Saturday, March 10, 2012

សិទ្ធិ​ជា​មូលដ្ឋាន​របស់​ស្ត្រី​ត្រូវ​បាន​គេ​រំលោភ​បំពាន


ភ្នំពេញៈ នៅ​ក្នុង​ទិវា​សិទ្ធិ​នារី​អន្តរ​ជាតិ ៨ មីនា កាល​ពី​ម្សិលមិញ ប្រជា​ពលរដ្ឋ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ បាន​ធ្វើ​ការ​រិះគន់ ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​ ពី​សំណាក់​សមត្ថកិច​ទៅ​លើ​ក្រុម​បាតុករ​ជា​ស្ត្រី និង​ការ​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​ដី​ធ្លី ដែល​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស ជា​ពិសេស​សិទ្ធិ​របស់​ស្ត្រី​។
ស្ត្រី​អ្នក​ភូមិ​បឹងកក់ និង​ស្ត្រី​អ្នក​ភូមិ​បុរី​កីឡា ក្នុង​រាជធានី​ភ្នំពេញ ប្រមាណ​ជា​៤០០ នាក់ ដែល​រងគ្រោះ ដោយ​សារ​ការ​បណ្តេញ​ចេញ​ដែល​ជា​ញឹក​ញាប់​ តែង​តែ​ធ្វើ​ការ​តវ៉ា​យ៉ាង​ក្តៅ​គគុក ដើម្បី​ការពារ​ផ្ទះ​សម្បែង​ ក្នុង​នាម​ជា​ម្តាយ​ ទុក​សម្រាប់​ឲ្យ​កូន​ៗ​របស់​ពួក​គាត់​ជ្រក ហើយ​ក៏​តែង​តែ​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​រដ្ឋាភិបាល វាយ​បង្ក្រាបនិង​ចាប់​ឃុំ​ជា​ញឹកញាប់​នោះ នៅ​ក្នុង​ទិវា​សិទ្ធិ​នារី​អន្តរជាតិ កាល​ពី​ម្សិល​មិញ បាន​នាំ​គ្នា​ដើរ​ជា​ក្បួន ដោយ​បាន​អំពាវ​នាវ ទៅ​ដល់​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់​ព័ន្ធ ឲ្យ​បញ្ឈប់​ការ​​ប្រើ​អំពើ​ហិង្សា និង​ការ​រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​របស់​ស្ត្រី​។​
នៅ​ក្នុង​ការ​ដើរ​ដង្ហែ​ក្បួន ដែល​មាន​កាន់​បដា​ និង​រូប​ថត​ព្រោង​ព្រាត​ដែល​បង្ហាញ​ពី​សកម្មភាព​ការ​​ប្រើ​អំពើ​ហិង្សា របស់​សមត្ថកិច្ច​រដ្ឋាភិបាល ទៅ​លើ​ការ​តវ៉ា និង​ការ​ឈូស​បំផ្លាញ​ផ្ទះ​សម្បែង​របស់​ពួក​គាត់ ដើម្បី​យក​ដី​ឲ្យ​ក្រោម​ហ៊ុន ក្រោម​ពាក្យ​អភិវឌ្ឍន៍​នោះ ក៏​មាន​ការ​រារាំង​ពី​កម្លាំង​សមត្ថកិច្ច​ផង​ដែរ នៅ​ពេល​ដែល​អ្នក​ភូមិ ​ប៉ុន​ប៉ង​ដើរ​ដង្ហែ​ក្បួន ទៅ​តាម​ផ្លូវ​ធំ ដែល​សមត្ថកិច្ច​មិន​អនុញ្ញាត​ឲ្យ​ទៅ​។
អ្នក​ស្រី ង៉ែត ឃុន ប្រជា​សហគមន៍​តំបន់​បឹងកក់ រស់​នៅ​ភូមិ​ ២២ ក្នុង​សង្កាត់​ស្រះ​ចក ដែល​ចូល​រួម​នៅ​ក្នុង​ការ​ហែក្បួន​នេះ ​បាន​និយាយ​ថា៖ «ស្ត្រី​ចង់​បាន​ការ​រស់​នៅ​មួយ​ប្រកប​ដោយ​ភាព​សុខសាន្ត​ និង​មាន​ការ​អភិវឌ្ឍ»។
ក្នុង​វ័យ​ ៦៥ ​ឆ្នាំ អ្នក​ស្រី​ង៉ែត ឃុន ដែល​ធ្លាប់​ត្រូវ​បាន​កម្លាំង​នគរបាល​វាយ​បែក​ក្បាល​ហូរ​ឈាម នៅ​ក្នុង​ការ​តវ៉ា​ កាល​ពី​ពេល​កន្លង​មក​នោះ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ពេល​កំពុង​ដើរ​ក្បួន​ថា វា​ពិត​ជា​គួរ​ឲ្យ​បារម្ភ​ណាស់ ដែល​ការ​រស់នៅ​របស់​អ្នក​ស្រី​នាពេល​បច្ចុប្បន្ន​នៅ​តែ​ប្រឈម​ទៅ​នឹង​ការ​ បណ្ដេញ​ចេញ​ដោយ​ប្រើ​អំពើ​ហិង្សា។ ផ្ទះ​របស់​អ្នក​ស្រី​ និង​ប្រជាពលរដ្ឋ​ចំនួន ៩៣​ គ្រួសារ​ផ្សេង​ទៀត នៅ​ក្នុង​តំបន់​បឹងកក់​ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ បដិសេធ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ដោយ​អះអាង​ថា​ ពួក​គាត់​មិន​ស្ថិត​នៅ​លើ​ដី​ទំហំ​១២,៤៤​ហិកតា​ ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ផ្ដល់​ឲ្យ​នោះ​ទេ។
​តំណាង​ពលរដ្ឋ​ភូមិ​ ២២ ក្នុង​តំបន់​បឹងកក់ អ្នក​ស្រី​ទេព វន្នី បាន​និយាយ​ថា ស្ត្រី​ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ដែល​មិន​អាច​ខ្វះ​បាន។ ប៉ុន្តែ​ក្នុង​មួយ​រយៈ​កាល​កន្លង​មក​នេះ សិទ្ធិ​នៃ​ការ​​ចូល​រួម​របស់​ស្ត្រី ត្រូវ​បាន​គេ​មើល​រំលង និង​ត្រូវ​បាន​គេ​ដក​ហូត រួម​ទាំង​សិទ្ធិ​រស់​នៅ​ មាន​ទី​ជម្រក​សមរម្យ ដែល​ជា​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស​ផង​ដែរ​។ ​
អ្នក​ស្រី​ថ្លែង​ថា៖ «ស្ត្រី​ ជា​អ្នក​មើល​ថែ និង​ការ​ពារ​ទំនុក​បម្រុង​សេដ្ឋកិច្ច​ក្នុង​គ្រួសារ។ គ្រួ​សារ​មួយ​ក៏​ដូច​សង្គម​ជាតិ​មួយ​ដែរ អាច​មាន​សេចក្ដី​សុខដុម​រមនា​ទៅ​បាន គឺ​អាស្រ័យ​ដោយ​មាន​ការ​ចូល​រួម​លើក​ស្ទួយ​ពី​ស្ត្រី»​។
អ្នក​ស្រី​បាន​បន្ថែម​ថា ខួប​លើក​ទី​ ១០១​ នៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ៨ មីនា ឆ្នាំ​ ២០១២ នេះ ពិភព​លោក​​និយាយ​អំពី​«ការ​ចូល​រួម​របស់​ស្ត្រី ដើម្បី​ភាព​រីក​ចម្រើន នា​ថ្ងៃ​អនាគត» ខណៈ​កម្ពុជា​ ចាប់​ផ្ដើម​ប្រធាន​បទ«ស្ត្រី​ជា​មាតា​ដ៏​ឆ្នើម​របស់​ខ្ញុំ​»។
អ្នក​ស្រី​ទេព វន្នី ថ្លែង​ថា៖«យើង​ខ្ញុំ​ជា​ស្ត្រី​ក្នុង​តំបន់​បឹងកក់ ក៏​ដូច​ជា​តំបន់​បុរីកីឡាដែរ សូម​ទទូច​អង្វរ​ ដល់​អាជ្ញាធរ​ដែន​ដី​ និង​ម្ចាស់​ក្រុមហ៊ុន បញ្ឈប់​ការ​ប្រើ​ហិង្សា​លើ​ស្ត្រី​ និង​បញ្ឈប់​ការ​បណ្ដេញ​ស្ត្រី​ចេញ​ដោយ​បង្ខំ​ពី​លំនៅដ្ឋាន​»។
ក្រុម​អង្គការ​សង្គម​ស៊ី​វិល​មួយ ដែល​ហៅ​ខ្លួន​ឯង​ថា ជា​ស្ត្រី​វ័យ​ក្មេង​ ក្នុង​ប្រទេស​កម្ពុជា ក៏​បាន​ធ្វើ​ការ​កត់​សម្គាល់​ នៅក្នុង​សេចក្តី​ប្រកាស​មួយ​របស់​ខ្លួន​ផង​ដែរ ទោះ​បី​ជា​អំពើ​ហិង្សា​ក្នុង​គ្រួ​សារ​មក​លើ​ស្ត្រី មាន​ការ​ថយ​ចុះ​​ក៏​ពិត​មែន ក៏​ប៉ុន្តែ​អំពើ​ហិង្សា​របស់​អាជ្ញាធរ​រដ្ឋាភិបាល ដែល​ធ្វើ​ការ​បង្ក្រាប​ទៅ​លើ​ហ្វូង​បាតុករ ​ដែល​ជា​ស្ត្រី បែ​ជា​មាន​ការ​កើន​ឡើង និង​មាន​សភាព​កាន់​តែ​ធ្ងន់​ធ្ងរ​គួរ​ឲ្យ​ព្រួយ​បារម្ភ។
ជាមួយ​គ្នា​នេះ សម្ព័ន្ធ​សហ​ជីព​កម្ពុជា​ក៏​បាន​ចេញ​សេច​ក្តី​ប្រកា​ស​មួយ​ផង​ដែរ នៅ​ក្នុង​ទិវា​សិទ្ធិ​នារី​អន្តរ​ជាតិ ៨ មីនា​កាល​ពី​ម្សិល​មិញ ដោយ​កត់​សម្គាល់​ថា ស្ត្រី​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ​នៅ​តែ​ទទួល​រង​ការ​រំលោភ​សិទ្ធិ​ពី​ បុរស​អ្នក​មាន​ប្រាក់ និង​ពី​កម្លាំង​អាជ្ញាធរ​ក្នុង​កម្រិត​ខ្ពស់​។ សេចក្តី​ប្រកាស​ដដែល​នេះ​បាន​ចង្អុល​បង្ហាញ​ថា​៖ «ជាក់​ស្តែង​ថ្មីៗ​នេះ កម្មករ​ កម្មការិនី​នៅ​រោង​ចក្រ​ក្នុង​ក្រុង​បាវិត​ ខេត្ត​ស្វាយ​រៀង ត្រូវ​បាន​ទទួល​រង​នូវ​ការ​បាញ់​ប្រហារ​យ៉ាង​ឃោរ​ឃៅ​បំផុត ពី​មន្ត្រី​មាន​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល»។
ជា​មួយ​គ្នា​នេះ គណបក្ស​សិទ្ធិ​មនុស្ស ដែល​ជា​គណ​បក្ស​ប្រឆាំង​មួយ​ក៏​ចេញ​សេចក្តី​ថ្លែង​ការណ៍ មួយ​ដែរ ដោយ​បាន​ធ្វើ​ការ​កត់​សម្គាល់​ថា អស់​រយៈ​ពេល​ជាង​ ៣០ ឆ្នាំ​មក​ហើយ ដែល​ប្រទេស​កម្ពុជា​បាន​ចេញ​ផុត​ពី​របប​កុម្មុយនីស្ត​ផ្តាច់​ការ​ ប៉ុល ពត។ ប៉ុន្តែ​ស្ត្រី​ខ្មែរ​នៅ​តែ​ជា​កម្មវត្ថុ​ចម្បង ដែល​ត្រូវ​បោះ​បង់​ការ​សិក្សា ដោយ​សារភាព​ក្រីក្រ​នៃ​ឪពុកម្តាយ ជា​កម្មវត្ថុ​ចម្បង​នៃ​ការ​ជួញ​ដូរ​ផ្លូវ​ភេទ ការ​ចាប់​រំលោភ និង​ការ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួ​សារ ដោយ​សារ​ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​សង្គម​។
ប៉ុន្តែ​ យ៉ាង​ណា​ក្តី នៅ​ក្នុង​ទិវា​សិទ្ធិ​នា​រី​អន្តរ​ជាតិ​ឆ្នាំ​នេះ គណបក្ស​ប្រជា​ជន​កម្ពុជា​កាន់​អំណាច និង​នៅ​តាម​ក្រសួង​មន្ទីរ​ស្ថាប័ន​ជា​ច្រើន​របស់​រដ្ឋាភិបាល​បាន​ប្រារព្ធ​ ទិវា​សិទ្ធិ​នារី​អន្តរ​ជាតិ​យ៉ាង​អធិក​អធម ក្រោម​ប្រធាន​បទ «ស្ត្រី​ជា​អ្នក​ម្តាយ​ដ៏​ឆ្នើម​របស់​ខ្ញុំ​» ដែល​ក្រុម​មន្ត្រី​បាន​អធិប្បាយ​ថា ​ជា​សារ​មួយ​ដើម្បី​គាំទ្រ និង​ផ្តល់​តម្លៃ​ដល់​ស្ត្រី​។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​តែងតែ​ប្រកាស​ថា​ ស្ត្រី​គឺជា​តួអង្គ​មិន​អាច​ខ្វះ​បាន និង​ជា​ដៃ​គូ​ប្រកប​ដោយ​ថាមពល​ រួម​ចំណែក​ ក្នុងការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច និង​ថា រដ្ឋាភិបាល​តែង​តែ​លើក​ស្ទួយ​ស្ត្រី​។
ប៉ុន្តែ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​គណ​បក្ស​សិទ្ធិ​មនុស្ស បាន​ចង្អុល​បង្ហាញ​​ថា៖ «ការ​ប្លន់​យក​ដី​ធ្លី ផ្ទះ​សម្បែង ទាំង​នៅ​ជន​បទ ទាំង​នៅ​ទី​ក្រុង គឺ​កំពុង​ធ្វើ​ឲ្យ​ស្ត្រី​ជា​ម្តាយ ជា​ភរិយា ជា​សហការី ជា​សិស្ស រង​គ្រោះ​លំបាក​ជាង​បុរស​ហើយ​បាត់​បង់​សិទ្ធិ​សេរី​ភាព បាត់​បង់​លំនៅ​ដ្ឋាន បាត់​បង់​ការងារ បាត់​បង់​ការ​រៀន​សូត្រ បាត់​បង់​ការ​ទទួល​ខុស​ត្រូវ​ជា​ម្តាយ និង​ខូច​អនាគត​ទាំង​ស្រុង​»។
កាល​ពី​ម្សិល​មិញ​នេះ​ដែរ អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​នាំ​យក​អំណោយ ទៅ​ចែក​ជូន​ស្ត្រី​ជា​ទណ្ឌិត និង​ពិរុទ្ធ​ជនជិត​៥០០ នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស។ នៅ​ក្នុង​ឱកាស​នោះ ​លោក​ស្រី​ពុង ឈីវ​កេក នាយិការ​អង្គ​ការ​លីកា​ដូ ​បាន​លើក​ទឹក​ចិត្ត​ស្ត្រី​ជា​អ្នក​ទោស​ឲ្យ​ខំ​កសាង​ខ្លួន​និង​យល់​ដឹង​ពី​ ភាព​ចាំបាច់ ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ។
លោក​ស្រី​បាន​ថ្លែង​ទៅ​កាន់​អ្នក​ទោស​ចំនួន​៤៩០​នាក់​ ថា ​៥២​ភាគ​រយ​ នៃ​ប្រជាជន​កម្ពុជា គឺជា​ស្ត្រី។ ហេតុ​នេះ ​ដើម្បី​កសាង​សង្គម​មួយ​ឲ្យ​ជឿន​លឿន ​គេ​មិន​អាច​ពឹង​តែ​ទៅ​លើ​ធនធាន​បុរស ​ដែល​មាន​៤៨​ភាគរយ​នោះ​ទេ។​
លោក​ស្រី​ សោម​ សួគ៌ អគ្គ​នាយក​រង​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​បាន​ថ្លែង នៅ​ក្នុង​ពិធី​នៅ​ពន្ធនាគារ​ព្រៃ​ស​ថា​ បើ​ទោះ​ជា​ស្ត្រី​ទាំង​នេះ​នៅ​ក្នុង​ការ​ឃុំ​ឃាំង​ក៏​ដោយ​ ក៏​មជ្ឈដ្ឋាន​ខាង​ក្រៅ​មិន​ដែល​បោះបង់​ពួក​គាត់​ចោល​ទេ​។ លោក​ស្រី​ថ្លែង​ថា​៖ ​«សូម​បង​ប្អូន​ជា​ស្ត្រី​ខិត​ខំ​កសាង​ខ្លួន​ និង​រៀន​សូត្រ​វិជ្ជា​ជីវៈ​នៅ​ទី​នេះ​ ដើម្បី​មាន​ជំនាញ​ពេល​ចេញ​ទៅ​វិញ​»។​
លោក​ស្រី ពុង​ ឈីវកេក បាន​បន្ត​ថា៖ «សូម​បង​ប្អូន​ទាំង​អស់ ​កុំ​អស់​សង្ឃឹម​ ត្រូវ​តែ​តស៊ូ​»។ លោក​​ស្រី​​ថ្លែង​ទៀត​ថា ការ​ប្រារឰ​ទិវាសិទ្ធិ​នារី​អន្តរ​ជាតិ​នេះ​ឡើង ​គឺ​ដើម្បី​ប្រកាស​ប្រាប់​ថា​ ស្ត្រី​មាន​សិទ្ធិ​ស្នើ​នឹង​បុរស​ ទាំង​នៅ​ក្នុង​គ្រួសារ​និង​សង្គមជាតិ​ និង​មាន​ទំនួល​ខុស​ត្រូវ​ដូច​គ្នា។ លោក​ស្រី បាន​លើក​ទឹក​ចិត្ត​ដល់​ពួក​គេ​ថា​«យើង​កើត​មក​ដូច​គ្នា​។ គ្មាន​អី​ខុស​គ្នា​ទេ​។ ខុស​គ្នា​តែ​មួយ​គត់ គឺ​មួយ​ប្រុស​ មួយ​ស្រី​។ គ្មាន​អី​ដែល​យើង​ជា​ស្ត្រី​ធ្វើ​មិន​បាន​ទេ​។ ប្រុស​ធ្វើ​បាន ស្ត្រី​ក៏​ធ្វើ​បាន​ដែរ​​»៕
រាយការណ៍​បន្ថែមៈ សូ វិសាល

No comments:

Post a Comment