Sunday, February 17, 2013


លីកាដូ​៖ ស្ថានភាព​សិទ្ធិមនុស្ស នៅ​ឆ្នាំ​២០១២ នៅ​កម្ពុជា មាន​សភាព​អាប់អួរ​ខ្លាំង

រូបភាពស្តីពីពួកអាជ្ញាធរក្រុងភ្នំពេញប្រើហឹង្សាបណ្តេញបង្ខំប្រជាពរដ្ឋដើម្បីប្លន់ផ្ទះ និងដី ព្រមទាំងការទាមទាររកយុត្តិធម៌របស់ប្រជាពលរដ្ឋរងគ្រោះ។
(ថ្ងៃទី 16 កុម្ភៈ 2013, ម៉ោង 03:45:PM) | ដោយ: រតនា CEN
ភ្នំពេញ: ស្ថានភាព​សិទ្ធិមនុស្ស នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១២ ត្រូវបាន​អង្គការ លីកាដូ លើកឡើងថា មាន​សភាព​អាប់អួរ​ខ្លាំង ជាពិសេស គឺ​ឆ្នាំ​២០១២ ជា​ឆ្នាំ ដែល​មាន​អំពើ​ហិង្សា​ខ្លាំង​បំផុត ក្នុងចំណោម​ឆ្នាំ ដែល​បាន​កត់ត្រា​លើ​ករណី នៃ​ការប្រើប្រាស់​កម្លាំង​អាវុធ​ខ្លាំងក្លា របស់​អាជ្ញាធរ មក​លើ​សកម្មជន​នានា និង​ជា​ឆ្នាំ ដែល​ស្ថិត​ក្នុង​ការពិនិត្យ​ឡើងវិញ​។ ក៏ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល បានចាត់ទុក​របាយការណ៍​សិទ្ធិមនុស្ស របស់​លីកាដូ ថា​ជា​រឿង​នយោបាយ ច្រើន​ជាង​សិទ្ធិមនុស្ស​។​


​របាយការណ៍​របស់​អង្គការ លីកាដូ ដែល​បាន​ផ្សព្វផ្សាយ កាលពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៣ បង្ហាញថា នៅ​ឆ្នាំ​២០១២ មានការ​ស្លាប់​ចំនួន ៤ នាក់ ដែល​ទាក់ទង​នឹង​ជម្លោះ​ទៅលើ​ធនធាន​ធម្មជាតិ ការកើនឡើង​នូវ​ភាពភ័យខ្លាច និង​ការបំផិតបំភ័យ ព្រមទាំង​មាន​ការចាប់ខ្លួន​សកម្ម​ជន​មួយចំនួន​។

​ ករណី​តុលាការ​កាត់ទោស​លោក ម៉ម សូណង់ដូ ឃាតកម្ម​លើ​សកម្មជន​បរិស្ថាន លោក ឈុត វុទ្ធី អ្នកកាសែត​ដែល​ធ្វើការ​ទាក់ទង​នឹង​ការកាប់​ឈើ​ខុស​ច្បាប់​ម្នាក់ ត្រូវបាន​គេ​ធ្វើឃាត នៅ​ខេត្ត​រតនៈគិរី រួម​ទាំង​ករណី​លោក ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត បាញ់រះ មកលើ​ក្រុមបាតុករ​រោងចក្រ​កាត់ដេរ ក៏​ត្រូវបាន​អង្គការ លីកាដូ កត់ត្រា ក្នុង​របាយការណ៍​រំលោភ​សិទ្ធិមនុស្ស ប្រចាំឆ្នាំ​២០១២ ផងដែរ​។​
​យ៉ាងណាក៏ដោយ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​លើកឡើង​ថា វិធី​វាយ​តម្លៃ​របស់​អង្គការ លីកាដូ ជា​វិធី​មួយ​អត្តនោម័ត ផ្គាប់ចិត្ត​អ្នកណា​មួយ ដោយ​មើលរំលង​អំពី​សភាព​ការពិត​។

​លោក ឱម យ៉ិនទៀង បាន​ទទួលស្គាល់ថា “​យើង​នៅ​មាន​បញ្ហា​អំពី​សិទ្ធិមនុស្ស ប៉ុន្តែ​បញ្ហា​ពិតប្រាកដ​របស់​យើង គេ​ច្រើន​តែ​មើលរំលង ឯ​បញ្ហា​អ្វី​ដែល​យើង​ធ្វើ​ល្អ បែរ​ជា​គេ​និយាយថា វា​នៅ​មាន​បញ្ហា​វិញ​។ តើ​គាត់​ធ្វើ​សិទ្ធិមនុស្ស​ដើម្បី​អ្វី​? ក្នុងពេល​ដែល​រដ្ឋាភិបាល ធ្វើក​កិច្ចការ​សិទ្ធមនុស្ស ដើម្បី​ប្រជាជន​កម្ពុជា ក្នុង​ការរស់នៅ​កាន់តែ​ងាយស្រួល កាន់តែ​ល្អ​ឡើង​របស់​ប្រជាជន​កម្ពុជា បែរ​ជា​គាត់​មិនបាន​ធ្វើ​កិច្ចការ​សិទ្ធិមនុស្ស ដើម្បី​ប្រជាជន​កម្ពុជា ហាក់ដូចជា​ធ្វើ​សម្រាប់​តែ​បុគ្គល​ណា​ម្នាក់​តែ​ប៉ុណ្ណោះ​នោះ​ឯង​”​។​

​ ទាក់ទង​នឹង​ករណី​លោក ម៉ម សូណង់ដូ ត្រូវបាន​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបញ្ជាក់​ថា លោក​ជឿថា លោក ម៉ម សូណង់ដូ មាន​ប្រព្រឹត្ត​បទល្មើស​របស់​គាត់ បើ​គ្មាន​ទេ​តុលាការ មិន​អាច​ដាក់ទោស​គាត់​បានទេ​។ ការកាត់ទោស​លោក ម៉ម សូណង់ដូ មិនមែន​ជា​ការកាត់ទោស​បិទទ្វារ​ទេ គឺ​ការកាត់ទោស​បើកទ្វារ​ចំហរ​។

​ លោក ឱម យ៉ិនទៀង បាន​បន្តថា "​អ្នក​ដែល​រិះគន់​នោះ​មិន​ដែល​និយាយថា ខុស​មាត្រា​ណា​ទេ គឺ​គេ​និយាយ​ពី​ការខុស​ចិត្ត​របស់​គេ​ទៅវិញ​។ ប៉ុន្តែ​រដ្ឋាភិបាល​សង្ឃឹម​ថា ករណី​នេះ​សាលាឧទ្ធរណ៍ នឹង​ពិនិត្យ​ល្អិតល្អន់​ថែមទៀត ពីព្រោះ​មាន​បី​ថ្នាក់ បើសិនជា​សាល​ដំបូង​ធ្វើការ​ដូច្នេះ​ហើយ យើង​គ្មាន​សិទ្ធិ​អ្វី​ទៅ​ត្រួតត្រា​លើ​ក្បាល​តុលាការ​បាន​ទេ​។ ប៉ុន្តែ​យើង​សង្ឃឹមថា នៅពេល​ដែល​ទៅ​ឧទ្ធរណ៍ យើង​ក៍​សំណូមពរ​សូម​ឲ្យ​ចៅក្រម នៅ​ឧទ្ធរណ៍ ពិនិត្យមើល​ថែមទៀត ពីព្រោះ​ថា​យើង​ក៍​ចង់ឲ្យ​គេ​ស្តាប់​សំឡេង​គ្រប់​ទិសទី មើល​ឯកសារ​ផ្ទៀងផ្ទាត់​ទាំង​យុត្តិធម៌​ច្បាប់ និង​យុត្តិធម៌ នៅក្នុង​សង្គម​ដើម្បី​ពិនិត្យ​ពិចារណា បើសិនជា​សាលាឧទ្ធរណ៍​ពិនិត្យ​ឃើញ​យ៉ាង​ដូចម្តេច​ទៀត ហើយ​បើសិនជា​មិន​សុខ​ទៀត គេ​អាច​បន្ត​ទៅ​កំពូល​ថែមទៀត​ដែរ​។ ហើយ​នឹង​សង្ឃឹមថា នៅ​កំពូល​ដែរ លោក​នឹង​ពិនិត្យ​ទាំង​ទិដ្ឋភាព​យុត្តិធម៌ នៃ​ច្បាប់ និង​យុត្តិធម៌​ក្នុងសង្គម ត្រូវមាន​ការថ្លឹងថ្លែង​ថា តើ​សង្គម​គេ​ចង់​បាន​យ៉ាង​ដូច្នេះ​ទៀត លើ​បញ្ហា​នេះ​"​។​

​លោក ឱម យ៉ិនទៀង បាន​បន្តទៀតថា “​រឿង​បញ្ហា​ដែល​គាត់​លើក​នេះ ខ្ញុំ​គិតថា វា​នយោបាយ ច្រើន​ជាង​សិទ្ធមនុស្ស​។ របាយការណ៍​គាត់​ហ្នឹង (​លីកាដូ​) ខ្សោយ អំពី​គោលបំណង​បម្រើ​សិទ្ធិមនុស្ស វា​ទៅ​ជា​មានការ​ពោរពេញ​ទៅ​ដែរ អំពី​គោលបំណង​នយោបាយ​បម្រើ​អ្នកណា​ពិតេ​ប៉ុណ្ណោះឯង​”៕

No comments:

Post a Comment