Wednesday, March 28, 2012

អាដ​ហុក​រក​ឃើញ​ថា​ រដ្ឋាភិ​បាល​បាន​ផ្តល់​ដី​សម្ប​ទាន​ចំនួន​៣​កន្លែង​ ខុស​ច្បាប់​ភូមិ​បាល​

thun-saray-monirothសមាគម​​សិទ្ធិមនុស្ស​អាដហុក ​​រកឃើញ​ថា ​នៅក្នុង​ឆ្នាំ​២០១១ កន្លងមក រដ្ឋាភិបាលកម្ពុជា ​បាន​ផ្តល់​​​ដី​​​សម្ប​ទាន​​សេដ្ឋ​កិច្ច​​ទៅ​​ឲ្យ​​ក្រុម​​ហ៊ុន​​ឯក​ជន ចំនួន​៣​កន្លែង លើស​​​ពី​​ច្បាប់​​ភូមិ​​បាល​​បាន​កំណត់ ។
យោង​​តាម​របាយ​កា​រណ៍​​សិទ្ធិ​ដី​​ធ្លី​ និង​លំនៅ​ដ្ឋាន​​ឆ្នាំ​២០១១​​ របស់​​​អាដ​ហុក​ ដែល​​​បាន​​ដាក់​បង្ហាញ​​​កាល​ពី​ថ្ងៃ​ម្សិល​មិញ ​បាន​ឲ្យ​​ដឹង​ថា ​តំបន់​​ដែល​រដ្ឋាភិបាល​​បាន​​ផ្តល់​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ ​លើស​ច្បាប់​កំណត់នេះ ទី​មួយ នៅ​ភ្នំបូកគោ​ ក្នុង​ខេត្តកំពត​​និង​ព្រះ​សីហនុ​ មាន​​ទំហំ​​ដី ១៨,៩៨៧​​ហិចតា ត្រូវ​បាន​​រដ្ឋាភិ​បាល​​ចេញ​អនុ​ក្រឹត្យ​​​ផ្តល់​​ឲ្យ​ នៅ​ថ្ងៃ​​ទី​៣០ ​​ខែមិ​នា ​ឆ្នាំ​​២០១១​ ដើម្បី​​ធ្វើ​​ជា​​តំប​ន់​​ទេស​ចរណ៍​។ ​ទីពីរ នៅ​​​តំបន់ភ្នំគូលែន​​ ក្នុងខេត្ត​​ឧត្តរ​មាន​ជ័យ​​មាន​ទំហំ​ដី ១៥,៤៥០ហិចតា​ រដ្ឋាភិ​បាល​​បាន​​ចេ​ញ​​អនុ​ក្រឹត្យ​​ផ្តល់​ឲ្យ នៅថ្ងៃទី​១៤​ ខែមិថុនា ​ឆ្នាំ​២០១១ ដើម្បី​​ដាំ​​ដំណាំ​ឧស្សាហកម្ម​ និង​​ទីបី នៅ​​តំបន់​បូក​គោ ក្នុង​ខេត្ត​កំពត​ដដែល និង​​ខេត្តព្រះសីហនុ​ ​​​មាន​ទំហំ​ដី ១៨,៩៨៧​ហិច​តា រដ្ឋាភិបាល បាន​​ចេញ​​អនុ​ក្រឹត្យ​​ផ្តល់​​ឲ្យ កាលពីថ្ងៃទី​១២ខែ​សីហា​ឆ្នាំ២០១១ ដើម្បី​ធ្វើកន្លែង​​ឧស្សាហកម្ម។
ស្តាប់សម្លេង៖  
តែទោះ​ជាយ៉ាង​ណា ​របាយការណ៍​របស់​​​សមាគម​​​អាដ​​ហុក​ មិន​បង្ហាញ​ឈ្មោះ​ក្រុម​ហ៊ុន​ ដែល​ទទួលបាន​​​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​​​លើស​ពី​​ច្បាប់​កំណត់​ទាំង​បី​​ កន្លែង​​នេះ​​​ឡើយ។
យោងតាមច្បាប់ភូមិបាល ស្តី​ពី ដី​​សម្បទាន​ ត្រង់មាត្រា​៥៩ ចែង​ថា​ សម្បទានដីអាច​មាន​ទំហំច្រើនបំផុត​ត្រឹមតែ ១០.០០០ (មួយម៉ឺនហិចតា) ហិចតា។ ច្បាប់​​ដដែល​ក៏​បាន​​ចែង​ផង​ដែរ​ថា ត្រូវ​បាន​ហាម​ឃាត់ការចេញ​លិខិតសម្បទាន​ដីច្រើនកន្លែង ​អោយបុគ្គល​តែម្នាក់ ឬ​​អោយ​​នីតិ​បុគ្គល​ច្រើន​​ដែល​​គ្រប់​គ្រង​​ដោយ​រូប​​វន្ត​បុគ្គល នីតិ​បុគ្គល​ដដែលៗ ដែល​មានទំហំស​រុបធំ​ជាង​ទំហំ ​ដែល​បាន​កំណត់​នៅ​វាក្យខ័ណ្ឌខាងលើ។
ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​​អាដ​​ហុក លោក ​ធន់ សារាយ មា​នប្រសាសន៍​​នៅ​ក្នុង​​កម្ម​វិធី​ព័ត៌​​មាន​បូក​ ​របស់​​សម្លេង​​ប្រជា​ធិប​តេយ្យ​​នៅ​​ព្រឹក​​​ថ្ងៃ​​សុក្រ​នេះ​ថា​ ​អាដ​ហុក​​នឹង​បន្ត​​ស្រាវ​ជ្រាវ​​ថា តើ​​មូល​ហេតុ​អ្វី​​បាន​​​ជា​រដ្ឋាភិ​បាល​​ផ្តល់​​ដី​សម្ប​ទាន​​លើ​ស​ច្បាប់ ​កំណត់ ៖ "ប៉ុន្តែ​យើង​នឹង​សិក្សា​ពិនិត្យ​ថែម​ទៀត​ ហើយ​និង​លើក​សំណើរ​ជាក់​លាក់ ព្រោះ​រឿង​នេះ​យើងមិន​​ទាន់បាន​ពិនិត្យ​គ្រប់ជ្រុង​ជ្រោយ អំពី​ទិដ្ឋ​ភាព​ខាង​ផ្នែក​ច្បាប់ ថា​តើ​យើង​គួរ​ស្នើ​ឡើង​ជា​អនុ​សាសន៍​យ៉ាង​ណា យើង​អត់​បាន​ពិនិត្យ យើង​ពិនិត្យ​តែ​អំពី​ ទំហំ​​ផ្ទៃ​ដី ហើយ​និង​ផល​ប៉ះ​ពាល់​ទៅ​លើ​ប្រ​ជា​កសិករ​ហ្នឹង​​ច្រើនជាង"។
អ្នកនាំពាក្យ​រដ្ឋាភិ​បាល លោក ខៀវ កញា​រិទ្ធិ​​ បាន​ប្រាប់​សម្លេង​ប្រ​​ជាធិប​តេយ្យ​តាម​​​រយៈ​​​បណ្ដាញ​​​​​​​ទំនាក់​​​ ទំនង​សង្គម Facebook បញ្ហា​នេះ​​​ក្រសួង​​​កសិ​កម្ម​​មិន​ដែល​មក​​បំភ្លឺ​​ប្រាប់​​មន្ត្រី​​អ្នក ​​នាំ​​ពាក្យ​ ​ដើម្បី​​បាន​ដឹង​ជា​ព័ត៌មានឡើយ។
ដោយ​ឡែក​អនុ​​រដ្ឋ​​លេខា​ធិកា​រ​ក្រសួង​​ កសិកម្ម​​រុក្ខា​​ប្រ​មាញ់​​ និង​​នេសាទ ​លោក អ៊ិត ណូឌី​ ដែ​ល​​ជា​​អ្នក​​​ធ្វើ​ការ​​លើ​​​ផ្នែក​​​នេះ​ ​ឆ្លើយ​ថា​​ជាប់​​រវល់។
ប្រធាន​​​អង្គ​ការ​ការ​ពារ​​សិទ្ធិ​មនុស្ស ​​នៃ​កម្ពុជា​ លោក ​កឹម សុ​វណ្ណ​ មាន​​ប្រ​សាសន៍​​ថា មិន​មាន​ករណី​​លើក​លែង​ណា​មួយ​ ដែល​អាច​​ឲ្យ​រដ្ឋាភិបាល​​ផ្តល់​​ដី​សម្បទាន​​​លើស​ពី​​មួយ​​ម៉ឺន​​ហិច​តា​​ ឡើយ ៖ "បើ​សិន​ជា​រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច ​ទៅ​អោយ​ក្រុម​ហ៊ុន​ណា​មួយ​លើស​ពី​មួយ​ម៉ឺន​ (ហិច​តា) បាន​ន័យ​ថា​រដ្ឋាភិបាល​មិន​បាន​​គោរព​តាម​អនុ​ក្រឹត្យ​ច្បាប់​បាន​ចែង​ទេ"។
យោង​​តាមរបាយការណ៍​​សិទ្ធិ​​ដីធ្លី ​និង​លំនៅដ្ឋាន​របស់​សមាគម​អាដ​​ហុក​​​​ នៅ​ឆ្នាំ​​២០១១ បាន​ឲ្យ​ដឹង​ថា រាជ​រ​​ដ្ឋា​​ភិបាល​​ បាន​ចេញ​​​អនុ​ក្រឹត្យ​​​ចំនួន ១២៣ ដើម្បី​​​ផ្តល់​​ដីទំ​ហំ​ ៧៥១.៨៨២​ហិច​តា​ ​​​ទៅ​​​ឲ្យ​​ក្រុម​ហ៊ុន​​​ឯក​ជន​​​វិនិ​យោគ៕

No comments:

Post a Comment