សៅរ៍ 07 មេសា 2012

លោក សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ី(រូបភាពឯកសារ)
RFI/Menghour Ly
ការបោះឆ្នោតឃុំសង្កាត់ដែលប្រព្រឹត្តទៅនៅខែមិថុនាខាងមុខនេះ កាន់តែខិតចូលមកដល់ហើយ ប៉ុន្តែ នៅមិនទាន់មានសញ្ញាណាមួយដែលបង្ហាញថា លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងធំ ជាងគេនៅកម្ពុជាអាចវិលត្រឡប់ចូលស្រុកវិញបាននៅឡើយទេ។ ផ្ទុយទៅវិញសង្គ្រាមពាក្យសម្តីរវាង បក្ស កាន់អំណាចនិងបក្សប្រឆាំងកាន់តែមានទំហំធំឡើងជាលំដាប់។ នេះសបញ្ជាក់ឲ្យឃើញថា ដំណើរការបោះឆ្នោតខាងមុខនេះប្រាកដជាគ្មានវត្តមានរបស់លោកសម រង្ស៊ី។ តើអវត្តមានរបស់លោកសម រង្ស៊ីធ្វើឲ្យរាំងស្ទះប្រជាធិបតេយ្យនៅកម្ពុជាឬទេ?
នៅពេលដែលក្រសែភ្នែករបស់សហគមន៍អន្តរជាតិកំពុងសម្លឹងឆ្ពោះទៅ ជោគជ័យរបស់លោកស្រីអង់សាន ស៊ូជីនៅប្រទេសភូមា វាសនានយោបាយរបស់លោកសម រង្ស៊ីក៏បានក្លាយជាប្រធានបទក្តៅម្តងទៀតនៅកម្ពុជា។ ការបោះឆ្នោតបំពេញបន្ថែមនៅភូមាកាលពីថ្ងៃទី១មេសាដែលបើកផ្លូវឲ្យ មេដឹកនាំបក្សប្រឆាំងដ៏ល្បីល្បាញគឺលោកស្រី អង់សាន ស៊ូជី ចូលទៅកាន់រដ្ឋសភានោះ គឺជាចំណុចទាក់ទាញមួយដល់សហគមន៍អន្តរជាតិ បើទោះបីជាវាមិនមានន័យថា គណបក្សរបស់លោកស្រីអង់សាន ស៊ូជី នឹងឡើងដឹកនាំរដ្ឋាភិបាលក៏ដោយ។ អ្វីដែលបង្កើតជាចំណងទាក់ទងរវាងស្ថានការណ៍នយោបាយប្រទេសភូមា និងកម្ពុជាគឺនៅត្រង់ការបោះឆ្នោត និងវត្តមានរបស់មេដឹកនាំបក្សប្រឆាំងក្នុងការបោះឆ្នោតនេះឯង។ ខណៈដែលមេបក្សគណបក្សប្រឆាំងភូមាដែលធ្លាប់ត្រូវគេដាក់ឃុំឃាំង ក្នុងផ្ទះអស់រយៈពេលជិតពីរទសវត្សរ៍ត្រូវគេអនុញ្ញាតឲ្យចូលរួម បោះឆ្នោតនោះ នៅកម្ពុជាវត្តមានរបស់មេដឹកនាំបក្សប្រឆាំងដ៏សំខាន់ម្នាក់កំពុងចោទ ជាបញ្ហា នៅពេលដែលការបោះឆ្នោតកាន់តែឈានជិតមកដល់។ជាការពិត ការបោះឆ្នោតមួយដែលប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ពិតប្រាកដទាល់តែការបោះឆ្នោតនោះមានតម្លាភាព និងគ្មានបញ្ហា។ ផ្ទុយទៅវិញ ការបោះឆ្នោតមួយដែលគូបដិបក្ខនយោបាយមានជម្លោះគ្នាយ៉ាងស្រួចស្រាល់ រហូតដល់គូប្រជែងដ៏សំខាន់ម្នាក់មិនអាចចូលរួមក្នុងការបោះឆ្នោតបាន នោះចៀសមិនផុតឡើយពីភាពល្អក់កករ។ មានន័យថា អវត្តមានរបស់លោកសម ង្ស៊ី ដែលជាមេបក្សប្រឆាំងលំដាប់ទី១ក្នុងការបោះឆ្នោតនេះពិតជាធ្វើឲ្យ ស្រអាប់ដល់ដំណើរការបោះឆ្នោតបើទោះជាតិចឬច្រើនក្តី។ ក៏ប៉ុន្តែ វាក៏មិនមែនមានន័យថា អវត្តមានលោកសម រង្ស៊ីធ្វើឲ្យការបោះឆ្នោតមិនអាចដំណើរការបាននោះដែរ។ ហេតុផលសត្យានុម័តទាំងពីរខាងលើនេះអាចជាជំនួយស្មារតីមួយសម្រាប់ ការផ្សះផ្សាគ្នារវាងគណបក្សប្រឆាំងនិងបក្សកាន់អំណាចនៅកម្ពុជាជាជាង ការប្រកាន់យកត្រូវដាច់ណាត់តែរៀងៗខ្លួន។
រហូតមកទល់ពេលនេះ គណបក្សកាន់អំណាចមិនខ្វាយខ្វល់ពីអវត្តមានរបស់លោកសម រង្ស៊ីឡើយពីព្រោះគេបានចាត់ទុកលោកសម រង្ស៊ីថាគ្រាន់តែជា«អ្នកទោស»ម្នាក់ដែលបាត់បង់សិទ្ធិបោះឆ្នោតទៅហើយ តែប៉ុណ្ណោះ។ ប៉ុន្តែ បក្សប្រឆាំងវិញដែលចាត់ទុកលោកសម រង្ស៊ីថាជា«ជនរងគ្រោះនយោបាយ»ដោយសារការធ្វើទុក្ខបុកម្នេញរបស់បក្ស កាន់អំណាចនោះរំពឹងថា ការបោះឆ្នោតខាងមុខនេះនឹងគ្មានតម្លៃអ្វីឡើយបើគ្មានវត្តមានរបស់លោក សម រង្ស៊ី។ បក្សប្រឆាំងបាននិងកំពុងលើកយកចំណុចនេះធ្វើជាសម្ពាធសម្រាប់សង្កត់ ទៅលើរដ្ឋាភិបាលខណៈដែលបក្សកាន់អំណាចមិនចាប់អារម្មណ៍លើបញ្ហានេះឡើយ។ នេះជាហេតុផលដែលធ្វើឲ្យភាគីទាំងពីរគិតតែពីដើរតាមទស្សនៈបែប ចង្អៀតរបស់ខ្លួនរៀងៗខ្លួនដោយមិនខ្ចីអើពើនឹងការសម្របសម្រួលដើម្បីរក ច្រកចេញពីវិបត្តិឡើយ។
ពិតណាស់ ជម្លោះរវាងលោកសម រង្ស៊ី និងរដ្ឋាភិបាលមានលក្ខណៈស្រួចស្រាល់ពិបាកដោះស្រាយពីព្រោះវា ជាប់ទាក់ទងនឹងបញ្ហាទឹកដីដ៏រសើប។ ទោះជាយ៉ាងនេះក្តី ប្រសិនបើគេគិតពីគុណសម្បត្តិ និងគុណវិបត្តិដែលជះទៅលើបរិបទប្រជាធិបតេយ្យក្នុងប្រទេសទាំងមូល គេនៅតែអាចរកផ្លូវកណ្តាលមួយបាន។ ប៉ុន្តែ គួរឲ្យសោកស្តាយ ទស្សនៈផ្លូវកណ្តាលនេះច្រើនតែត្រូវអ្នកនយោបាយមើលរំលង។ នេះគឺជាដើមចមនៃជម្លោះនយោបាយជាច្រើននៅកម្ពុជា ហើយវានៅតែជានិន្នាការមួយដែលមិនទាន់ផ្លាស់ប្តូរនៅឡើយ។ នៅក្នុងបរិបទបែបនេះ ការបោះឆ្នោតនៅពេលខាងមុខពិតជាអាចប្រព្រឹត្តទៅបានទោះមានឬគ្មាន វត្តមានរបស់លោកសម រង្ស៊ីក៏ដោយ ប៉ុន្តែ គ្រាន់តែថា សង្គ្រាមនយោបាយនៅតែបន្តធ្វើឲ្យស្រអាប់ដល់ប្រជាធិបតេយ្យនៅកម្ពុជា គ្មានទីបញ្ចប់ឡើយ៕
No comments:
Post a Comment