|
សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក John McCain។ រូបថត Reuters |
Monday, 12 November 2012
David Boyle
The Phnom Penh Post
ភ្នំពេញៈ សមាជិកសភាជាន់ខ្ពស់សហរដ្ឋអាមេរិកមួយក្រុមបានចុះហត្ថលេខាលើលិខិតថ្កោលទោសលោកនាយករដ្ឋ មន្រ្តីហ៊ុន សែន ជូនលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដោយបានចោទប្រកាន់លោកនាយករដ្ឋមន្រ្តីកម្ពុជាថា ជាប់ពាក់ព័ន្ធនឹងករណីកាប់ឈើខុសច្បាប់ និងករណីរំលោភសិទិ្ធមនុស្សជាច្រើន។
លិខិតបញ្ឆេះខ្លាំងដែលបាន ចុះហត្ថលេខាដោយព្រឹទ្ធសមាជិក៥នាក់និងសមាជិកសភា ៧នាក់ ជំរុញលោក អូបាម៉ា ឲ្យថ្លែងអំពីការរំលោភសិទិ្ធមនុស្ស ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលនាសប្តាហ៍នេះ ក្នុងនោះ រាប់បញ្ចូលទាំងករណីសម្លាប់មនុស្ស ដែលថាពាក់ព័ន្ធនឹងក្រុមហ៊ុនទាក់ទងនឹងលោក ហ៊ុន សែន។
លិខិតនោះបានពុះច្រៀកព្រឹត្តិការណ៍ទាំងនេះដោយឡែកៗ បន្ទាប់ពីមានបាតុកម្ម ការតវ៉ា និងសង្គ្រាមនៅអារ៉ាប់ ព្រមានពីការកើនឡើងនៃឥទិ្ធពលរបស់ ចិន ហើយចុះហត្ថលេខាដោយលោក ចន ម៉ាក់ខេន អតីតបេក្ខជនឈរឈ្មោះជាប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Barbara Boxer មកពីគណបក្សប្រជាធិបតេយ្យ និងលោក Joe Lieberman អ្នកឯករាជ្យនិងព្រឹទ្ធសមាជិកជាន់ខ្ពស់របស់សហរដ្ឋ អាមេរិកទាំងអស់។
លិខិតនោះលើកថា ៖ «ក្នុងខែមេសា លោក ឈុត វុទ្ធី អ្នកការពារបរិស្ថានគួរឲ្យគោរព ត្រូវបានសម្លាប់ដោយកងរាជអាវុធហត្ថម្នាក់ ខណៈតាមដានការកាប់ឈើខុសច្បាប់ ដែលជាប្រភពចំណូលចម្បងរបស់លោក ហ៊ុន សែន និងពាណិជ្ជករពាក់ព័ន្ធនឹងលោក»។ «ក្នុងខែឧសភា ក្មេងស្រីអាយុ ១៤ ឆ្នាំម្នាក់ ត្រូវបានសម្លាប់ក្នុងភូមិប្រមា ជាភូមិជនបទក្រីក្រមួយ នៅភាគខាងជើងប្រទេសកម្ពុជា ក្នុងអំឡុងការតវ៉ាប្រឆាំងនឹងប្រតិបតិ្តការបណ្តេញចេញដែលដក ហូតដីតាងនាមឲ្យក្រុមហ៊ុនដែលពាក់ព័ន្ធនឹងលោក ហ៊ុន សែន»។
លិខិត នោះថា៖ «លោកនាយករដ្ឋមន្រ្តី[ហ៊ុន សែន] កំពុងប្រើប្រាស់តុលាការ ដែលគ្រប់គ្រងដោយអ្នកនយោបាយ ដើម្បីសម្រួលដល់ការចាប់ដីធ្លីទាំងនេះ និងបង្កើនការគ្រប់គ្រងមិនប្រជាប្រិយភាព»។
លិខិតដែលចុះ ថ្ងៃទី៣១ ខែតុលា បានអំពាវនាវឲ្យលោក អូបាម៉ា ដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាឲ្យអនុញ្ញាតឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិកម្ពុជា វិលមកកម្ពុជាវិញ នៅមុនការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ។
លិខិតនោះក៏ស្នើលោក អូបាម៉ា ឲ្យជំរុញការដោះលែងលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ ដែលជាប់ឃុំនៅពន្ធនាគារ ព្រមទាំងកំណែទម្រង់លើប្រព័ន្ធបោះឆ្នោតកម្ពុជា ដែលការទាមទារទាំងនេះ គឺសឹងតែដូចគ្នាទាំងស្រុងទៅនឹងគោលការណ៍បោះឆ្នោតរបស់គណបក្ស សង្គ្រោះជាតិកម្ពុជា និងរបៀបវារៈនៃអង្គការសិទិ្ធមនុស្សល្បីៗមួយចំនួន។
លិខិត នោះបញ្ចប់ថា៖ « ... ការខកខានមិនលើកឡើងពីចំណុចទាំងនេះ នឹងប៉ះពាល់ដល់ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ្នកប្រជាធិបតេយ្យអាស៊ី គឺជាការផ្តល់ប្រយោជន៍ចំពោះលោក ហ៊ុន សែន និងសាធារណរដ្ឋប្រជាមានិតចិន»។
កាលបរិច្ឆេទបញ្ចេញលិខិតនេះធ្វើឲ្យមានលក្ខណៈប្រែប្រួលខ្លាំង។ ព្រោះវាធ្វើឡើងតែមួយសប្តាហ៍ មុនកិច្ចប្រជុំកំពូលអាស៊ាន ដែលមានភាពតានតឹងកន្លងមក ដោយប្រទេសសមាជិកអាស៊ាន និងដៃគូបានមួម៉ៅនិងខឹងសម្បាដោយយល់ ឃើញថា ចិនបានដាក់របៀបវារៈរបស់ខ្លួនលើកិច្ចពិភាក្សា តាមរយៈឥទិ្ធពលខ្លួនមកលើកម្ពុជា ដែលជាប្រធានអាស៊ាន។
ប៉ុន្តែ អ្នកនាំពាក្យរដ្ឋាភិបាលបានខឹងសម្បាក្នុងការឆ្លើយតបកាល ពីម្សិលមិញ ដោយបញ្ជាក់ថា អាមេរិកមានសិទិ្ធរិះគន់កម្ពុជា ហើយទន្ទឹមនឹងនេះក៏បានច្រានចោលការអះអាងមួយចំនួនដែលលើក ឡើងក្នុងលិខិតនោះ។
លោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈ រដ្ឋមន្រ្តីបានថ្លែងថា ព្រឹទ្ធសមាជិកសហរដ្ឋអាមេរិកគួរពិនិត្យច្បាប់កម្ពុជាឲ្យបានស៊ី ជម្រៅ មុននឹងស្នើសុំឲ្យមានការដោះលែងជនណាម្នាក់ដូចជាលោក ម៉ម សូណង់ដូ។
លោកបានបញ្ជាក់ថា៖ «កម្ពុជាមានឯករាជភាព និងអធិបតេយ្យក្នុងការសម្រេច (តាមប្រព័ន្ធតុលាការ) ដូច្នេះ របាយការណ៍នៃសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកមិនត្រឹមត្រូវទេ»។
លោក សូណង់ដូ ពីខែតុលា ត្រូវបានរកឃើញថា មានពិរុទ្ធជាមេខ្លោងនៃគម្រោង«អបគមន៍» ហើយត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ២០ឆ្នាំ ក្នុងការជំនុំជម្រះមួយ ដែលក្រុមសិទិ្ធមនុស្ស និងរដ្ឋាភិបាលបរទេសរិះគន់ជាទូទៅថា ជារឿងនយោបាយ។
ថ្លែងជា ទស្សនៈផ្ទាល់ខ្លួន លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានឲ្យដឹងថា កម្ពុជាស្វាគមន៍អ្នកសម្តែងមតិដោយសេរីអំពីកម្ពុជា ជាពិសេស អ្នកបង្កើតគោលនយោបាយសហរដ្ឋអាមេរិក ប៉ុន្តែចង់បានថា លោក អូបាម៉ា លើកឡើងបញ្ហាណាក៏ដោយ ដែលលោកមាន ក្នុងអំឡុងកិច្ចប្រជុំទ្វេភាគី។
លោកបន្តថា៖ «ខ្ញុំពិតជាកោតសរសើរ ដែលអ្នកនយោបាយសហរដ្ឋអាមេរិករក្សាការយកចិត្តទុកដាក់ខ្លាំង លើកម្ពុជា។ យើងនៅតែសរសើរកិច្ចសហប្រតិបតិ្តការនិងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ហើយយើងបន្តគោរពគ្នាទៅវិញទៅមក ផលប្រយោជន៍អាមេរិក និងប្រយោជន៍យើង»។
លោក ផៃ ស៊ីផាន បានបន្តថា បញ្ហាមួយចំនួនដែលបានលើកឡើងក្នុងនោះ ហួសសម័យហើយ ហើយរដ្ឋាភិបាលស្វាគមន៍នូវឱកាសពន្យល់បំភ្លឺថា តើវាត្រូវបានដោះស្រាយជាបណ្តើរៗដោយរបៀបណាប្រាប់លោក អូបាម៉ា។
ភ្នំពេញ ប៉ុស្តិ៍ បានព្យាយាមទាក់ទងគ្រប់ហត្ថលេខីលើលិខិតនោះពីម្សិលមិញ ក៏ដូចជា តំណាងរបស់លោក អូបាម៉ា ប៉ុន្តែពុំមានការឆ្លើយតបភ្លាមៗទេ។
សហរដ្ឋអាមេរិក មិនមែនជាមហាអំណាចបរទេសដែលពាក់ព័ន្ធនឹងការជជែក ពិភាក្សាស្តីពីស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជាទេ ហើយប្រទេសដទៃទៀត ដែលបានលើកឡើងពីបញ្ហានេះ បានទទួលការរិះគន់ពីសំណាក់មន្រ្តីរដ្ឋាភិបាល។
បន្ទាប់ពី សភាអឺរ៉ុបចេញសេចក្តីសម្រេចមួយកាលពីខែមុនដែលមានលក្ខណៈដូច គ្នាទៅនឹងលិខិតរបស់អាមេរិក ដែលថ្កោលទោសបញ្ហារំលោភបំពានសិទ្ធិមនុស្សមួយចំនួននៅក្នុង ប្រទេសកម្ពុជា មន្រ្តីការទូតម្នាក់ពីក្រសួងការបរទេស បានរិះគន់ពួកគេដោយចោទប្រកាន់ថាមានភាពលម្អៀង និងបំប្លែងការពិត។
ព្រឹទ្ធសភាអូស្រ្តាលីបានអនុម័តនូវ សេចក្តីសម្រេចមួយស្រដៀងគ្នាដែរ ហើយត្រូវបានច្រានចោលដោយភារធារីកម្ពុជានៅទីនោះឈ្មោះ គឹម សួរ សាវណ្ណារី ថាផ្អែកលើទស្សនៈមិនត្រឹមត្រូវ និងលម្អៀងទៅរកមេដឹកនាំគណបក្សសង្គ្រោះជាតិកម្ពុជា លោក សម រង្ស៊ី និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សប្រចាំកម្ពុជា លោក ស៊ូរិយា ស៊ូប៊ែរឌី។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ បានថ្លែងកាលពីម្សិលមិញថា លិខិតរបស់សហរដ្ឋអាមេរិកគឺមានលក្ខណៈដូចគ្នាទៅនឹងការរិះគន់ ពីមុនៗដែរ។
លោកបន្ថែមថា៖ «ថាតើវាមានកម្លាំងគ្រប់គ្រាន់ធ្វើឲ្យប្រធានាធិបតីដែល ទើបជាប់ឆ្នោតថ្មី លោក បារ៉ាក់ អូបាម៉ា ប្រតិកម្ម នៅមិនទាន់ដឹងច្បាស់នៅឡើយទេ»។
លោកបន្តថា៖«ពួកគេអាច ឲ្យសភាអាមេរិក និងព្រឹទ្ធសភាអនុម័តសេចក្តីសម្រេចមួយស្រដៀងគ្នានឹង សភាអឺរ៉ុប។ ពិតណាស់ នោះនឹងមានកម្លាំងខ្លាំង»។
លោក ឡៅ ម៉ុងហៃ ដែលបានជួបផ្ទាល់ជាមួយ លោក ចន ម៉ាក់ខេន ក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីមុន បានថ្លែងថា ព្រឹទ្ធសមាជិកនិងសមភាគីខាងគណបក្សប្រជាធិបតេយ្យ និងព្រឹទ្ធសមាជិកចុះហត្ថលេខាផ្សេងទៀតលោក Patrick Leahy បានគាំទ្រគណបក្សរបស់លោក សម រង្ស៊ី ជាយូរមកហើយ»។
ប៉ុន្តែ លោកបានថ្លែងថា ពួកគេក៏មានចំណេះដឹងនិងការយល់ដឹងខ្លាំងដែរ អំពីកិច្ចការកម្ពុជា ជាពិសេសលោក ម៉ាក់ខេន ដែលធ្លាប់ត្រូវបានដាក់ពន្ធនាគារនៅទីក្រុងហាណូយ បន្ទាប់ពីត្រូវបានបាញ់ខណៈកំពុងបើកយន្តហោះចម្បាំង ហើយតែងតែបានពិនិត្យឃ្លាំមើលអំពីកិច្ចការនយោបាយអាស៊ីចាប់ តាំងពីពេលនោះមក។
លោក សម រង្ស៊ី កាលពីពេលថ្មីៗនេះបានទៅសហរដ្ឋអាមេរិកជាផ្នែកនៃដំណើរ ទស្សនកិច្ចដើម្បីស្វែងរកការគាំទ្រពីបរទេស ដើម្បីឲ្យមានការលើកលែងទោសចំពោះការជាប់ទោសរបស់លោកនៅ កម្ពុជា ដើម្បីឲ្យលោកអាចវិលត្រឡប់មកចូលរួមការបោះឆ្នោតនៅខែកក្កដា ឆ្នាំក្រោយ និងស្វែងរកឲ្យមានកំណែទម្រង់លទ្ធិប្រជាធិបតេយ្យផ្សេងៗទៀត ដែលលោកបានស្នើឡើង។
លោក សម រង្ស៊ី ប្រឈមនឹងការជាប់ពន្ធនាគារចំនួន១២ឆ្នាំ ប្រសិនលោកត្រឡប់មកប្រទេសកម្ពុជាវិញពាក់ព័ន្ធនឹងបញ្ហាដកតម្រុយ បង្គោលព្រំដែនកម្ពុជាវៀតណាមកាលពីឆ្នាំ២០០៩ ដែលលោកអះអាងថាបានរំលោភចូលក្នុងដីកម្ពុជា៕
រាយការណ៍បន្ថែមៈឃុត សុភចរិយា
No comments:
Post a Comment