Tuesday, December 4, 2012


អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បន្ត​រុះរើ​លំនៅឋាន​ពលរដ្ឋ​ដោយ​បង្ខំ​ចេញ​ពី​តំបន់​ភ្នំ​ដោះក្រមុំ

2012-12-04
អាជ្ញាធរ​ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី បន្ត​រុះរើ​លំនៅឋាន​ប្រជាពលរដ្ឋ​ដោយ​បង្ខំ​ចេញ​ពី​តំបន់​ភ្នំ​ដោះក្រមុំ បើ​ទោះ​បី​ប្រជាពលរដ្ឋ​សំណូម​ពរ​ឲ្យ​មន្ត្រី​អាជ្ញាធរ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​សម្រាប់​អ្នក​ភូមិ​តាំង​ទីលំនៅ​ថ្មី​សិន​ក៏ដោយ។
ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ដោះក្រមុំ ចំនួន បី​ខ្នង ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ក្រុង​សែនមនោរម្យ បញ្ជា​ឲ្យ​រុះរើ​ចោល​នៅ​ថ្ងៃ​អង្គារ ទី៤ ខែ​ធ្នូ ឆ្នាំ​២០១២។
ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដោះក្រមុំ សង្កាត់​សុខដុម្យ ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី លោក សេង លី មាន​ប្រសាសន៍​បញ្ជាក់​ថា កង​កម្លាំង​ចម្រុះ​មាន​នគរបាល និង​កង​រាជ​អាវុធហត្ថ​ប្រដាប់​អាវុធ​ប្រមាណ ២០​នាក់ ត្រូវ​គេ​ដាក់​ហ៊ុមព័ទ្ធ​ទីតាំង​រុះរើ​លំនៅឋាន​ប្រជាពលរដ្ឋ ហើយ​ក្រុម​កម្មករ​ប្រមាណ ២០​នាក់​ផ្សេង​ទៀត ត្រូវ​ក្រុម​សមត្ថកិច្ច​ជួល​មក​រុះរើ​លំនៅឋាន​ប្រជាពលរដ្ឋ​ចោល។
លោក​បន្ត​ថា មិន​មាន​អ្នក​ភូមិ​ណា​ម្នាក់​ហ៊ាន​ប្រឆាំង​សកម្មភាព​រុះរើ​នោះ​ទេ ក៏ប៉ុន្តែ​ពួក​គាត់​ចាត់​ទុក​ថា​នេះ គឺ​ជា​អំពើ​រំលោភ​សិទ្ធិ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ៖ «ផ្ទះ​ថ្ម​អត់​រុះ​ផង​ហ្នឹង គេ​រុះ​តែ​ផ្ទះ​ពួក​ខ្ញុំ​តូច​តាច​អ្នក​ក្រ​ហ្នឹង ផ្ទះ​តូចៗ​ហ្នឹង គេ​រុះ​អស់​ហើយ គេ​ថា​ជាមួយ​ខ្ញុំ​ថា​ត្រូវ​តែ​បង្ខំ​ឲ្យ​រុះ​តែ​ប៉ុណ្ណឹង។ ខ្ញុំ​ឆ្ងល់ បើ​ថា​ដី​រដ្ឋ​ប៉ះពាល់ ម៉េច​មិន​ប៉ះពាល់​ទាំង​អស់ ប៉ះពាល់​តែ​ដី​ពួក​ខ្ញុំ​ប៉ុណ្ណឹង»
អាជ្ញាធរ​ក្រុង​សែនមនោរម្យ កាល​ពី​ថ្ងៃ​ទី២១ ខែ​វិច្ឆិកា កន្លង​ទៅ​បាន​ចេញ​លិខិត​ជូន​ដំណឹង​ជា​លើក​ទី២ ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដោះក្រមុំ សង្កាត់​សុខដុម្យ រុះរើ​លំនៅឋាន​ចាប់​ពី​ថ្ងៃ​ទី២៣ ដល់​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា បន្ទាប់​ពី​ក្រុម​សមត្ថកិច្ច​ចម្រុះ​ក្រុង បាន​ប្រើប្រាស់​កង​កម្លាំង​នគរបាល និង​កង​រាជ​អាវុធហត្ថ​រុះរើ​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​អស់ ៣ខ្នង។
អភិបាល​រង​ក្រុង​សែនមនោរម្យ លោក ឡុង វិបុល មាន​ប្រសាសន៍​បញ្ជាក់​ថា នេះ​គឺ​ជា​ឱសានវាទ​ដែល​អាជ្ញាធរ​ក្រុង​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​រុះរើ​លំនៅឋាន​ចេញ​ពី​ដី​តំបន់​វប្បធម៌​ជន​ជាតិ​ដើម​ភាគ​តិច។ លោក​បន្ត​ថា ក្រុម​សមត្ថកិច្ច​អនុវត្ត​តាម​បទ​បញ្ជា​អាជ្ញាធរ​ខេត្ត ពីព្រោះ​ប្រជាពលរដ្ឋ​បាន​មក​តាំង​ទីលំនៅ​ខុស​ច្បាប់​លើ​ដី​របស់​រដ្ឋ៖ «ខ្ញុំ​ដឹកនាំ​ការងារ​ហ្នឹង ខ្ញុំ​ធ្វើ​តាម​អ្វី​ដែល​ជា​ការ​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត​ទេ។ បង​ប្អូន​ដែល​គាត់​មក​តាំង​ទីលំនៅ​ហ្នឹង គាត់​គ្មាន​ឯកសារ​អ្វី​ទេ គឺ​ដី​ហ្នឹង​ជា​ដី​របស់​មន្ទីរ​វប្បធម៌​គ្រប់គ្រង។ អ៊ីចឹង យើង​រៀបចំ​កន្លែង​ហ្នឹង​ប្រគល់​ឲ្យ​មន្ទីរ​វប្បធម៌ មន្ទីរ​វប្បធម៌​ប្រគល់​ឲ្យ​មន្ទីរ​ឧស្សាហកម្ម រ៉ែ និង​ថាមពល ដើម្បី​រៀបចំ​ស្ថានីយ​ទឹក​ស្អាត​ខេត្ត»
អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក ហូ សំអុល មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​ការ​ស្នើសុំ​ផ្ទាល់​មាត់​ពី​ប្រជាពលរដ្ឋ​ឲ្យ​ជួយ​អន្តរាគមន៍​ការពារ​សិទ្ធិ​រស់នៅ​របស់​អ្នក​ភូមិ ហើយ​ករណី​នេះ​លោក​នឹង​ជួប​ពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បណ្ដេញ​ចេញ និង​ពាំនាំ​សំណូម​ពរ​អ្នក​ភូមិ​ជូន​អាជ្ញាធរ​ខេត្ត​ជួយ​ដោះស្រាយ​បញ្ហា​នេះ៖«ថា​ដី​ហ្នឹង​ជា​ដី​ខុស​ច្បាប់ ហើយ​ទុក​ពួក​គាត់​ឲ្យ​តាំង​ទីលំនៅ​មិន​គួរ​ឲ្យ​ពួក​គាត់​នៅ​រាប់​ឆ្នាំ តាំង​ទៅ​ដេញ​ប្រជាពលរដ្ឋ​ចេញ គាត់​យក​ដី​មួយ​ចំនួន​ទៅ​ឲ្យ​ខាង​ទឹក​ស្អាត។ ដី​ជន​ជាតិ​ដើម​ភាគ​តិច ហេតុ​អ្វី​មិន​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ»
របាយការណ៍​អង្កេត​របស់​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា ចាប់​ពី​ខែ​តុលា ឆ្នាំ​២០១២ រហូត​ពេល​នេះ​អាជ្ញាធរ​ក្រុង​សែនមនោរម្យ រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​អស់ ៦​ខ្នង និង​ប្រជាពលរដ្ឋ​រុះរើ​ខ្លួន​ឯង​ចំនួន ២​ខ្នង។
អ្នក​ភូមិ​ដោះក្រមុំ លោក ឃៀង សាយ័ន្ត ឲ្យ​ដឹង​ថា ដី​តំបន់​វប្បធម៌​ភ្នំ​ដោះក្រមុំ មាន​ប្រជាពលរដ្ឋ​ប្រមាណ ៥០​គ្រួសារ​បាន​មក​តាំង​ទីលំនៅ​លើ​ដី​នោះ។ ប្រជាពលរដ្ឋ​ខ្លះ​សាង​សង់ និង​កំពុង​សាង​សង់​ជា​ផ្ទះ​ថ្ម ក៏ប៉ុន្តែ​ក្រុម​អាជ្ញាធរ​មិន​បណ្ដេញ ឬ​រុះរើ​នោះ​ទេ។ លោក​ចាត់​ទុក​វិធានការ​របស់​អាជ្ញាធរ​មាន​ការ​រើសអើង៕

No comments:

Post a Comment