Thursday, March 14, 2013

អាជ្ញាធរ​រាជធានី​វាយ​បង្រ្កាប​អ្នក​បឹងកក់​របួស​ជាង ១០ នាក់


130314_01
លោក ឡេង​ ជីន អាយុ៥៨​ នៅ​ភូមិ២១ ក្នុង​តំបន់​បឹងកក់​ ត្រូវ​បានកងសន្តិសុខ​ខណ្ឌ​ដូន​ពេញ​ចាប់​​​រឹតក​សែង​ដាក់​បញ្ទូល​ឡាន​​កាល​ពីម្សិល​មិញ​។ រូបថត ជីវ័ន
ភ្នំពេញៈយ៉ាង​ហោច​ណាស់​មាន​អ្នក​ភូមិ​បឹងកក់​ប្រមាណ​ជាង​១០​នាក់ បាន​រង​របួស​ធ្ងន់​ និង​ស្រា​ល​ ដោយ​សារ​កង​កម្លាំង​សមត្ថកិច្ច​រាជធានី បាន​ធ្វើ​ការ​វាយ​បង្ក្រាប​ទៅ​លើ​ការ​តវ៉ា​រប៉េះ​រប៉ោះ​មួយ កាល​ពី​ម្សិល​មិញ​។
ការ​តវ៉ា​កាល​ពី​ម្សិល​មិញ គឺជា​ការ​តវ៉ា​ ដែល​អ្នក​ភូមិ​បឹងកក់ តែង​តែ​ធ្វើ​ឡើង អស់​រយៈ​ពេល​ជាង​ ៦ ឆ្នាំ​មក​ហើយ ខណៈ​ដែល​អាជ្ញាធរ​រាជធានី​និង​រដ្ឋាភិបាល​បាន​ព្រងើយ​កន្តើយ​មិន​ព្រម​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គេ​ដែល​ត្រូវ​ក្រុម​ហ៊ុន​ស៊ូកាគូអ៊ីន របស់​លោក ឡាវ ម៉េង​ឃីន សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​បាន​បូម​ខ្សាច់​កប់​ពន្លិច​ ដោយ​ពុំ​ទាន់​បាន​ផ្តល់​សំណង​នៅ​ឡើយ​។
ក្រុម​ភ្នាក់ងារ​សុខាភិបាល បាន​ដឹក​បុរស​អ្នក​ភូមិ​បឹង​កក់ ​វ័យ​ ៥៨​ ឆ្នាំ​ ម្នាក់ ឈ្មោះ​ ឡេង​ ជិន តាម​រថយន្ត​សាមុយ​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ខណៈ​អ្នក​ភូមិ​ផ្សេង​ទៀត លោក​ លួស សាខន អ្នក​ស្រី​ញ៉ក់ សុផាន់ ​ង៉ែត ឃុន  ខែក ចាន់​រស្មី សែន ​ទូច ស្រី សុខឿន និង​ស្ត្រី​មួយ​ចំនួន​ទៀត ត្រូវ​បាន​គេ​ដឹក​តាម​រ៉ឺម៉ក និង​រថយន្ត​ធម្មតា​ ទៅ​កាន់​គ្លីនិក​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ។ ការ​ប៉ះ​ទង្គិច​គ្នា​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​ក្រុម​​អ្នក​ភូមិ​បឹងកក់ ​បាន​នាំ​គ្នា​ដើរ​ដង្ហែ​ជា​ក្បួន​ ឆ្ពោះ​ទៅ​កាន់​ភូមិ​គ្រឹះ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ដើម្បី​ដាក់​ញតិ្ត​ជា​ថ្មី​ទៀត ស្នើ​សុំ​លោក​នាយក​រដ្ឋ​មន្ត្រី​ជួយ​អន្តរាគមន៍ ក្រោយ​ពី​ពួក​គាត់​ខក​ចិត្ត​ ចំពោះ​ការ​មិន​អើពើ របស់​ក្រសួង​យុត្តិធម៌ ដែល​មិន​ព្រម​ចេញ​មក​ផ្ដល់​ព័ត៌មាន​ដល់​ពួក​គាត់​ ពាក់​ព័ន្ធ​នឹង​ញតិ្ត​ស្នើ​សុំ​ពន្លឿន​ការ​ដោះស្រាយ​ លើ​​សំណុំ​រឿង​របស់​អ្នក​ស្រី​យ៉ោម បុប្ផា​ដែល​កំពុង​ជាប់​ឃុំ​នៅ​ព្រៃ​ស​។
ក្រុម សមត្ថកិច្ច​នគរបាល កង​រាជ​អាវុធ​ហត្ថ សន្ដិសុខ ព្រម​ទាំង​ក្រុម​មន្ត្រី​ស៊ីវិល ប្រមាណ​ជាង​ ២០០ ​នាក់ បាន​វាយ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ក្រុម​អ្នក​តវ៉ា ប្រមាណ​ជា​១០០ ​នាក់ ដែល​ភាគ​ច្រើន​ជា​ស្ត្រី​។ អំពើ​ហិង្សា​​នេះ បាន​ផ្ដើម​ផ្ទុះ​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​១០​ ព្រឹក ដែល​ពេល​នោះ​ស្ត្រី​វ័យ​ ៤២ ​ឆ្នាំ ឈ្មោះ ញ៉ក់ សុផាត ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​សង្គ្រុប​ចាប់​បោក​បណ្តាល​ឲ្យ​បាក់​ឆ្អឹង​ដើម ​ដៃ​ ​ធ្វើ​ឲ្យ​ក្រុម​កូដករ​ មាន​ការ​ខឹង​សម្បា​កាន់​តែ​ខ្លាំង​។
មុន​ ពេល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​សម្ភព​ក្រុង អ្នក​ស្រី ញ៉ក់ សុផាន បាន​ថ្លែង​ថា​៖ «ក្រុម​សន្តិ​សុខ និង​រាជ​អាវុធ​ហត្ថ​ជា​ច្រើន​នាក់ បាន​រុញ​ច្រាន និង​ចាប់​ដៃ​របស់​ខ្ញុំ កាច់​មួល​ ហើយ​គ្រវាត់​ពេញ​មួយ​ទំហឹង បណ្ដាល​ឲ្យ​ខ្ញុំ​ដួល​ផ្កាប់​មុខ ​បាក់​ដៃ​តែ​ម្ដង»។
នៅ​ពេល​នោះ កញ្ញា សុង ស្រី​លាភ អាយុ​ ២៧ ​ឆ្នាំ បាន​និយាយ​ខ្លាំងៗ តាម​ឧគ្ឃោសនសព្ទ​ថា ក្រុម​សមត្ថកិច្ច បាន​ប្រើ​ហិង្សា​មក​លើ​ស្ត្រី ផ្ទុយ​ពី​អ្វី​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ និង​លើក​កម្ពស់​ស្ត្រី។
កញ្ញា​ថ្លែង​ថា​៖«បើ​មាន​ដំណោះស្រាយ ប្រកប​ដោយ​ភាព​យុត្តិ​ធម៌ នោះ​ប្រាកដ​ជា​គ្មាន​ការ​តវ៉ា​នោះ​ទេ​។ ភាព​អយុត្តិធម៌​ក្នុង​សង្គម និង​អំពើ​ពុករលួយ និង​ការ​មិន​អើ​ពើ​ដោះស្រាយ​ ទើប​បាន​ជា​មាន​ការ​តវ៉ា​ទាមទារ​យុត្តិធម៌»។
អំឡុង​ការ​រុញ​ច្រាន​ គ្នា​នោះ អ្នក​ស្រី បូ ឆវី ​បាន​ស្រែក​បន្ទរ​ដោយ​ចោទ​ប្រកាន់​ទៅ​លើ​ក្រុម​សមត្ថកិច្ច​ថា ​បាន​ចាប់​«ឱប​ក្រៀក និង​ច្របាច់​ដោះ​»របស់​អ្នក​ស្រី។
ក្រុម​កូដករ​ ដែល​ខឹង​សម្បា​ ចំពោះ​ទង្វើ​អសីលធម៌​នេះ បាន​ដោះ​ស្បែក​ជើង​គប់​ទៅ​លើ​សមត្ថកិច្ច និង​ជះ​ទឹក​សុទ្ធ​ផង​ដែរ។ ក្រោម​ការ​ស្រែក​បញ្ជា​ពី​លោក សុខ ពេញ​វុធ អភិបាល​រង​ខណ្ឌ​ដូន​ពេញ ក្រុម​សមត្ថកិច្ច បាន​បង្កើន​ការ​រុញ​​ច្រាន​កាន់​តែ​ខ្លាំង នៅ​ពេល​នោះ​គេ​ឃើញ​កម្លាំង​បុរស​នៃ​ក្រុម​អ្នក​តវ៉ា បាន​ជួយ​ទប់​ស្កាត់ និង​ប្រវាយ​ប្រតប់​រំដោះ​យក​ស្ត្រី​ ដែល​ត្រូវ​បាន​គេ​រុញ​ដួល​ទៅ​លើ​ដី ដើម្បី​ឲ្យ​គេច​ផុត​ពី​ការ​ដើរ​ជាន់​ពី​ក្រុម​សមត្ថ​កិច្ច។ លោក ពេញ​​វុធ ស្រែក​បញ្ជា​ខ្លាំងៗ​ ឲ្យ​ក្រុម​សមត្ថកិច្ច​ និង​សន្តិ​សុខ ​ធ្វើ​ការ​ចាប់​ខ្លួន​ក្រុម​បុរសៗ​បឹងកក់​ ​និង​ក្រុម​ស្ត្រី​ណា ដែល​ធ្វើ​ការ​ប្រវាយ​ប្រតប់​ជា​មួយ​សមត្ថកិច្ច​។ គ្រាន់​តែ​ឮ​ពាក្យ​បញ្ជា​នេះ ក្រុម​សន្តិ​សុខ និង​កង​រាជ​អាវុធ​ហត្ថ​មួយ​ចំនួន​បាន​ស្ទុះ​ទៅ​វាយ​បង្ក្រាប ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ដោយ​គ្មាន​ក្ដី​មេត្តា​។
អ្នក​ស្រី ង៉ែត ឃុន អាយុ​ ៧២​ ឆ្នាំ ដែល​ធ្លាប់​ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ​មួយ​ខែ​បីថ្ងៃ ជា​មួយ​ស្ត្រី​បឹងកក់​១២ នាក់​ផ្សេង​ទៀត កាល​ពី​ឆ្នាំ​មុន​ ត្រូវ​បាន​កម្លាំង​សន្តិសុខ ពី​៥ទៅ៦​នាក់​ចាប់​បោះ​បញ្ចូល​ឡាន​ដឹក​អ្នក​ ទោស ជាមួយ​អ្នក​ស្រី សែន ទូច។ ក្នុង​គ្រា​នោះ​លោក ឡេង ជិន ដែល​ជា​ជនពិការ​ជើង ត្រូវ​បាន​ក្រុម​សន្តិ​សុខ​វាយ​ដំ និង​ទាត់​ធាក់ ខណៈ​គាត់​ព្យាយាម​ការ​ពារ​និង​រំដោះ លោក​លួស សាខន ពីការ​វាយ​ដំ និង​ចាប់​ខ្លួន។ លោក ឡេង ជិន ត្រូវ​បាន​ក្រុម​សន្តិ​សុខ​ជា​ច្រើន​នាក់ ចាប់​សែង​ដូច​​សត្វ និង​បាន​បោះ​រុញ​ចូល​ក្នុង​រថយន្ត​ដឹក​អ្នក​ទោស​ ក្នុង​គោល​បំណង​នាំ​យក​ទៅ​កាន់​មន្ទីរ​ឃុំ​ឃាំង​របស់​ស្នង​ការ ប៉ុន្តែ ត្រូវ​បាន​ដោះ​លែង​វិញ​ភ្លាមៗ​បន្ទាប់​ពី​គាត់​បាន​សន្លប់​។
ប្រមាណ​ ជា​ ២០ ​នាទី​ក្រោយ​មក រថយន្ត​សាមុយ​របស់​ភ្នាក់​ងារ​សង្គ្រោះ​បន្ទាន់​នៃ​មន្ទី​រពេទ្យ​កាល់​ម៉ែត បាន​មក​ដល់​និង​បាន​ដឹក​គាត់​ចេញ​ទៅ ខណៈ​អ្នក​ស្រី​ង៉ែត ឃុន និង​អ្នក​ស្រី​ សែន ​ទូច ត្រូវ​បាន​ដោះ​លែង និង​បញ្ជូន​តាម​រ៉ឺម៉ក ជា​មួយ​លោក​ លួស សាខន ដែល​រង​ការ​ព្រួត​វាយ​ពី​កម្លាំង​សន្តិសុខ​ជាង​១០ ​នាក់​រហូត​ដល់​បាក់​ធ្មេញ​មុខ​ចំនួ​នបី​ និង​រង​របួស​ជាំ​ពេញ​រាងកាយ ព្រមទាំង​ថ្លោះ​គ្រេច​ជើង​ស្ដាំ​ ទៅ​កាន់​គ្លីនិក អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ។
អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌​មាន​មួយ ដោយ​ថ្កោល​ទោស​ចំពោះ​អំពើ​ហិង្សា ដែល​បាន​កើត​ឡើង​ពី​ម្សិលមិញ និង​បាន​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ពេញ លេញ ទៅ​លើ​ករណី​នេះ​។
ក្រុម អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ទៀត ក៏​បាន​រិះ​គន់​ទៅ​លើ​អំពើ​ហិង្សា​នេះ​ផង​ដែរ​។ លោក អៀង ប៊ុនធី​ តំណាង​​អង្គ​ការ​សមធម៌​កម្ពុជា បាន​និយាយ​ថា​៖«​ហេតុ​ការណ៍​នេះ​គឺជា​ហេតុ​ការណ៍​មួយ​ក្នុង​ចំណោម​ហេតុការណ៍​ជា​ច្រើន​នៃ​ការ​បង្ក្រាប​ដោយ​ ហិង្សា​ទៅ​លើស​ហគមន៍​ស្ត្រី​បឹង​កក់ ដែល​យើង​ធ្លាប់​បាន​ជួប​កាល​ពី​មុន  ហើយ​គ្រប់​ពេល​មិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​ទេ»។
លោក អ៊ី សារ៉ុម អ្នក​សម្រប​សម្រួល​កម្មវិធី​សម្រាប់​អង្គការ​សមាគម​ធាង​ត្នោត បាន​និយាយ​ថា​៖«​វា​ដល់​ពេល​ដែល​ត្រូវ​ធ្វើ​ការ​ដោះស្រាយ​បញ្ចប់​នូវ​ ជម្លោះ​ជូន​ដល់​ប្រជា​សហគមន៍​ហើយ​» ។
លោក សៀ ភារម្យ ប្រធាន​លេខាធិការ​ដ្ឋាន នៃ​បេសកកម្ម​សិទ្ធិ​លំនៅដ្ឋាន បាន​ថ្លែង​ថា ចំនួន​កង​សន្តិសុខ​ដែល​បាន​វាយ​ប្រហារ​ទៅ​លើ​អ្នក​តវ៉ា បាន​បង្ហាញ​ពី​ភាព «អនាធិបតេយ្យ​ជា​លក្ខណៈ​ ប្រព័ន្ធ»។ លោក​បន្ត​ថា​៖«ពួក​គេ​គ្មាន​សិទ្ធិ​ធ្វើ​បែប​នោះ​ឡើយ​។ មនុស្ស​គ្រប់​គ្នា​បាន​មើល​ឃើញ​ពី​សកម្ម​ភាព​របស់​ក្រុម​សន្តិសុខ ប្រព្រឹត្តខ្លួន​ដូច​ជា​ជន​ពាល​»។
លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សា​លា​រាជ​ធានី​​ មិន​អាច​ទាក់ទង​សុំ​អធិប្បាយ​បាន​ទេ៕

No comments:

Post a Comment