ដោយ សុ ជីវី
2012-06-08
អ្នកភូមិបឹងកក់ និងអ្នកភូមិបុរីកីឡា ចំនួនជាង ១០០នាក់ បានជួបជុំគ្នានៅខាងមុខស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងអគារព្រឹទ្ធសភា ហើយបានដាក់ញត្តិទៅស្ថាប័នទាំង ២នេះ អោយជួយអន្តរាគមន៍ដោះលែងតំណាងពួកគេ ១៥នាក់ ដែលកំពុងជាប់ពន្ធនាគារព្រៃស អោយមានសេរីភាព។អ្នកភូមិបឹងកក់ និងបុរីកីឡា ចំនួនជាង ១០០នាក់ ជួបជុំគ្នានៅមុខស្ថានទូតជប៉ុន និងអគារព្រឹទ្ធសភា អោយជួយអន្តរាគមន៍ដោះលែងតំណាងទាំង ១៥នាក់ កាលពីថ្ងៃទី៨ មិថុនា ឆ្នាំ២០១២។
ការទាមទាររបស់ពួកគេនេះ គឺស្របពេលដែលអ្នកតំណាងទាំង ១៥នាក់នោះ បានប្រកាសថា នឹងចាប់ផ្ដើមការតវ៉ាដោយអត់អាហារក្នុងពន្ធនាគារ ប្រសិនបើនៅតែបន្តឃុំឃាំងពួកគេ ដោយពួកគេពុំមានកំហុស។
ក្រុមអ្នកភូមិបឹងកក់ អ្នកភូមិបុរីកីឡា និងកូនៗរបស់ពួកគេ អំពាវនាវជាថ្មីទៀត ដើម្បីអោយមានអន្តរាគមន៍ដោះលែងអ្នកតំណាង ១៥នាក់ ដោយសំអាងថា ពួកគេត្រូវផ្ដន្ទាទោសអោយជាប់ពន្ធនាគារ។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីពួកគេបានស្នើសុំអន្តរាគមន៍ពីស្ថាប័នកំពូលរបស់ ជាតិមួយចំនួនដូចជា ព្រះបរមរាជវាំង រដ្ឋសភា និងក្រសួងយុត្តិធម៌ អោយជួយអន្តរាគមន៍នៅមិនទាន់មានដំណោះស្រាយ។
នៅខាងមុខស្ថានទូតជប៉ុន និងអាគារព្រឹទ្ធសភា ក្មេងៗជាកូនអ្នកភូមិបឹងកក់ ជាច្រើននាក់ បានលុតជង្គង់ច្រៀងអង្វរទាំងទឹកភ្នែក អោយស្ថាប័នទាំងពីរនេះ ជួយអោយម្ដាយពួកគេមានសេរីភាព។ ស្របគ្នានេះ ពួកគេក៏បានរៀបរាប់ពីការលំបាកដែលពួកគេជួបប្រទះនៅពេលដែលមិន មានម្ដាយរស់នៅជាមួយ។
តំណាងអ្នកបឹងកក់ម្នាក់ អ្នកស្រី បូ ឆវី មានប្រសាសន៍ថា បើទោះជាពុំទាន់មានលទ្ធផលយ៉ាងណាក៏ដោយ ពួកគេមិនអស់សង្ឃឹមឡើយ ពួកគេនឹងនៅតែបន្តការទាមទាររហូតមានដំណោះស្រាយ។
ស្របពេលដែលកូនៗ និងអ្នកភូមិកំពុងស្វែងរកអន្តរាគមន៍ពីស្ថាប័នកំពូលៗ និងស្ថានទូតបរទេសប្រចាំកម្ពុជានេះ តំណាងអ្នកភូមិបឹងកក់ចំនួន ១៥នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស បានព្រមានថា នឹងធ្វើការតវ៉ាដោយអត់អាហារ ប្រសិនបើពុំមានស្ថាប័នណាអើពើជួយរកដំណោះស្រាយអោយមានការដោះលែង ពួកគេ អោយមានសេរីភាពឡើងវិញទេនោះ។
តំណាងអ្នកភូមិបឹងកក់ម្នាក់ទៀត អ្នកស្រី ខែក ចាន់រស្មី បានអោយដឹងតាមទូរស័ព្ទថា អ្នកស្រីបានទៅសួរសុខទុក្ខអ្នកតំណាងទាំង ១៥នាក់ ហើយពួកគេបានប្រាប់ថា គេនឹងអត់អាហារអោយស្លាប់ ប្រសិនបើពួកគេត្រូវបន្តជាប់ក្នុងពន្ធនាគារដូចហ្នឹង អ្វីដែលតុលាការបានផ្ដន្ទាទោសពួកគេ។
អ្នកភូមិបឹងកក់ចំនួន ១៣នាក់ ត្រូវបានកងកម្លាំងអាជ្ញាធរចាប់កាលពីថ្ងៃទី២២ ឧសភា និងត្រូវកាត់អោយមានទោស ២ឆ្នាំកន្លះម្នាក់ ពីបទរំលោភកាន់កាប់ដោយខុសច្បាប់លើអចលនវត្ថុរបស់នីតិបុគ្គល សាធារណៈ និងបទប្រឆាំងអាជ្ញាធរសាធារណៈ ដោយមានស្ថានទម្ងន់ទោស។ ចំណែកតំណាងពីរនាក់ទៀតក៏ត្រូវចាប់ខ្លួន នៅមុខតុលាការក្រុងភ្នំពេញ ក្នុងពេលរៀបចំឯកសារធ្វើសក្ខីកម្មអោយតំណាង ១៣នាក់ កាលពីថ្ងៃទី២៦ ខែឧសភា។
អ្នកស្រាវជ្រាវឯករាជ្យផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី បានលើកឡើងថា ការតវ៉ាដោយអត់អាហារជាក្រុម អាចមានប្រសិទ្ធភាពខ្លះដែរ ប៉ុន្តែលោកពុំគាំទ្រអោយមានការតវ៉ារហូតដល់ការធ្វើអត្តឃាតឡើយ។ លោកបន្តថា ករណីរបស់អ្នកភូមិបឹងកក់ នេះ គឺមានតែស្ថាប័នឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមទេ ដែលអាចត្រួតពិនិត្យ និងមានអន្តរាគមន៍ករណីនេះបាន។
នៅពេលនេះដែរ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិចំនួន ៤៣ ធ្វើការងារពាក់ព័ន្ធនឹងសិទ្ធិស្ត្រីនៅកម្ពុជា បានថ្លែងការណ៍រួម ជំរុញអោយមានការដោះលែងស្ត្រីអ្នកភូមិបឹងកក់ ជាបន្ទាន់ និងបានហៅការផ្ដន្ទាទោសពួកគេនោះ គឺជាការប៉ុនប៉ងគំរាមកំហែងដល់ប្រជាពលរដ្ឋដទៃទៀត អោយបញ្ឈប់ការតវ៉ា ការពារសិទ្ធិដីធ្លី និងរារាំងដល់សេរីភាពបញ្ចេញមតិរបស់ស្ត្រីខ្មែរ។
នាយិកាប្រតិបត្តិ អង្គការ សីលការ អ្នកស្រី ធីតា ឃិះ មានប្រសាសន៍ថា ការបន្តផ្ដន្ទាទោសអ្នកបឹងកក់ ទាំង ១៥នាក់ គឺជាតឹកតាងបង្ហាញសាធារណជន ជាតិ និងអន្តរជាតិ ពីភាពអយុត្តិធម៌ក្នុងសង្គមកម្ពុជា ដែលចាំបាច់ត្រូវមានដំណោះស្រាយភ្លាមៗ។
ក្រុមអង្គការមិនមែនរដ្ឋាភិបាលបានបញ្ជាក់ជាញឹកញយហើយថា បញ្ហាចម្បងដែលធ្វើអោយជម្លោះដីធ្លីនៅក្នុងតំបន់បឹងកក់ មិនអាចបញ្ចប់បាន គឺដោយសារតែភាពមិនច្បាស់លាស់ នៃដីទំហំ ១២,៤៤ហិកតារ ដែលរដ្ឋាភិបាលបានប្រគល់អោយអ្នកភូមិបឹងកក់ សម្រាប់ការអភិវឌ្ឍន៍នៅហ្នឹងកន្លែង។ ភាពមិនច្បាស់លាស់នោះហើយ ដែលជំរុញអោយអ្នកភូមិបឹងកក់ បន្តការតវ៉ា អោយអាជ្ញាធរបោះព្រំដី និងផ្ដល់ដី ទៅអោយអ្នកភូមិដទៃទៀត ដែលត្រូវក្រុមហ៊ុនបូមខ្សាច់ពន្លិច។
មកដល់ពេលនេះ អ្នកភូមិបឹងកក់ពុំមានឱកាសនឹងផ្ដោតជាពិសេសទៅលើការតវ៉ាដើម្បី អោយអាជ្ញាធរបោះព្រំដីទំហំ ១២,៤៤ហិកតារ នោះទៀតឡើយ គឺវាបានជំនួសដោយការតវ៉ា ដើម្បីសេរីភាព ម្ចាស់ដីចំនួន ១៥នាក់ទៅវិញ។ ពួកគេបានបង្ហើយហៅស្ទើររាល់ថ្ងៃ នៅតាមដងផ្លូវនានា ក្នុងក្រុងភ្នំពេញ អោយមានអន្តរាគមន៍ផ្ដល់យុត្តិធម៌ដល់អ្នកតំណាងរបស់ពួកគេ៕
តំណាងអ្នកបឹងកក់១៥នាក់ព្រមាននឹងតវ៉ាដោយអត់អាហារក្នុងពន្ធនាគារ
No comments:
Post a Comment