Thursday, March 22, 2012

ពលរដ្ឋ​បឹងកក់ ចង់​ទីងមោង​អូស​តាមផ្លូវ និង​ដុត ក្នុងពេល​តវ៉ា​នៅមុខ​សាលា​រាជធានី​ភ្នំពេញ​

(ថ្ងៃទី 22 មីនា 2012, ម៉ោង 04:26:PM) | ដោយ: មុន្នីរ័ត្ន
Give our kids a better deal
​ក្រុម​អ្នកភូមិ​បឹងកក់ ដើរ​ហែ​ក្បួន និង​អូស​រូប​ទីង​មូង កាលពី​ព្រឹក​ថ្ងៃទី​២២​មីនា ឆ្នាំ​២០១២ ( រូបថត​៖ ស៊ីវ​ចាន់ណា )​
1 of 8  
ភ្នំពេញ: ប្រជាពលរដ្ឋ​តំបន់​បឹងកក់​ជិត ១០០ នាក់ បាន​ដើរ​ហែរ​ក្បួន ចេញពី​ក្នុងភូមិ ដោយមាន​ការ​កាន់​បដា ផ្ទាំង​រូបភាព និយាយ​ពី​កំលាំង​អាជ្ញាធរ មាន​សមត្ថកិច្ច វាយ​ធ្វើបាប ទៅលើ​ស្ត្រី តំបន់​បឹងកក់ និង​ការចាប់ខ្លួន ខណៈពេលដែល​តវ៉ា​ទាមទារ​រក​ដំណោះស្រាយ​នាពេល​កន្លងមក​។ ក្រុម​អ្នកភូមិ​បឹងកក់ នៅ​ព្រឹក​មិញ ក៏បាន​សុំអោយ​អាជ្ញាធរ​កំណត់​ព្រំប្រទល់​ដី​ទំហំ ១២,៤៤ ហិកតា និង​មាន​ការធ្វើ​រូប​ទីងមោង ចង​អូស​ដើរ​តាមផ្លូវ​ផងដែរ​។

​ក្បួន​ ដង្ហែ​របស់​ពលរដ្ឋ​បឹងកក់​នៅ​ព្រឹក​ថ្ងៃទី​២២​មីនា ឆ្នាំ​២០១២ ក៏មាន​ការសរសេរ ពាក្យស្លោក​ដាក់​បណ្តាសារ អ្នក​ដែល​បានធ្វើ​បាប ប្រជាពលរដ្ឋ និង​តំណាង​ប្រជាពលរដ្ឋ​ដែល​បាន​ក្បត់ និង​មន្ត្រី​ខិលខូច​មួយចំនួន អោយ​ជួបតែ​បញ្ហា​មាន​ជំងឺ​....​។​ល​។​

​ការដើរ​ហែរ​ក្បួន​នេះ បានធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃទី​២២ មីនា ឆ្នាំ​២០១២ ដោយបាន​ធ្វើដំណើរ​ចេញពី​ក្នុងភូមិ​ដើរ​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស កាត់​សាលា​រាជធានី​ភ្នំពេញ និង​បត់​ទៅតាម​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង ឆ្ពោះទៅ​កាត់មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រួច​ត្រឡប់មក​ធ្វើការ​ប្រមូល​ផ្តុំគ្នា នៅមុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​មានការ​រដោះ​ស្រាយ​ដល់​ពួកគាត់​។ តែ​មិន​ត្រូវបាន​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ណា​ម្នាក់ ចេញមក​ដោះស្រាយ​នោះទេ​។

​ប្រជាពលរដ្ឋ​បឹងកក់ ក៏​បន្ត​ទៅកាន់​សាលាខណ្ឌ​ដូនពេញ តែ​នៅតែ​គ្មាន​មន្ត្រី​ខណ្ឌ​ណា​ម្នាក់ ចេញមក​ដោះស្រាយ ឬក៏​រារាំង​ប្រជាពលរដ្ឋ​ទេ​។​

​បន្ទាប់ពី​គ្មាន​ ដំណោះស្រាយ ទាំង​ខាង​សាលា​រាជធានី​ភ្នំពេញ និង​ទាំង​នៅ​សាលាខណ្ឌ​ដូនពេញ ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ត្រឡប់​ចូលទៅ​ក្នុងភូមិ នៅក្រោយ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ និង​ក្រោយ​ស្ថានទូត​បារាំង​វិញ រួច​បាន​ដុត​រូប​ទីងមោង ដែល​តំណាង​ឲ្យ​មន្ត្រី ដែល​អ្នកភូមិ​អះអាងថា ជា​មន្ត្រី​ខិលខូច និង​ពុករលួយ​។​

​អ្នកស្រី ទេព វ​ន្នី បានអោយដឹងថា ចំពោះ​ការដើរ​ហែ​ក្បួន​របស់​ប្រជាពលរដ្ឋ​បឹងកក់​ទាំង ៧​ភូមិ នៅ​ព្រឹក​នេះ ដោយសារតែ​ពួកគាត់​កើតទុក្ខ មិន​សុខចិត្ត ព្រោះ​ប្រមុខ​រដ្ឋាភិបាល​បាន​កាត់​ដី ១២,៤៤ ហិកតា អោយ​ប្រជាពលរដ្ឋ ដើម្បី​បញ្ចប់​បញ្ហា ហើយ​ធ្វើការ​អភិវឌ្ឍ​នៅនឹងកន្លែង ដោយ​គ្មាន​កាត់​គ្រួសារ​ណាមួយ​ចេញ​ទេ​។​

​ប៉ុន្តែ​អ្នកស្រី ទេព វ​ន្នី អះអាងថា ជាក់ស្តែង​រហូតមកដល់​ពេលនេះ អ្នក​ដែល​បានទទួល​ប្លង់​ប័ណ្ណកម្មសិទ្ធិ ដែលមាន​សិទ្ធិ​រស់នៅ​លើដី ១២,៤៤ ហិកតា ទើបតែ​បានទទួល​ប្លង់ ជាង ៦០០ គ្រួសារ​ទេ ប៉ុន្តែ​ត្រូវបាន​បុគ្គល​ដែល​មិន​ផ្លូវការ បាន​បង្ហោះ​ព័ត៌មាន តាម​វេ​ប​សាយ អះអាងថា ជា​តំណាង​ប្រជាពលរដ្ឋ ( មិនដឹងថា តំណាង​ខាង​ណា ពិតប្រាកដ ) ថា ប្រជាពលរដ្ឋ ៧៩៤ គ្រួសារ បាន​ប្លង់​អស់ហើយ​។ ប្រជាពលរដ្ឋ ដែល​គេ​កាត់ចេញ មិនអោយ​ពួកគាត់ បាន​ប្លង់ គឺ​កើតទុក្ខ មិន​សុខចិត្ត​ទេ ពីព្រោះ​មានតែ​គេ​យក​ប្លង់​របស់​ពួកគាត់​ទៅ​លាក់ទុក​។ ពីព្រោះ​បើ​គ្មាន​ចំនួន​គ្រួសារ ៩៤ ទេ ក៏​គ្មាន​តួលេខ​ណា​ទៅដល់ ៧៩៤ គ្រួសារ​ដែរ​។​

​អ្នកស្រី ទេព វ​ន្នី បាន​បន្តថា “​ពួក​ខ្ញុំ​ធ្វើ​នេះ មិនមែន​អុកឡុក​បង្កចលាចល​ទេ គឺ​មកពី​មន្ត្រី​អាជ្ញាធរ​មានគំនិត​ឃុបឃិត​គ្នា​ពុករលួយ ខ្ចីដៃ​បុគ្គល នៅក្នុង​ភូមិ​ខ្លួនឯង មក​ធ្វើបាប ប្រជាពលរដ្ឋ​គឺជា​ល្បិចកល​ដដែលៗ ហើយ​បន្ថែម​ទាំង​លាប​ព័​ណ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ ដូចជា រូបនាង​ខ្ញុំ (​ទេព វ​ន្នី ) តាម​កាសែត​ក្តី ចោទថា ពួក​ខ្ញុំ​នេះ​តវ៉ា ដើម្បី​គណបក្សប្រឆាំង លោក សម រង្ស៊ី ទៅវិញ ហើយ​អោយតែ​ពួក​ខ្ញុំ​តវ៉ា ការពារ​ផ្ទះសម្បែង គឺ​គាត់​យក​ឡេះ​ហ្នឹង មក​ចោទ​រឿង​បក្សប្រឆាំង បក្ស​នេះ​បក្ស​នោះ លាប​ពណ៌ អត់​ចេះ​ឈប់ ពួក​ខ្ញុំ​យល់ឃើញថា ប្រហែលជា​ដី ទំហំ ១២,៤៤ ហិកតា ដែល​ទាមទារ​ដាច់ខាត អោយ​បោះ​ព្រំប្រទល់​ដី និង​មិនអោយ​ប្រជាពលរដ្ឋ​ណាមួយ ចេញពី​ទំហំ​ដី​ហ្នឹង ប្រហែល​ជាមាន​អាថ៌កំបាំង ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ជាមួយនឹង​មន្ត្រី ដែល​ពុករលួយ​ណា បានជា​ចេះ​លាប​ពណ៌​ប្រជាពលរដ្ឋ​អត់​ឈប់ ហើយ​បើសិនជា​គាត់​យក​បក្ស​មក​លាប​ពណ៌​ជាមួយ​ប្រជាជន ហើយ​អាថ៌កំបាំង​ដី ១២,៤៤ ហិកតា គឺមាន​អាថ៌កំបាំង​ខ្លាំង​បំផុត ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ប៉ះពាល់​មន្ត្រី​ណាមួយ​ហើយ ដែល​ឃុបឃិត​គ្នា​មិនទាន់បាន​សម្រេច​រឿង​ដី​ហ្នឹង ដោយសារតែ​ប្រជាពលរដ្ឋ​ទាមទារ​បោះ​ព្រំប្រទល់​ដី ១២,៤៤ ហិកតា តាម​អនុក្រឹត្យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​”​។​

​ចំពោះ​ការចង​អូស និង​ដុត​រូប​ទីងមោង ត្រូវបាន​អ្នកស្រី ទេព វ​ន្នី អះអាងថា ចង់​បង្ហាញថា រាល់ថ្ងៃនេះ​នៅ​តំបន់​បឹងកក់ មិនទាន់បាន​សុខ​ទេ នៅមាន​ព្រាយ​បិសាច អុកឡុក​។ រូប​ទីងមោង គ្រាន់តែ​ជា​និម្មិត​សញ្ញា​មួយ​ទេ ថា​ជា​រូប​ព្រាយ​បិសាច​របស់​បុគ្គល ដែល​នៅរស់ អុកឡុក​ប្រជាពលរដ្ឋ​បឹងកក់ ដោយ​ប្រជាពលរដ្ឋ បានដាក់​បណ្តាសារ និង​អោយ​មន្ត្រី​អស់ទាំងនោះ ភ្ញាក់ខ្លួន ហើយ​បើ​មន្ត្រី និង​បុគ្គល​ទាំងអស់នោះ មិន​ភ្ញាក់ខ្លួន​ទេ និង​មាន​សភាព ដូចជា ទីងមោង​នេះ​អញ្ចឹង គេ​អូ​សករ​ចង​....​។​ល​។​"​។​

​ចំពោះ​បញ្ហា ​នេះ លោក កើត ឆែ នាយករង​ខុទ្ទកាល័យ​សាលា​រាជធានី​ភ្នំពេញ មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ ដោយ​ទូរស័ព្ទ ចូល​មិនមាន​អ្នក​លើក​៕

No comments:

Post a Comment