Friday, February 24, 2012

ប្រជា​ពលរដ្ឋ​ខណ្ឌ​សែន​សុខ​ចោទ​អាជ្ញា​ធរ​ភូមិថា​ពុក​រលួយ​ក្នុង​ការ​ បញ្ជាក់​ទីតាំង​ដី

ប្រ​ជា​ពល​រដ្ឋ​​នៅ​​ភូមិ​ត្រ​ពាំង​​ឈូក​​ សង្កាត់​ទឹ​ក​ថ្លា ​ខណ្ឌ​​សែន​​សុខ ​​រាជ​ធានីភ្នំ​​ពេញ ​​​ចោទ​​ប្រ​កាន់​​អាជ្ញា​ធរ​​ភូមិ​បឹង​​ឈូក​​​ថា ​បាន​​យក​​លុយ​​ថ្លៃ​​ធ្វើ​ប្រ​វត្តិ​​ដី​ ​ឬ​លិខិត​​​​បញ្ជាក់​​​អត្ត​សញ្ញាណ​ដី របស់​​ពួក​គេ​​ក្នុង​មួយ​​​​គ្រួ​សារ​ ​២០ដុល្លារ​​ និង​មិន​មាន​បិទ​​ប្រ​កាស​ពី​តម្លៃ​ថ្លៃ​សេវាផ្សេងៗ នៅ​ក្នុង​ភូមិ​​ឲ្យ​ប្រ​ជាពលរដ្ឋ​បាន​ដឹង​​​​នោះ​​ទេ។​
ប្រ​ជា​ពល​រដ្ឋ​​នៅភូមិ​​ត្រ​ពាំង​​ឈូក​ ​សង្កាត់​​ទឹក​ថ្លា​​ បាន​ប្រាប់​សំឡេង​​ប្រជាធិបតេយ្យនៅ​ថ្ងៃនេះ​ថា​ មេ​ភូមិ​​ត្រ​ពាំង​ឈូក​ លោក​ មាស​ សយ ​បាន​​យក​​លុយ​​ថ្លៃ​​ធ្វើ​​ប្រ​វត្តិ​ដី​ពី​ពួកគាត់ មួយ​​គ្រួ​សារ​ ២០​ដុល្លា​រ​ ​បើ​​ទោះ​​ជា​ប្រ​ជាពលរដ្ឋ​​សុំ​​បញ្ចុះ​​តម្លៃ​ មក​ត្រឹម​១៥​ដុល្លា​រ​ តែគាត់មិនព្រម ហើយថា​បើ​ប្រ​ជា​ពល​រដ្ឋ​​​ណា​​គ្មាន​​លុយ​​បង់​​​ គាត់​​នឹង​​ទុក​​ឯក​សារ​​នោះ​ចោល។​ ប្រ​ជា​ពល​រដ្ឋ​​បន្ត​​ទៀត​​ថា​ កន្លង​​មក​មេ​ភូមិ​នេះ តែង​​​​​តែ​​​យក​​​លុយ​​ថ្លៃ​​ចុះ​ហ​ត្ថ​​លេ​ខា​​ឯក​​សារ​​ផ្សេងៗ​​របស់​​ ប្រ​ជា​ពលរដ្ឋ​​ ហើយ​​មិន​​មាន​​បិទ​​ប្រ​កាស​​ថ្លៃ​សេវា​ទេ ​ ៖”​មីង​ជា​ប្រជា ពល​រដ្ឋ​​អត់​ណាស់ មីង​បាន​លើក​ដៃ​សំពះ​គាត់​ សុំ​តែ​៥​ម៉ឺន​ក៏​អត់​ព្រម​ដែរ សុំ​ដាច់​២០ $ ហ្នឹង​មង​ ហ្នឹង​ទើប​គាត់​ព្រម​ធ្វើអោយ​ ជួប​បញ្ហា​ហ្នឹងទាំង​អស់​គ្នា​ក្មួយ​មិន​ត្រឹម​តែ​ប្រវត្តិ​ដី​ទេ ទោះ​បី​ធ្វើ​របៀប​លីវ ធ្វើ​ស្អី​ៗ​ទាំង​​អស់​។ ទៅ​អញ្ចឹង​ត្រូវ​គាត់​យក​លុយ​អី​អញ្ចឹង​ទៅ គេ​ចេះ​តែ​អោយ​ទៅ លឺ​សូរ​គេ​ថា​គាត់​ទារ ខ្ញុំ​ចេះ​តែ​អោយ​​តា​មគ្នាទៅ ស្អី​ក៏​ថា​អស់​លុយ​ដែរ"​។ ​ ​ឆ្លើយ​តប​​​នឹង​ការ​​​លើក​ឡើង​នេះ​ មេ​ភូមិ​ត្រ​ពាំង​ឈូក​លោក មាស​ សយ​ បាន​ឲ្យដឹង​ថា មាន​ប្រ​ជា​ពល​​រដ្ឋ​​ខ្លះ​រវល់​​ បាន​ពឹង​ឲ្យ​គាត់​​ជួយ​ធ្វើ​​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ​ដីឲ្យ​ ហើយ​គាត់​មិន​បាន​ទារ​ថ្លៃ​សេ​វា​​អ្វី​នោះទេ​។ ប៉ុន្តែលោកទទួលស្គាល់​ថា មាន​អ្នក​​ខ្លះ​​ឲ្យ​​១០​ម៉ឺន​រៀល អ្នក​ខ្លះ​៨​ម៉ឺន ទៅឲ្យ​អ្នក​រត់​ការ​​​ដើម្បី​​ទៅ​ស៊ី​ញ៉េ​នៅ​សង្កាត់​ ដោយសារពលរដ្ឋខ្វះឯកសារដើម ៖”​មិន​មែន​ថា​តឹង​រ៉ឹង​នេះ​ សំរាប់​យក​សេវា​​ទេ អា​តឹង​យក​លុយ​បង​ប្អូន​ទេ ​ខ្ញុំ​សូម​ជំរាប ហើយ​បង​ប្អូន​ខ្លះ​គេថា​ខ្ញុំ​​យក​ដល់​៧ទៅ ៨​ម៉ឺន ខ្លះ​គេ​អោយ​ខ្ញុំ​ដល់​១០​ម៉ឺន​ផង គេ​​ថា​គេ​រវល់​ អ្នក​ខ្លះ​អត់​មា​នមុខ​របរ​អី​ ខ្ញុំ​អោយ​​គាត់​ទៅ ខ្លួន​ឯង​គាត់​អត់​ព្រម​ទៅ​ទេ”។​
ស្តាប់សម្លេង៖
ដោយ​​​​ឡែក​​ចៅ​​សង្កាត់​​ទឹក​​ថ្លា ​លោក​ ​ចាន់ ណា​វិន​ មាន​​ប្រ​សាសន៍​ថា ចំពោះ​ការ​​ធ្វើ​អត្ត​សញ្ញាណ​​ក្បាល​​ដី​នេះ ​​ប្រ​ជា​ពលរដ្ឋ​មិន​ត្រូវ​បង់​ថវិកាទេ គឺគ្រាន់​តែ​រៀប​ចំ​ឯក​សារ​ដី​របស់​គាត់​ យក​ទៅ​ឲ្យ​​​មេភូមិ​ស៊ី​ញ៉េ​ទទួល​ស្គាល់​ រួច​បញ្ជូន​ទៅ​សង្កាត់​ ដោយបង់​តែ​ថ្លៃ​ក្រ​ដាស ត្រឹមតែ​៥០០រៀល​ប៉ុណ្ណោះ​។​ លោក​​​បន្ត​ថា ករណី​យក​លុយ​នេះ​អាច​មក​ពី​ប្រ​ជាពលរដ្ឋ​ ពឹងលើ​អ្នក​​រត់​ការ​ ដោយសារ​គាត់​​​មិន​សូវ​​មាន​​​ការ​​យល់​​ដឹង​ ៖”​ប្រសិន​បើ​គាត់​មក​ដល់ ​សង្កាត់​តែ​ម្ដង​ គាត់​អត់​​មា​នបញ្ហា​ទេ ប៉ុន្តែ​ប្រសិន​​បើ​គាត់​ខ្ជិលមក​គាត់​ជាប់​រក​ស៊ី គាត់​កិច្ចការអី​ផ្សេង​ៗ​ គាត់ពឹង​ពាក់​គេ​បន្ត​បន្ទាប់​ខ្ញុំ​អត់​​ដឹងទេ​បង​"​។​
ប្រ​ធាន​​​បណ្តាញ​រួប​រួម​ដើម្បី​គណនេយ្យ​ ភាព​សង្គម​ប្រ​ចាំអាស៊ី​បូព៌ា និងប៉ាស៊ីហ្វិច លោក ​សន​ ជ័យ ​​​មាន​ប្រ​សាសន៍​ថា ចំពោះ​តម្លៃ​សេវា​សាធារណៈ​នៅ​ពេល​​បច្ចុប្បន្ន​ គឺមាន​ភាព​ស្រ​ពិច​ស្រ​ពិល​ ​ ទោះ​​បី​​ជា​មាន​ការ​កំណត់​ពី​ដោយ​សុរិយោ​ដី​ក៏ដោយ​​។ លោក ​សន​​ ​ជ័យ បាន​ស្នើ​ដល់​រដ្ឋា​ភិ​បាល​ឲ្យ​អនុ​ម័ត​​​ឲ្យ​បាន​ឆាប់​ចំពោះ​តារាង​សម្លៃ​ សាធារណៈ​នេះ​ ពីព្រោះ​​ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ប្រ​ជាពលរដ្ឋ​  និង​​ជៀស​​​វាង​​ការ​ខាត​​បង់​ថវិកា​ជាតិ​។​
បើ​តាម​​ប្រ​ភព​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ភូមិ​ត្រ​ពាំង​ឈូក​ មាន​ប្រ​ជាពលរដ្ឋ​​ជាង​​៣០០០​គ្រួ​សារ​ ក្នុង​នោះ​​អ្នក​​ដែល​​​មាន​​ជី​វ​ភាព​​ខ្វះ​​ខាត​​មាន​​ប្រ​មាណ​ ៤០%​ ហើយ​ពួកគេ​​មិន​​ទាន់​​មាន​ប្លង់​​កម្ម​សិទ្ធិ​ដី​ធ្លីទេ​ ទើប​​អាជ្ញាធរ​តម្រូវ​ឲ្យ​ពួកគេ​ធ្វើឯក​សារ​បញ្ជាក់អត្ត​សញ្ញាណ​ដី​ ឬ​ឯក​សារ​ប្រ​វត្តិ​ដី​ ដើម្បី​​បញ្ជូន​ទៅ​ក្រ​សួង​​ ​​ធ្វើ​ប្លង់​កម្ម​សិទ្ធិជា​ប្រ​ព័ន្ធ៕

No comments:

Post a Comment