Monday, February 18, 2013


សហគមន៍​មាន​ជម្លោះ​ដីបិទ​ច្រក​ចូល​ក្រសួង​យុត្តិធម៌​ជំរុញ​ឲ្យ​ដោះលែង​សកម្ម​ជន ​​

បោះពុម្ព
bkl-in-front-of-justice-ministry-khorn
ប្រជាសហគមន៍ដែលមានវិវាទដីធ្លីតវ៉ានៅមុខ​សាលាឧទ្ធរណ៍​ទាមទារឲ្យដោះលែង​អ្នក​ស្រី​ យ៉ោម បុប្ផា (រូបថត ញឹម សុខន)
"ប្រជាពលរដ្ឋគ្រាន់​តែ​ការ​​ពារ​ផ្ទះ ការ​ពារ​សិទ្ធិ​ខ្លួន​ឯង ត្រូវ​ជាប់​នៅ​ពន្ធ​នាគារ តើយុត្តិ​ធម៌​នៅ​ឯណា​សម្រាប់ប្រជា​ពលរដ្ឋ សូម​ក្រសួងយុត្តិធម៌​ជួយ​រក​យុត្តិ​ធម៌​ឲ្យ​ប្រ​ជា​ពលរដ្ឋ​ផង"។
ប្រជា​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី​ នៅរាជ​ធានី​ភ្នំពេញ ជិត​ ១០០​នាក់ នៅថ្ងៃ​ចន្ទនេះ ​បាន​នាំគ្នា​អង្គុយ​បិទ​ច្រ​កចេញចូល ​ក្រសួង​យុត្តិ​ធម៌ ​ជិត​ព្រះ​បរមរាជ​វាំង ​ដើម្បី​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ដោះលែង​សកម្ម​ជន​​ដី​ធ្លី​ គឺអ្នក​ស្រី យ៉ោម បុប្ផា ពីពន្ធ​នាគារ។
ការ​ជំរុញ​នេះបាន​ធ្វើឡើង ​បន្ទាប់​ពី​ទណ្ឌិ​តជាង ៤០០នាក់ រួម​ទាំង​បរទេស​ផង ត្រូវ​បាន​ក្រសួង​យុត្តិធម៌​ដោះលែង ​និង​លើកលែង​ទោស ក្នុង​​​ពិធី​​ថ្វាយ​ព្រះភ្លើង​ព្រះ​បរមរតន​កោដ្ឋ​ សម្តេច​សីហនុ នៅ​ដើម​​ខែ​កុម្ភៈ​​​នេះ។
​ក្រុម​អ្នក​តវ៉ា​ទាំង​នោះ ម​កពី​ស​ហគមន៍​​បឹង​កក់ អតីត​បុរីកីឡា ថ្ម​គោល។ ពួកគេ​មាន​កាន់​ផ្កា​ឈូក ពា​ក់រូប​សកម្មជន​ដីធ្លីនៅ​លើ​ក្បាល​គ្រប់ៗ​គ្នា​ និង​​លើក​​ពុទ្ធ​​រូប ​ស្រែក​តាម​ឧបករណ៍​​បំពង​​សំឡេង​​​​បែ​រ​ទៅរក​ក្រសួង​យុត្តិធម៌ ​ដោយ​​ជំរុញ​ឲ្យ​ក្រសួង​​នេះ ​អន្តរា​គមន៍​​​ដោះលែង​តំណាង​ពួកគេចេញ​ពីពន្ធនាគារ។
ស្តាប់សំឡេង៖​   
ក្រុម​អ្នក​តវ៉ា​អះអាង​ថា អ្នកស្រី យ៉ោម បុប្ផា សកម្មជន​ដីធ្លី​នៅតំបន់​បឹងកក់​ គ្រាន់តែ​ជា​សកម្មជន​ដីធ្លី ដែល​តស៊ូមតិ​ដោយ​សន្តិវិធី ប្រឆាំង​នឹង​ការ​បណ្តេញ​ចេញ​តែ​ប៉ុណ្ណោះ​មិន​​គួណា​ដាក់​ទោស​គាត់​នោះទេ​ ៖ "ដោះលែង​អ្នក​ស្រី​យ៉ោម បុប្ផា​ ជាបន្ទាន់​ គាត់​គ្មាន​កំហុស​ទេ"។
តំណាង​អ្នកភូមិ​អ្នកស្រី ទេព វន្នី អះអាង នៅកន្លែង​តវ៉ាថា ការ​​គ្មា​ន​វត្តមាន​សកម្មជន​ដីធ្លី​នៅពេល​​លើក​លែង​ទោស ​ជា​ភស្តុ​តាង​មួយ​ទៀត​​បង្ហាញ​​ថា ប្រព័ន្ធ​​យុត្តិ​ធម៌​​នៅ​កម្ពុជា​​មិន​​ឯក​រាជ្យ​ ហើយ​មិន​គោរ​ព​សិទ្ធិ​មនុស្ស និង​​សិទ្ធិ​រស់​នៅ​របស់​ពលរដ្ឋ​ ដែល​អ្នក​ស្រី​​ថា ផ្ទុយ​នឹង​អ្វី​ដែល​រដ្ឋា​ភិបាល ធ្លាប់​ផ្តល់ស​ច្ចាប័ន​ជាមួយ​អង្គការ​សហប្រជាជាតិ​ស្តី​ពីលិទ្ធិ​ប្រជាធិបតេយ្យ ៖ "អ្នក​ទោស​ដែល​ប្លន់​ អ្នក​ទោស​ដែល​សម្លាប់​មនុស្ស អ្នក​ទោស​ដែល​ជួញ​គ្រឿង​ញៀន បែរ​ជា​មាន​ឱកាស ក្រសួង​យុត្តិ​ធម៌ លើក​លែង​ទោស​នៅ​​ពេល​បុណ្យ​​បូជា​សព​សម្តេ​ចឪ តែ​ចំពោះ​អ្នក​ស្រី​ យ៉ោម បុប្ផា គឺ​អត់​មាន គឺ​វា​អយុត្តិ​ធម៌​បំផុត​​ សម្រាប់​ពួក​ខ្ញុំទាំង​អស់​គ្នា​ដែល​ជា​ប្រ​ជា​ពលរដ្ឋ​រង​គ្រោះ ជា​ពិសេស​អយុត្តិ​ធម៌​បំផុត​ សម្រាប់​អ្នក​ស្រី​ យ៉ោម បុប្ផា​ ហ្នឹង​តែ​ម្តង"។
អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក សំ ប្រជាមានិត មិន​ធ្វើអត្ថា​ធិប្បាយ​ជុំវិញ​ការលើក​ឡើង​របស់​ក្រុម​អ្នក​តវ៉ាទេ ​ដោយ​អះ​អាង​​ថា ​កំពុង​​ជាប់​រវល់។
អ្នកស្រី​ យ៉ោម បុប្ផា ត្រូវ​តុលាការ​កាត់​ឲ្យ​ជាប់​ពន្ធនាគារ ៣ឆ្នាំ ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា។ មក​ដល់​ពេល​នេះ ​អ្នកស្រី​ជាប់​ពន្ធនាគារ​ជា​ង ៥ខែ​​ហើយ។
ការ​ចោទ​ប្រកាន់​នេះ ​ត្រូវ​បាន​សហគមន៍​ជាតិ និងអន្ត​រជាតិ​ចាត់​ទុកថា ជាការ​បំបាក់​ស្មារតី​សកម្មជន​ដីធ្លី និ​ងបំបិទ​សេរីភាព​បញ្ចេញ​​មតិ និង​អំពាវនាវ​ឲ្យមាន​ការ​ដោះលែង។
របាយការ​អង្គការ​សង្គម​ស៊ីវិល​ចំនួនពីរ​ គឺអង្គការលីកាដូ និងអាដហុក ចេញ​ផ្សាយ​នៅឆ្នាំ២​០១៣នេះ បង្ហាញថា ជម្លោះ​ដីធ្លី​នៅ​ឆ្នាំ​​២០១២​នេះ ស្ថិត​​ក្នុង​​ស្ថាន​ភាព​​ធ្ងន់​ធ្ងរ បើទោះ​បី​រដ្ឋាភិបាល ធ្វើកំណែ​ទម្រង់​​​ដីធ្លី​ក៏ដោយ ​។ របាយ​​ការណ៍​បង្ហាញថា មានស​កម្ម​ជន ដីធ្លី ២៣២​នាក់ ត្រូវចាប់​ខ្លួន៣៨នាក់​ កំពុង​ជាប់ពន្ធនាគារ ​និង ៥០​នាក់​​កំពុង​រត់​គេច​ខ្លួន៕

No comments:

Post a Comment