
សមាគម ការពារសិទ្ធិមនុស្សអាដហុក បានរៀបចំសិក្ខាសាលា២ថ្ងៃមួយស្តីពីសិទ្ធិមនុស្សនិងលទ្ធិ ប្រជាធិបតេយ្យ
RFI/Siv Channa
សមាគមការពារសិទ្ធិមនុស្សអាដហុក បានរៀបចំសិក្ខាសាលា ២ថ្ងៃមួយស្តីពីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ សិក្ខាសាលាដែលគាំទ្រដោយសហភាពអឺរ៉ុបកំពុងផ្តោតទៅលើ ស្ថានភាពនៃដំណើរការបោះឆ្នោត ការគោរពសិទ្ធិមនុស្សនៅកម្ពុជាសេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិនៃការធ្វើសកម្មភាពរបស់អង្គការសង្គមស៊ីវិល។ ប្រធានប្រតិភូនៃសហភាពអឺរ៉ុបប្រចាំកម្ពុជាលោក Jean-François CAUTAIN ថ្លែងផ្តល់សារៈសំខាន់ដល់វត្តមានរបស់សង្គមស៊ីវិលនៅ កម្ពុជាដែលត្រូវចាត់ទុកថា ជាជើងម្ខាងរបស់កម្ពុជាដើម្បីទប់ខ្លួនកម្ពុជាអោយនឹង។
សម្រាប់លោក Jean-François CAUTAIN កម្ពុជាត្រូវឈរលើមូលដ្ឋានពីរដែលជាជើងដ៏រឹងមាំរបស់ខ្លួន នោះគឺជើងម្ខាងជារដ្ឋាភិបាល និងជើងម្ខាងទៀតជាសង្គមស៊ីវិល។ អាចជាសារមួយផ្ញើទៅរដ្ឋាភិបាល ប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជាបានថ្លែងថា “ជាទស្សនៈរបស់យើងខ្ញុំ សង្គមស៊ីវិលប្រកបដោយភាពរស់រវើកនៅកម្ពុជា គឺជាទ្រព្យអភិបាលកិច្ចដ៏មានតម្លៃមួយរបស់កម្ពុជា ហើយកម្ពុជានឹងត្រូវបានកោតសរសើរចំពោះការមានទ្រព្យដ៏មានតម្លៃ នេះ។
តំណាងសហភាពអឺរ៉ុបកំពុងថ្លែងអំពីសារៈសំខាន់នៃសង្គមស៊ីវិល ឬអង្គការក្រៅរដ្ឋាភិបាល នៅពេលដែលរដ្ឋាភិបាលកម្ពុជាកំពុងតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី អង្គការក្រៅរដ្ឋាភិបាលដ៏ចម្រូងចម្រាស។
អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈ រដ្ឋមន្ត្រីលោកទិត សុធាបានអត្ថាធិប្បាយ សេចក្តីថ្លែងការណ៍របស់តំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជាធ្វើឡើង នៅក្រោយពេលដែលរដ្ឋាភិបាលបានបើកចំហនិងផ្តល់សិទ្ធិសេរីភាពអោយ អង្គការក្រៅរដ្ឋាភិបាលប្រមាណ៣០០០អង្គការកំពុងធ្វើសកម្មភាពការងារ របស់ខ្លួននៅកម្ពុជារួចហើយ។
គួរបញ្ជាក់ថា ក្នុងរយៈពេល២ខែទៀត នឹងមានកិច្ចប្រជុំទ្វេភាគីរវាងសហភាពអឺរ៉ុប និងរដ្ឋាភិបាល។ លទ្ធផលនៃសិក្ខាសាលា២ថ្ងៃនេះ នឹងត្រូវប្រមូល ហើយបង្ហាញអោយភាគីរដ្ឋាភិបាលបានឃើញនៅក្នុងកិច្ចប្រជុំទ្វេភាគី នោះ៕




No comments:
Post a Comment