Monday, March 26, 2012

ជីវិត​នៅលើ​គំនរ​សំរាម នៅ​ខេត្ត​ព្រះសីហនុ​

1
 
1
 
 
(ថ្ងៃទី 26 មីនា 2012, ម៉ោង 09:25:AM) | ដោយ: សមុទ្រ​
ក- ក+ | Print
Give our kids a better deal
​ប្រជាពលរដ្ឋ​ក្រីក្រ កំពុងដណ្តើម​គ្នា​កាយ​គំនរ​សំរាម រក​កម្ទេចអេតចាយ នៅ​គំនរ​សំរាម ខេត្ត​ព្រះសីហនុ
1 of 3  
ព្រះសីហនុ:  បើ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចេញពី​ក្រុងព្រះសីហនុ មាន​ចម្ងាយ​ប្រហែល​ជាមួយ​គីឡូម៉ែត្រ ដល់​កន្លែង​បញ្ជរ​បង់ប្រាក់​អូរ​ឧកញ៉ា​ហេង នៅ​ខាងឆ្វេង​ដៃ គេ​សង្កេតឃើញ​មាន​ផ្សែងហុយៗ​ទាំងយប់​ទាំង​ថ្ងៃ​។ ទីនោះ​ហើយ គឺជា​ទីលាន​ចាក់សំរាម​ថ្មី របស់​ខេត្ត​ព្រះសីហនុ​។ ទីលាន​ចាក់​​សំរាម​នោះ អាច​ចូល​ទៅបាន​ដោយ​ធ្វើដំណើរ​តាម​ផ្លូវលំ​ក្រួស​ក្រហមមួយ​ខ្សែ ចម្ងាយប្រហែលជា ៥០០ ម៉ែត្រ​ពី​ផ្លូវជាតិ​។

​ពេលទៅដល់​ទីនោះ ក៏មាន​ប្រជាពលរដ្ឋ​ក្រីក្រ​កំពុង​ប្រកប​របរ​រើស​អេតចាយយ៉ាង​ពពាក់ពពូន ទាំងចាស់ទាំងក្មេង នៅ​កណ្តាល​ថ្ងៃ​ លាយឡំ​ជាមួយ​ក្លិនស្អុយ និង​ហ្វូង​សត្វ​រុយ​គួរ​ឲ្យ​ខ្ពើមរអើម​។​
​    ​
​ស្ត្រី​ឈ្មោះ យាយ លន់ ជា​អ្នក​រើស​អេតចាយនៅលើ​គំនរ​សំរាម​នោះ បាន​និយាយ​រៀបរាប់ថា អ្នករស់នៅ​លើ​គំនរ​សំរាម​នេះមាន​ចំនួន ៣២ គ្រួសារ ក្នុងនោះ​ក៏មាន​កូនចៅ​ប្រុស​ស្រី ដែលជា​កុមារា ​កុមារី​ច្រើន​នាក់​ផងដែរ​។ ពួកគេ​មិនបាន​ទៅ​រៀនសូត្រ​នៅ​សាលា​នោះទេ ​ព្រោះតែ​
​កន្លែង​ស្នាក់​នៅលើ​ ទីលាន​ចាក់សំរាម​នេះឆ្ងាយ​ពីសា​លា​។ ម្យ៉ាង​វិញ​ក៏មាន​ការខ្វះខាត​ពុំមាន​លទ្ធភាព​នាំ​កូន​ទៅ​រៀន​បានដែរ​។​
​     ​
​ចំណែក​បុរស​ម្នាក់ទៀត បាន​និយាយ​ត្អូញត្អែរ​ថា ជីវិត​ពួកគាត់​អាស្រ័យរ​ស់បានដោយសារ​គំនរ​សំរាម​តែប៉ុណ្ណោះ ព្រោះ​ពួកគាត់​គ្មាន​ដីធ្លី​សម្រាប់ធ្វើ​ស្រែចម្ការចិញ្ចឹមជីវិត​នឹង​គេ​ទេ​ ។
​បុរស​នោះបាន​បញ្ជាក់ថា កាលពីមុន​ ទីលាន​ចាក់សំរាមស្ថិតនៅ​ជើងភ្នំ ក្នុង​ឃុំ​បត់​ត្រង់ ស្រុក​ព្រៃនប់ កន្លែង​នោះជិត​សាលារៀន​អាច​ឲ្យ​កូនចៅ​ទៅ​រៀន​បាន​មួយពេលៗ​ដែរ ប៉ុន្តែ​កន្លែង​នោះ នៅ​ជិត​តំបន់​សេដ្ឋកិច្ច​ពិសេស​ពេក អាជ្ញាធរខេត្ត​ព្រះសីហនុ បាន​ប្តូ​រ ទីតាំង​ទីលាន​ចាក់សំរាម​ថ្មី មក​នៅ​តំបន់​អូរ​កំបុត ​ជិត​កន្លែង​បញ្ជរ​បង់ប្រាក់ ក្នុងភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​វិញ​។​
​    ​
​បុរស​រូបនោះ បាន​បន្តថា ចាប់តាំងពី​មានការ​ប្តូ​ទីតាំង​ថ្មី​នេះ​មក កូនចៅ​របស់គាត់និង​អ្នក​រើស​អេតចាយ​ទាំងអស់គ្នា មិនបាន​ទៅ​សាលារៀន​ទៀត​ទេ គឺ​ខ្លះ​នៅផ្ទះ​មើល​ប្អូន​តូច ​ខ្លះជួយ​រើស​អេតចាយ​ជាមួយ​ឪពុកម្តាយនៅ​គំនរ​សំរាម​នោះ​តែម្តង​។​
​    ​
​ ក្រុមប្រឹក្សា​សង្កាត់​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ម្នាក់​បាន​និយាយថា បងប្អូន​អ្នក​រើស​អេតចាយ​ទាំងនោះ គាត់​មាន​ស្ថិតិនៅឯ​ក្រុងព្រះសីហនុ និង​អ្នក​ខ្លះទៀតពុំមាន​ទីលំនៅ​ពិតប្រាកដ​នោះទេ គឺ​ពួកគាត់​រស់នៅ​តាម​គំនរ​សំរាម ពុំមាន​ទីលំនៅ​ពិតប្រាកដ​នោះទេ​។ បងប្អូន​ទាំងនោះ ទោះបី​អាជ្ញាធរ​ខិតខំ​ពន្យល់​ដល់​ពួកគាត់អំពី​សុខមាលភាព​កុមា ឬក៏​ខ្លួន​គាត់​ផ្ទាល់​យ៉ាងណា ក៏​ពួកគាត់​មិន​យកចិត្តទុកដាក់​ដែរ សូម្បីតែ​សព្វថ្ងៃនេះមាន​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួនបាន​ចុះ​ទៅដល់​ កន្លែង ធ្វើការ​ពន្យល់ ក៏​នៅតែ​ដដែល​ជា​ដដែល មិនអាច​កែប្រែ​មុខរបរ​ពួកគាត់​បានទេ​។​
​    ​
​មន្ត្រី​សិទ្ធិមនុស្ស អាដហុក ប្រចាំខេត្ត​ព្រះសីហនុម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយថា បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​គំនរ​សំរាម​នោះ មើលទៅ​ពិតជា​វេទនា​ខ្លាំងណាស់ ដោយសារតែ​ពួកគាត់​មិនអាច​ទទួលបាន​សេវា​សុខាភិបាល និង​សេវាសាធារណៈ​អ្វី​នោះទេ​។ គឺ​ពួកគាត់​រស់នៅ​ដោយ​​មានការ​ប្រមូលផ្តុំ​គ្នា​ជា​ក្រុមៗ​។ បើ​និយាយ​ឲ្យ​ត្រង់​ទៅ​ ពួកគាត់​មិនបាន​គិតគូរ​ពី​អនាគត​កូនចៅ​របស់គាត់ ដោយ​គិតតែ​ពី​ចម្អែត​ក្រពះ​មួយពេលៗ​តែប៉ុណ្ណោះ​។​
​    ​
​ប្រភព​ដដែល ​បាន​បញ្ជាក់ថា កន្លងមក​អង្គការ​អាដហុក ប្រចាំខេត្ត​ព្រះសីហនុ ធ្លាប់បាន​នាំយក​អំណោយ​តិចតួច និង​ថ្នាំសង្កូវទៅ​ចែកជូន​ពួកគាត់ ​រួមនឹង​មានការ​ពន្យល់​ណែនាំ​អំពី​ជីវិតនិង​ការរស់នៅ​ប្រកបដោយ​សុខភាព និង​សុភមង្គល​ច្រើនលើកច្រើនសាដែរ ប៉ុន្តែ​ហាក់បីដូចជាគ្មាន​ប្រសិទ្ធភាព​សោះ​។

​តែ​ទោះជា​យ៉ាងណាក្តី អង្គកា​អាដហុក ប្រចាំខេត្ត​ព្រះសីហនុ នឹង​ព្យាយាម​ជួយ​ពួកគាត់​ផ្នែក​ស្មារតី​ជា​បន្តទៀត​។

​ ជាមួយគ្នានេះដែរ ក្រុម​អ្នក​រើស​អេតចាយនៅ​គំនរ​សំរាមខេត្ត​ព្រះសីហនុ ក៏​សូម​អំពាវនាវ​ដល់​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល ឬក៏​អាជ្ញាធរ​ដែនដី មេត្តាជួយ​ពន្យល់​ណែនាំ និង​ឧ​បត្ថ​ម្ភ​ដល់​ពួកគាត់ ធ្វើយ៉ាងណា​ឲ្យ​កូនចៅ​របស់​ពួកគាត់បាន​ចូល​សាលា​ផង​៕

No comments:

Post a Comment