ក្រចេះ: បុរសពីរនាក់បានទទួលរងរបួសធ្ងន់ និងស្រាល ដោយសារជនមិនស្គាល់មុខលបវាយប្រហារដោយគប់គ្រាប់បែក និងបាញ់រះដោយកាំភ្លើងស្វ័យប្រវត្តិ ខណៈពេលក្រុមជនរងគ្រោះជាច្រើននាក់កំពុងចងអង្រឹងដេកនៅពេលយប់ក្នុង ការដ្ឋានធ្វើផ្លូវនៅភូមិក្រសាំង ឃុំ-ស្រុកស្នួល ខេត្តក្រចេះ វេលាម៉ោងជាង ១០ យប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១២។
លោក សេង សុផា មេការធ្វើថ្នល់ បាននិយាយប្រាប់គេហទំព័រ CEN នៅមន្ទីរពេទ្យខេត្តកំពង់ចាម ថា ហេតុការណ៍គប់គ្រាប់បែកកើតឡើងកាលពីវេលាម៉ោងជាង ១០ យប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១២ នៅចំណុចការដ្ឋានដែលពួកគាត់ដាក់គ្រឿងចក្រសម្រាប់ធ្វើថ្នល់ នៅភូមិក្រសាំង ឃុំ-ស្រុកស្នួល ខេត្តក្រចេះ បណ្តាលឲ្យព្រូគ្រឿងចក្រម្នាក់របួសធ្ងន់ ដោយត្រូវអំបែងគ្រាប់បែក មានឈ្មោះ ស៊ាន់ វាសនា អាយុ ២០ឆ្នាំ និងបុរសម្នាក់ទៀតជាតៃកុងរ៉ូឡូកិនថ្នល់ ឈ្មោះ ចែម វាសនា អាយុ ២០ឆ្នាំ របួសស្រាល ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរខេត្តកំពង់ចាម។
លោកមេការបានឲ្យដឹងទៀតថា ហេតុការណ៍នោះបានកើតឡើង ខណៈពេលពួកគាត់ទាំងអស់គ្នារៀបចំចងអង្រឹងដេកនៅក្នុងការដ្ឋានធ្វើ ថ្នល់ ហើយការគប់គ្រាប់បែកនោះ ទំនងជាចេញពីកន្លែងដែលមានដាក់លូសម្រាប់ធ្វើការសាងសង់ផ្លូវ ចម្ងាយប្រមាណជា ២០ ម៉ែត្រ ពីកន្លែងពួកគាត់ចងអង្រឹងដេក។ លោកបានបញ្ជាក់បន្ថែមថា “ពួកគាត់នៅកន្លែងភ្លឺ ចំណែកជនល្មើសនៅកន្លែងងងឹត” ហើយបានគប់គ្រាប់បែកមកលើពួកគាត់ ថែមទាំងបាញ់កាំភ្លើងជាច្រើនគ្រាប់ ដោយកាំភ្លើងធុនស្វ័យប្រវត្តិ។
លោកបានឲ្យដឹងថា ពួកខ្មាន់កាំភ្លើងមានគ្នាប្រហែលជាពីរនាក់ឡើងទៅ។ ក្រោយពីស្ងប់ ពួកគាត់បានបញ្ជូនជនរងគ្រោះទាំងពីរនាក់ទៅមន្ទីរពេទ្យស្នួល ដែលមានចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រ ពីកន្លែងកើតហេតុ។ ដោយសារតែរបួសព្រូគ្រឿងចក្រមានសភាពធ្ងន់ពេក ពេទ្យខាងស្នួលក៏បានបញ្ជូនមកដល់ពេទ្យកំពង់ចាម នៅវេលាម៉ោងជាង ៣ ទៀបភ្លឺ ថ្ងៃទី២១ ខែឧសភានេះ។
លោក សេង សុផា បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ពួកគាត់មិនដែលមានទំនាស់អ្វីទេនៅកន្លែងការដ្ឋានធ្វើថ្នល់ដែលមាន រយៈពេលជាងមួយឆ្នាំមកនេះ ហើយមុនពេលពួកគាត់ធ្វើអ្វី ក៏មានការប្រយ័ត្នប្រយែងដែរ ព្រោះខ្លាចមានគំនុំគុំកួន ប៉ុន្តែមិនដឹងជាខាងណាទេ ដែលលបមកវាយប្រហារលើពួកគាត់។ ភ្លាមៗនោះ ក្រុមជនរងគ្រោះក៏បានប្តឹងទៅកងរាជអាវុធហត្ថស្រុកស្នួលមកអន្តរាគមន៍ ដែរ៕
លបវាយប្រហារដោយគ្រាប់បែក និងកាំភ្លើង របួសពីរនាក់នៅស្រុកស្នួល
No comments:
Post a Comment