Thursday, February 23, 2012

សាលាឧទ្ធរណ៍ បើកសវនាការ​លើ​សំណុំរឿង​ប្រឆាំងអតីត​ព្រះរាជអាជ្ញា តុលាការខេត្ត​ពោធិ៍​សាត់ និង​បក្ខពួក​, សាលក្រម នឹង​ប្រកាស​នៅ​ព្រឹក​ថ្ងៃទី​១៤​មីនា​

 0 1
2
ដោយ : រតនា (ថ្ងៃទី 22 កុម្ភៈ 2012,07:14:PM)
_mg_0918
1 of 4  
ភ្នំពេញ: ​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​ស៊ីសំណូក ជំរិត​ទារប្រាក់ និង​ឃុំឃាំង​មនុស្ស​ខុសច្បាប់ ប្រឆាំង​អតីត​ព្រះរាជអាជ្ញា តុលាការខេត្ត​ពោធិ៍សាត់ និង​បក្ខពួក ត្រូវបាន​តុលាការ​សាលាឧទ្ធរណ៍ បើកការ​ជំនុំជម្រះ នៅ​រសៀល​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១២​។ ក្រោយពី​សវនាការ​រយៈ​ពេល​ប្រមាណ ៤ ម៉ោង ចៅក្រម​តុលាការ​សាលាឧទ្ធរណ៍ បានសម្រេច​ថា សាលក្រម​លើ​រឿងក្តី​នេះ នឹង​ប្រកាស​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១២​។​

​ក្នុង​សវនាការ មាន​ជនជាប់ចោទ​លោក តុ​ប ច័ន្ទ​សេរី​វុ​ឌ្ឍ អតីត​ព្រះរាជអាជ្ញា តុលាការខេត្ត​ពោធិ៍សាត់ លោក រស់ សំណាង និង​លោក ឈិន វុ​ឌ្ឍី​។ នៅក្នុង​សវនាការ​នោះ ក៏មាន​សាក្សី និង​ជនរងគ្រោះ​ឈ្មោះ ហ៊ុល សុខ​ណា ចូលរួម​ផងដែរ​។

​លោក ង៉ែត សារ៉ាត់ តំណាង​អយ្យការ បាន​លើក​អំណះអំណាង​ជាច្រើន និង​ស្នើសុំ​ឲ្យ​ប្រធាន​ក្រុមប្រឹក្សា​សាលាឧទ្ធរណ៍ តម្កល់​សាលក្រម របស់​សាលាដំបូង​ខេត្តពោធិ៍សាត់ ទុកជាបានការ​ដដែល ក្នុង​បទចោទប្រកាន់​រឿង​ស៊ីសំណូក និង​ជំរិត​ទារប្រាក់ ពី​ដើមបណ្តឹង​លោក ហ៊ុល សុខ​ណា និង​លោក អ៊ំ ណាក់ ដែល​មន្ត្រីរដ្ឋបាល​ព្រៃឈើ​។​

​ក្នុង​ រឿងក្តី​នោះ មាន​ជនជាប់ចោទ ៤ នាក់ គឺ​លោក តុ​ប ច័ន្ទ​សេរី​វុ​ឌ្ឍ អតីត​ព្រះរាជអាជ្ញា តុលាការខេត្ត​ពោធិ៍សាត់ និង​បក្ខពួក ៣ នាក់ គឺ​ឈ្មោះ ពេជ្រ គង់​យូ​, ឈិ​ត វុ​ឌ្ឍី និង រស់ សំណាង​។ ប៉ុន្តែ ពេជ្រ គង់​យូ កំពុង​រត់គេចខ្លួន​។ ជនជាប់ចោទ​ទាំង ៤ នាក់  បាន​ចាប់​មន្ត្រីរដ្ឋបាល​ព្រៃឈើ លោក ហ៊ុល សុខ​ណា និង​លោក អ៊ំ ណាក់ ដើម្បី​ជំរិត​ទារប្រាក់ ៣.០០០ ដុល្លារ​។ ការទារ​ថ្លៃ​ដំបូង ក្នុង​ម្នាក់ ៤.០០០ ដុល្លារ បន្ទាប់​បាន​ចុះថ្លៃ មក​ត្រឹម ៣.០០០ ដុល្លារ​។​

​ តំណាង​អយ្យការ បាន​លើកឡើងថា លោក ហ៊ុល សុខ​ណា និង​លោក អ៊ំ ណាក់ បាន​ទូរស័ព្ទ​ទៅ​ក្រុមគ្រួសារ ឲ្យ​វេ​ប្រាក់ មក​សាខា​ធនាគារ​អេស៊ីលីដា​នៅ​ក្រគរ ខេត្តពោធិ៍សាត់ ដើម្បី​ឲ្យ​ប្រាក់​ទៅ​ឈ្មោះ ពេជ្រ គង់​យូ និង​ដៃជើង​របស់ តុ​ប ច័ន្ទ​សេរី​វុ​ឌ្ឍ​។​

​ក្រោយពី​សវនាការ លោក តុ​ប ច័ន្ទ​សេរី​វុ​ឌ្ឍ បាន​និយាយប្រាប់​ក្រុមអ្នកកាសែត ក្រៅ​បន្ទប់​សវនាការ​ថា “​ខ្ញុំ​សូម​ឲ្យ​លោក​តុលាការ ពិចារណា​ថា ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស ដែរ​ឬ​អត់​? តែ​ប៉ុណ្ណឹង​។ រឿង​កន្លងមក ពាក់ព័ន្ធ​នឹង​លុយ ៣.០០០ ដុល្លារ​នោះ គឺ​ខ្ញុំ​ក៏​មិនដឹង​ច្បាស់​ដែរ ប៉ុន្តែ​ខ្ញុំ​សង្ឃឹមថា យុត្តិធម៌​នៅតែមាន​អញ្ចឹង ព្រោះ​ខ្ញុំ​បាន​លើក​ហើយ​ថា សុំ​ឲ្យ​តុលាការ កុំ​អគតិ​ទាំង​៤”​។​

​ចំណែក​លោក ឆាយ គា មេធាវី​ការពារ​ក្ដី​ឲ្យ​ជនជាប់ចោទ​លោក តុ​ប ច័ន្ទ​សេរី​វុ​ឌ្ឍ បាន​និយាយប្រាប់​ក្រុមអ្នកកាសែត​ថា លោក​យល់ថា សាលាឧទ្ធរណ៍ នឹង​រក​យុត្តិធម៌​ជូន លោក តុ​ប ច័ន្ទ​សេរី​វុ​ឌ្ឍ ពីព្រោះ​តាមរយៈ​ការសួរដេញដោល ប្រសិនបើ​គាត់ ( លោក តុ​ប ច័ន្ទ​សេរី​វុ​ឌ្ឍ ) បាន​បញ្ជា​មែន ក៏​មិនមែនជា​ការប្រព្រឹត្ត​បទល្មើស​ដែរ ដោយសារតែ​គាត់​បញ្ជា​ក្នុងនាម​ជា​ព្រះរាជអាជ្ញា​។ ដូច្នេះ​ការ​បង្ខាំង​មនុស្ស​ខុសច្បាប់ មិនមែនជា​បទល្មើស​ស​ម្រា​ប់​គាត់​ទេ​។ ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ស៊ីសំណូក ប្រសិនបើ​តុលាការ​រកឃើញ​គឺជា​រឿង​ផ្សេងៗ ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​បទល្មើស មានតែ​លុយ​តែមួយ​ទេ មិនអាច​ក្លាយជា​កម្មវត្ថុ​បទល្មើស​ពីរ​បានទេ​"​។​

​ ជាមួយគ្នា​នោះ លោក ធៀង សេង មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ បន្ទាប់ពី​បាន​ចូល​ស្ដាប់​សវនាការ​សាលាឧទ្ធរណ៍ បាន​និយាយប្រាប់​អ្នកកាសែត​ថា "​នោះ​គឺជា​រឿង​ដែល​ទាក់ទង​ទៅនឹង​សមត្ថកិច្ច​របស់​តុលាការ​។ យើង​ឃើញ​ហើយ​ថា តុលា​ការធ្វើ​ត្រឹមត្រូវ​តាម​នីតិវីធី​។ អីចឹង​អង្គភាព​ប្រឆាំង​អំពើពុករលួយ អត់​មាន​អ្វី​ត្រូវ​បកស្រាយ​ទៀត​ទេ​"​។​

​ នៅក្នុង​សវនាការ​ជនជាប់ចោទ​ទាំង ៣ ពិសេស​លោក តុ​ប ច័ន្ទ​សេរី​វុ​ឌ្ឍ បានស្នើ​ទៅ​លោក ប៉ុល សំអឿន ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍ ដោយ​លើក​សំណូមពរ​៣៖ ទី​១. សូម​យុត្តិធម៌​។ ទី​២. សុំ​ឲ្យ​ដោះលែង​រូបលោក និង​សម្រេច​លើកលែង​បទចោទប្រកាន់​ចំពោះ​រូបគាត់ និង​ទី​៣ សុំ​ឲ្យ​តុលាការ​ពិចារណា លើ​សកម្មភាព​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ផងដែរ​។ ចំណែកឯ​ជនជាប់ចោទ​ពីរ​នាក់​ទៀត លោក ឈិ​ត វុ​ឌ្ឍី និង​លោក រស់ សំណាង សុំ​ឲ្យ​តុលាការ​លើកលែង​បទ​ចោទ និង​ដោះលែង​ដល់​ពួកខ្លួន ឲ្យ​មាន​សិទ្ធិសេរីភាព​វិញ​ផងដែរ​។​

​លោក ប៉ុល សំអឿន ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បានប្រកាសថា តុលាការ​ឧទ្ធរណ៍ នឹង​ប្រកាស​សាលក្រម នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១២​។​

​ សូមបញ្ជាក់ថា សាលាដំបូង​ខេត្តពោធិ៍សាត់ បាន​បើកសវនាការ​ផ្ដន្ទាទោស​ជនជាប់ចោទ លោក តុ​ប ច័ន្ទ​សេរី​វុ​ឌ្ឍ អតីត​ព្រះរាជអាជ្ញា តុលាការខេត្ត​ពោធិ៍សាត់ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ១៩ ឆ្នាំ និង​គូកន​ឈ្មោះ រស់ សំណាង ឈិ​ត វុ​ឌ្ឍី និង ពេជ្រ គង់​យូ ជាប់ពន្ធនាគារ​ម្នាក់ៗ ១៦ ឆ្នាំ​។ តុលាការ​ក៏បាន​ចេញ​ដីកា​បង្គាប់​តាម​ចាប់ខ្លួន ឈ្មោះ ពេជ្រ គង់​យូ ដែល​ជន​ទាំង ៤​នេះ ត្រូវបាន​តុលាការ​ចោទ​ពីបទ ស៊ីសំណូក ជំរិត​ទារប្រាក់ និង​បង្ខាំង​មនុស្ស​ខុសច្បាប់ យោងតាម​ច្បាប់ព្រហ្មទណ្ឌ​អន្តរកាល និង​ច្បាប់​ស្ដីពី ស្ថាន​ទម្ងន់ទោស និង​ច្បាប់​ប្រឆាំង​អំពើពុករលួយ​៕​ R

No comments:

Post a Comment