សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យសកលវិទ្យាល័យភ្នំពេញអន្តរជាតិ ហែញត្តិជូនសម្ដេចនាយករដ្ឋមន្ត្រី បង្កឱ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល
ដោយ : ឆាយា
(ថ្ងៃទី 22 កុម្ភៈ 2012,07:21:PM)
ក៏ប៉ុន្តែនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១២ លោក កើត ឆែ នាយករងខុទ្ទកាល័យសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់ CEN ថា សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យតំណាងនិស្សិត សាស្ដ្រាចារ្យ និងបុគ្គលិក នៃសាលាវិទ្យាល័យអន្តរជាតិភ្នំពេញ ដើរហែក្បួនដាក់ញត្តិជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១២ខាងមុខនេះទេ។
ព័ត៌មាននេះ បង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សាធារណជន ពិសេសមជ្ឈដ្ឋានអ្នកច្បាប់ ដោយពួកគេ បានចាត់ទុកថា ការបដិសេធនេះ គឺជាការរំលោភលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងរំលោភលើច្បាប់ស្តីពីបាតុកម្ម។
គួររម្លឹកថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២ តំណាងនិសិត្សសាស្ត្រាចារ្យ និងបុគ្គលិកនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានធ្វើលិខិត ទៅអភិបាលរាជធានីភ្នំពេញ ដែលមានកម្មវត្ថុសំណើសុំដើរជាក្បួន ដើម្បីយកលិខិតដាក់ជូនសម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅគេហដ្ឋានក្បែរវិមានឯករាជ្យ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១២ ខាងមុខនេះ។
ក្នុងលិខិតនោះ បានបញ្ជាក់ថា យើងខ្ញុំជាតំណាងនិស្សិត សាស្ត្រាចារ្យ និងបុគ្គលិក ចំនួនជាង ៧.០០០ នាក់ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ មានកិតិ្តយស សូមគោរពជម្រាប ជូនឯកឧត្តមអភិបាលមេត្តាជ្រាបថា និស្សិត សាស្ត្រាចារ្យ និងបុគ្គលិកចំនួន ២០០នាក់ នៃសាកលវិទ្យាល័យភ្នំពេញ អន្តរជាតិ សុំដើរជាក្បួនដើម្បីយកលិខិតស្នើសុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាផ្តល់យុត្តិធម៌ជូនលោកស្រី ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និងលោក ហេង ឈាង ជាស្វាមី ព្រោះយើងទាំងអស់គ្នាមានជំនឿយ៉ាងមុតមាំថា មានតែសម្តេចតេជោប៉ុណ្ណោះ ដែលផ្តល់យុត្តិធម៌ជូនលោកស្រីទេព កូលាប និងលោកហេង ឈាង ជាស្វាមីបាន។
ការដាក់ជូនលិខិតនេះ នឹងធ្វើនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១២ វេលាម៉ោង ៨ព្រឹក ដោយចេញដំណើរពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ កាត់តាមមហាវិថី ព្រះមុនីរ៉េត មហាវិថីព្រះសីហនុ សំដៅទៅគេហដ្ឋានរបស់សម្តេចតេជោ ក្បែរវិមានឯករាជ្យ។ ក្រោយពីប្រគល់លិខិតជូនសម្តេចតេជោរួចរាល់ហើយ ក្រុមហែក្បួននឹងបំបែកគ្នាទៅផ្ទះរៀងៗខ្លួន។
ទាក់ទិននឹង បញ្ហាខាងលើនេះ រហូតមកទល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១២ ពោលគឺរយៈពេល ៧ ថ្ងៃ ក្រោយពីបានទទួលពាក្យសុំនេះ សាលារាជធានីភ្នំពេញ ពុំទាន់ឆ្លើយតបជាផ្លូវការនៅឡើយទេ។ ប្រការនេះ បានរំលោភទៅលើមាត្រា២ និងមាត្រា៣ នៃច្បាប់ ស្តីពី បាតុកម្ម។
មាត្រា ២ នៃច្បាប់ ស្តីពី បាតុកម្ម បានចែងថា “ការប្រមូលផ្តុំគ្នាដើរតាមផ្លូវសាធារណៈ ជាបាតុកម្មសំដែងមតិ លើបញ្ហាអ្វីមួយ នឹងអាចប្រព្រឹត្តទៅបានក្នុងលក្ខខណ្ឌ ឥតប្រើហិង្សា ឥតមានកាន់អាវុធ ឬឧបករណ៍ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ ,ឥតបង្កឱ្យខូចភាពសុខសាន្ត សណ្តាប់ធ្នាប់ ឬសន្តិសុខសាធារណៈ, ត្រូវជម្រាបជាលាយលក្ខ័អក្សរទៅអាជ្ញាធរឃុំ សង្កាត់នីមួយៗ ដែលបាតុកម្មត្រូវឆ្លងយ៉ាងតិចបីថ្ងៃមុន ដោយមានចុះនាមត្រកូល នាមខ្លួន អាសយដ្ឋាន និងហត្ថលេខានៃអ្នករៀបចំបាតុកម្មបីនាក់ ព្រមទាំងបញ្ជាក់គោលបំណង នៃបាតុកម្ម ទីកន្លែង ថ្ងៃ ខែ ឆ្នាំ ម៉ោង នៃការប្រជុំ ផ្លូវ និងចំនួនមនុស្សដែលត្រូវដង្ហែក្បួន បាតុកម្ម។ បើបាតុកម្មធ្វើនៅទីរួមខេត្ត ឬនៅរាជធានី ត្រូវជម្រាបជាលាយលក្ខ័អក្សរទៅអាជ្ញាធរទីរួមខេត្ត ឬ អាជ្ញាធររាជធានី”។
ចំណែកមាត្រា ៣ នៃច្បាប់ ស្តីពី បាតុកម្មបានចែងថា “អាជ្ញាធរដែលបានទទួលលិខិត ជូនដំណឹង ត្រូវចេញបង្កាន់ដៃមួយឱ្យ។ បើអាជ្ញាធរសាម៉ីយល់ឃើញថា បាតុកម្មមាន លក្ខណៈដែលអាចនាំឱ្យកើតមានចលាចល នោះអាជ្ញាធរសាម៉ីអាចហាមឃាត់បាតុកម្ម ដោយចេញសេចក្តីសំរេចមួយក្នុងរយៈពេល៤៨ម៉ោង ហើយឱ្យដំណឹងអំពីសេចក្តីសម្រេចនោះដល់អ្នករៀបចំបាតុកម្មវិញភ្លាម។ សេចក្តីចម្លងមួយច្បាប់នៃសេចក្តីសម្រេចនោះ ត្រូវផ្ញើជូនថ្នាក់លើជ្រាបក្នុងរយៈពេល២៤ម៉ោង។ ក្នុងករណីមិនសុខចិត្ត អ្នករៀបចំបាតុកម្មអាច ធ្វើបណ្តឹងតវ៉ាទៅអាជ្ញាធរថ្នាក់លើ។ អាជ្ញាធរថ្នាក់លើត្រូវសម្រេចលើពាក្យតវ៉ានេះថាឱ្យ ឬ មិនឱ្យ ហើយឱ្យដំណឹងអំពីសេចក្តី សម្រេចរបស់ខ្លួននេះ ដល់ដើមបណ្តឹងនេះភ្លាមក្នុងរយៈពេល២៤ម៉ោង”។
ចំពោះការមិន ទាន់ឆ្លើយតបជាផ្លូវការលើបញ្ហានេះ បានត្រូវមជ្ឈដ្ឋានអ្នកច្បាប់ចាត់ទុកថា គឺជាការរំលោភច្បាប់ ស្តីពីបាតុកម្ម និងមាត្រា៣៧ នៃរដ្ឋធម្មនុញ្ញ។ មាត្រា៣៧ នៃរដ្ឋធម្មនុញ្ញ បានចែងថា “ សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្តនៅក្នុងក្របខណ្ឌនៃច្បាប់”។
យ៉ាងណាក៏ដោយ ប្រភពស្និទ្ធនឹងតំណាងនិស្សិត សាស្ត្រាចារ្យ និងបុគ្គលិក សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានបង្ហើបឱ្យដឹងថា សព្វថ្ងៃលោកស្រី ទេព កូលាប និងលោក ហេង ឈាង កំពុងជាប់ឃុំក្រោមអំណាចសាលក្រម របស់សាលាដំបូងរាជធានីភ្នំពេញ ដែលផ្តន្ទាទោសដាក់ពន្ធនាគារ ក្នុងម្នាក់ៗ ៤ ឆ្នាំ ៦ ខែ។ ប៉ុន្តែលោកស្រី ទេព កូលាប និងស្វាមី បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចនេះ ហើយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១២ ខាងមុខនេះ សាលាឧទ្ធរណ៍ នឹងលើកយកបណ្តឹងនេះ មកបើកសវនាការជំនុំជម្រះ ទើបតំណាងទាំងអស់ ស្វះស្វែងរកកិច្ចអន្តរាគមន៍ទៅសម្តេចតេជោ ហ៊ុន សែន ដើម្បីឱ្យជួយរកយុត្តិធម៌ឱ្យ។
ចំពោះមូលហេតុនៃការសុំកិច្ច អន្តរាគមន៍នេះ វាផ្តើមចេញពីការចាប់ខ្លួន និងកាត់ក្តី លោកស្រី ទេព កូលាប និងស្វាមី ដោយសាលាដំបូងរាជធានីភ្នំពេញ ពុំបានធ្វើត្រឹមត្រូវតាមនីតិវិធីច្បាប់ និងមានភាពមិនប្រក្រតីជាច្រើនចំណុច ដែលគប្បីថ្នាក់ដឹកនាំជាន់ខ្ពស់ជួយពិនិត្យ ឈានដល់ផ្តល់ភាពយុត្តិធម៌ ជូនពួកគេ ដោយក្តីអនុគ្រោះ ជាពិសេសការបន្តឃុំខ្លួនលោកស្រី ទេព កូលាប និងស្វាមី កំពុងធ្វើឱ្យប៉ះពាល់ដល់ជីវភាព និងស្មារតីកូនតូចៗប្រុសស្រីទាំងបី ដែលមានអាយុ ៣ឆ្នាំ ៦ឆ្នាំ និង១១ឆ្នាំ ដោយពុំមានម្តាយឪពុកនៅថែទាំ។
បន្ថែមលើសនេះ លោកស្រី ទេព កូលាប និងលោក ហេង ឈាង កំពុងមានជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការព្យាបាលពិសេសជាបន្ទាន់។ បើមិនដូច្នេះទេ នឹងបណ្តាលឱ្យប៉ះពាល់ ជាពិសេសអាយុជីវិតលោកស្រី ទេព កូលាប នាពេលដ៏ខ្លីខាងមុខនេះ។ សព្វថ្ងៃមន្ត្រីពន្ធនាគារមិនអនុញ្ញាតឱ្យលោកស្រី ទេព កូលាប បានព្យាបាលជំងឺនៅមន្ទីរពេទ្យឡើយ ទោះបីមន្ទីរពេទ្យ បានផ្តល់យោបល់ថា ត្រូវព្យាបាលជាបន្ទាន់ក៏ដោយ៕ R
No comments:
Post a Comment