អាដហុក៖ ទំនាស់ដីធ្លីកាន់តែមានលក្ខណៈស្រួចស្រាវ ហើយការតវ៉ាកាន់តែមានចំនួនកើនឡើង
លោកធន សារាយ ប្រធានសមាគមអាដហុក ក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ដីធ្លី
RFI/Menhour Ly
អត្ថបទចុះផ្សាយនៅថ្ងៃ ព្រហស្បតិ៍ 14 កុម្ភៈ 2013
នៅ ព្រឹកថ្ងៃព្រហស្បតិ៍នេះ សមាគមសិទ្ធិមនុស្ស អាដហុក បានផ្សព្វផ្សាយនូវរបាយការណ៍ដីធ្លី បង្ហាញថា ឆ្នាំ២០១១ ជាឆ្នាំមានកំណើនដ៏ខ្ពស់ នៃចំនួនសម្បទានដីសេដ្ឋកិច្ច ផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា ទៅឲ្យក្រុមហ៊ុនឯកជន។ រីឯឆ្នាំ២០១២ ទំនាស់ដីធ្លី កាន់តែមានលក្ខណៈស្រួចស្រាវ ហើយការតវ៉ាកាន់តែមានចំនួនកើនឡើង។ តាមរបាយការណ៍ មកទល់នឹងចុងខែធ្នូ ឆ្នាំ២០១២ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ ឬបម្រុងផ្តល់ ដីយ៉ាងតិចណាស់ជាង ២,៦ លានហិកតា ទុកឲ្យក្រុមហ៊ុនឯកជន ក្រោមគម្រោងសម្បទានដីសេដ្ឋកិច្ច។ក្នុងឆ្នាំ២០១២ អាដហុក ក៏បានកត់ត្រាថា មានប្រជាពលរដ្ឋ ២៣២ នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងបញ្ហាលំនៅដ្ឋាន និងដីធ្លី។ បើគិតត្រឹមថ្ងៃ៣១ធ្នូ ឆ្នាំ២០១២ មានប្រជាពលរដ្ឋ ៣៨ នាក់ កំពុងស្ថិតក្នុងពន្ធនាគារ និង ៥០ នាក់ កំពុងរត់គេចខ្លួន។ របាយការណ៍ ក្រោមចំណងជើងថា “ផ្លូវរបត់? សិទ្ធិដីធ្លី សិទ្ធិលំនៅដ្ឋាន និងសិទ្ធិធនធានធម្មជាតិ នៅកម្ពុជា” ត្រូវបានសមាគម អាដហុក បោះពុម្ព និងចែកផ្សាយដល់អ្នកកាសែត នៅថ្ងៃព្រហស្បតិ៍ ទី១៤កុម្ភៈ ឆ្នាំ២០១៣។របាយការណ៍ កម្រាស់ ៥៦ទំព័រ ជាភាសាខ្មែរ និងអង់គ្លេស បង្ហាញថា មកទល់ចុងខែធ្នូ ឆ្នាំ២០១២ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ ឬបម្រុងផ្តល់ ដីយ៉ាងតិចណាស់ ២.៦៥៧.៤៧៩ ហិកតា ទុកឲ្យក្រុមហ៊ុនឯកជន ក្រោមគម្រោងសម្បទានដីសេដ្ឋកិច្ច។ ចំនួននេះ កើនឡើង ១៦,៧% បើធៀបនឹងឆ្នាំ២០១១។ លោក ធន សារាយ ប្រធានសមាគម អាដហុក បានលើកឡើងថា បើទោះជាមានសេចក្តីប្រកាសស្តីពីការផ្អាកបណ្តោះអាសន្នលើការផ្តល់ សម្បទានដីសេដ្ឋកិច្ចក៏ដោយ ក៏ក្នុងឆ្នាំ២០១២កន្លងមកនេះ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ ចំនួន ៦៦ បម្រុងដីចំនួន ៣៨១.១២១ ហិកតា សម្រាប់សម្បទានដីសេដ្ឋកិច្ច។ តាមរបាយការណ៍ សម្បទានដី ដែលបានផ្តល់ឲ្យក្រុមហ៊ុនថ្មីៗនេះ ភាគច្រើនប៉ះពាល់លើតំបន់ការពារ។ក្នុង ឆ្នាំ២០១២ សមាគម អាដហុក ក៏បានទទួលវិវាទដីធ្លី ចំនួន ៧០ ករណី ប៉ះពាល់ផ្ទៃដីសរុប ជាង ១០១.៤០៨ ហិកតា និងមានប្រជាពលរដ្ឋ ១០.៦៨៩ គ្រួសារ។ ខេត្តដែលទទួលរងផលប៉ះពាល់ដីធ្លីច្រើនជាងគេ មាននៅខេត្តបាត់ដំបង កំពង់ចាម កំពង់ធំ កោះកុង ក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តសៀមរាប។
ក្នុងឆ្នាំ២០១២ អាដហុក ក៏បានកត់ត្រាថា ប្រជាពលរដ្ឋ ២៣២ នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងបញ្ហាលំនៅដ្ឋាន និងដីធ្លី។ ពោលគឺកើន ១៤៤% បើធៀបនឹងឆ្នាំ២០១១។ គិតត្រឹមថ្ងៃ៣១ធ្នូ ឆ្នាំ២០១២ មានប្រជាពលរដ្ឋ ៣៨ នាក់ កំពុងស្ថិតក្នុងពន្ធនាគារនៅឡើយ និង ៥០ នាក់ កំពុងរត់គេចខ្លួន។
រឿងក្តីល្បីៗ មួយចំនួន ក៏ត្រូវបានអាដហុក លើកបង្ហាញក្នុងរបាយការណ៍ ដែលរួមមាន ការជំនុំជម្រះលោកម៉មសូណង់ដូ តំណាងអ្នកភូមិបឹងកក់ បូរីកីឡា និងករណីឃាតកម្មលើសកម្មជនបរិស្ថាន លោក ឈុត វុទ្ធី ជាដើម។
ក្នុងឆ្នាំ២០១២ បុគ្គលិកសិទ្ធិមនុស្ស ក៏បានមើលឃើញ ការបង្ក្រាបទៅលើការតវ៉ាដោយសន្តិវិធី និងការបៀតបៀនទៅលើសកម្មជនសិទ្ធិលំនៅដ្ឋាន និងសិទ្ធិដីធ្លីផងដែរ។
នៅឆ្នាំ២០១២ អាដហុក បានកត់ត្រាថា រាជរដ្ឋាភិបាល បានផ្តល់សម្បទានដីសង្គមកិច្ច ៣៨ កន្លែង គ្របដណ្តប់លើផ្ទីដីជាង ១ សែនហិកតា ដែលច្រើនជាងពីរដង បើធៀបនឹងឆ្នាំ២០១១។
ប្រធានសមាគមអាដហុក លោក ធន សារាយ ក៏បានស្វាគមន៍ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលបានចាត់តាំងក្រុមយុវជន ចុះវាស់វែង ធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី ចែកជូនប្រជាពលរដ្ឋ ចាប់តាំងពីខែមិថុនា ឆ្នាំ២០១២។ តែលោកធនសារាយ បានទទូចឲ្យក្រុមយុវជនទាំងនោះ វាស់វែង និងធ្វើប្លង់កម្មសិទ្ធិដីធ្លី ដល់ប្រជាពលរដ្ឋ ដែលមានទំនាស់ រួមទាំងអ្នកមានបញ្ហាដីធ្លី នៅភ្នំពេញ ជាពិសេសជនជាតិដើមភាគតិច ក៏គួរតែរដ្ឋាភិបាល ផ្តល់កម្មសិទ្ធិដីធ្លី ជាសមូហភាពផងដែរ៕
No comments:
Post a Comment