អំពើហិង្សាកើតជាថ្មី ក្នុងរឿងជម្លោះដីធ្លីនៅបុរីកីឡានិងបឹងកក់
អំពើហិង្សាកើតឡើងជាថ្មី ក្នុងរឿងជម្លោះដីធ្លីនៅបុរីកីឡានិងបឹងកក់ ប្រជាពលរដ្ឋនៅ សហគមន៍បុរីកីឡានិងអតីតអ្នករស់នៅតំបន់បឹងកក់ប្រមាណ ២០០នាក់ បានប្រមូលផ្តុំតវ៉ាជាថ្មីនៅមុខសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃពុធទី១កុម្ភៈនេះ។ ការជួបជុំនោះ ដើម្បីដាក់ញត្តិស្នើសុំឲ្យអភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា ដោះស្រាយបញ្ហាដីធ្លី។ ក៏ប៉ុន្តែការប្រមូលតវ៉ានៅព្រឹកមិញ បានក្លាយជាអំពើហិង្សា ដោយសមត្ថកិច្ចចម្រុះ វាយបំបែកហ្វូងអ្នកតវ៉ា។ ស្ត្រីអ្នកតវ៉ា ៦ នាក់ ត្រូវប៉ូលិសចាប់ឃុំខ្លួន។ រីឯស្ត្រី ២ នាក់ បានដួលសន្លប់។
ក្រុមពលរដ្ឋនៅបុរីកីឡា បានតវ៉ានៅមុខសាលាក្រុងនៅព្រឹកមិញ ចំពោះការបាត់បង់ផ្ទះសម្បែងដោយសារតែក្រុមហ៊ុន ផាន អ៊ីម៉ិច ឈូសឆាយ កាលពីថ្ងៃ៣មករា។ រីឯអតីតអ្នកភូមិបឹងកក់ បានស្នើសុំឲ្យរដ្ឋាភិបាល ជួយដោះស្រាយផ្តល់ថវិកាឧបត្ថម្ភបន្ថែម ចំពោះការចាកចេញពីតំបន់អភិវឌ្ឍន៍បឹងកក់ដ៏ចម្រូងចម្រាស។
ការប្រមូលផ្តុំនោះ ស្ត្រីអ្នកតវ៉ាបានលើកបដា រូបភាព ដែលអាជ្ញាធរឈូសឆាយវាយកម្ទេចផ្ទះ នៅបុរីកីឡា ព្រមទាំងរូប បូមខ្សាច់បាញ់ពន្លិចផ្ទះរបស់ប្រជាពលរដ្ឋនៅតំបន់បឹងកក់។ រូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន និងភរិយា ក៏ត្រូវបានអ្នកតវ៉ាលើកឡើង ជាមួយនឹងសម្រែកតាមមេក្រូ ទទូចស្នើសុំដំណោះស្រាយ។
ក៏ប៉ុន្តែការប្រមូលផ្តុំនៅមុខសាលាក្រុង ត្រូវបានអាជ្ញាធរចម្រុះ វាយបំបែក និងចាប់ខ្លួនស្ត្រី ៦ នាក់ ដែលរួមមានអ្នកបុរីកីឡា ៥ នាក់ និងស្ត្រីនៅបឹងកក់ម្នាក់ រុញបញ្ចូលឡានឃ្លុប យកទៅឃុំឃាំង នៅស្នងការប៉ូលិស។ ប៉ូលិសគ្រោងនឹងបញ្ជូនស្ត្រីទាំង ៦ នាក់នោះ ទៅតុលាការនៅព្រឹកថ្ងៃស្អែក។ រីឯស្ត្រីអ្នកតវ៉ា ២ នាក់ទៀត បានដួលសន្លប់។
សកម្មជនអង្គការសិទ្ធិមនុស្សលីកាដូ លោកអំសំអាត ដែលតាមដានព្រឹត្តិការណ៍ប៉ះទង្គិចនោះ បានលើកឡើងថា អាជ្ញាធរជ្រើសយកមធ្យោបាយបង្ក្រាបដោយហិង្សា និងចាប់ខ្លួនពលរដ្ឋអ្នកតវ៉ា ក្នុងជម្លោះដីធ្លីដូច្នេះ មិនមែនជាដំណោះស្រាយល្អទេ។ ម្យ៉ាងទៀត ការអនុវត្តរបស់អាជ្ញាធរភ្នំពេញ នៅព្រឹកមិញ ក៏ផ្ទុយទៅនឹងការបទបញ្ជាផ្ទាល់មាត់របស់លោកនាយករដ្ឋន្ត្រី កាលពីថ្ងៃម្សិលមិញ។ នោះគឺលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ដាក់បទបញ្ជាថា រាល់បញ្ហាដីធ្លី ត្រូវដោះស្រាយដោយសន្តិវិធី។
ពាក់ព័ន្ធនឹងជម្លោះដីធ្លី នៅថ្ងៃ១កុម្ភៈនេះ គណបក្សសិទ្ធិមនុស្ស បានចេញសេចក្តីអំពាវនាវមួយ ឲ្យសមត្ថកិច្ច និងតុលាការ នាំខ្លួន និងផ្តន្ទាទោសជនដៃដល់ ម្ចាស់ក្រុមហ៊ុន និងអ្នកបញ្ជាឲ្យបាញ់ប្រហារទៅលើប្រជាពលរដ្ឋ ដែលតវ៉ាអំពីបញ្ហាដីធ្លី ឲ្យបានគ្រប់ករណី ឲ្យទាន់ពេលវេលា និងឲ្យមានប្រសិទ្ធិភាពទៅតាមច្បាប់ ដោយមិនត្រូវរង់ចាំតែមានបញ្ជាពីនាយករដ្ឋមន្ត្រីនោះទេ។
តាមគណបក្សសិទ្ធិមនុស្ស រដ្ឋាភិបាលកម្ពុជា ត្រូវតែបញ្ឈប់នូវការអភិវឌ្ឍន៍ក្រោមតំណក់ឈាមនិងតំណក់ទឹកភ្នែករបស់ ប្រជាពលរដ្ឋខ្មែរ។ នោះគឺរដ្ឋាភិបាលមុននឹងសម្រេចផ្ដល់ដីសម្បទាន ឲ្យក្រុមហ៊ុនមួយ ត្រូវសិក្សាអំពីផលប៉ះពាល់ និងត្រូវកាត់ដីជូនប្រជាពលរដ្ឋជាមុនសិន។
យ៉ាងណាក៏ដោយ លោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់គណៈរដ្ឋមន្ត្រី បានលើកឡើងថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ច ទៅឲ្យក្រុមហ៊ុនវិនិយោគ មិនមែនសុទ្ធតែមានបញ្ហារំលោភបំពានដីធ្លីប្រជាពលរដ្ឋនោះទេ។ ម្យ៉ាងទៀត បទបញ្ជាចំហរបស់លោកនាយករដ្ឋមន្ត្រី កាលពីថ្ងៃម្សិលមិញ ជាការបង្ហាញនូវសារនយោបាយមួយនៃការទទួលខុសត្រូវខ្ពស់ ក្នុងនាមប្រមុខដឹកនាំរបស់រដ្ឋាភិបាលដែលនឹងផ្តល់យុត្តិធម៌សម្រាប់ ជនរងគ្រោះ តាមរយៈដំណោះស្រាយផ្លូវច្បាប់ ដែលមិនឲ្យប្រើអំពើហិង្សា ក្នុងជម្លោះដីធ្លី៕
No comments:
Post a Comment