Tuesday, February 21, 2012

តុលាការ​សម្រេច​ដោះ​លែង​អ្នក​ភូមិ​បុរី​កីឡា ៧​នាក់

2012-02-18
អ្នក​ភូមិ​បូរី​កីឡា ចំនួន​៧​នាក់ ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​អស់​ហើយ​នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១២។
អ្នក​ភូមិ​បូរី​កីឡា​ប្រមា​ណ​៥០​នាក់ បាន​ជួប​ប្រជុំ​គ្នា​នៅ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ដើម្បី​​ទទួល​សាច់​ញាតិ​របស់​ពួក​គេ ដែល​ត្រូវ​ដោះ​លែង​ចេញ​ពី​ពន្ធនាគារ។ ពួក​គេ​៥​នាក់​ត្រូវ​ដោះ​លែង​នៅ​ពាក់​កណ្ដាល​អាធ្រាត្រ ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ និង​២​នាក់​ទៀត ដោះ​លែង​នៅ​ព្រឹក​ថ្ងៃសៅរ៍ ទី​១៨ ខែ​កុម្ភៈ។
អ្នក​ស្រី អ៊ូ ចាន់​ធឿន ជា​ម្ដាយ​របស់​យុវជន សេង ធារ៉ា ដែល​ទើប​បាន​ដោះ​លែង បាន​និយាយ​ថា អ្នក​ស្រី​ត្រេក​អរ ដែល​កូន​ប្រុស​បាន​រួច​ខ្លួន​ត្រឡប់​មក​វិញ ៖ «ហី​អរគុណ​គ្រប់​លំដាប់​ ថ្នាក់ គ្រប់​អង្គការ​ទាំង​អស់​ខ្ញុំ​រីក​រាយ​ ខ្ញុំ​សប្បាយ​ចិត្ត​បាន​កូន​ខ្ញុំ​បាន​មក​រៀន​វិញ»
លោក ពុធ សា​មាន ជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ដោះ​លែង​ពី​ពន្ធនាគារ​កាល​ពី​ យប់​ទី​១៧ ខែ​កុម្ភៈ។ លោក​បាន​និយាយ​ថា លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ពី​ច្បាប់​ឡើយ​។ លោក​ត្រេក​អ​ដែល​ត្រូវ​បាន​ដោះ​លែង​មក​វិញ ៖ «ចង់​ស្ទះ​ម៉ាសាៗ សប្បាយ​ចិត្ត​ពេក ព្រោះ​ខ្លួន​ខ្ញុំ​អត់​បាន​ធ្វើ​អ្វី​ខុស​ទេ អត់​បាន​ធ្វើ​ខុស​អី​ទាំង​អស់ ខ្ញុំ​អត់​ខុស​ទេ ចាប់​ខ្ញុំ​យក​ទៅ​ដាក់គុក​ព្រៃ​ស បាត់​បង់​កិត្តិយស​កេរ្តិ៍​ឈ្មោះ​ខ្ញុំ​អស់»
ពលរដ្ឋ​ដែល​ត្រូវ​បាន​ដោះ​លែង​ទាំង​៧​នាក់ មា​ន​ឈ្មោះ តាន់ ណារ៉ា ពុធ សា​មាន សេង គង់ គឹម ឆាយ សេង ធារ៉ា ជុច សំអន និង កែវ ផល្លា។ ពួក​គេ​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​ដោយ​ហិង្សា នៅ​ពេល​អាជ្ញាធរ​ឈូស​ឆាយ​ផ្ទះ​សម្បែង​ពួក​គេ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២ ពី​បទ​បង្ក​របួស​ស្នាម​ទៅ​លើ​សមត្ថកិច្ច ដែល​ចុះ​បំពេញ​ការងារ។
ការ​ដោះ​លែង​អ្នក​បូរី​កីឡា បាន​ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​ចៅ​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ លោក ជា សុខហៀង បាន​ចេញ​ដីកា​សម្រេច​ដោះ​លែង​ពួក​គេ​អោយ​នៅ​ក្រៅ​ឃុំ។
មេធាវី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ការពារ​អោយ​អ្នក​ភូមិ​បូរី​កីឡា លោក ជិន លីដា។ លោក​មាន​ប្រសាសន៍​ថា ដីកា​ដោះ​លែង​អ្នក​បូរី​កីឡា​ទាំង ៧​នាក់ ពុំ​បាន​បញ្ជាក់​ពី​មូល​ហេតុ​នៃ​ការ​ដោះ​លែង​អ្នកភូមិ​អោយ​នៅ​ក្រៅ​ឃុំ​នេះ​ ទេ ៖ «ប៉ុន្តែ​ក្នុង​ដីកា​ហ្នឹង គេ​អត់​ដាក់​មូល​ហេតុ ប៉ុន្តែ​គេ​អាច​យោង​ទៅ​លើ​ពាក្យ​ស្នើ​សុំ​របស់​មេធាវី ស្នើ​សុំ​នៅ​ក្រៅ​ឃុំ ពាក្យ​ធានា​របស់​គ្រួ​សារ​អ៊ីចឹង​ទៅ​ណាស់»
កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌ លោក អង្គ វង្សវឌ្ឍនា តាម​រយៈ​លិខិត​មួយ​បាន​ជំរុញ​អោយ​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​រាជធានី​ ភ្នំពេញ​បញ្ជូន​ឯកសារ​ពាក់​ព័ន្ធ​នឹង​អ្នក​បុរី​កីឡា ដើម្បី​ក្រសួង​ត្រួត​ពិនិត្យ។
លោក អំ សំអាត អ្នក​គ្រប់​គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស ​លីកាដូ។ លោក​មាន​ប្រសាសន៍​ថា លោក​សាទរ​ចំពោះ​ការ​អនុញ្ញាត​អោយ​អ្នក​ភូមិ​បូរី​កីឡា​បាន​នៅ​ក្រៅ​ឃុំ។ តែ​លោក​ថា ការ​ផ្ដល់​ដំណោះ​ស្រាយ​សមរម្យ​ដល់​អ្នក​ភូមិ នៅ​តែ​ចំណុច​សំខាន់ ដែល​ក្រុម​ហ៊ុន និង​អាជ្ញាធរ​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ៖ «យើង​គួរ​តែ​បែរ ​រក​វិធី​ដោយ​សន្តិភាព​ក្នុង​ការ​ចរចា​រក​ដំណោះ​ស្រាយ​ ដោយ​សន្តិវិធី ធ្វើ​យ៉ាង​ណា​ អោយ​មាន​ការ​យល់​ព្រម​គ្នា កុំ​អោយ​មាន​អំពើ​ហិង្សា​កើតឡើង»
បន្ទាប់​ពី​ត្រូវ​បាន​ដោះ​លែង អ្នក​ភូមិ​បូរី​កីឡា នៅ​តែ​ប្រកាន់​ជំហរ​ថា ពួក​គេ នៅ​តែ​បន្ត​ការ​ទាម​ទារ​ដើម្បី​អោយ​ក្រុម​ហ៊ុន​ផ្ដល់​សំណង​សម​រម្យ​ទៅ​តាម​ កិច្ច​សន្យា​ជាមួយ​ប្រជា​ពលរដ្ឋ៕
កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​ នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ ប៉ុណ្ណោះ។

No comments:

Post a Comment