គ្រូនិងសិស្សវិទ្យាល័យបឹងត្របែក តវ៉ាមិនឲ្យយកដីសាលាប្រគល់ឲ្យគណៈវិស្វករកម្ពុជា
ដោយ ថុល ស្រីលក្ខណ៍ និង អ៊ឹង ប៊ុនថន ថ្ងៃច័ន្ទ ទី13 កុម្ភៈ ឆ្នាំ2012 ម៉ោង14:09

ក្រុមគ្រូបង្រៀនដែល តវ៉ា (រូបថត ថុល ស្រីលក្ខណ៍)
ស្តាប់សម្លេង៖
លោក ហែម អឿន ជាតំណាងគ្រូបង្រៀន នៅវិទ្យាល័យបឹងត្របែក មានប្រសាសន៍ថា កាលពីដើមសប្តាហ៍មុនមន្រ្តីកងវិស្វករ បានចុះមកវាស់វែងដីសាលាវិទ្យាល័យបឹងត្របែក អាគារ ៣ជាន់ ១ខ្នង មានចំនួន២៤បន្ទប់ ដោយយកឡេះថា សាងសង់អាគារថ្មីឲ្យតែក្រុមគ្រូបង្រៀនមិនយល់ព្រម ។ លោកបន្តទៀតថា កន្លងមកសាកលវិទ្យាល័យច្បាប់ (ភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច) បានស្នើសុំដីសាលាទំហំ១០ ម៉ែត្រ ដើម្បីពង្រីកសាលា ជាថ្នូរនឹងសាងសង់សាលាឲ្យបន្ថែម តែមិនឃើញនោះទេ ៖ "សុំអោយគាត់ទៅយកដី រោងចក្រដីសនោះ ទំហំបែបនេះ គាត់អាចធ្វើបានគាត់បង្កើតស្ថាប័ន គាត់ត្រូវសិក្សាយកទីតាំងបាន ហើយខណៈវិស្វករចំណុះអោយទីស្តីការគណៈរដ្ឋមន្ត្រីជាស្ថាប័នមួយ របស់រាជរដ្ឋាភិបាល ចេញ សជណ យកដីសម្បទានរបស់រដ្ឋ អចលនទ្រព្យរបស់រដ្ឋនៅទំនេរមានច្រើនណាស់ យកមកធ្វើទីតាំងទៅ”។
លោក ហែម អឿន បន្តទៀតថា ក្រុមគ្រូបង្រៀនទាំងអស់មិនបានដឹងពីការផ្តល់ដី ឲ្យកងវិស្វកម្មកម្ពុជានោះទេ ទើបនៅថ្ងៃនេះ រដ្ឋលេខាធិការក្រសួងអប់រំ បានកោះប្រជុំពួកគាត់ យក សជណ ទៅបង្ហាញ ដែលក្នុងនោះបានសម្រេចប្រគល់ដីនេះឲ្យទៅកងវិស្វករតាំង ពីឆ្នាំ២០០៨ និងមានការយល់ព្រមពីពួកគាត់។ ប៉ុន្តែក្រុមគ្រូបង្រៀនអះអាងថា នេះមិនមែនជារឿងពិតនោះទេ ព្រោះពួកគាត់មិនបានដឹងអ្វីទាំងអស់ ហើយចោទថាជាការឃុបឃិតគ្នារបស់នាយកសាលា។
នាយកវិទ្យាល័យបឹងត្របែក លោក ផេង សុវណ្ណរ៉ា មានប្រសាសន៍ថា លោកមិនសូវបានដឹងពីបញ្ហានេះនោះទេ ដោយសារលោកទើបតែចូលកាន់តំណែងថ្មី។ លោកថា បើតាមចំណារបស់ក្រសួងអប់រំ គឺគេបានការចរចាគ្នា ដើម្បីយកដីសាលានេះ តាំងពីឆ្នាំ ២០០៨ តែលោកបដិសេធថាលោកគ្មានសិទ្ធិសម្រេចទេ ៖”គាត់មកសុំមើលថា តើកំនត់សាងសង់យ៉ាងម៉េច ? សាងសង់ទីកន្លែងណាតែប៉ុណ្ណឹង អញ្ចឹងហើយខាងសាលាចង្អុលបង្ហាញ ព្រោះអីរឿងហ្នឹងវាជាប់គ្នាហែរៗដូចរឿងភាគ”។
រដ្ឋលេខាធិការក្រសួងអប់រំយុ វជននិងកីឡា លោក ជ័យ ចាប បដិសេធមិនអធិប្បាយដោយបង្វែរសំនួរនេះ ទៅអនុរដ្ឋាលេខាធិការនៃក្រសួងអប់រំលោក ជា ឌួង។ នៅរសៀលថ្ងៃច័ន្ទនេះសំឡេងប្រជាធិបតេយ្យ មិនអាចសុំការអធិប្បាយពីលោក ជា ឌួង បានទេ ដោយទូរស័ព្ទហៅចូលជាច្រើនសារគ្មានអ្នកទទួល។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯក រាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ថា លោកមិនគាំទ្រឲ្យយកទីធ្លាសាលាធ្វើជាទីស្នាក់ ការ មន្ទីរណាមួយនោះទេ ព្រោះដីរដ្ឋទំនេរច្រើនណាស់ ត្រូវបានផ្តល់ដីជាសម្បទានសេដ្ឋកិច្ច ។
ប្រភពពីគ្រូបង្រៀនក៏បានឲ្យដឹង ទៀតថា អាគាររបស់សាលាវិទ្យាល័យបឹងត្របែក ចំនួន២ខ្នង ត្រូវបានមន្រ្តីកងវិស្វករប៉ុនប៉ងយកទៅធ្វើជាទី ស្នាក់ការ និងមួយអាគារទៀតដែលមាន១២បន្ទប់ ត្រូវបានគេដឹងថា លោក ឆាំង យុ ជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជាស្នើសុំសម្រាប់ធ្វើទីស្នាក់ ការរបស់ខ្លួនផងដែរ៕
No comments:
Post a Comment