Monday, June 18, 2012

កុមារ​បឹងកក់​ដែល​ម្ដាយ​ជាប់ពន្ធនាគារ បាន​ធ្លាក់ខ្លួន​ឈឺ​ជាច្រើន​នាក់


(ថ្ងៃទី 18 មិថុនា 2012, ម៉ោង 11:27:AM) | ដោយ: រតនា
Give our kids a better 
deal
1 of 5  
ភ្នំពេញ: ​កូនៗ​របស់​ស្ដ្រី​បឹងកក់ ដែល​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស នៅក្នុង​វិវាទ​ដីធ្លី​តំបន់​បឹងកក់​នោះ ពួកគេ​មួយចំនួន​បាន​កំពុង​ធ្លាក់ខ្លួន​ឈឺ មាន​ជំងឺ​បាក់​ទឹកចិត្ត និង​ខ្លះទៀត​មិនបាន​ទៅ​រៀនសូត្រ​ទៀងទាត់ បើទោះបី​ជាមាន​ការជួយ​ជំរុញ​លើកទឹកចិត្ត​ពី​សំណាក់​លោកគ្រូ អ្នកគ្រូ និង​សហគមន៍ ក៏ដូចជា​អ្នកជិតខាង​របស់​ពួកគេ​ក្ដី​។​

​ក្រុម​កុមារ​ ដែលមាន​ម្ដាយ​ជា​ស្ដ្រី​កំពុង​ជាប់ពន្ធនាគារ រួមទាំង​អ្នកភូមិ​បឹងកក់​ប្រមាណ​ជិត ១០០ នាក់ បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ព្រះអង្គ​ដង​កើ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១២ ពួកគេ​បានធ្វើ​ពិធីបួងសួង​ជូន​ព្រះ​ពរ​ដល់​សម្ដេច​យាយ សុំ​ឲ្យ​មាន​ព្រះជន្ម​យឺនយូរ ព្រះរាជសុខភាព​មាំមួន ជាមួយគ្នា​នោះ ក្រុម​កុមារ​បាន​ទទូច និង​សុំ​ឲ្យ​សម្ដេច​យាយ​ធ្វើ​ព្រះរាជអន្តរាគមន៍​ដោយ​ក្ដី​ករុណា​ធម៌ ទៅ​ស្ថាប័ន​តុលាការ ឲ្យ​មានការ​ដោះលែង​ម្ដាយ​របស់​ពួកគេ​ទាំង ១៣​នាក់ ចេញពី​ពន្ធនាគារ​ព្រៃ​ស ពីព្រោះ​កុមារ​ទាំងនោះ​បានបង្ហាញ​នូវ​ភាព​នឹករលឹក និង​ចង់​រស់នៅ​ក្រោម​ការ​ថ្នាក់ថ្នម​របស់​ម្ដាយ​ពួកគេ ទោះ​ជាមាន​ជីវភាព​ក្រលំបាក​យ៉ាងណាក៏ដោយ តែ​ពួកគេ​ចង់បាន​ភាពកក់ក្ដៅ​ជួបជុំ​គ្រួសារ​។​

​កុមារី លី ហេង​លាភ អាយុ ១៣​ឆ្នាំ រៀន​នៅ​ថ្នាក់​ទី​៧ នៃ​វិទ្យាល័យ​បាក់​ទូក មាន​ម្ដាយ​ឈ្មោះ ពៅ សោភា ជាប់ពន្ធនាគារ​ព្រៃ​ស បាន​សុំ​ឲ្យ​សម្ដេច​យាយ​ជួយ​ធ្វើ​ព្រះរាជអន្តរាគមន៍​ទៅ​តុលាការ ដោះលែង​ស្ដ្រី​បឹងកក់​ទាំង ១៣​នាក់ ចេញពី​ពន្ធនាគារ ដែល​ក្នុងនោះ​មាន​ម្ដាយ​របស់​កុមារី​រូបនេះ​ម្នាក់​ដែរ​។ កុមារី ហេង​លាភ បានបញ្ជាក់​ទាំង​ទឹកភ្នែក​រលីងរលោង​ថា “​ពួក​ខ្ញុំ​បង្ហោះ​ប៉ោង​ប៉ោង និង​លែង​ចាប​នៅមុខ​វាំង ឲ្យ​វា​ហោះហើរ​មាន​សេរីភាព ដូច​អ្នកទោស​ទាំង ១៣​នាក់ នៅក្នុង​ពន្ធនាគារ ឲ្យ​រួចផុត​មាន​សេរីភាព​វិញ​។ ខ្ញុំ​សុំ​ឲ្យ​សម្ដេច​យាយ​ជួយ​អន្តរាគមន៍​ដោះលែង​ស្ដ្រី​បឹងកក់ ដែល​កំពុង​ជាប់ពន្ធនាគារ​ផង​”​។​

​កុមារី លី ហេង​លាភ បានបញ្ជាក់​ទៀតថា ដោយសារតែ​ម្ដាយ​របស់ខ្លួន​ជាប់ពន្ធនាគារ​ជាច្រើន​ថ្ងៃ​មកនេះ ខ្លួន​មិនបាន​ទៅ​រៀនសូត្រ​ជាប់លាប់​ទេ ពីព្រោះ​ម្ដាយ​មិន​នៅផ្ទះ (​ជាប់ពន្ធនាគារ​) ខ្លួន​មើល​ប្អូន​នៅផ្ទះ​។ ដោយ​ក្ដី​រន្ធត់ និង​មាន​ទឹកចិត្ត​នឹក​ម្ដាយ​ខ្លាំង​នោះ កុមារី លី ហេង​លាភ បាន​និយាយ​ទាំង​អួលដើមក​ថា “​ខ្ញុំ​នឹក​ម៉ាក់​ខ្ញុំ បារម្ភ​ពី​ម៉ាក់​ខ្ញុំ ខ្ញុំ​ខ្លាច​គេ​ធ្វើបាប​គាត់ ហើយ​ខ្ញុំ​អាណិត​ប្អូន​ខ្ញុំ ដែល​វា​ចេះតែ​យំ​រក​ម៉ាក់​ខ្ញុំ ហើយ​ខ្ញុំ​ចេះតែ​ប្រាប់​វា​ថា ម៉ាក់​ទៅ​ក្រៅ គាត់​មកវិញ​ឥឡូវ​ហើយ វា​បាត់​យំ​បន្តិច ខ្ញុំ​ចេះតែ​លួង​វា​”​។ កុមារី​រូបនេះ​មាន​បងប្អូន​បីនាក់ ដែល​គេ​ជា​កូន​ទី​ពីរ ហើយ​ឪពុក​ធ្វើការ​ជា​អ្នករាជការ មិនសូវមាន​ពេល​ថែទាំ​ពួកគេ​ទេ​។​

​កុមារា ណាន់ ទី​វ័​ន្ត ត្រូវជា​ក្មួយប្រុស​អ្នកស្រី តុល ស្រី​ពៅ ដែល​កំពុង​ជាប់ពន្ធនាគារ បាន​និយាយ​ទាំង​អួលដើមក​ផងដែរ​ថា “​ប្អូនជីដូនមួយ​ខ្ញុំ វា​បាត់​ម្ដាយ វា​ដេក​យំ​រក​ម៉ែ អត់​មាន​នរណា​ជួយ​មើល​ខុសត្រូវ​។ ឥឡូវ​វា​កើត​ជំងឺ​ក្ដៅខ្លួន​យ៉ាងខ្លាំង កម្តៅ​ជាង ៤០ អង្សារ ឈឺ​ជំងឺគ្រុនឈាម​កាលពី​យប់​មិញ ឥឡូវ​វា​ដេក​នៅ​ពេទ្យ​។ ខ្ញុំ​មាន​អារម្មណ៍​ថា​អាណិត​ប្អូន​”​។​

​កុមារា ណាន់ ទី​វ័​ន្ត បាន​និយាយ​បន្តថា ខ្លួន រួម​នឹង​មិត្តភក្ដិ មកនេះ​ដើម្បី​លែង​ចាប និង​បួងសួង​សុំ​ឲ្យ​សម្ដេច​យាយ​មាន​ព្រះជន្ម​យឺនយូរ ព្រះរាជសុខភាព​មាំមួន ហើយ​ពួកគេ​សុំ​សំណើ​ទៅ​សម្ដេច​យាយ​ថា ឲ្យ​ជួយ​អន្តរាគមន៍​ដោះលែង​ស្ដ្រី​បឹងកក់ ដែល​កំពុង​ជាប់ពន្ធនាគារ ឲ្យ​ពួកគាត់​មាន​សេរីភាព​វិញ​ផង​។ ទី​វ័​ន្ត​បាន​បញ្ជាក់ទៀតថា កូនចៅ​ស្រី​បឹងកក់​ដែល​កំពុង​ជាប់ពន្ធនាគារ មកដល់ពេលនេះ មាន​ចំនួន​ជាង ១០​នាក់ ហើយ​ដែល​ធ្លាក់ខ្លួន​ឈឺ ដោយសារតែ​គ្មាន​ម្ដាយ​ជួយ​មើល​បីបាច់ និង​អ្នក​ខ្លះទៀត​ទៅ​រៀនសូត្រ​មិនបាន​ទៀងទាត់​ទេ ដោយ​នៅផ្ទះ​ជួយ​មើល​ប្អូន​។​

​អ្នកស្រី យ៉ោ​ម បុប្ផា តំណាង​អ្នកភូមិ​បឹងកក់ បាន​និយាយថា ក្មេងៗ​បឹងកក់ បើទោះបី​ជាមាន​ឪពុក និង​អ្នកជិតខាង​ជួយ​មើលថែរក្សា ប៉ុន្តែ​ទឹកចិត្ត​របស់​ពួកគេ​នៅតែ​ស្រែក​ទាមទារ​ម្ដាយ​ពួកគេ​មកវិញ ដោយ​ពួកគេ​យល់ថា ម្ដាយ​ផ្ដល់​ភាពកក់ក្ដៅ​ក្នុងការ​បីបាច់​ថែរក្សា​ពួកគេ​។ អ្នកស្រី​បន្តថា កុមារ​ទាំងនេះ​មក​ជូន​ព្រះ​ពរ​សម្ដេច​យាយ និង​សុំ​ឲ្យ​សម្ដេច​យាយ​ជួយ​ធ្វើ​ព្រះរាជអន្តរាគមន៍​ទៅ​តុលាការ ដោះលែង​ម្ដាយ​ពួកគេ​មកវិញ​។​

​អ្នកស្រី​វេជ្ជបណ្ឌិត ពុង ឈី​វ​កេក ប្រធាន​អង្គការសិទ្ធិមនុស្ស​លីកាដូ បាន​មានប្រសាសន៍ថា មាន​កុមារ​ក្រោម​អាយុ ១៨​ឆ្នាំ ចំនួន ៤៣​នាក់ ដែលជា​កូន​របស់​ស្ដ្រី​បឹងកក់​ទាំង ១៣​នាក់ កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស ថ្ងៃនេះ​ពួកគេ​បាន​ទៅ​ព្រះអង្គ​ដង​កើ បួងសួង​បារមី​ស័ក្ដិសិទ្ធិ និង​ជូនពរ​ថ្ងៃ​ចម្រើន​ព្រះជន្ម​សម្ដេច​យាយ​។​

​ រីឯ​មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​អង្គការ​លីកាដូ បាន​ឲ្យ​ដឹងផង​ដែរ​ថា កាលពី​ថ្ងៃ​សុក្រ ទី​១៥ ខែមិថុនា ក្រុម​ស្ដ្រី​បឹងកក់​ដែល​ធ្វើ​កូដកម្ម​បង្អត់អាហារ​ខ្លួនឯង​នៅក្នុង​ ពន្ធនាគារ ពួកគាត់​បានចាប់ផ្ដើម​ទទួលទាន​អាហារ​វិញ​ហើយ បន្ទាប់ពី​មានការ​ដោះលែង​ពលរដ្ឋ​បឹងកក់​ចំនួន​ពីរ​នាក់​៕

No comments:

Post a Comment