នគរបាលជាតិ២នាក់ត្រូវដកចេញពីតំណែងដោយសារបាញ់ពលរដ្ឋជំរិតទារប្រាក់
ដោយ សុខ សេរី
2013-01-29
អគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ នេត្រ សាវឿន នៅថ្ងៃទី២៩ មករា សម្រេចបណ្ដេញមន្ត្រីនគរបាលជាតិ ២នាក់ ចេញពីការងារ និងក្របខ័ណ្ឌនគរបាលជាតិ ដោយសារតែបានរកឃើញថា មន្ត្រីទាំងពីរនាក់នោះបានបាញ់អាជីវករដឹកបន្លែម្នាក់រងរបួសធ្ងន់ ដើម្បីជំរិតទារប្រាក់ ២ពាន់រៀលថ្មីៗនេះ។
ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជូនមន្ត្រីនគរបាលជាតិទាំងពីរនាក់នោះទៅឲ្យសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមករា ដើម្បីចោទប្រកាន់ជាផ្លូវការ និងឃុំខ្លួនក្រោមបទបង្ករបួសស្នាម និងបានប្រព្រឹត្តអំពើហិង្សានៃការបាញ់ប្រហារលើប្រជាពលរដ្ឋ ដោយគ្មានការអនុញ្ញាត និងគ្មានការចាត់តាំង ផ្ទុយពីការងាររបស់នគរបាលជាតិ។
មន្ត្រីនគរបាលជាតិទាំងពីរនាក់នោះមានឈ្មោះដូចតទៅ ទី១ ឈ្មោះ គង់ ណារ៉ា ជានគរបាលប៉ុស្តិ៍ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឋានៈព្រឹន្ទបាលឯក និងទី២ ឈ្មោះ យ៉ូ សុគា ជាមន្ត្រីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ឋានៈពលបាលឯក។
វិធានការបណ្ដេញចេញពីការងារភ្លាមៗនេះ គឺក្រោយពីអគ្គស្នងការនគរបាលជាតិ និងស្នងការនគរបាលរាជធានីភ្នំពេញ បានទទួលរបាយការណ៍ថា មន្ត្រីនគរបាលជាតិទាំងពីរនាក់នោះ បានធ្វើសកម្មភាពស្ទាក់ទារប្រាក់ពីអាជីវករម្នាក់ ឈ្មោះ ឌី វិចិត្រ អាយុ ២៩ឆ្នាំ ដែលបានដឹកបន្លែម្ទេស ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២៧ ខែមករា កន្លងទៅនេះ នៅវេលាម៉ោងជិត ១២យប់ ប៉ុន្តែគេបានបាញ់លើអាជីវករនោះ បណ្ដាលឲ្យរងរបួសធ្ងន់ នៅពេលមានហិង្សាពាក្យសម្ដី។
ការស្ទាក់បាញ់អាជីវករនោះ បានកើតឡើងនៅចំណុចផ្លូវជាតិលេខ៥ នៅម្តុំសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៩ ខែមករា ថា ការចាប់ខ្លួន និងការបណ្ដេញពីការងារនេះ គឺជាសារដ៏ខ្លាំងមួយជូនមហាជន ឲ្យយល់ថា អំពើនេះមិនអាចអត់ឱនបានទេ។
លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ៖ «ឲ្យយល់ថា អំពើ តួនាទី និងយល់អំពីភារកិច្ចរបស់ខ្លួន ថាតើត្រូវផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋបែបណា ហើយមិនអាចធ្វើអ្វីមួយដែលផ្ទុយបទបញ្ជា ឬក្រៅភារកិច្ចចាត់តាំងបានឡើយ ហើយក៏មិនអាចយកតួនាទី និងភារកិច្ច និងសិទ្ធិអំណាចរបស់ខ្លួនក្នុងនាមជាកងកម្លាំងប្រដាប់អាវុធ មកធ្វើការគាបសង្កត់ ឬក៏ប្រព្រឹត្តបទល្មើសមកលើប្រជាពលរដ្ឋបានទេ។ អីចឹងទេ គឺយើងអនុវត្តទាំងអស់គ្នាទៅតាមច្បាប់រដ្ឋធម្មនុញ្ញ ដែលថា ប្រជាជនគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់»។
ជាមួយគ្នានេះ ភរិយារបស់អាជីវកររងរបួស លោក ឌី វិចិត្រ្ត គឺអ្នកស្រី វ៉ាត ស្រីល័ក្ខ អាយុ ២០ឆ្នាំ បានថ្លែងថា អ្នកស្រីសុំឲ្យតុលាការផ្ដន្ទាទោសមន្ត្រីនគរបាលទាំងពីរនាក់នោះ ឲ្យបានតឹងរ៉ឹង៖ «ជិះមកដល់រង្វង់មូល ខេមខូ ស៊ីធី (Camco City) ហ្នឹង កន្លែងហ្នឹងមានកន្លែងប្រចាំការ កន្លែងហ្នឹងធ្លាប់ឲ្យលុយវារាល់ដង នៅថ្ងៃហ្នឹង ប្ដីខ្ញុំប្រញាប់យកអីវ៉ាន់ទៅឲ្យគេទៅ ក៏ហួសកន្លែងវាបន្តិចទៅ វាក៏ជិះតាម ប៉ូលិស ២នាក់ហ្នឹងជិះតាម ជិះតាមហើយក៏វាជេរថា អាចុយម្រាយ ម៉េចក៏ហ្អែងមិនឈប់បង់លុយឲ្យអញ។ ប្ដីខ្ញុំឮអីចឹង គាត់អត់ឈប់ទេ គាត់ប្រញាប់អីវ៉ាន់ផងអីផង វាក៏ជិះម៉ូតូទៅដល់មុន វាយកដុំថ្មគប់កញ្ចក់ឡាន។ ដល់ពេលគប់កញ្ចក់ឡានបែកហើយ ប្ដីខ្ញុំក៏ចុះមកមើលឡានខូចអ្វីខ្លះ ចុះមកក៏វាបាញ់ប្ដីខ្ញុំមួយគ្រាប់ទៅ ពាក់ឯកសណ្ឋានសមត្ថកិច្ច ហើយមកធ្វើអីចឹងដាក់ទៀត គ្រាន់តែលុយ ២.០០០រៀល ក៏វាអត់និយាយជាមួយស្រួលបួលទេ។ គាត់ជាមនុស្ស ហើយខ្ញុំក៏ជាមនុស្សដូចតែគ្នាទេ»។
អាជីវករឈ្មោះ ឌី វិចិត្រ្ត នោះត្រូវបានបាញ់ចំដោះខាងឆ្វេង របួសធ្ងន់ ហើយកំពុងតែសម្រាកព្យាបាលនៅឡើយ មិនអាចនិយាយបាន។
ចំពោះរឿងប៉ូលិស ប៉េអិម ឈរចាំទារយកលុយឡាន រថយន្តឈ្នួល និងឡានដឹកទំនិញនៅតាមផ្លូវ គេសង្កេតឃើញមានជាហូរហែ នៅប្រទេសកម្ពុជា សព្វថ្ងៃ៕
No comments:
Post a Comment