អ្នកស្រី ទេព វន្នី ពេលសាលាឧទ្ធរណ៍សម្រេចដោះលែងពីគុក កាលពីខែមិថុនា។ រូបថត ជីវ័ន |
Monday, 05 November 2012
ឃុត សុភចរិយា
The Phnom Penh Post
ភ្នំពេញៈ ស្ត្រីដែលជាអតីតអ្នកទោសដីធ្លីម្នាក់ ក្នុងចំណោមស្ត្រី ១៣ នាក់ ក្នុងសហគមន៍បឹងកក់ ដែលតែងតែដឹកនាំការតវ៉ា តាមរូបភាពប្លែកៗ ដើម្បីការពារដីធ្លីផ្ទះសម្បែងពីការរំលោភបំពាន ត្រូវបានជ្រើសរើសឲ្យទទួលពានរង្វាន់ Global Leadership Award ពី Vital Voices នៅថ្ងៃទី០២ ខែ មេសា ឆ្នាំ២០១៣ខាងមុខនេះ។
យោងតាមលិខិតអញ្ជើញរបស់អ្នកស្រីអាលីស នែលសិន នាយិកាប្រតិបត្តិរបស់ Vital Voices Global Partnership ដែលបានផ្ញើជូនអ្នកស្រី ទេព វន្នី តាមរយៈលោកស្រីមូរ សុខហួរ និងដែលភ្នំពេញ ប៉ុស្តិ៍ ទទួលបានកាលពីម្សិលមិញ បានបញ្ជាក់ថា អ្នកស្រីទេព វន្នី ត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំង ឲ្យជាប់ពានរង្វាន់ Vital Voices Global Leadership Award បន្ទាប់ពីអ្នកស្រី បានប្រឹងប្រែងតស៊ូមតិយ៉ាងសកម្ម ក្នុងការដឹកនាំចលនាស្ត្រី ក្នុងសហគមន៍បឹងកក់ ដើម្បីការការពារសិទ្ធិដីធ្លីលំនៅដ្ឋាន និងសិទ្ធិជាមូលដ្ឋានផ្សេងទៀត សម្រាប់សហគមន៍របស់អ្នកស្រី និងសហគមន៍មួយចំនួនទៀតក្នុងប្រទេសកម្ពុជា។
Vital Voices ត្រូវបានបង្កើតឡើងដោយលោកស្រី ហ៊ីឡារី គ្លីនតុន សម្រាប់ជាការផ្ដល់កិត្តិយស ដល់ស្ត្រីដ៏ពិសេសចំនួនប្រាំនាក់ រៀងរាល់ឆ្នាំដែលបានការពារសិទ្ធិមនុស្ស សិទ្ធិស្ត្រី។
ពាន រង្វាន់នេះ នឹងត្រូវបានគេប្រារព្ធធ្វើនៅថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៣ នៅឯ JohnF. Kennedy Center for performing Arts ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដែលជាថ្ងៃប្រារព្ធខួបលើកទី១២ នៃកម្មវិធី Global Leadership Award ។
Vital Voice នឹងរៀបចំសម្រាប់ការធ្វើដំណើរ និងការស្នាក់នៅឲ្យអ្នកស្រីទេព វន្នី ដើម្បីចូលរួមកម្មវិធី និងទទួលរង្វាន់ ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៣។
ក្រោយពីទទួលបាននូវព័ត៌មាននេះ អ្នកស្រីទេព វន្នី បានសម្តែងនូវក្ដីរំភើបរីករាយនិងគិតថាសកម្មភាពរបស់សហគមន៍ អ្នកស្រីធ្វើនាពេលកន្លងមក គឺជារឿងត្រឹមត្រូវ។
អ្នកស្រីបាន និយាយថា៖ «ពានរង្វាន់ដែលខ្ញុំនឹងត្រូវទទួលបាននេះ គឺបញ្ជាក់អំពីអ្វីដែលសហគមន៍យើងខ្ញុំទាំងអស់គ្នា បានធ្វើយ៉ាងត្រឹមត្រូវ គឺការតស៊ូមតិរបស់ពួកយើងត្រឹមត្រូវតាមច្បាប់ជាតិនិងអន្តរជាតិ មិនមែនជាការតវ៉ាបែបអនាធិបតេយ្យ ដូចអ្វីដែលខាងបុគ្គលជាមន្ត្រីសាធារណៈមួយចំនួនបានចោទប្រកាន់នោះ ទេ»។
អ្នកស្រីទេព វន្នីដែលក៏ទទួលបានការអញ្ជើញ ឲ្យទៅចូលរួមកម្មវិធី Movies That Matter Festival ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ នៅទីក្រុង Amsterdam នៃប្រទេសហូឡង់ដែរនោះបន្តថា៖«យើងនឹងបន្តជួយដល់ប្រជាសហគមន៍ របស់យើងនិងសហគមន៍រងគ្រោះដទៃទៀតដើម្បីឲ្យពួកគេទទួលបាន យុត្តិធម៌។ ការចែករំលែកនូវបទពិសោធនិងចំណេះដឹងឲ្យគ្នាទៅវិញទៅមកគឺជាវិធី ដ៏ល្អ ក្នុងការជួយឲ្យសហគមន៍ និងសង្គមជាតិទទួលបានសិទ្ធិសេរីភាព និងវឌ្ឍនភាព»។
សកម្មជន ស្រ្តី អ្នកភូមិបឹងកក់ម្នាក់ទៀត អ្នកស្រីហេង មុំ ដែលកាលពីថ្ងៃទី ២២ ខែកញ្ញា កន្លងមក បានទៅធ្វើបទបង្ហាញមួយស្ដីពី «ការអភិវឌ្ឍគ្មានតម្លាភាពនិងភាពអយុត្តិធម៌នៅកម្ពុជា»នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់បាននិយាយថា នេះជាដំណឹងមួយ ដែលនាំមកនូវក្ដីត្រេកអរ សម្រាប់ប្រជាពលរដ្ឋ ក្នុងសហគមន៍បឹងកក់។ អ្នកស្រីថ្លែងថា៖«ខ្ញុំក៏ដូចជាប្រជាពលរដ្ឋក្នុងសហគមន៍បឹងកក់ទាំងអស់មានចិត្តអរសប្បាយខ្លាំងណាស់ នៅពេលដឹងថា ការប្រឹងប្រែងតស៊ូមតិដើម្បីការពារលំនៅដ្ឋាន និងសិទ្ធិជាមូលដ្ឋានផ្សេងៗទៀត របស់ក្រុមស្ត្រីសហគមន៍បឹងកក់យើងខ្ញុំ ទទួលបាននូវពានរង្វាន់ Global Leadership Award ពី Vital Voices»។ អ្នកស្រីបានបន្តទៀតថា មកទល់ពេលនេះ បញ្ហាប្រឈមនៅតែបន្តកើតមានចំពោះប្រជាពលរដ្ឋ ក្នុងសហគមន៍បឹងកក់ពិសេសស្ត្រីនិងកុមារ។ ជាក់ស្ដែងករណីអ្នកស្រីយ៉ោម បុប្ផា ដែលត្រូវបានអាជ្ញាធរចាប់ខ្លួនដោយគ្មានបង្ហាញដីកា និងត្រូវបាន តុលាការ សម្រេចឃុំខ្លួនយ៉ាងតក់ក្រហល់ដែលនាំឲ្យកូនប្រុសវ័យ ៨ ឆ្នាំរបស់គាត់ មានអារម្មណ៍បាក់ទឹកចិត្ត ក្នុងការសិក្សារៀនសូត្រ គិតតែយំនឹកដល់ម្ដាយរៀងរាល់ថ្ងៃ៕
No comments:
Post a Comment