ហ៊ុន សែន ពិភាក្សានឹងអង្គការសង្គមស៊ីវិលពីគម្រោងប្ដឹងបកមេធាវី នួន ជា
ច័ន្ទ 20 កុម្ភៈ 2012 - 9:44 am | សិលាពល | 267 views1 1
នៅក្នុងជំនួបបិទទ្វារជាមួយអ្នកតំណាងអង្គការសង្គមស៊ីវិល ជាង១០ដែលមាននិន្នាការទៅរកគណបក្សប្រជាជនកាលពីថ្ងៃសុក្រ ចុងសប្ដាហ៏កន្លងទៅ នាយករដ្ឋមន្ត្រីខ្មែរបានប្ដូរយោបល អំពីការគ្រោងផែនការប្ដឹងបកទៅមេធាវី នួន ជា ។ មេធាវី នួន ជា ដែលបានប្ដឹងនាយករដ្ឋមន្ត្រីរូបនេះ ពីបទថា បានរំលោភសិទ្ធិកូនក្ដីរបស់ខ្លួន ។
ហ៊ុន សែន បាននិយាយដែលត្រូវគេថតសម្លេងបានថា ” ហាមខ្ញុំមិនឲ្យនិយាយថ្កោលទោស នួន ជា និង របប ប៉ុល ពត មានន័យថា ខ្ញុំខុស ដែលបានផ្ដួលរំលំរបប ប៉ុល ពត ។….មើល ! រួមគ្នាជួយការពារខ្ញុំ ហើយកុំឲ្យមេធាវី នួន ជា ធ្វើក្រអឺត ក្រទម អ៊ីចឹង..”។
លោក មីហ្សែល ផេសមែន (Michiel Pestman )មេធាវីបរទេស របស់ នួន ជា អតីតបងធំទី២នៃរបបខ្មែរក្រហមកាលពីថ្ងៃទី១០មករា បានធ្វើការអំពាវនាវឲ្យចៅក្រមសាលាក្ដីធ្វើការថ្កោលទោសជាផ្លូវ ការចំពោះការលើកឡើងរបស់ ហ៊ុន សែន នៅប្រទេសយួន ដោយបានចោទកូនក្ដីរបស់លោកថា ជាឧក្រិដ្ឋជន ។
លោក ហ៊ុន សែន កាលពីឆ្នាំ២០០៩កន្លងទៅ បានទទួលជ័យជំនះលើការប្ដឹងបកទៅកាន់លោកស្រីមូរ សុខហួរ អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី ក្នុងសំណុំរឿងបរិហារកេរ្ដិ៏ បើទោះបីការបំពានមួយត្រូវបានគេមើលឃើញជាសាធារណៈក្ដី ។
ប៉ុន្តែយ៉ាងណាក៏ដោយអ្នកស្រី ក្លែរ ដូហ្វី (Clair Doffy) អ្នកតាមដានសាលាក្ដីនៃអង្គការគំនិតផ្ដួចផ្ដើម ដើម្បីយុត្តិធម៌ (OSJI) បានថ្លែងប្រាប់កាសែតក្នុងស្រុកមួយដែលចេញផ្សាយនៅថ្ងៃទី២០ កុម្ភះនេះថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនគួរអត្ថាធិប្បាយលើពិរុទ្ធភាព ឬ អពិរុទ្ធភាពរបស់ជនជាប់ចោទនៅក្នុងពេលកាត់ទោសទេ ទោះជាក្នុងប្រទេសណាក៏ដោយ ៕



No comments:
Post a Comment