Monday, March 26, 2012

លោក គាត ឈន់​៖ ឆ្នាំ​២០១១ រដ្ឋាភិបាល​បានផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ៧,៥ សែន​ហិកតា

1
 
1
 
 
(ថ្ងៃទី 26 មីនា 2012, ម៉ោង 12:21:PM) | ដោយ: មុនីរ័ត្ន
ក- ក+ | Print
ភ្នំពេញ: លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើកឡើងថា ការផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ដល់​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​កសិកម្ម គឺជា​ការងារ​ជា​អាទិភាព​មួយ​របស់​រដ្ឋាភិបាល ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ចជាតិ​។ ជាក់ស្ដែង ដី​សម្បទាន​សេដ្ឋកិច្ច បាន​កើនឡើង​ពី ២ សែន​ហិកតា នៅ​ឆ្នាំ​២០០៨ រហូត​ល់ ៧,៥ សែន​ហិកតា ក្នុង​ឆ្នាំ​២០១១​។
​លោក គាត ឈន់ បាន​បន្ថែមថា នៅពេល​ថ្មីៗ​នេះដែរ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក៏បាន​ឯកភាព​លើ​គម្រោង​វិនិយោគ​កសិឧស្សាហកម្ម ដែលមាន​ទឹកប្រាក់​ជាង ២៣០ លាន​ដុល្លារ​អាមេរិក តាមរយៈ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​។​

​ការ​ថ្លែង​បែបនេះ​របស់​រដ្ឋមន្ត្រីក្រសួង ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ធ្វើឡើង​នៅក្នុង​ពី​ធី​បើក​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី ការវាយតម្លៃ​អចលនទ្រព្យ ដី​សម្បទាន ដី​កសិកម្ម ដី​តំបន់​អភិវឌ្ឍន៍​ក្រុង​រណប និង​ការវាយតម្លៃ​ទ្រព្យសកម្ម នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១២ រៀបចំ​ដោយ​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា​។​

​ ជាមួយគ្នា​នោះ លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈន់ បាន​ប្រសាសន៍​បន្តថា ទន្ទឹមនឹង​ការរីកចម្រើន​វិស័យ​សំណង់ វិស័យ​កសិកម្ម ក៏​កំពុងមាន​ការចាប់អារម្មណ៍​ពី​សំណាក់​អ្នកវិនិយោគទុន​ក្នុងស្រុក និង​ក្រៅ​ស្រុក​ផងដែរ ដោយសារតែ​ប្រទេស​កម្ពុជា ជា​ប្រទេស ដែលមាន​សក្ដានុពល​ផ្នែក​វិស័យ​កសិកម្ម​។ ដី​កសិកម្ម​គិត​ត្រឹម​ឆ្នាំ​២០០៩ កម្ពុ​ជាមាន​ផ្ទៃដី​សរុប​ចំនួន ៥៥.៥៥០ គីឡូម៉ែត្រ​ក្រឡា ស្មើនឹង ៣០,៦៨ ភាគរយ នៃ​ផ្ទៃ​ប្រទេស បើ​ប្រៀប​ទៅនឹង​ឆ្នាំ​១៩៩០ ផ្ទៃដី​កសិកម្ម​បាន​កើនឡើង ២៤,៦៩ ភាគរយ គឺ​ស្មើនឹង ១១.០០០ គីឡូម៉ែត្រ​ក្រឡា​។

​លោក​ ឧបនាយករដ្ឋមន្ត្រី គាត ឈន់ បាន​លើកឡើងថា សក្ដានុពល​ផ្ទៃដី​នេះ បានប្រែក្លាយ​កម្ពុជា ឲ្យ​លេច​មុខមាត់​ឡើង​នៅលើ​ឆាក​អន្តរជាតិ ដែល​បច្ចុប្បន្ន​កម្ពុជា បាន​ជាប់​ចំណាត់ថ្នាក់​ទី​១៥ នៃ​បណ្ដា​ប្រទេស​មាន​សក្ដានុពល​ផលិត​អង្ករ​នៅក្នុង​ពិភពលោក​។​

​ ជាការ​កត់សម្គាល់ កាលពី​ថ្ងៃទី​២២ មីនា ឆ្នាំ​២០១២ អង្គការសិទ្ធិមនុស្ស អាដហុក បាន​ផ្សព្វផ្សាយ​របាយការណ៍ ស្តីពី “​សិទ្ធិ​ដីធ្លី និង​លំនៅដ្ឋាន ឆ្នាំ​២០១១” ដោយ​បង្ហាញថា ក្នុង​ឆ្នាំ​២០១១ ជា​ឆ្នាំ​មួយ ដែល​រដ្ឋាភិបាល​កម្ពុជា បានផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ជាច្រើន រហូតដល់​កាត់​ដី​ចេញពី​ឧទ្យាន​ជាតិ ពី​តំបន់​ការពារ​សត្វ និង​រុក្ខជាតិ ផ្តល់​ឲ្យ​ក្រុមហ៊ុន​ឯកជន​។

​តាម​របាយការណ៍ របស់​អាដហុក ក្នុង​ឆ្នាំ​២០១១ រដ្ឋាភិបាល​កម្ពុជា បានចេញ​អនុក្រឹត្យ​ចំនួន ១២៣ ដើម្បី​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន ដែលមាន​ផ្ទៃដី​ចំនួន ៧៥១.៨៨២ ហិកតា​។ ក្នុងនោះ ផ្ទៃដី​ជាង ២ ភាគ ៣ បាន​កាត់​ចេញពី​ដីកា​រពារ ដោយ​ព្រះរាជក្រឹត្យ ដែលជា​តំបន់​ការពារ​សត្វព្រៃ និង​ព្រៃឈើ​។​

​តាម​របាយការណ៍ នៅ​កម្ពុជា សព្វថ្ងៃ ពុំមាន​ដី​ទំនេរ សម្រាប់​ផ្តល់​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ឯកជន​ទៀត​ទេ​។ គិត​មកទល់នឹង​ឆ្នាំ​២០១១ រដ្ឋាភិបាល​បានផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប ប្រមាណ ២.២៧៦.៣៤៩ ហិកតា ទៅដល់​ក្រុមហ៊ុន​ឯកជន​ចំនួន ២២៥ ក្រុមហ៊ុន តាមរយៈ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​តាមរយៈ​អនុក្រឹត្យ ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ពី​ប្រមុខ​រាជរដ្ឋាភិបាល​ដោយផ្ទាល់​។

​ តាម​របាយការណ៍​ដដែល ចំនួន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​កម្ពុជា អាចមាន​ច្រើន​ជាងនេះទៀត ព្រោះ​មាន​ក្រសួង​មួយចំនួនទៀត ក៏មាន​សិទ្ធិ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច សម្រាប់​វិស័យ​ផ្សេងៗ ដូចជា ដី​សម្បទាន សម្រាប់​រុករក​រ៉ែ ៥៦ សម្បទាន តាមរយៈ​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល និង​មាន​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច សម្រាប់​ពង្រីក​តំបន់​សេដ្ឋកិច្ច​ពិសេស ដែលមាន​ចំនួន ២២ សម្បទាន​ផ្សេងទៀត​។​

​ក្នុង​សន្និសីទកាសែត បង្ហាញ​ពី​របាយការណ៍​នោះ លោក ធន សារាយ ប្រធាន​អង្គការ អាដហុក បាន​លើកឡើងថា ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដ៏​ច្រើន​នេះ ជា​មូលហេតុ​ដ៏​ចម្បង ដែល​បង្ក​ឲ្យ​មានទំនាស់​ដីធ្លី​នាពេល​បច្ចុប្បន្ន និង​ទៅ​បណ្តា​ឆ្នាំ​ខាងមុខៗ​ទៀត​។​

​របាយការណ៍​លើកឡើងថា ជម្លោះដីធ្លី ក្នុង​ឆ្នាំ​២០១១ តុលាការ​បាន​ចោទប្រកាន់​ប្រជាពលរដ្ឋ​ចំនួន ៤២៧ នាក់​។ ក្នុងនោះ មាន ៩៥​នាក់ បាន​ត្រូវ​ចាប់ខ្លួន ហើយ​រហូតមក​ដល់ពេលនេះ នៅមាន​មនុស្ស ៤៨ នាក់ ដែល​កំពុងតែ​ជាប់ឃុំ​ឃាំង​នៅឡើយ​។

​អាដហុក លើកឡើងថា ក្រៅពី​ជម្លោះ​សម្បទាន​ដី​សេដ្ឋកិច្ច ក៏មាន​បញ្ហា​លើ​ការបណ្តេញ​សហគមន៍​ក្រីក្រ​ចេញ​ដោយ​បង្ខំ​ពី​ទីក្រុង ដែល​ធ្វើឡើង​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។ រហូតមកទល់​ឆ្នាំ​២០១១ មាន​សហគមន៍​ចំនួន ១២៧ សហគមន៍ ត្រូវបាន​បណ្តេញចេញ ក្នុងនោះ មាន ៨១ សហគមន៍ នៅ​ភ្នំពេញ​។ កា​រប​ណ្ថេ​ញ​ចេញ​ដោយ​បង្ខំ​នេះ ប៉ះពាល់​ដល់​ពលរដ្ឋ ចំនួន ៣០.០០៩ គ្រួសារ​៕​

No comments:

Post a Comment