តើវាជាថ្ងៃទិវាសិទ្ធិមនុស្ស ឬអត់បើមានការរារាំង ឃាត់ខ្លួនសកម្មជន

លោក ណិប លី បុគ្គលិកជាន់ខ្ពស់ទទួលបន្ទុកផ្នែកកម្មវិធីពង្រឺងសិទ្ធិអំណាចសហគមន៍នៃអង្គការសិទ្ធិលំនៅដ្ឋាន ពេលត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនកាលពីម្សិលមិញ។ វីរៈ
ភ្នំពេញៈ ក្រុមអ្នកតវ៉ានិងប្រជាជនជាច្រើនបានសួរថា តើម្សិលមិញជាទិវាសិទ្ធិមនុស្សឬអត់?បន្ទាប់ពីមន្រ្តី អង្គការក្រៅរដ្ឋាភិបាលម្នាក់ត្រូវឃុំខ្លួនមួយរយៈ ហើយកងកម្លាំងសន្តិសុខបានធ្វើការរារំាងក្រុមអ្នកតវ៉ា និងបានបិទការប្រារព្ធពិធីប្រចាំឆ្នាំមួយនេះ។
មនុស្ស រាប់ពាន់នាក់បានដង្ហែក្បួនជុំវិញរាជធានី ចេញពីពហុកីឡដ្ឋានជាតិអូឡាំពិកទៅសួនសេរីភាព ដែលជាកន្លែងមនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នារំឭកខួប ៦៤ឆ្នាំ ចាប់តាំងពីសេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សជាសកល ត្រូវប្រកាសជាផ្លូវការឡើង។
ជាផ្នែកនៃព្រឹត្តិការណ៍នេះ ក្រុមសង្គមស៊ីវិលកម្ពុជា បានសង្កត់ធ្ងន់ទៅលើបញ្ហាសិទ្ធិមនុស្ស និងបញ្ហាដែលពាក់ព័ន្ធនឹងការអភិវឌ្ឍពាណិជ្ជកម្ម ដោយស្នើសុំឲ្យរដ្ឋាភិបាល បង្កើតគោលនយោបាយមួយដែលការពារពលរដ្ឋ ដែលកំពុងប្រឈមនឹងការអភិវឌ្ឍ និងការវិនិយោគពីសំណាក់ ជនបរទេស។
លោក ឈិត សំអាត នាយកប្រតិបត្តិនៃវេទិកាអង្គការក្រៅរដ្ឋាភិបាល បានថ្លែងថា រដ្ឋាភិបាលចាំបាច់ត្រូវប្រកាន់ខ្ជាប់ទៅតាមស្តង់ដារ សិទ្ធិមនុស្សអន្តរជាតិ ជាពិសេស នៅពេលខ្លួនអនុម័តលើកិច្ចសន្យាពាណិជ្ជកម្មដែលនាំឲ្យមានការ បណ្តេញចេញពីដីធ្លី។
លោក ឈិត សំអាត បានថ្លែងថា ៖ «ការរំលោភសិទ្ធិមនុស្សឆ្លុះបញ្ចាំង ពីសញ្ញាដ៏អាក្រក់សម្រាប់ពាណិជ្ជកម្ម ហើយសកម្មភាពបែបនេះ មិនត្រឹមតែប៉ះពាល់ដល់សហគមន៍នោះទេ ប៉ុន្តែ ក៏ធ្វើឲ្យអ្នកវិនិយោគបាត់បង់ទំនុកចិត្តមកលើកម្ពុជាផងដែរ»។
ពាណិជ្ជកម្មជាច្រើនដែលកំពុងវិនិយោគក្នុង ប្រទេសកម្ពុជា ក៏ត្រូវការ ការទទួលខុសត្រូវលើផលប៉ះពាល់ បណ្តាលមកពីគម្រោងរបស់ពួកគេមកលើប្រទេសកម្ពុជាផងដែរ។
សិទ្ធិការងារ រួមទាំងបញ្ហាពលករចំណាកស្រុក បញ្ហាសមភាពយេនឌ័រ និងពូជសាសន៍ ក៏ស្ថិតនៅក្នុងបញ្ជីអាទិភាពខ្ពស់ដែរ សម្រាប់អ្នកដែលចូលរួមព្រឹត្តិការណ៍កាលពីម្សិលមិញ នៅសួនសេរីភាព ប៉ុន្តែមនុស្សមួយក្រុមទៀត ក៏បានលើកឡើងផងដែរថា បញ្ហាសេរីភាពនៃការប្រមូលផ្តុំ គឺជាបញ្ហាបន្ទាន់ជាងគេ។
សមាជិកសហគមន៍ចំនួន៥ បានដង្ហែក្បួនពីបឹងកក់ ទៅទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីស្នើសុំរដ្ឋាភិបាលបញ្ចប់ការអភិវឌ្ឍណា ដែលនាំឲ្យមានការបណ្តេញចេញ ប៉ុន្តែ ពួកគេត្រូវបានរារាំងដោយនគរបាល និងកម្លាំងសន្តិសុខ ហើយធ្វើឲ្យមានការប៉ះទង្គិចគ្នា មានទាំងកុមារនៅក្នុងនោះផង។
លោក ណិប លី មន្រ្តីនៅក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន ត្រូវបានឃាត់ខ្លួនបន្ទាប់ពីបានថតរូបស្នងការនគរបាល រាជធានី លោក ជួន សុវណ្ណ។
លោក ណិប លី ត្រូវបាននាំយកទៅប៉ុស្តិ៍នគរបាលនៅជិតនោះធ្វើការសាកសួរ មួយរយៈខ្លី បន្ទាប់មកត្រូវបានដោះលែងវិញ នៅពេលនគរបាលដឹងថា គាត់ជាបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល។
លោក បន្តថា ៖ «ខ្ញុំបានឃើញលោក ជួន សុវណ្ណ និយាយទៅកាន់មន្រ្តីអង្គការក្រៅរដ្ឋាភិបាលឈ្មោះ អែ សារុំ ដូច្នេះ ខ្ញុំបានព្យាយាមថតរូបពួកគេ ប៉ុន្តែ ខ្ញុំមិនមានពេលវេលាគ្រប់គ្រាន់»។
ក្នុងអំឡុងឧប្បត្តិហេតុជាមួយគ្នានេះដែរ ស្រ្តីម្នាក់មកពីតំបន់បឹងកក់បានដួលទៅលើដី។
បុរស ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះនិយាយថា៖ «ខ្ញុំបានឃើញសន្តិសុខម្នាក់វាយស្រ្តីនោះត្រូវត្រង់ពោះ ហើយធ្វើឲ្យគាត់ដួលទៅលើដី»។
អ្នកស្រី ថៃ ណារី អាយុ៤៣ឆ្នាំ ជាអតីតប្រជាជនរស់នៅតំបន់បឹងកក់ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា នៅក្នុងខណ្ឌសែនសុខ មានសន្តិសុខ ចំនួនប្រហែល៥០នាក់ បានមករុះរើតង់ដែលប្រជាជននាំគ្នាធ្វើ ដើម្បីរំឭកទិវានេះ។
អ្នកស្រីបន្តថា៖ «ខ្ញុំមានការរន្ធត់ និងខកចិត្តណាស់»។ អ្នកស្រីបន្ថែមថា សន្តិសុខបានមករុះរើតង់នោះតែ២០នាទីមុន ពេលពិធីប្រារព្ធធ្វើឡើង។
អ្នកស្រីថ្លែងបន្តថា ៖ «ប្រជាជនភ័យខ្លាចចំពោះទង្វើនេះណាស់ ហើយខ្ញុំគិតថា វាជាការរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ»។ អ្នកស្រី ណារី បន្តទៀតថា អ្នកស្រីបានជម្រាបទៅអាជ្ញាធរសង្កាត់ និងខណ្ឌអំពីគម្រោងប្រារព្ធពិធីនេះ ប៉ុន្តែទោះយ៉ាងណាក៏ដោយ អ្នកនាំពាក្យសាលារាជធានី លោក ឡុង ឌីម៉ង់ បានថ្លែងថា អ្នកស្រីមិនបានស្វែងរកការអនុញ្ញាតពីសាលារាជធានី ទេ។
ដើម្បីលើកឡើងអំពីបញ្ហាសិទ្ធិមនុស្សអង្គការក្រៅរដ្ឋាភិបាលរួមមាន អង្គការសិទ្ធិមនុស្ស អាដហុក គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា សហភាពការងារកម្ពុជា និងក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន បានចេញសេចក្តីថ្លែងការណ៍អំពាវនាវឲ្យរដ្ឋាភិបាលដើរ តួលើបញ្ហាសិទ្ធិមនុស្ស។
អនុសាសន៍ផ្សេងៗរួមមាន ការពង្រឹងឯករាជភាពនៃប្រព័ន្ធតុលាការ ការអភិវឌ្ឍគោលនយោបាយដីធ្លី និងលំនៅដ្ឋាន និងការគោរពសិទ្ធិកម្មករឲ្យបានប្រសើរជាងមុន ជាពិសេស ពាក់ព័ន្ធនឹងកិច្ចសន្យាការងាររយៈពេលខ្លី។
នៅក្នុងសេចក្តី ថ្លែងការណ៍មួយទៀតរបស់សមាគមសិទ្ធិមនុស្សអាដហុក បានថ្លែងថា ប្រធានបទផ្លូវការនៃពិធីកាលពីម្សិលមិញគឺ«ការរួមបញ្ចូល និងសិទ្ធិចូលរួមក្នុងជីវិតសាធារណៈ» គឺពាក់ព័ន្ធជាពិសេសចំពោះកម្ពុជា។
សេចក្តីថ្លែងការណ៍លើកឡើងថា៖«ពិតណាស់ ឆ្នាំ២០១២បានបង្ហាញឲ្យឃើញឡើងផ្ទាល់ភ្នែក អំពីការរំលោភបំពានសិទ្ធិពលរដ្ឋស៊ីវិលកម្ពុជា និងសិទ្ធិនយោបាយ»។ សេចក្តីថ្លែងការណ៍នេះបន្តថា៖ «ខណៈមានការទទួលស្គាល់តម្រូវការអភិវឌ្ឍសេដ្ឋកិច្ច យើងអំពាវនាវឲ្យសហគ្រាសពាណិជ្ជកម្ម អនុវត្តដោយយកចិត្តទុកដាក់ និងត្រឹមត្រូវ ចំពោះសកម្មភាពរបស់ខ្លួន និងកំណត់អត្តសញ្ញាណ ការការពារ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើសិទ្ធិមនុស្ស»៕
No comments:
Post a Comment