដែលបានចូលពិភាក្សារកដំណោះស្រាយជាមួយ មន្ត្រីសាលារាជធានី អ្នកស្រី ទឹម សាក់មុន្នី បានឲ្យដឹងថា អនុប្រធានរដ្ឋបាលសាលារាជធានីភ្នំពេញលោក កើត ឆែ អះអាងថា សាលារាជធានីនឹងពិនិត្យដោះស្រាយករណីនេះទៅតាមឯកសារ ជាក់ស្តែងដល់ពលរដ្ឋដែលនៅសេសសល់ជាងមួយរយគ្រួសារ នៅថ្ងៃទី២ខែកក្កដាឆ្នាំ ២០១២ខាងមុខ នេះ៕
No comments:
Post a Comment