អាជ្ញាធរ ចាប់ផ្ដើម រុះរើផ្ទះ លើកដំបូង តាមដងស្ទឹង សៀមរាប
សៀមរាប : នៅថ្ងៃទី២០ កុម្ភ: ឆ្នាំ២០១២ អាជ្ញាធរ និងសមត្ថកិច្ចបានចាប់ផ្ដើម ចុះរុះរើផ្ទះ ២០ខ្នង ជំហាន១ តាមបណ្ដោយ ដងស្ទឹងសៀមរាប ស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ដែលមានផ្ទះ តូប ខ្ទម និង សំណង់មួយចំនួន បើតាមការបញ្ជាក់ របស់អភិបាលក្រុង មានប្រមាណជាង ១ពាន់ខ្នង ក្នុងគោលបំណង រៀបចំកែលំអ បរិស្ថាន សោភណភាពតាមដងស្ទឹង និងស្ដារស្ទឹង បើកផ្លូវទឹកជំនន់ និងទឹកភ្លៀង ដែលនាំឲ្យជន់លិចក្រុងសេដ្ឋកិច្ច ទេសចរណ៍ និង ប្រវត្តិសាស្រ្ត ហើយអាចគំរាមកំហែង ដល់ប្រាង្គប្រាសាទនានា តំបន់ទេសភាព និងតំបន់ប្រវត្តិសាស្ត្រ ដែលជាបេតិកភណ្ឌធម្មជាតិ និងបេតិកភណ្ឌមនុស្សជាតិ ដែលជាស្នាដៃឯកដ៏មហស្ចារ្យ របស់ស្ថាបត្យកម្មខ្មែរ ដែលមានតម្លៃជាសកលទាំងនេះ។
លោក ទេព ប៊ុនឆាយ អភិបាលក្រុងសៀមរាប ដែលមានវត្តមាន នៅក្នុងសកម្មភាពចុះរុះរើផ្ទះ ទាំង ២០ខ្នង ជំហាន១ តាមដងស្ទឹងសៀមរាប នាពេលនោះ បានមានប្រសាសន៍ថា ជំហានទី១ គឺចាប់ធ្វើពីទីតាំងនេះ តាមបណ្ដោយមាត់ស្ទឹង ទៅដល់ ផ្លូវក្រវាត់ក្រុង (ផ្លូវទៅភ្នំក្រោម) រួចនឹងធ្វើជាបន្តបន្ទាប់ ដែលមានសរុបប្រមាណ ៥៨៦ខ្នងផ្ទះ និងគ្រួសារ ដោយមិនទាន់ បាន គិតពីគ្រួសារមួយចំនួនទៀត ដែលស្ថិតក្នុងការពិចារណា ក្នុងការយល់ព្រម ទទួលនូវគោលនយោបាយ នៅឡើយ។ ហើយ ជំហានទី២ គឺដោះស្រាយពីផ្លូវក្រវាត់ក្រុង ទៅតាមបណ្ដោយសងខាង មាត់ស្ទឹង ឆ្ពោះទៅចុងស្រុក ដែលមានចម្ងាយប្រមាណ ៤គីឡូម៉ែត្រ និងមានប្រមាណ ៥៤៣គ្រួសារ ហើយមានជំហាន ជាបន្តបន្ទាប់ទៀត។ ជំហានទី៣ គឺរៀបចំដោះស្រាយ ជា មួយបងប្អូន ដែលមិនទាន់យល់ព្រម/សេសសល់។ ជំហានទី១នេះ ពួកគាត់នឹងទៅរស់នៅតំបន់ថ្មី ភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប គឺមានចម្ងាយពីទីនេះ ប្រមាណ ៣.៥០គីឡូម៉ែត្រ គោលនយោបាយដោះស្រាយមាន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធលូ អណ្ដូងទឹក បង្គន់អនាម័យ ចរន្ដអគ្គិសនី ១គ្រួសារផ្ដល់ដីឡូត៍លំនៅឋាន ៧ម៉ែត្រ គុណនិង ១៥ម៉ែត្រ និងបានរៀបចំចាក់ដីរួចរាល់ហើយ។
លោកបន្តថា ជំហានមួយនេះជាប្រាក់កម្ចី របស់រដ្ឋាភិបាល ពីប្រទេសកូរ៉េ គឺរៀបចំកែលំអរតាមមាត់ស្ទឹង ពីតំបន់ស្ពាននាគ ទៅដល់ផ្លូវក្រវាត់ក្រុង សម្រាប់គោលនយោបាយ រាជរដ្ឋាភិបាល ដោះស្រាយ ហើយជំហានពីរ គឺគោលនយោបាយរាជរដ្ឋាភិបាល ដោះស្រាយផល ប៉ះពាល់ទាំងស្រុង ដែលជាគម្រោង របស់ក្រសួងធនធានទឹក រៀបចំការស្ដារ តាមបច្ចេកទេស គម្រោងនេះ ទទួលខុសត្រូវ ដោយអន្តរក្រសួងផងដែរ។ ចំពោះការរុះរើថ្ងៃនេះ គឺមិនមានការតវ៉ា ពីប្រជាពលរដ្ឋឡើយ ព្រោះ ពួកគាត់បានទទួលស្គាល់ និងទទួលយកគោលនយោបាយ ចំពោះការអភិវឌ្ឍន៍ក្រុងសៀមរាប។
សូមបញ្ជាក់ថា ស្ទឹងសៀមរាប មានប្រភពទឹកពីជួរភ្នំគូលែន ហូរកាត់ទឹកដីនៃទីក្រុងអង្គរ (ក្រុងសៀមរាប) ហូរចាក់ទៅបឹងទន្លេ សាប។ ទឹកស្ទឹងនេះប្រយោជន៍ ដ៏មហាសាល តាំងពីសម័យបុរាណកាលមក សម្រាប់មនុស្ស សត្វ រុក្ខជាតិ ពិសេសផងដែរ គឺសម្រាប់ស្រោចស្រប់ ដំណាំកសិកម្ម និងជាប្រភពទឹកប្រើប្រាស់ ហើយក៏ជាលទ្ធភាពមួយ ក្នុងការបម្លាស់ទី និងជាទីជម្រក របស់មច្ឆាជាច្រើនប្រភេទ ដែលប្រជាពលរដ្ឋអាចនេសាទ តាមដងស្ទឹង ត្រពាំង បឹងបួរនានា ដែលនៅតាមនិងជិតដងស្ទឹងនេះ សម្រាប់ធ្វើម្ហូបអាហារផងដែរ។ តែជាបន្តបន្ទាប់រហូតដល់ពេលបច្ចុប្បន្ន ការប្រើប្រាស់ ការទាញយកផលពីស្ទឹងដ៏ សំខាន់ មួយនេះ ហាក់មិនបានសមរម្យ ព្រមទាំងបានធ្វើឲ្យទឹកកខ្វក់ សោភណភាព ធនធាន បរិស្ថាននៃស្ទឹងមួយនេះ ស្ទើរក្លាយជា លូបង្ហូរនូវកាកសំណល់ ទឹកសម្អុយ និងបង្គន់រាប់រយ ហូរចាក់ចូលក្នុងស្ទឹងជារៀងរាល់ថ្ងៃ ព្រោះមានផ្ទះរាប់រយខ្នង បាន សាងសង់ជាបន្តបន្ទាប់ តាមដងស្ទឹង ហើយក៏មានលំនៅឋាន សិប្បកម្ម អាជីវកម្ម ផ្សារ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ មួយចំនួន មិនទាន់បានបំពេញតួនាទី និងទទួលខុសត្រូវ ចូលរួមចំណែកការពារ សម្រស់ បរិស្ថាន និងឲ្យតម្លៃនៃប្រយោជន៍ស្ទឹងសៀមរាបនេះនៅឡើយ។ ទាំងនេះគឺជាទង្វើ ដែលនាំឲ្យរាជរដ្ឋាភិបាល អាជ្ញាធរ សមត្ថកិច្ច ព្រមទាំងស្ថាប័នពាក់ព័ន្ធត្រូវគិតគូរ យកចិត្តទុកដាក់ និងខិតខំរឹះរកគ្រប់មធ្យោបាយ ក្នុងការដោះស្រាយ/ស្តារបញ្ហាទាំងនេះ ក្នុងនោះក៏មានការឈឺឆ្អាល គាំទ្រពីប្រទេសជាមិត្រ សហគមន៍ជាតិ/អន្តរជាតិ សប្បុរសជន ផងដែរ ក្នុងការចូលរួមចំណែក កែលំអឡើងវិញនូវសោភណភាព បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ តាមដងស្ទឹងសៀមរាប នេះឡើងវិញ។
ហើយយើងគ្រប់គ្នា បានដឹងឮថា ប៉ុន្មានខែកន្លងទៅ ក្នុងកំឡុងខែកញ្ញា និងតុលា ឆ្នាំ២០១១ ក្រុងសៀមរាប ពិសេសតំបន់តាមមាត់ស្ទឹង ចាប់ពីម្ដុំផ្សារចាស់ ផ្សារកណ្ដាល រហូតតាមមាត់ស្ទឹង ទៅដល់ផ្លូវក្រវាត់ក្រុង និងផ្លូវទៅកាន់ភ្នំក្រោម បានទទួលរង នូវទឹកជំនន់ទឹកភ្លៀង ជាអន្លើៗ ខូចខាត ប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន ដំណាំកសិកម្មមួយចំនួនផងដែរ។ ផលប៉ះ ពាល់ដែលបណ្ដាលមកពី ទឹកជំនន់ទឹកភ្លៀង នាពេលនោះ ម្យ៉ាងដោយសារកត្តាធម្មជាតិ ដូចជាការគោករាក់ ការបាត់ច្រាំងស្ទឹង លំហូរនាំដី មកក្រាលតាមបាតស្ទឹង ជាដើម តែម្យ៉ាងទៀត គឺបណ្ដាលមកពីកត្តាមនុស្ស និងដំណើរការគ្រប់គ្រង ដូចជា ការបន្តសាងសង់លំនៅឋាន តូប សំណង់នានា សង់ហេដ្ឋារចនាសម្ព័ន្ធ មិនសមស្របតាមលក្ខណៈបច្ចេកទេស ផ្លូវទឹក/ផ្លូវ បញ្ជៀសទឹកមួយចំនួន ត្រូវបានលប់ ឬ/និងត្រូវបាន យកជាកម្មសិទ្ធិឯកជន។
ប្រជាជន និងមជ្ឈដ្ឋានទូទៅ សង្ឃឹមនិងជឿជាក់ថា ការអនុវត្តច្បាប់ ចរាចរ សេចក្ដីណែនាំ និងអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរខេត្ត ស្ថាប័នពាក់ព័ន្ធ និងអន្តរក្រសួង ដោយមានការរួមចំណែកគាំទ្រពីប្រទេសជាមិត្រ ដៃគូអភិវឌ្ឍន៍មួយចំនួន ដែលកំពុងនិងបន្តខិតខំ សម្រាប់គម្រោង អភិវឌ្ឍន៍/ស្ដារ និងកែលំអរសោភណភាព តាមដងស្ទឹងសៀមរាប នឹងបានទទួលលទ្ធផល ជាផ្លែផ្កា និងអាច ការពារបាននូវទឹកជំនន់ដែលបណ្ដាលមកពីទឹកភ្លៀងនៅឆ្នាំក្រោយៗទៀត។ ហើយប្រជាពលរដ្ឋ ដែលកំពុងរស់នៅតាម ដងស្ទឹងនាក្រុងសៀមរាប នឹងចូលរួមចំណែក ក្នុងការទទួលយក នូវរាល់គោលនយោបាយ ដោះស្រាយ ជាថ្នូរនឹងការអភិវឌ្ឍន៍ ដងស្ទឹងប្រវត្តិសាស្រ្តមួយនេះ។
ទោះបីមានការ មិនពេញចិត្តទាំងស្រុង ពីប្រជាពលរដ្ឋ និងគ្រួសារមួយចំនួនក៏ដោយ ក្នុងគោលនយោបាយ ដែលជាកាតព្វកិច្ច របស់រដ្ឋ ក្នុងការបំពេញតួនាទីនិងការទទួលខុសត្រូវ ចំពោះបន្ទុកទាំងនេះក្ដី ក៏យើងសង្កេតឃើញថា ការរុះរើផ្ទះជំហានដំបូង ២០ខ្នង នាថ្ងៃនេះ មិនមានការតវ៉ាប្រឆាំង ពីសំណាក់ប្រជាពលរដ្ឋទាំងនោះទេ ក្នុងនោះក៏មានអ្នកខ្លះ សម្ដែងនូវការពេញ ចិត្ត ទទួលយកនូវដំណោះស្រាយ តាមគោលនយោបាយនេះ ហើយបាននិយាយថា ការទៅរស់នៅទីតាំងថ្មីនេះ ជាលំនៅដ្ឋាន ស្របច្បាប់របស់ពួកគាត់។
ទន្ទឹមនិងនោះ ពួកគាត់ក៏បាន ធ្វើសំណូមពរបន្ថែម ចំពោះអាជ្ញាធរ រដ្ឋ ស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ មេត្តាបន្តជួយបន្ថែម ទៀត ក្នុងការដែលពួកគាត់ ទៅរស់នៅទីនោះ ដូចជា ទឹកស្អាត សាលារៀន សេវាសុខភាព មុខរបរ និងសេវាកម្មមួយចំនួន ទៀត ដែលជាតម្រូវការចាំបាច់ របស់ពួកគាត់ និងកូនចៅរបស់ពួកគាត់៕















No comments:
Post a Comment