Wednesday, February 8, 2012

KI Media

Wednesday, February 08, 2012

ប៉ូលិស ​ចាប់​អ្នក​ភូមិ​២​នាក់​ក្នុង​រឿង​ជម្លោះ​ដី​ជាមួយ​មន្ត្រី​យោធា

ដោយ សួន សុផលមុន្នី 2012-02-07

តុលាការ​ខេត្ត​បាត់ដំបង បាន​ចាប់​ខ្លួន​អ្នក​ភូមិ​ពីរ​នាក់ ដែល​មាន​ជម្លោះ​ដីធ្លី​ទំហំ​ជាង ១០០​ហិកតារ​ជាមួយ​ឧត្ដមសេនីយ៍​យោធា​ម្នាក់ នៅ​ក្នុង​ខេត្ត​បាត់ដំបង។

ក្រុម​អ្នក​ស្រុក​និយាយ​ថា កង​កម្លាំង​ប៉ូលិស​ចំនួន ៦​នាក់ បាន​ចុះ​ទៅ​ចាប់​ខ្លួន​អ្នក​ភូមិ​ពីរ​នាក់ តាម​ដីកា​សាលា​ដំបូង​ខេត្ត​បាត់ដំបង ដែល​បាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​កាន់​កាប់​អចលនវត្ថុ​អ្នក​ដទៃ ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​លេខ ៥២៥ ចុះ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១១ ដែល​មាន​ឧត្ដមសេនីយ៍​យោធា​មួយ​រូប​ជា​ដើម​បណ្ដឹង។

លោកស្រី គុយ ច័ន្ទ រស់​នៅ​ភូមិ​ជា​មន្ត្រី ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង។ លោកស្រី​បាន​បញ្ជាក់​ថា កាល​ពី​វេលា​ម៉ោង ៧​ព្រឹក ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១២ សមត្ថកិច្ច​ប៉ូលិស​មាន​គ្នា​ចំនួន​ ៦​នាក់ ក្នុង​នោះ​បី​នាក់​បាន​ចុះ​ទៅ​ចាប់​ប្ដី​លោកស្រី (ឈ្មោះ ស្រី ណាន់) ដល់​ផ្ទះ​ និង​ប៉ូលិស​បី​នាក់​ទៀត​បាន​ចុះ​ទៅ​ចាប់​ខ្លួន​លោក​ សឿង​ ពិសី ដែល​កំពុង​រៀប​ចំ​ឥវ៉ាន់​លក់​ដូរ​នៅ​ក្នុង​ផ្សារ​ជីវ ស្ថិត​ក្នុង​ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង។

លោកស្រី គុយ ច័ន្ទ៖ «ព្រឹកមិញ​ឃើញ​ប៉ូលិស​ចុះ​ពី​លើ​ឡាន​មក ហុច​ក្រដាស​មួយ អ៊ីចឹង​ទៅ​ថា មាន​ដីកា​កោះ​ហៅ​ ហើយ​មិន​ទាន់​នឹង​បាន​មើល​ផង ក៏​ចាប់​ក្រៀក​ប្ដី​ខ្ញុំ​ឡើង​ឡាន​ ប្តី​ខ្ញុំ​សុំ​ស្លៀក​ខោអាវ​អត់​ឲ្យ​ស្លៀក​ផង។ ប៉ូលិស​បី​នាក់​ចាប់​នៅ​ក្នុង​ផ្ទះ ​ប្ដី​ខ្ញុំ​មិន​ទាន់​បាន​លុប​មុខ​អី​ផង ម្នាក់​ទៀត​ចាប់​នៅ​ផ្សារ។ អត់​ដែល​មាន​រឿង​អី​ទេ មាន​តែ​រឿង​ដីធ្លី​ហ្នឹង​ឯង»

ប៉ូលិស​មូលដ្ឋាន​ស្រុក​ រតនមណ្ឌល បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ទាំង​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​តាម​ដីកា​របស់​តុលាការ​ខេត្ត ​បាត់ដំបង។ អ្នក​ទាំង​ពីរ​នាក់​មាន ឈ្មោះ ​សឿង​ ពិសី ​និង​ឈ្មោះ ស្រី ណាន់ ត្រូវ​បាន​បញ្ជូន​ទៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត ក្រោយ​ពី​ការ​ចាប់​ខ្លួន៖ «ខ្ញុំ​អត់​ដឹង​រឿង​ករណី​អី​ដែរ ប៉ុន្តែ​អនុវត្ត​ដីកា​នាំ​ខ្លួន ចេញ​ដីកា​មក​យើង​អនុវត្ត​ដីកា»

កាល ​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១១ តុលាការ​ខេត្ត​បាត់ដំបង ធ្លាប់​បាន​កោះ​ហៅ​អ្នក​ភូមិ ៤​នាក់ ​សាកសួរ​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ ដែល​​មាន​មន្ត្រី​យោធា​ជា​ដើម​បណ្តឹង។ មន្ត្រី​យោធា​បាន​​ប្តឹង​ចោទ​ប្រកាន់​ អ្នក​ភូមិ​ទាំង ៤​នាក់ ​ពី​បទ​រំលោភ​កាន់​កាប់​អចលនវត្ថុ​លើ​ផ្ទៃ​ដី​ទំហំ​ជាង ១០០​ហិកតារ នៅ​ស្រុក​រតនមណ្ឌល ក្នុង​ខេត្ត​បាត់ដំបង។ អ្នក​ភូមិ​ទាំង ៤​នាក់​នោះ ​មាន​ឈ្មោះ​ យ៉ង​ គឹមអុន ឈ្មោះ​ ស្រី ​ណាន់ ឈ្មោះ​ សឿង ​ពិសី និង​ឈ្មោះ ​អ៊ីវ ឃាង។ ពួក​គាត់​អះ​អាង​ថា ដី​ទំហំ​ជាង ១០០​ហិកតារ​នោះ អ្នក​ភូមិ​ចំនួន ៤៣​គ្រួសារ បាន​កាន់​កាប់​រួម​គ្នា​អស់​រយៈ​ពេល​យូរ​ឆ្នាំ​ណាស់​មក​ហើយ។

លោក ឈួន ឈៀន ជា​សមាជិក​ភូមិ​គីឡូ​៣៨ បាន​ចេញ​លិខិត​​មួយ​ចុះ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១១ ដោយ​បញ្ជាក់​ថា ប្រ​ជាពលរដ្ឋ ៤៣​គ្រួសារ​បាន​កាប់​គាស់​លើ​ដី​មាន​ជម្លោះ​នោះ​ផ្សង​គ្រោះ​ថ្នាក់​គ្រាប់​ មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ធ្វើ​ចម្ការ​តាំង​ពី​ឆ្នាំ​១៩៩៨ រហូត​មក​​ឆ្នាំ​២០១១​នេះ។ ប៉ុន្តែ​លោក​ឧត្ដមសេនីយ៍ កែវ សារ៉ាន់ ត្រូវ​បាន​ប្រភព​អះ​អាង​ថា លោក​មាន​បង្កាន់ដៃ​ដែល​ចេញ​ដោយ​អាជ្ញាធរ​ មូលដ្ឋាន​កាន់​កាប់​លើ​ដី​មាន​ទំនាស់​នោះ។

វិទ្យុ​អាស៊ីសេរី​នៅ​មិន ​​ទាន់​អាច​សុំ​ការ​បញ្ជាក់​រឿង​នេះ​ពី​លោក យ័ប មេត្តា ចៅក្រម​ស៊ើប​សួរ ដែល​កាន់​សំណុំ​រឿង​នេះ​បាន​ទេ។

ប៉ុន្តែ​លោក យិន ម៉េងលី ប្រធាន​សម្រប​សម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​បាត់ដំបង បាន​ថ្លែង​ថា លោក​ចៅ​ក្រម​​គួរ​ចាត់​ដំណើរ​ការ​នីតិវិធី ដោយ​ពុំ​ចាំ​បាច់​ខ្លួន​ទេ ព្រោះ​អ្នក​ភូមិ​មិន​បាន​គេច​ខ្លួន​ទេ៖ «ពាក់ព័ន្ធ​បញ្ហា​នេះ​ យើង​នឹង​អោយ​មេធាវី​ពិនិត្យ​លើ​នីតិវិធី​ឡើង​វិញ តើ​ការ​អនុវត្ត​នេះ​វា​ត្រឹម​ត្រូវ​តាម​នីតិវិធី ហើយ​មេធាវី​ហ្នឹង​ធ្វើ​អ្វី​ខ្លះ​បាន​ទៀត​សម្រាប់​កូន​ក្ដី​របស់​ខ្លួន»

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១១ លោក យ័ប មេត្តា ចៅ​ក្រម​ស៊ើប​សួរ​តុលាការ​ខេត្ត​បាត់ដំបង បាន​សំរេច​ឃុំ​ខ្លួន​អ្នក​ភូមិ​ពីរ​នាក់​ ឈ្មោះ យ៉ង គឹមអុន និង​ឈ្មោះ អ៊ីវ ឃាង បន្ទាប់​បាន​សាក​សួរ​រួច​មក។ ប៉ុន្តែ​ក្រុម​អ្នក​ភូ​មិ​ច្រើន​នាក់​ដែល​បាន​ធ្វើ​ដំណើរ​ជា​មួយគ្នា​នោះ​ ស្រែក​នៅក្រៅ​របង​តុលា​ការ​ថា អយុត្តិធម៌ ហើយ​នាំ​គ្នា​ឡើង​ផ្លោះ​របង​តុលាការ​ ចូល​ទៅ​រំដោះ​យក​អ្នក​ភូមិ​​ពីរ​នាក់​​ទាំង​ដៃ​ជាប់​ខ្នោះ​ពី​កង​កម្លាំង​ មាន​សមត្ថកិច្ច។ ក្រោយ​មក​តុលាការ​បាន​សំរេច​ដោះ​លែង​ឲ្យ​អ្នក​ភូមិ​ទាំង​ពីរ​នាក់​វិល​ ត្រឡប់​ទៅ​លំនៅឋាន​វិញ ដោយ​រង់ចាំ​ការ​កោះ​ហៅ​ជា​ថ្មី​ទៀត៕
http://www.rfa.org/khmer/indepth/2arrested_in_land_dispute-02072012012111.html

No comments:

Post a Comment