Saturday, January 26, 2013


សង្គ​មស៊ីវិល៖ ភាព​ជាប់​គាំង​នៃ​ដំណោះ​ស្រាយ​ជម្លោះ​ដីបឹងកក់​មក​ពី​ទំនាស់​ផល​ប្រយោជន៍​

បោះពុម្ព
អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ដែល​រងគ្រោះ ​ដោយសារ​ជម្លោះ​ដីធ្លី​ អះអាង​​ថា ​ជម្លោះ​ដីធ្លី​​ដែល​អូស​បន្លាយ នៅតំបន់​បឹងកក់​ ដោយ​​សារ​​មាន​​ជាប់​​ពាក់​​ព័ន្ធ​​នឹង​​ផល​​ប្រយោជន៍​​មន្ត្រី​​មាន​​អំណាច។​
មន្ត្រី​ស៊ើប​អង្កេត​ជាន់ខ្ពស់ នៅអង្គការ​​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ជម្លោះ​ដីធ្លី នៅតំ​បន់​បឹងកក់ ដែល​អូស​បន្លាយ​ ៥ឆ្នាំ​មកនេះ ​ដោយ​សារ​អាជ្ញាធរ​ពាក់ព័ន្ធ មិន​យក​អនុ​ក្រឹត្យ​របស់​រាជ​រដ្ឋា​ភិ​បាល ទៅ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធិ​ភាព។ លោក​ថា ភាព​អល់​​ឯក​​​នោះ​ ដោយសារ​មាន​ទំនាស់​​ផល​ប្រយោជន៍​​របស់​មន្ត្រី​មាន​​អំណាច ​ឬមាន​អំពើពុ​ករលួយ​នៅក្នុង​នោះ។
ស្តាប់សំឡេង៖     
លោក អំ សំអាត អះ​អាង​​ថា បើ​ជម្លោះ​​​ដី​នៅ​​តំបន់​​បឹង​កក់​ មិន​ត្រូវ​ដោះស្រាយ ​ឈរ​លើ​​ស្មារតី​​ឯក​រាជ្យ និង​យុត្តិធម៌ទេ ​លោកថា ​គំរូ​អាក្រក់​​នេះ ​នឹង​​គំរាម​កំហែង​ដល់​សហគមន៍​ដែល​​មាន​ជម្លោះ​ដីធ្លី​​ដទៃ​ទៀត​​ក្នុង​ប្រទេស​កម្ពុជា៖ "ករណី​បឹង​កក់​នេះ​ គឺ​ជា​ករណីសិក្សា​ទី​មួយ​នៃចំណុច​បេះ​ដូង​រាជ​ធានីភ្នំពេញ​  ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទំនាស់ដី​ធ្លីជា​បន្ត​ទៅទៀត​ បើ​តំបន់​បឹង​កក់​នេះដោះ​មិន​ចប់​ កន្លែង​ដ៏​ទៃ​ទៀតក៏​គេអាច​អនុវ​ត្ត​តាម​គំរូ​ហ្នឹង ហើយ​បញ្ហា​នៃអំពើ​ហិង្សា​​​​​ បញ្ហា​នៃការចាប់ខ្លួន ដី​កា​ចោទប្រកាន់​ និង​មាន​បន្ត​ទៅទៀត​ផងដែរ"។
នាយក​លេខាធិការ​ដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​​លំនៅឋាន លោក សៀ ភារម្យ ពន្យល់ថា ការ​ជាប់​គាំង​នៃ​ដំណោះ​ស្រាយ​ជម្លោះ​​ដី​បឹង​កក់​​នោះ ​បណ្តាល​មកពី​ការ​អនុវត្ត​ច្បាប់​​នៅ​​កម្ពុជា​ នៅ​​មាន​កម្រិត​​ ហើយ​អ្ន​កមាន​​អំណាច និង​អ្នក​មានប្រាក់ ​ដែល​មាន​​កំហុសមិ​នអាច​​យក​​ទៅកាត់​ទោសបាន៖ "វា​មាន​ការ​លំបាក​ដែរ​ សម្រាប់រដ្ឋា​ភិបាល​ បើ​សិន​ជា​អនុវត្ត​វា​ឲ្យ​រីក​តាម​ច្បាប់​​​ឲ្យ​មែន​ទែន​ទៅ​វា​ប៉ះសាច់​ឯង ប៉ះញាតិ​ឯង ប៉ះ​ក្រុម​ខ្លួន​ឯង​ ហៅ​ថា​​ការ​ដឹក​នាំ​ ដោយសារ​ការគ្រប់គ្រងបែប​គ្រួសារ​និយម​​ បែប​បក្សពួក​និយម​ហ្នឹង​ហើយ វា​ធ្វើ​ឲ្យ​ប្រព័ន្ធ​ទំាង​មូលវាអត់​ដំណើរ​ការ​​"។
តំណាង​អ្នក​ភូមិបឹងកក់ អ្នកស្រី ហេង មុំ ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​​ជាង ១ខែ ដោយសា​រ​ប្រឆាំង​នឹងការ​បណ្តេញ​ចេញ ​អះអាង​ថា ពលរដ្ឋ​ក្រីក្រ មិន​ត្រូវ​បាន​គាំពារ​ដោយ​ច្បាប់​ទេ ដូច​ជា​ផ្ទះ​ ៨ខ្នង​ នៅ​បឹងកក់​​​ត្រូវ​​​បាន​​ក្រុម​​ហ៊ុន​​យក​​គ្រឿង​​ចក្រ​​មក​វាយ​កម្ទេច​ចោល តាំង​ពី​ឆ្នាំ​២០១១ ដោយ​អត់​ផ្តល់​សំណង ហើយ​អ្នក​រង​គ្រោះដែ​លចេញ​​តវ៉ាត្រូវ​ចាប់​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់​៖ "ខ្ញុំ​យល់​ថា បើ​សិនជា​សម្តេច​យល់​ឃើញ​ថា ប្រជា​ពលរដ្ឋ​ពួក​ខ្ញុំ​រស់​នៅ​បឹង​កក់​ ជា​ប្រជា​ជន ជា​កូន​ចៅ​របស់​គាត់​ គួ​រតែគាត់​ចាត់​វិធាន​ការ​ឲ្យ​បាន​តឹង​រឹង​មក​លើ​សាលា​រាជ​ធានីភ្នំពេញ​ ដើម្បី​ឲ្យ​ផ្តល់​ប្លង់​កម្ម​សិទ្ធិ នឹង​បោះ​ព្រំ​ប្រទល់​ដោះ​លែង​សកម្ម​ជន​​ដី​ធ្លី​ឲ្យ​បាន​ឆាប់ទៅ​ នឹង​វាបញ្ចប់​ជម្លោះ​ហើយ​​ ហើយ​អ្នក​ដែល​ជួយ​ខ្ញុំ​បានគឺមាន​តែ​សម្តេចនាយកទេ​"។
​ករណី​ជម្លោះ​បឹងកក់​​នេះ ត្រូវបាន​រាជ​រដ្ឋាភិបាលប​ញ្ជា​​ឲ្យសាលា​រាជ​ធានីភ្នំពេញ​ ជាអ្ន​ក​ទទួល​​បន្ទុក​​ដោះ​ស្រាយ បន្ទា​ប់​ចេញ​អនុ​ក្រឹត្យ​​កាត់​ដី​ទំហំជាង ១២ហិកតា​ ទុក​ឲ្យ​ពលរដ្ឋ​រស់​​កន្លែង​​ដដែល​។
VOD មិនអាច​សុំ​អត្ថា​ធិប្បាយ​ពីអ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បាន​ទេនៅ​ថ្ងៃ​សុក្រនេះ ដោយលោក​អះ​អាង​​ថា ​កំពុង​​ជាប់​​រវល់។ ប៉ុន្តែ​​កន្លង​​មក​ មន្ត្រី​​រូប​​នោះ​​ធ្លាប់​​អះ​អាង​​ថា ​អាជ្ញាធរ​​បាន​​ធ្វើ​​ប័ណ្ណ​​កម្ម​​សិទ្ធិ​​ជូន​​ពល​រដ្ឋ​​បាន​​ជាង ៦០០​គ្រួសារ​​ហើយ លើក​​លែង​​តែ​ពល​រដ្ឋ​ជាង​ ៦០គ្រួសារ​ទៀត​​ប៉ុ​ណ្ណោះ ​ដែល​​កំពុង​ដោះ​ស្រាយ​ដោយ​សារ​អ្នក​ទាំង​នោះ​​នៅ​ក្រៅ​ទំហំ​ដី​​ក្នុង​​អនុ​ក្រឹត្យ​។ តែ​​ពល​រដ្ឋ​បដិសេធ៕

No comments:

Post a Comment