Monday, November 5, 2012

សកម្មជន​ស្ត្រី​បឹងកក់​ម្នាក់​ទទួល​ពាន​រង្វាន់​ពី​អាមេរិក

Monday, 05 November 2012 ឃុត សុ​ភ​ចរិយា អ្នក​ស្រី​ ទេព វន្នី ពេល​​សា​លា​ឧទ្ធរណ៍​សម្រេច​ដោះ​លែង​​ពី​គុក កាល​ពី​ខែ​មិ​ថុនា​។ រូបថត ជីវ័ន ភ្នំពេញៈ ស្ត្រី​ដែល​ជា​អតីត​អ្នក​ទោស​ដីធ្លី​ម្នាក់​ ក្នុង​ចំណោម​ស្ត្រី​ ១៣​ នាក់​ ក្នុង​សហគមន៍​បឹងកក់ ដែល​តែង​តែ​ដឹក​នាំ​ការ​តវ៉ា តាម​រូបភាព​ប្លែក​ៗ ដើម្បី​ការ​ពារ​ដី​ធ្លី​ផ្ទះ​សម្បែង​ពី​ការ​រំលោភ​បំពាន ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ទទួល​ពាន​រង្វាន់ Global Leadership Award ពី Vital Voices នៅ​ថ្ងៃ​ទី០២ ខែ មេសា ឆ្នាំ​២០១៣​ខាង​មុខ​នេះ​។ យោង​តាម​លិខិត​អញ្ជើញ​របស់​អ្នក​ស្រី​អាលីស នែល​សិន​ នាយិកា​ប្រតិបត្តិ​របស់ Vital Voices Global Partnership ដែល​បាន​ផ្ញើ​ជូន​អ្នក​ស្រី​ ទេព ​វន្នី​ តាម​រយៈ​លោក​ស្រី​មូរ សុខហួរ និង​ដែល​ភ្នំពេញ​ ប៉ុស្តិ៍​ ទទួល​បាន​កាល​ពី​ម្សិលមិញ បាន​បញ្ជាក់​ថា​ អ្នក​ស្រី​ទេព​ វន្នី​ ត្រូវ​បាន​ជ្រើស​រើស​យ៉ាង​សម្រិត​សម្រាំង ​ឲ្យ​ជាប់​ពាន​រង្វាន់​ Vital Voices Global Leadership Award បន្ទាប់​ពី​អ្នក​ស្រី បាន​ប្រឹង​ប្រែង​តស៊ូ​មតិ​យ៉ាង​សកម្ម ក្នុង​ការ​ដឹក​នាំ​ចលនា​ស្ត្រី​ ក្នុង​សហគមន៍​បឹងកក់​ ដើម្បី​ការ​ការពារ​សិទ្ធិ​ដី​ធ្លី​លំនៅដ្ឋាន និង​សិទ្ធិ​ជា​មូលដ្ឋាន​ផ្សេង​ទៀត​ សម្រាប់​សហគមន៍​របស់​អ្នក​ស្រី ​និង​សហគមន៍​មួយ​ចំនួន​ទៀត​ក្នុង​ប្រទេស​កម្ពុជា​។ Vital Voices ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ស្រី ហ៊ីឡារី គ្លីន​តុន សម្រាប់​ជា​ការ​ផ្ដល់​កិត្តិយស ដល់​ស្ត្រី​ដ៏​ពិសេស​ចំនួន​ប្រាំ​នាក់ រៀង​រាល់​ឆ្នាំ​ដែល​បាន​ការពារ​សិទ្ធិ​មនុស្ស សិទ្ធិ​ស្ត្រី​។ ពាន​ រង្វាន់​នេះ ​នឹង​ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី ០២ ខែ​មេសា​ ឆ្នាំ​២០១៣​ នៅ​ឯ ​JohnF. Kennedy Center for performing Arts ក្នុង​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ដែល​ជា​ថ្ងៃ​ប្រារព្ធ​ខួប​លើក​ទី​១២ នៃ​កម្មវិធី Global Leadership Award ។ Vital Voice​ នឹង​រៀបចំ​សម្រាប់​ការ​ធ្វើ​ដំណើរ និង​ការ​ស្នាក់​នៅ​ឲ្យ​អ្នក​ស្រី​ទេព វន្នី ដើម្បី​ចូល​រួម​កម្មវិធី និង​ទទួល​រង្វាន់ ពី​ថ្ងៃ​ទី២៩ ​ខែ​មីនា ដល់​ថ្ងៃ​ទី​០៧​ ខែ​មេសា ​ឆ្នាំ​២០១៣។ ក្រោយ​ពី​ទទួល​បាន​នូវ​ព័ត៌មាន​នេះ អ្នក​ស្រី​ទេព​ វន្នី​ បាន​សម្តែង​នូវ​ក្ដី​រំភើប​រីករាយ​និង​គិត​ថា​សកម្មភាព​របស់​សហគមន៍ អ្នក​ស្រី​ធ្វើ​នា​ពេល​កន្លង​មក គឺជា​រឿង​ត្រឹម​ត្រូវ​។ អ្នក​ស្រី​បាន និយាយ​ថា៖ «ពាន​រង្វាន់​ដែល​ខ្ញុំ​នឹង​ត្រូវ​ទទួល​បាន​នេះ​ គឺ​បញ្ជាក់​អំពី​អ្វី​ដែល​សហគមន៍​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ បាន​ធ្វើ​យ៉ាង​ត្រឹម​ត្រូវ​ គឺ​ការ​តស៊ូ​មតិ​របស់​ពួក​យើង​ត្រឹម​ត្រូវ​តាម​ច្បាប់​ជាតិ​និង​អន្តរជាតិ មិន​មែន​ជា​ការ​តវ៉ា​បែប​អនាធិបតេយ្យ​ ដូច​អ្វី​ដែល​ខាង​បុគ្គល​ជា​មន្ត្រី​សាធារណៈ​មួយ​ចំនួន​បាន​ចោទ​ប្រកាន់​នោះ ទេ»។ អ្នក​ស្រី​ទេព​ វន្នី​ដែល​ក៏​ទទួល​បាន​ការ​អញ្ជើញ​ ឲ្យ​ទៅ​ចូល​រួម​កម្មវិធី​ Movies That Matter Festival ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២១​ ដល់​ថ្ងៃ​ទី២៧ ខែ​មីនា​ ឆ្នាំ​២០១៣​ នៅ​ទីក្រុង ​Amsterdam នៃ​ប្រទេស​ហូឡង់​ដែរ​នោះ​បន្ត​ថា៖«យើង​នឹង​បន្ត​ជួយ​ដល់​ប្រជា​សហគមន៍​ របស់​យើង​និង​សហគមន៍​រង​គ្រោះ​ដទៃ​ទៀត​ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​ យុត្តិធម៌​។ ការ​ចែក​រំលែក​នូវ​បទពិសោធ​និង​ចំណេះ​ដឹង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​គឺ​ជា​វិធី ​ដ៏​ល្អ ក្នុង​ការ​ជួយ​ឲ្យ​សហគមន៍ និង​សង្គមជាតិ​ទទួល​បាន​សិទ្ធិ​សេរីភាព និង​វឌ្ឍនភាព»។ សកម្មជន ស្រ្តី​ អ្នក​ភូមិ​បឹងកក់​ម្នាក់​ទៀត អ្នក​ស្រី​ហេង មុំ ដែល​កាល​ពី​ថ្ងៃ​ទី ២២ ខែ​កញ្ញា កន្លង​មក បាន​ទៅ​ធ្វើ​បទ​បង្ហាញ​មួយ​ស្ដី​ពី​ «ការ​អភិវឌ្ឍ​គ្មាន​តម្លាភាព​និង​ភាព​អយុត្តិធម៌​នៅ​កម្ពុជា​»​នៅ​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់​បាន​និយាយ​ថា នេះ​ជា​ដំណឹង​មួយ​ ដែល​នាំ​មក​នូវ​ក្ដី​ត្រេកអរ សម្រាប់​ប្រជា​ពលរដ្ឋ ក្នុង​សហគមន៍​បឹងកក់។ អ្នក​ស្រី​ថ្លែងថា​៖​«ខ្ញុំ​ក៏​ដូច​ជា​​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​បឹងកក់​ទាំង​អស់​មាន​ចិត្ត​អរ​សប្បាយ​ខ្លាំង​ណាស់​ នៅ​ពេល​ដឹង​ថា ការ​ប្រឹងប្រែង​តស៊ូ​មតិ​ដើម្បី​ការពារ​លំនៅដ្ឋាន និង​សិទ្ធិ​ជា​មូលដ្ឋាន​ផ្សេងៗ​ទៀត របស់​ក្រុម​ស្ត្រី​សហគមន៍​បឹងកក់​យើង​ខ្ញុំ ទទួល​បាន​នូវ​ពាន​រង្វាន់ Global Leadership Award ពី Vital Voices»។ អ្នក​ស្រី​បាន​បន្ត​ទៀត​ថា មក​ទល់​ពេល​នេះ បញ្ហា​ប្រឈម​នៅ​តែ​បន្ត​កើត​មាន​ចំពោះ​ប្រជា​ពលរដ្ឋ ក្នុង​សហគមន៍​បឹងកក់​ពិសេស​ស្ត្រី​និង​កុមារ។ ជាក់​ស្ដែង​ករណី​អ្នក​ស្រី​យ៉ោម បុប្ផា ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ដោយ​គ្មាន​បង្ហាញ​ដីកា និង​ត្រូវ​បាន តុលាការ​ សម្រេច​ឃុំ​ខ្លួន​យ៉ាង​តក់​ក្រហល់​ដែល​នាំ​ឲ្យ​កូន​ប្រុស​វ័យ​ ៨ ឆ្នាំ​របស់​គាត់​ មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត​ ក្នុង​ការ​សិក្សា​រៀន​សូត្រ គិត​តែ​យំ​នឹក​ដល់​ម្ដាយ​រៀង​រាល់​ថ្ងៃ៕

No comments:

Post a Comment