ភ្នំពេញ: ប្រជាពលរដ្ឋ និងក្មេងៗនៅតំបន់បឹងកក់ ប្រមាណ ១០០ នាក់ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១២ បាននាំគ្នាដើរហែញត្តិ បន្ទាប់ពីធ្វើសន្និសីទកាសែតនៅមុខវត្តបទុមវត្តី ដោយទាមទារឲ្យមានការដោះលែងពលរដ្ឋបឹងកក់ទាំង ១៥នាក់ ដែលកំពុងជាប់ពន្ធនាគារក្រោមអំណាចតុលាការភ្នំពេញ។ ពួកគាត់នាំគ្នាដើរកាន់ញត្តិ ក្នុងគោលបំណងដាក់ជូនសម្ដេចនាយករដ្ឋមន្ត្រី និងលោកជំទាវ ដល់ភូមិគ្រឹះរបស់សម្ដេច តែត្រូវបានរារាំងដោយកម្លាំងអាជ្ញាធរមានសមត្ថកិច្ច។
តាម ខ្លឹមសារនៃញត្តិរបស់ពលរដ្ឋតំបន់បឹងកក់ បានបង្ហាញថា នៅឆ្នាំ២០០៧ សាលាក្រុងភ្នំពេញបានជួលដីក្នុងតំបន់បឹងកក់ ១៣៣ ហិកតា ឲ្យទៅក្រុមហ៊ុន ស៊ូកាគូអ៊ីន ក្នុងនោះមានប្រជាពលរដ្ឋចំនួនជាង ៤.០០០ គ្រួសារ ដែលទទួលរងផលប៉ះពាល់ ដោយពុំទទួលបានសំណងសមរម្យឡើយ។ ក្រោយមក នៅខែសីហា ឆ្នាំ២០១១ រាជរដ្ឋាភិបាលបានសម្រេចផ្ដល់ដីសម្បទានសង្គមកិច្ចទំហំ ១២,៤៤ ហិកតា មកប្រជាពលរដ្ឋ ដើម្បីជាគោលការណ៍នៃការដោះស្រាយនូវផលប៉ះពាល់នេះ តែផ្ទុយទៅវិញ ដីសម្បទានខាងលើនេះ មិនត្រូវបានដោះស្រាយបែងចែកជូនប្រជាពលរដ្ឋដោយតម្លាភាពឡើយ ដោយក្នុងនោះមានប្រជាពលរដ្ឋខ្លះមិនបានទទួលដី និងមិនដឹងថាព្រំដី ១២,៤៤ ហិកតា មានទីតាំងនៅទីណាច្បាស់លាស់ ក្នុងតំបន់បឹងកក់នោះឡើយ។
ញត្តិនោះបានបន្តថា ហេតុដូច្នេះហើយទើបយើងខ្ញុំប្រជាពលរដ្ឋធ្វើការតវ៉ាជាបន្តបន្ទាប់ ដើម្បីស្នើសុំទៅអាជ្ញាធររាជធានីធ្វើការដោះស្រាយ ទោះបីជាការតវ៉ាទាំងនោះ ពួកយើងខ្ញុំទទួលរងនូវការប្រើហិង្សា គំរាមកំហែង និងការចាប់ខ្លួនក៏ដោយ។ ជាក់ស្ដែង នៅថ្ងៃទី២២ រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ សមាជិកអ្នកភូមិបឹងកក់យើងខ្ញុំចំនួន ១៥នាក់ ត្រូវបានចាប់ខ្លួន និងបញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារព្រៃសយ៉ាងតក់ក្រហល់ និងដោយអយុត្តិធម៌បំផុត។
ញត្តិដដែលនោះ បញ្ជាក់ថា “ការចាប់ខ្លួនខាងលើនេះ គឺកើតចេញយ៉ាងជាក់ស្ដែងពីទំនាស់ដីធ្លីសុទ្ធសាធ ដែលនេះជាបន្ទុករបស់សាលារាជធានី មានភារកិច្ចក្នុងការសម្របសម្រួល និងដោះស្រាយ ដោយមិនត្រូវឲ្យមានការចាប់ខ្លួន និងឃុំខ្លួនឡើយ”។
នៅចុងបញ្ចប់នៃញត្តិ បានសូមឲ្យសម្ដេចនាយករដ្ឋមន្ត្រីមេត្តាពិនិត្យ និងអន្តរាគមន៍ ដើម្បីឲ្យមានការដោះលែងសមាជិកសហគមន៍បឹងកក់ទាំង ១៥ នាក់នោះ ឲ្យមានសេរីភាព បានជួបជុំគ្រួសារឡើងវិញ៕
សមត្ថកិច្ចរារាំងពលរដ្ឋបឹងកក់ ដើរហែញត្តិដាក់ជូនសម្ដេចនាយករដ្ឋមន្ត្រី
No comments:
Post a Comment