ភ្នំពេញ: ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី លោក សុន ឆ័យ បានថ្លែងដោយចោទប្រកាន់ប្រមុខរដ្ឋាភិបាលកម្ពុជាថា បានរំលោភរដ្ឋធម្មនុញ្ញ។ លោកសុនឆ័យ ក៏បានចោទប្រធានរដ្ឋសភាថា មិនបានបញ្ជូនសំនួរ របស់សមាជិកសភាបក្សប្រឆាំង ក្នុងការកោះហៅប្រមុខរដ្ឋាភិបាល អោយមកឆ្លើយបំភ្លឺនៅក្នុងរដ្ឋសភា។
ការចោទប្រកាន់នេះ បានធ្វើឡើង នៅក្នុងសិក្ខាសាលា ស្តីពី គោលនយោបាយការងារគណបក្ស កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១២ នៅក្នុងអតីតទីស្នាក់ការកណ្តាលគណបក្ស សម រង្ស៊ី ជិតប៊ូឌីញ ដែលជាផ្ទះរបស់លោក គង់ គាំ ប្រធានស្តីទីគណបក្សសមរង្ស៊ី។
លោក សុន ឆ័យ បានមានប្រសាសន៍ថា “ប៉ុន្មានថ្ងៃមុន ខ្ញុំធ្វើលិខិតជាផ្លូវការ ហៅនាយករដ្ឋមន្ត្រីមកពន្យល់ខ្ញុំ ពីការប្រជុំអាស៊ាន និងការបង្ហាញពីការបំផ្លាញព្រៃឈើ អោយគាត់មកពន្យល់ ពីព្រោះគាត់ជាអ្នកទទួលខុសត្រូវដឹកនាំប្រទេស។ ខ្ញុំមានសិទ្ធស្របច្បាប់ តាមមាត្រា៩៦ នៃរដ្ឋធម្មនុញ្ញ”។
លោកក៏បានស្តីបន្ទោសទៅដល់សម្តេច ហេង សំរិន ប្រធានរដ្ឋសភាផងដែរ ពីការមិនបញ្ជូនលិខិតសំនួររបស់លោកទៅអោយសម្តេចនាយករដ្ឋមន្ត្រី មកឆ្លើយបំភ្លឺក្នុងសភា។
លោក សុន ឆ័យ បានបញ្ជាក់ថា “( សម្តេចហេងសំរិន ) យកសំនួរខ្ញុំទៅ ទុកចោលអត់ផ្ញើ ទៅនាយករដ្ឋមន្ត្រី។ បញ្ហានេះ ធ្វើអោយនាយករដ្ឋមន្ត្រីរំលោភរដ្ឋធម្មនុញ្ញ ហើយនាយករដ្ឋមន្ត្រីខ្មែរប្រកាសហើយ បើអ្នកណារំលោភរេដ្ឋធម្មនុញ្ញ គាត់កំទេចចោល។ អីចឹងមានតែកំទេចខ្លួនឯងទៅ”។
លោកក៏បាន ប្រកាសផងដែរថា លោកក៏ធ្លាប់បានកោះហៅរដ្ឋមន្ត្រីក្រសួងការងារ គឺលោក វង សូត មកឆ្លើយបំភ្លឺនៅក្នុងរដ្ឋសភាដែរ ប៉ុន្តែលោករដ្ឋមន្ត្រីកំសាក មិនហ៊ានមក ហើយបើមកអានក្រដាសយកតែម្តង។
ប្រតិកម្មតបនឹង ការចោទប្រកាន់ពីសំណាក់លោក សុន ឆ័យ ត្រូវបានលោក ទិត សុធា អនុប្រធានអង្គភាពព័ត៌មានប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានច្រានចោល ដោយលោកចាត់ទុកថា ការលើកឡើងបែបនេះ គ្រាន់តែជាការលើកឡើងរបស់គណបក្សប្រឆាំង។
លោក ទិត សុធា បានប្តថា ថ្មីៗនេះ រាជរដ្ឋាភិបាលបានចេញបទបញ្ជា ស្តីពី វិធានការពង្រឹង និងបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច ដែលជាវិធានការទាន់ពេលវេលារបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការបំផ្លាញព្រៃឈើ។
ជាមួយគ្នានោះ ក្នុងរដ្ឋធម្មនុញ្ញ បានកំណត់ថា រដ្ឋមន្ត្រី ឬក៏នាយករដ្ឋមន្ត្រី អាចចូលបំភ្លឺរដ្ឋសភាដោយផ្ទាល់មាត់ ឬក៏តាមរយៈលិខិតក៏បាន ដើម្បីឆ្លើយតបនឹងសំណួររបស់ក្រុមអ្នកតំណាងរាស្ត្រ។
ក្នុងពេល កន្លងមក សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានឆ្លើយតបនឹងសំណួររបស់ក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី តាមរយៈលិខិតញឹកញាប់ផងដែរ៕
លោក សុន ឆ័យ ចោទនាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភាថា រំលោភរដ្ឋធម្មនុញ្ញ
No comments:
Post a Comment