
កុមារនៅបឹងកក់ ដែលម្តាយឪពុករបស់ពួកគេជាប់ពន្ធនាគារ (រូបថត ញឹម សុខន)
ស្តាប់សម្លេង៖
សេចក្តីប្រាថ្នា របស់កុមារី ប៉ោ សុគុន្ធកញ្ញា និងប្អូនៗរបស់នាង ក៏ដូចជាកុមារដទៃទៀតដែរ គឺពួកគេចង់រស់នៅក្រោមការថែរក្សា និងការយកចិត្តទុកដាក់ពីម្តាយ ប៉ុន្តែនាងនិងប្អូនប្រុសស្រីរបស់នាង នៅពេលនេះ មិនមានវាសនាដូចកុមារដ៏ទៃដែលកំពុងរស់នៅជំជាមួយឪពុកម្តាយ ទេ។ ពួកគេត្រូវរស់នៅកំព្រាម្តាយ ទាំងម្តាយនៅរស់។ ដំណក់ទឹកភ្នែក នៅរមៀលធ្លាក់ចុះ កាត់ថ្ពាល់ទាំងគូររបស់នាង ជាមួយនឹងដៃជូតមិនឈប់ ដែលទឹកភ្នែកនេះ បានបង្ហាញពីភាពសោកសៅរបស់នាង ដោយខ្វះភាពកក់ក្តៅ ៖ "ខ្ញុំដើរបាន ខ្ញុំនឹកដល់ម៉ាក់ខ្ញុំថា ពេលមុនម៉ាក់ខ្ញុំជាប់គុកហ្នឹង ម៉ាក់ខ្ញុំតេមកថា អោយខ្ញុំខំរៀន កុំឈ្លោះគ្នា មើលប្អូន ខ្ញុំបើកសៀវភៅមើលរាល់ថ្ងៃ ប៉ុន្តែខ្ញុំបើកមើលតែសៀវភៅទេ អារម្មណ៍ខ្ញុំតែងតែគិតថា ពេលណាម៉ាក់មកវិញ ពេលណាម៉ាក់មកធ្វើម្ហូបអោយញ៉ាំ ពេលណាម៉ាកមកមើលប្អូន ពេលណាម៉ាក់មកបង្រៀនខ្ញុំវិញ ខ្ញុំអត់ចង់អញ្ចឹងទេ ខ្ញុំតែងតែគិតថា ខ្ញុំគិតថា ខ្ញុំខុសគេ ខ្ញុំមានម្តាយ ម៉ាក់ខ្ញុំស្រលាញ់ខ្ញុំណាស់ ប៉ុន្តែឥឡូវម្តាយខ្ញុំអត់បាននៅជាមួយខ្ញុំទេ”។
នៅពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១២ អាជ្ញាធររាជធានីភ្នំពេញ បានចាប់ខ្លួនអ្នកភូមិបឹងកក់ ១៣នាក់ ហើយពីរថ្ងៃបន្ទាប់ អ្នកទាំងនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានកាត់ឲ្យជាប់ទោស ដោយម្នាក់ៗត្រូវជាប់ទោសពីរឆ្នាំប្រាំមួយខែ ដោយចោទថា អ្នកទាំងនោះ បានដណ្តើមកាន់កាប់ដីរបស់និតិបុគ្គល និងប្រឆាំងអាជ្ញាធរសារធារណៈ។ នៅថ្ងៃសវនាការអ្នកទាំង ១៣នាក់នោះ អាជ្ញាធរបានចាប់ខ្លួនមនុស្សពីរនាក់ បន្ថែមទៀត ក្នុងរឿងដូចគ្នានេះ។
កុមារីម្នាក់ទៀត ឈ្មោះសៀង ស្រីល័ក្ខ អាយុ១៣ឆ្នាំ ដែលម្តាយរបស់នាង ឈ្មោះ ហេង មុំ នៅពេលនេះ កំពុងតែជាប់ឃុំនៅពន្ធនាគារព្រៃស បាននិយាយថា ភាពរីករាយរបស់គេ មិនមានដូចពីមុនទៀតទេ ចំណែកការសិក្សារបស់នាងក៏ធ្លាក់ចុះដែរ ចាប់តាំងពីមិនមានម្តាយនាងមក។ នាងបាននិយាយក្នុងទឹកមុខស្រងូតស្រងាត់ថា នៅពេលដែលម្តាយនាងនៅផ្ទះ ម្តាយនាងតែងផ្គត់ផ្គង់ទាំងបាយ ទឹក នំចំណី នៅពេលដែលនាងត្រឡប់មកពីរៀនវិញ ប៉ុន្តែនៅពេលនេះ សភាពបែបនេះ នាងមិនមានទៀតទេ ៖ "រាល់ថ្ងៃហ្នឹង ខ្ញុំពេលខ្លះបានទៅរៀន ហើយពេលខ្លះខ្ញុំអត់បានទៅរៀន ព្រោះអីម៉ាក់គាត់អត់នៅអីអញ្ចឹងទៅ ក៏គ្មានអារម្មណ៍រៀនអញ្ចឹង ហើយពេលទៅរៀនម្តងៗ ខ្លួនទៅសាលាប៉ុន្តែអារម្មណ៍និងចិត្តរបស់ខ្ញុំ អត់ដែលស្តាប់គ្រូពន្យល់អីទេ ព្រោះអីអារម្មណ៍របស់ខ្ញុំគិតដល់ម៉ាក់ ព្រោះអីខ្លាចបាត់គាត់ រហូតដល់ពីរឆ្នាំប្រាំមួយខែអីអញ្ចឹង ហើយពេលខ្លះទៅរៀនម្តងៗអញ្ចឹង អង្គុយភ្លឹកម្តងៗគ្រូហៅអី ខ្ញុំអត់លឺអីអញ្ចឹង សូម្បីតែធ្វើការក៏ខ្ញុំអត់មានអារម្មណ៍ធ្វើការក្នុងផ្ទះដែរ”។
ប្រទេសកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២ ។ រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ចែងថា រដ្ឋធានារក្សាការពារសិទ្ធិរបស់កុមារ ដែលមានចែងក្នុងអនុសញ្ញានេះ។ ក្នុងនោះ មានសិទ្ធិមានជីវិតរស់នៅ សិទ្ធិទទួលបានការអប់រំ រៀនសូត្រ ជាដើម។ សិទ្ធិនេះ គឺកុមារគ្រប់រូប ត្រូវទទួលបាននូវសេវាសង្គម និងការយកចិត្តទុកដាក់ថែទាំពីសំណាក់គ្រួសារ និងសហគមន៍ ដើម្បីធានាថា កុមារទទួលបាន ស្បៀងអាហារ និងអាហាររូបត្ថម្ភ ការព្យាបាល និងថែទាំសុខភាព ការគាំពារសង្គមលើរាងកាយ អារម្មណ៍ និងផ្លូវចិត្ត និងសេវាដទៃទៀត ដើម្បីធ្វើឲ្យពួកគេបានលូតលាស់នៅក្នុងគ្រួសារ និងសហគមន៍ប្រកបដោយភាពកក់ក្តៅ។
តែសម្រាប់កុមារនៅតំបន់បឹងកក់ដែលម្តាយ-ឪពុកគេ ត្រូវឃុំជាប់នេះ មានការប៉ះទង្គិចផ្លូវចិត្ត និងស្មារតីខ្លាំងណាស់ ហើយការសិក្សារបស់ពួកគេក៏ធ្លាក់ចុះខ្លាំងណាស់ដែរ នៅពេលនេះ។
តំណាងសហគមន៍បឹងកក់ អ្នកស្រី ខែក ចន្ទរស្មី បានឲ្យដឹងថា កុមារនៅតំបន់បឹងកក់ មានការប៉ះទង្គិចអារម្ភខ្លាំងណាស់ ជាពិសេសកុមារដែលម្តាយឪពុកគេដែលកំពុងជាប់ពន្ធនាគារ។ អ្នកស្រីមានប្រសាសន៍ថា កូនចៅរបស់អ្នកភូមិចំនួន១៥នាក់ ដែលត្រូវចាប់ខ្លួននោះ ពួកគេមានកូនប្រុសស្រី ប្រមាណពី៣០ ទៅ៤០នាក់ ហើយការសិក្សារបស់ពួកគេបានធ្លាក់ចុះយ៉ាងខ្លាំង ៖ "ហើយក្មេងៗទាំងអស់ហ្នឹង ខ្ញុំព្រួយបារម្ភទៅថ្ងៃអនាគតគាត់ គាត់នឹងបាត់បង់ការសិក្សារបស់គាត់ ព្រោះគាត់និយាយទៅបារម្ភពីម្តាយផង ហើយគាត់ជំនុំគ្នានិយាយទៅ ក្មេងៗដល់ពេលវាជុំគ្នាវានិយាយតែបញ្ហាហ្នឹង ធ្វើអោយគាត់ហ្នឹងវាបាក់ទឹកចិត្ត ហើយណាមួយការរៀនសូត្រហ្នឹងដូចថា មេរៀនដែលគាត់ដាក់អោយមកហ្នឹង ក៏អត់មានពេលគិតនឹងគូរដែរ ព្រោះម្តាយអត់នៅ ហើយដូចថា ឪពុកហ្នឹងគាត់គិតតែពីរកចំណូលពីក្រៅមក ដើម្បីផ្គត់ផ្គង់គ្រួសារ គាត់អត់បានមើលដិតដល់ដូចម្តាយទេ អញ្ចឹងធ្វើពួកគាត់ហ្នឹងឥឡូវការរៀនសូត្រហ្នឹងក៏ធ្លាក់ចុះដែរ”។
សម្រាប់កុមារី ប៉ោ សុគុន្ធកញ្ញា ក្តីប្រាថ្នារបស់នាងនៅពេលនេះ ចង់បានតែម្យ៉ាងប៉ុណ្ណោះ គឺនាងចង់រស់នៅក្នុងជីវភាពគ្រួសារដូចពីមុន ៖ "ខ្ញុំចង់អោយរដ្ឋាភិបាលដោះលែងម៉ាក់ខ្ញុំ ហើយនិងអ្នកភូមិទាំង១៥នាក់របស់ខ្ញុំ ព្រោះពួកខ្ញុំសុទ្ធតែត្រូវការម្តាយ ពួកខ្ញុំអត់ចង់កំព្រីកំព្រាទៀតទេ។ ពីរឆ្នាំកន្លះយូរណាស់ មិនមែនធ្មេចបើកៗដល់ភ្លាមទេ ហើយក៏ខ្ញុំចង់អោយតុលាការកាត់ក្តីមួយសារទៀត មិនមែនកាត់ក្តីតែត្រឹមបីម៉ោង អោយគាត់ជាប់គុករហូតដល់ពីរឆ្នាំប្រាំមួយខែ ខ្ញុំចង់អោយគាត់ជាប់គុកបីម៉ោង ដូចនៅពេលតុលាការកាត់ក្តីអញ្ចឹង ខ្ញុំអត់ចង់អញ្ចឹងទេ ពួកខ្ញុំម្នាក់ៗសុទ្ធតែចង់មានម្តាយ គ្មាននណារគេចង់កំព្រា ម្នាក់ៗត្រូវការម្តាយ កើតមកម្តាយចិញ្ចឹមថែរក្សា ដូច្នេះចង់អោយធំឡើងក៏នៅម្តាយចិញ្ចឹងថែរក្សា អត់ចង់កំព្រីកំព្រាអញ្ចឹងទេ”។
កុមារៗនៅបឹងកក់ដែលម្តាយឪពុកគេកំពុងជាប់ពន្ធនាគារ ប៉ះទង្គិចផ្លូវចិត្ត និងធ្លាក់ចុះការសិក្សា
No comments:
Post a Comment