ពលរដ្ឋអមលាំងលើកគ្នាតវ៉ារឿងដីធ្លីនៅមុខតុលាការខេត្តកំពង់ស្ពឺ
ប្រជាពលរដ្ឋប្រមាណ ៣០០ នាក់ នៅឃុំអមលាំង ខេត្តកំពង់ស្ពឺ បានលើកគ្នាមកឡោមព័ទ្ធតុលាការខេត្តកំពង់ស្ពឺ នៅថ្ងៃព្រហស្បតិ៍នេះ។ អ្នកភូមិអមលាំង ដែលមានជម្លោះដីធ្លី ជាមួយក្រុមហ៊ុនស្ករសកំពង់ស្ពឺ របស់លោកឧកញ៉ា លី យុងផាត់ បានទាមទារឲ្យតុលាការ ដោះលែងស្ត្រីអ្នកភូមិម្នាក់ ដែលតុលាការចោទប្រកាន់ និងចាប់ឃុំខ្លួនកាលពីថ្ងៃទី១៥ ខែធ្នូ។ នៅព្រឹកមិញ ខណៈដែលអ្នកភូមិប្រមូលផ្តុំ លើកបដា និងរូបថតនាយករដ្ឋមន្ត្រី ឈរឡោមព័ទ្ធតុលាការ ក៏មានកម្លាំងប្រដាប់អាវុធរាប់សិបនាក់ បានដេញពលរដ្ឋអ្នកតវ៉ា និងរំដោះមន្ត្រីតុលាការខេត្តកំពង់ស្ពឺ។ ក៏ប៉ុន្តែមិនមានការប៉ះទង្គិចដោយហិង្សាកើតឡើងទេ។
ប្រជាពលរដ្ឋឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ប្រមាណ៣០០ នាក់ បានប្រមូលផ្តុំឡោមព័ទ្ធ បិទផ្លូវចេញចូលនៅមុខតុលាការ ខេត្តកំពង់ស្ពឺ នៅថ្ងៃព្រហស្បតិ៍នេះ។ ក្រុមអ្នកភូមិអមលាំង បានអមដំណើរបុរសអ្នកភូមិម្នាក់ ដែលតុលាការកោះហៅ មកសាកសួររឿងជម្លោះដី នៅថ្ងៃព្រហស្បតិ៍នេះ។ តែចៅក្រមបានលើកពេលសាកសួរ ទៅថ្ងៃ២៨កុម្ភៈ។ នេះបើតាមតំណាងអ្នកភូមិអមលាំង លោក ផល វណ្ណៈ។
ក្រុមអ្នកភូមិអមលាំង ក៏ទាមទារឲ្យតុលាការខេត្តកំពង់ស្ពឺ ដោះលែងស្ត្រីអ្នកភូមិម្នាក់ ដែលតុលាការបានចោទប្រកាន់ និងឃុំខ្លួន ពីបទរស់នៅលើទ្រព្យសម្បត្តិអ្នកដទៃ។ ការចាប់អ្នកភូមិអមលាំង អ្នកស្រី ជុំ ស្រីនួន បានកើតឡើង កាលពីថ្ងៃ១៥ធ្នូ ក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករសរបស់លោកឧកញ៉ា លី យុងផាត់ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា។
កម្លាំងប្រដាប់អាវុធជាច្រើននាក់ត្រូវបានបញ្ជូន ទៅបំបែកហ្វ៊ូងអ្នកតវ៉ា ឲ្យចេញពីមុខតុលាការខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចក៏បានបង្ខំឲ្យអ្នកភូមិអមលាំងត្រឡប់ទៅផ្ទះសម្បែងវិញ ប៉ុន្តែអ្នកភូមិ បានបដិសេធ ព្រោះតុលាការ មិនទាន់ដោះលែងអ្នកស្រី ជុំ ស្រីនួន នៅឡើយ។ ក្រុមអ្នកភូមិអមលាំង នៅយប់នេះ បានទៅសម្រាកក្នុងវត្ត នៅទីរួមខេត្តកំពង់ស្ពឺ ជិតតុលាការ រង់ចាំធ្វើការតវ៉ាជាថ្មីនៅព្រឹកស្អែក នៅមុខតុលាការ និងមុខសាលាខេត្ត។
ជម្លោះដីនៅអមលាំង រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនស្ករសកំពង់ស្ពឺ របស់លោកឧកញ៉ា លីយុងផាត់ បានកើតឡើង ចាប់តាំងពីចុងឆ្នាំ២០០៩។ ដោយសារតែពលរដ្ឋតវ៉ាប្រឆាំងនឹងការឈូសឆាយដីស្រែចម្ការ និងផ្ទះសម្បែង នាំឲ្យតុលាការចេញដីកាចាប់ខ្លួនអ្នកភូមិអមលាំង ជាង ៣០ នាក់ហើយ។ នេះបើតាមការបញ្ជាក់របស់លោក ផល វណ្ណៈ។
ពាក់ព័ន្ធនឹងជម្លោះដីធ្លីនេះដែរ នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងពិធីសម្ពោធអគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានការពារសមត្ថភាពអាជ្ញាធររដ្ឋាភិបាល ចំពោះការដោះស្រាយជម្លោះដីធ្លី ដែលនាំដល់អំពើហិង្សា បាញ់ប្រហារលើពលរដ្ឋអ្នកតវ៉ានៅខេត្តក្រចេះ។ លោកនាយករដ្ឋមន្ត្រី លើកឡើងថា គ្រាន់តែកើតហេតុភ្លាម នៅថ្ងៃទី១៨មករា អាជ្ញាធរសមត្ថកិច្ច បានតាមចាប់ខ្លួនសន្តិសុខពីរនាក់ របស់ក្រុមហ៊ុន ធីធីវ៉ាយ របស់ឧកញ៉ា ណា ម៉ារឌី ដែលជាទីប្រឹក្សានាយករដ្ឋមន្ត្រីផងនោះ ដោយអាជ្ញាធរសមត្ថកិច្ច មិនចាំតែទទួលបញ្ជានាយករដ្ឋមន្ត្រីដូចការរិះគន់របស់សង្គមស៊ីវិលឡើយ ។
កាលពីថ្ងៃទី៣១មករា លោកនាយករដ្ឋមន្ត្រីបានប្រកាសដាក់បញ្ជាឲ្យចាប់ខ្លួនសន្តិសុខពីរ នាក់របស់ក្រុមហ៊ុនធីធីវ៉ាយដាំកៅស៊ូ យកទៅផ្តន្ទាទោស ចំពោះការបាញ់ប្រហារអ្នកតវ៉ាដីធ្លីនៅខេត្តក្រចេះ។ រហូតដល់ថ្ងៃទី៤កុម្ភៈ ទើបសមត្ថកិច្ចចាប់ខ្លួនជនដៃដល់ទាំងពីរនាក់នោះ បញ្ជូនទៅតុលាការ៕
No comments:
Post a Comment