Wednesday, February 29, 2012

អ្នក​ភូមិ​បុរី​កីឡា​តវ៉ា​បិទ​ផ្លូវ​ទាម​ទារ​ ដំណោះ​ស្រាយ

2012-02-27
អ្នក​ភូមិ​បុរី​កីឡា​ប្រមាណ ១០០​នាក់ បិទ​ផ្លូវ​លេខ ២១១ ក្នុង​សង្កាត់​វាល​វង់​ខណ្ឌ ៧ មករា នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី ២៧ ខែ​កុម្ភៈ ឆ្នាំ ២០១២ ដើម្បី​ទាមទារ​អោយ​ក្រុមហ៊ុន ផានអ៊ីម៉ិច (Phanimex) សង់​អាគារ​អោយ​គ្រប់​ចំនួន​ទៅ​តាម​កិច្ច​សន្យា​ជាមួយ​ប្រជាពលរដ្ឋ។
RFA/Sochivy
អ្នកភូមិ​បុរី​កីឡា​ប្រមាណ ១០០​នាក់ ឈរ​ទាមទារ​អោយ​ក្រុមហ៊ុន​ផានអ៊ីម៉ិច ផ្ដល់​ដំណោះ​ស្រាយ​តាម​កិច្ចសន្យា​នៅ​ប្លុក​បុរី​កីឡា សង្កាត់​វាល​វង់ ខណ្ឌ​៧មករា កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១២។
ជាថ្មី​ម្តង​ទៀត​អ្នក​ភូមិ​បុរី​កីឡា ដែល​នៅ​សេស​សល់​បាន​ជួប​ប្រជុំ​គ្នា​នៅ​ខាង​មុខ​អាគារ​ទី​៨ ក្នុង​ប្លុក​បុរី​កីឡា សង្កាត់​វាល​វង់​ខណ្ឌ ៧ មករា។ ពួកគេ​មាន​កាន់​បដា និងព្រះ​ឆាយាលក្ខណ៍ ​ព្រះ​មហា​ក្សត្រ ព្រះ​មហាវីរ​ក្សត្រ និង​អគ្គ​មហេសី និង រូបថត លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និងភរិយា ​ដោយ​ទទូច​អោយ​​ក្រុម​ហ៊ុន​ត្រូវ​ផ្តល់​ផ្ទះ​អោយ​ពួក​គេ​ទៅ​តាម​កិច្ច​សន្យា ​ នៃការ​អភិ​វឌ្ឍ​នៅនឹងកន្លែង។
ពួក​គេបាន​លើកគ្នា​ទៅ​តវ៉ា​នៅ​លើ​ផ្លូវ​លេខ ២១១ ជាប់​ខាង​លិច​ប្លុក​​បុរី​កីឡា អស់​រយៈ​ពេល​ជាង​១ម៉ោង​។ ​​​​ពួកគេ​បាន​លើក​បង្ហាញ​ឯក​សារសំគាល់​ការ​ស្នាក់​នៅ​របស់​ពួកគេ​ក្នុង​ តំបន់​បុរី​កីឡា។ ពួក​គេ​បញ្ជាក់​ថា ពួកគេ​ជាង ​១០០​គ្រួ​សារ​មាន​ឯកសារ​ដែល​បាន​អង្កេត​រួច​កាល​ពី​ឆ្នាំ​២០០៣។
ការអះអាង​របស់​អ្នក​ភូមិ​បុរី​កីឡា​ជា​ប្រតិកម្ម​តប​នឹង​លិខិត​របស់​ អភិបាល​រាជធានី​ភ្នំពេញ លោក កែប ជុតិ​មា។ នៅ​ក្នុង​លិខិត​ចុះ​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ ២០១២ លោក កែប ជុតិមា បញ្ជាក់​ថា អ្នក​ភូមិ​បុរី​កីឡា​ភាគ​ច្រើន​បាន​ទទួល​សំណង​ពី​ក្រុមហ៊ុន​ហើយ នៅ​សល់ ៣៥​គ្រួសារ កំពុង​សម្រប​សម្រួល​អោយ​ទទួល​បាន​ផ្ទះ។
ចំណែក​អ្នក​ភូមិ​ផ្សេង​ទៀត​គឺ​ពុំ​មាន​ឯក​សារ​ត្រឹម​ត្រូវ អ្នក​ទាំង​នោះ​ជា អ្នក​ខិល​ខូច​យក​ផ្ទះ​ពី​រដ្ឋទៅ​លក់ រួច​ចាប់​ផ្ទះ​ថ្មី ឬ​បំបែក​គ្រួ​សារ និងលក់​ផ្ទះ​ហើយ​មិន​ព្រម​ចាក​ចេញ​ពី​តំបន់​បុរី​កីឡា។
ដោយ​សំអាង​ថា​មានឯក​សារ​ត្រឹម​ត្រូវ ​អ្នក​ភូមិ​បុរី​កីឡាដែល​អង្គុយកណ្តាល​ផ្លូវ​បាន​ទាម​ទារ​បអោយ​ប្រធាន​ក្រុម ​ហ៊ុន ផាន​អ៊ី​ម៉ិច អ្នក​ស្រី​ ស៊ុយ សុផាន ផ្តល់​ដំណោះ​ស្រាយ​ដូច​មាន​ចែង​ក្នុង​កិច្ច​សន្យា។
ក្រៅ​ពី​អ្នក​ភូមិ​ដែល​មាន​វ័យ​ចំណាស់ នៅ​ក្នុង​ការ​តវ៉ា​នោះ​គេ​ក៏​ឃើញ​មាន​កុ​មារ​ប្រ​មាណ​ជិត​១០​នាក់​បាន​ទៅ​ តាម​។ ពួក​គេ​បានកាន់បដា និង​រូប​ថត​លោក នាយក​រដ្ឋ​មន្រ្តី ហ៊ុន ​សែន។
កុមារី វ៉ាន់ ស្រី​លីស អាយុ ៨ ឆ្នាំ ​បាន​និយាយ​ថា គ្រួ​សារ​របស់​គេជួប​ការ​លំ​បាក​កាន់​តែ​ខ្លាំង​នៅ​ក្រោយ​ពេល​ផ្ទះ​សម្បែង​ ត្រូវ​ឈូស​ឆាយ​បំផ្លាញ។ ដោយ​សារ​ជីវ​ភាព​គ្រួសារ​ដុន​ដាប​ស្រី​លីស ​មិន​បាន​ទៅ​រៀន​ជិត​មួយ​ឆ្នាំ​ហើយ។ នៅ​ពេល​នេះ​គេ​អំពាវ​នាវ​អោយ​អាជ្ញា​ធរ​ពាក់ព័ន្ធ ផ្តល់​ដំណោះ​ស្រាយអោយ​បាន​ឆាប់។
អ្នក​ភូមិ​ដែល​តវ៉ា ​ក៏​បាន​ទាម​ទារ​អោយ​ក្រុម​ហ៊ុន​ផាន​អ៊ី​ម៉ិច ផ្អាក​ការ​សាង​សង់​អាគារ​ ទី​៩ និង​ទី​១០ ហើយ​ងាក​មក​ផ្តល់​ដំណោះ​ស្រាយ​ដល់ពល​រដ្ឋ។
ប្រធាន​ក្រុម​ហ៊ុន ផានអ៊ីម៉ិច​អ្នកស្រី ស៊ុយ សុផាន មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា ប្រសិន​បើ​ពលរដ្ឋ​មាន​ឯកសារ​ត្រឹម​ត្រូវ​ក្រុម​ហ៊ុន នៅ​តែ​មាន​គោល​នយោបាយ​ផ្តល់​ផ្ទះ​សម្រាប់​ពួកគេ។
​អ្នក​ភូមិ​បុរី​កីឡា បាន​បញ្ចប់​ការ​តវ៉ា​ដោយ​បិទ​ផ្លូវ​លេខ ២១១ នៅ​ពេល​ថ្ងៃ​ត្រង់ ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​កុម្ភៈ ដោយ​ពុំ​បាន​ទួល​បាន​ដំណោះ​ស្រាយ។ ពួកគេ​បញ្ជាក់​ថា នឹង​បន្ត​ការ​តវ៉ា នៅ​ថ្ងៃ​បន្ត​បន្ទាប់​ទៀត​ រហូត​ទទួល​បាន​ដំណោះ​ស្រាយ៕
កំណត់​ ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ ប៉ុណ្ណោះ។
កូន ខ្មែរ ពី សហរដ្ធ :

No comments:

Post a Comment