Saturday, June 9, 2012

អ្នក​បឹង​កក់​ដែល​កំពុង​ជាប់​ពន្ធនាគារ​ដោយ​ជម្លោះ​ដី​ធ្លី​ព្រមាន​​សម្លាប់​ខ្លួន

ដោយ ថុល ស្រីលក្ខណ៍ និង អ៊ឹង ប៊ុន​ថន ថ្ងៃសុក្រ ទី08 មិថុនា ឆ្នាំ2012 ម៉ោង17:19
តំណាង​​ពលរដ្ឋ​​បឹង​​កក់​​ទាំង ​១៥​​នាក់​ ដែល​​កំពុង​​ជាប់​​ពន្ធនា​គារ​​ដោយ​សារ​ជម្លោះ​ដីធ្លី​ ព្រមាន​ថា នឹង​សម្លាប់​​ខ្លួន​ ប្រ​សិន​​បើ​​​តុលាការ​មិន​​ដោះ​​លែង​ពួក​គាត់​​ឲ្យ​​ចេញ​​ពី​​គុក មុន​ពេល​​កំណត់​ទេ​នោះ។
ការ​ព្រមាន​​នេះ កើត​ឡើង​​ជា​ថ្មី​ទៀត នៅ​​ថ្ងៃ​​សុក្រ​នេះ ខណៈ​សាច់​ញាត្តិ​​ពួក​គេ​​ចូល​​ទៅ​សួរ​​សុខ​​ទុក្ខ។
លោក ប៉ោ គុណ្ណា​រ៉ា ជា​​ប្តី​​របស់​​អ្នក​​ស្រី តុល​ ស្រី​​ពៅ​ ដែល​​កំ​ពុង​​ជាប់​​ឃុំ​​នៅ​​ក្នុង​ពន្ធនាគារ​​ព្រៃ​​ស បាន​​ឲ្យ​​ VOD​ ដឹង​​នៅ​​រសៀល​​ថ្ងៃ​​សុក្រ​​នេះ​​ថា ស្ថាន​​ភាព​របស់​​ពួក​គេ​មិន​​សូវ​​ល្អ​​នោះ​​ទេ ហើយ​​​ថា ​ព្រ​មាន​​សម្លាប់​​ខ្លួន​ ប្រ​សិន​​បើ​​​​នៅ​​តែ​​​មិន​អាច​ស្វែង​រក​អន្ត​រាគមន៍​​ដោះ​លែង​​ពួកគេ​​ នៅ​ពេល​ឆាប់ៗនេះ ៖ “គាត់​ថា គាត់​បើ​សិន​ជា​នេះ គាត់​សុខ​ចិត្ត​ស្លាប់​នៅ​ក្នុង​គុក​ហ្នឹង​ អត់​អោយ​ដល់​កំណត់​២​ឆ្នាំ​កន្លះ​ហ្នឹង​ទេ បើសិន​ជា​ពួក​យើង​មិន​អាច​ធ្វើ​យ៉ាង​ណា​ៗ គាត់សុខ​ចិត្ត​ស្លាប់​​នៅ​ក្នុង​ហ្នឹង​តែ​ម្តង”។
ស្តាប់សម្លេង៖  
លោក​បន្ត​ថា ស្រ្តី​វ័យ​ចំណាស់ ២នាក់ ​ ដែល​ជាប់​ឃុំ​នោះ ​មាន​​សុខ​​ភាព​​មិន​​​​ល្អ​​ទេ​ គឺ​មាន​ជំងឺ​លើស​ឈាម និង​ទឹក​នោម​ផ្អែម។ តែថា​ ​អ្នក​​ទាំង​​នោះ​ស្ថិត​ក្នុង​គុក​​បន្ទប់​​មាន​គ្នា​​​តែ​​២​ ឬ​៣​នាក់​​ប៉ុណ្ណោះ។
​អ្នក​ស្រី ខែក​ ចាន់​រស្មី ជា​ប្រ​ជាពលរដ្ឋ​បឹងកក់​ មាន​ប្រ​សាសន៍​ថា ពួកគាត់​នឹង​មិន​ទុក​ឲ្យ​តំណាង​របស់​ពួកគាត់​​ស្លាប់​នៅ​​ក្នុង​​គុក​​នោះ​​ ។ ហើយ​ថា ពួកគាត់​ដាក់​​ញត្តិ​​ស្វែង​​រក​​អន្ត​រាគមន៍​ពី​​គ្រប់​​ស្ថា​ប័ន ទាំង​ជាតិ​​និង​​អន្តរ​ជាតិ ៖ “ពួក​ខាង​ក្រៅ គឺ​ឆន្ទៈ​ដូច​គ្នា​ទាំង​អស់ ពួក​ខ្ញុំ​មិន​អាច​អោយ​គ្នា​ខ្ញុំ​នៅ​ក្នុង​ពន្ធនា​គារ គាត់​សម្រេច​ចិត្ត​ធ្វើអត្ត​ឃាត​បែប​ហ្នឹង​ទេ ខ្ញុំ​មិ​ន​អាច​ចោល​គ្នា​បាន​ទេ”។
នៅព្រឹកថ្ងៃសុក្រនេះ កូនៗ​អ្នក​បឹង​កក់​ ​និង​ពលរដ្ឋ​បឹងកក់ រួម​ទាំង​អ្នក​​បុរីកីឡា​ផង​នោះ ប្រមាណជាង​១០០នាក់ បាន​ដង្ហែ​ដាក់​ញ​ត្តិ​ទៅព្រឹទ្ធសភា និង​​ស្ថាន​​​ទូត​​ជប៉ុន ដើម្បី​ឲ្យជួយអន្ត​រាគមន៍​ ដោះ​​លែង​​​​​​​​​ពួក​​គេ​១៥​នាក់​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស បន្ទាប់​ពី​សុំ​អន្ត​រា​​គមន៍​​​​ពី​​​​​​ស្ថា​​ប័ន​​​​កំពូល​ៗ និង​ស្ថាប័ន​ព្រះ​មហា​ក្សត្រ​​មិន​​​មាន​​​ទទួល​យក​ញត្តិ​នោះ។ ប៉ុន្តែ​មន្រ្តី​​នៃ​​ស្ថាប័ន​​​​ព្រឹទ្ធ​​សភា និង​​​ស្ថាន​​ទូត​​ជប៉ុន បាន​​​​សន្យា​​​ថា គេ​​នឹង​​ជួយ​​អន្ត​​រាគមន៍​ជា​​​បន្ទាន់ ​ទៅ​​ស្ថា​ប័ន​ណា​ដែល​​​អាច​​​ដោះ​ស្រាយ​​បញ្ហា​នេះ​​។
មន្រ្តីក្រសួងយុត្តិធម៌ ធ្លាប់បានអះអាងថា ក្រសួងបានចេញ​លិខិត​អន្តរាគមន៍​​ទៅ​​តុលាការ​​រួច​ហើយ តែ​រហូត​មក​ដល់ពេលនេះ នៅមិនទាន់់មាន​ចំណាត់​ការ​ថ្មី​នៅ​​ឡើយ។
ឆ្លើយ​តប​ករណី​នេះ ចៅ​ក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ភូ ពៅ​ស៊ុន មាន​ប្រ​សាសន៍​ថា ​សំណុំ​រឿង​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ឧទ្ធរណ៍​រួច​ហើយ។
មេ​ធា​វី​ការ​ពារ​ក្តី​ឲ្យ​ប្រ​ជាពលរដ្ឋ​ លោក ជិន លីតា​ មាន​ប្រ​សាសន៍​ថា ប្រ​សិន​បើ​រឿង​ក្តី​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ឧទ្ធរណ៍​នោះ វា​ជា​រឿង​ល្អ​ប្រ​សើរ ព្រោះ​វា​នឹង​ឆាប់​បាន​កាត់​ក្តី​សារជា​ថ្មីព្រោះ សាលា​ដំបូង​ សម្រេច​ក្តី​លឿន​ពេក និង​មិន​​ឲ្យ​មេធាវី​ការ​ពារ​កូន​ក្តី​រក​ភស្ថុតាង​ដោះ​បន្ទុកនោះទេ ៖ “បាទ តាម​ច្បាប់គឺ​សិទ្ធិ​របស់​ជន​ជាប់ចោទ មេធាវី​គេ​អាច​សុំ​ពន្យា​ពេល​បាន ប៉ុន្តែ​ចៅក្រម​គាត់​អត់​ព្រម អាហ្នឹង​ជា​សិទ្ធិ និយាយ​រួម​ជា​សិទ្ធិ​​អំណាច​របស់​គាត់ ក្នុង​ការ​សម្រេច​​​មិន​​ពន្យា​ពេល តែគ្រាន់​តែ​ថា​គាត់​អត់​ស្តាប់​ការ​លើក​ឡើង​របស់​មេធាវី ហើយ​ម្យ៉ាង​ទៀត យើង​សុំ​បញ្ជូលសាក្សី​ពេល​សវនា​ការ​ហ្នឹង ​ក៏​គាត់មិន​អោយ​ចូល”។
ស្ត្រី​អ្នក​​បឹង​កក់​ចំនួន​១៤នាក់ និង​បុរស​ម្នាក់​​ ត្រូវ​តុលា​ការ​​រាជធានី​ភ្នំពេញ ​​កាត់​ទោស​ឲ្យ​ជាប់​​ពន្ធនាគារ​​ពី១​​ឆ្នាំ​ដល់​​២ឆ្នាំ​៦​ខែ កាល​ពី​ថ្ងៃ​ទី​២៤​ខែ​ឧ​សភា​ឆ្នាំ​២០១២កន្លង​ទៅ ពី​បទ​​ដណ្តើម​​​កាន់​​កាប់​ដីនីតិបុគ្គលដោយ​​ខុស​ច្បាប់ ​ ​និង​ជេ​ប្រ​មាថ​មន្រ្តីសារធារណៈ ទាក់​ទ​ង​ជម្លោះ​​ដី​នៅ​តំបន់​បឹង​​កក់៕

អ្នក​បឹង​កក់​ដែល​កំពុង​ជាប់​ពន្ធនាគារ​ដោយ​ជម្លោះ​ដី​ធ្លី​ព្រមាន​​សម្លាប់​ខ្លួន

No comments:

Post a Comment