Wednesday, October 31, 2012

សង្ស័យ ម្ចាស់​ក្សត្រិយ៍ នរោត្ដម សោម៉ា ចាប់ចំបូស បានជា ខៀវ កាញារីទ្ធ ស្រែក ឡូឡាយ៉ាងនេះ

លោក ខៀវ កាញារីទ្ធ ប្រតិកម្ម​លើ​អត្ថបទ​រិះគន់​របស់ម្ចាស់​ក្សត្រិយ៍ នរោត្ដម សោម៉ា 2012-10-29 ដោយ ទេព សុរ៉ាវី RFA ក្រោយ​ពេល​ដែល​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ សោយ​ទិវង្គត អនាគត​នៃ​រាជា​និយម​ក្នុង​ប្រទេស​កម្ពុជា ស្ថិត​នៅ​ក្នុង​ភាព​មន្ទិល បើ​ទោះ​បី​ជា​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​ស្បថ​នៅ​មុខ​ព្រះបរមសព​របស់​ព្រះអង្គ សច្ចា​ថា លោក​នឹង​រក្សា​រាជា​និយម​ឲ្យ​គង់វង្ស​ស្ថិតស្ថេរ​ក៏ដោយ។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រះបរមសព ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ការ​រៀបចំ​កម្មវិធី​ព្រះរាជ​បូជា​ព្រះបរមសព នា​ក្រសួង​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី២៩ ខែ​តុលា ឆ្នាំ​២០១២។ ខ្សែ​រាជវង្ស​មួយ​អង្គ គឺ​ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា បាន​សរសេរ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ចុង​សប្ដាហ៍​មុន ដោយ​ភ្ជាប់​អនាគត​នៃ​រាជា​និយម​ទៅ​ក្នុង​កណ្ដាប់​ដៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ការ​លើក​ឡើង​នេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ច្រានចោល និង​ថា​ជា​ការ​បញ្ឆេះ​បំបែក​បំបាក់​ខ្សែ​រាជវង្សានុវង្ស​ជាមួយ​រដ្ឋាភិបាល។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ប្រតិកម្ម​ចំពោះ​សំណេរ​អត្ថបទ​របស់​ខ្សែ​រាជវង្ស​មួយ​អង្គ គឺ​ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា ដែល​បាន​សរសេរ​អត្ថបទ​មួយ​ផ្សាយ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែល​រដ្ឋាភិបាល​គិត​ថា​ជា​សំណេរ​មាន​ចេតនា​បង្ក​ការ​បំបែក​បំបាក់​ផ្ទៃ​ក្នុង​ជាតិ និង​បំបែក​បំបាក់​រវាង​ខ្សែ​រាជវង្សានុវង្ស និង​រដ្ឋាភិបាល។ ក្នុង​អត្ថបទ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ចេញ​ផ្សាយ​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស កាល​ពី​ថ្ងៃ​ទី២៦ ខែ​តុលា ឆ្នាំ​២០១២ ក្រោម​ចំណង​ជើង​ថា "អនាគត​រាជា​និយម​ស្ថិត​ក្នុង​កណ្ដាប់​ដៃ​គណបក្ស​ប្រជាជន" ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា ជា​ម្ចាស់​អត្ថបទ​នេះ​បាន​ពណ៌នា​ថា ក្នុង​អំឡុង​ពេល​ព្រះរាជ​ពិធី​បុណ្យ​ព្រះបរមសព ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ កាល​ពី​ថ្ងៃ​ទី១៧ ខែ​តុលា គាត់​ឃើញ​ការ​រួប​រួម​ក្នុង​ចំណោម​គ្រួសារ​រាជវង្ស​មាន​លក្ខណៈ​ពុំ​រឹងមាំ និង​មាន​ការ​បែង​ចែក​ក្នុង​រដ្ឋាភិបាល​បច្ចុប្បន្ន។ នៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​ព្រះបរមសព ខ្សែ​រាជវង្ស​មិន​សូវ​បាន​ចូល​ទៅ​សម្ដែង​គារវកិច្ច​ទេ ហើយ​ច្រើន​តែ​ជា​មន្ត្រី​រដ្ឋាភិបាល​មក​ពី​គណបក្ស​ប្រជាជន។ ក្នុង​សំណេរ​អត្ថបទ​ដដែល ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា បន្ត​ថា អ្នក​រិះគន់​បាន​លើក​ឡើង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល​គ្រប់គ្រង​សង្វៀន​នយោបាយ និង​រាជា​និយម ហើយ​នឹង​បន្ត​គ្រប់គ្រង​ដរាប​ណា​លោក​នៅ​កាន់​អំណាច ហើយ​ព្រះមហាក្សត្រ នរោត្ត សីហមុនី ជា​មហាក្សត្រ​បច្ចុប្បន្ន ហាក់​ដូច​ជា​ទីងមោង​គ្មាន​អំណាច​អ្វី​ទាំង​អស់។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី២៩ ខែ​តុលា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ចាត់​ទុក​សំណេរ​របស់ ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា ថា​ជា​សំណេរ​ចេតនា​បញ្ឆេះ​ញុះញង់​បំបែក​បំបាក់​រវាង​រាជវង្សានុវង្ស និង​រដ្ឋាភិបាល ដែល​មាន​គណបក្ស​ប្រជាជន​កំពុង​កាន់​អំណាច។ លោក ខៀវ កាញារីទ្ធ បញ្ជាក់​ថា ការ​សរសេរ​របស់ ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា ជា​ការ​ចោទ​ប្រកាន់​មិន​សម​ហេតុផល និង​ក្នុង​គំនិត​មួយ​ខ្មៅ​កខ្វក់។ លោក ខៀវ កាញារីទ្ធ៖ «ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ហាក់​ដូច​ជា​សម្ដេច ហ៊ុន សែន ជា​អ្នក​គ្រប់គ្រង​ទីតាំង​ហ្នឹង​ទាំង​មូល ហើយ​ព្រះករុណា​របស់​យើង​ព្រះមហាក្សត្រ​របស់​យើង​បច្ចុប្បន្ន​នេះ ហាក់​ដូច​ជា​ទីងមោង គ្មាន​អំណាច​អ្វី​ទាំង​អស់។ ចោទ​ថា​ការ​រៀបចំ​នៅ​ក្នុង​វាំង​មិន​ឲ្យ​រាជវង្សានុវង្ស​ចូល​ទៅ​នេះ គឺ​ជា​ការ​មួយ​មួលបង្កាច់ ហើយ​ក្នុង​ចេតនា​អាក្រក់​ណាស់ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ដល់​រាជ​រដ្ឋាភិបាល ក៏​ដូច​ជា​គណបក្ស​កាន់​អំណាច ហើយ​ជា​ពិសេស សម្ដេច ហ៊ុន សែន ហាក់​ដូច​ជា​សម្ដេច ហ៊ុន សែន គឺ​ចង់​វាំង​ទី​លើ​វាំង​ទាំង​មូល»។ ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា បាន​សរសេរ​រិះគន់​បន្ត​ថា រដ្ឋាភិបាល​មាន​អំណាច​ក្នុង​ការ​សម្រេច​ថា តើ​សមាជិក​រាជវង្ស​អង្គ​ណា​នឹង​ក្លាយ​ជា​ព្រះមហាក្សត្រ​បន្ទាប់។ អនាគត​រាជា​និយម ស្ថិត​ក្នុង​កណ្ដាប់​ដៃ​របស់​គណបក្ស​កាន់​អំណាច ហើយ​អ្នក​ខ្លះ​ជឿជាក់​ថា រាជា​និយម​នឹង​បាត់​បង់​ទៅ​បន្តិច​ម្តងៗ។ លោក ខៀវ កាញារីទ្ធ បញ្ជាក់​ថា នាយក​រដ្ឋមន្ត្រី​មិន​មាន​សិទ្ធ​ជ្រើស​រើស​ព្រះមហាក្សត្រ​បន្ទាប់​ទេ តែ​មាន​ក្រុម​ប្រឹក្សា​ព្រះរាជ​បល្ល័ង្ក​ជា​អ្នក​បោះ​ឆ្នោត​ជ្រើស​រើស ហើយ​រដ្ឋាភិបាល​ប្រកាន់​ជំហរ​រក្សា​រាជា​និយម​ជា​ដរាប៖ «គ្រាន់​តែ​ឃើញ​អត្ថបទ​ជា​អង់គ្លេស ខ្មែរ យើង​ឃើញ​ថា ការ​បក​ប្រែ​ពាក្យ គឺ​ផ្សេង​គ្នា ហើយ​ទី២ អត្ថបទ​ខាង​ក្នុង គឺ​ពិសពុល​បន្តិច​ហើយ ដែល​ចោទ​មក​លើ​រដ្ឋាភិបាល​ក្នុង​ពេល​ដែល​រដ្ឋាភិបាល​ខំ​ធ្វើ​គ្រប់​បែប​យ៉ាង ដើម្បី​ធ្វើ​យ៉ាង​ណា​ដើម្បី​លើក​ស្ទួយ​កិត្យានុភាព​របស់​ព្រះរាជា ក៏​ដូច​ជា​ព្រះរាជវង្សានុវង្ស ដូច្នេះ​មិន​គួរ​ចោទ​នេះ​ជា​ការ​ខុស​ឆ្គង»។ លោក ខៀវ កាញារីទ្ធ បាន​ចោទ​ជា​សំណួរ​ទៅ ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា ថា​តើ​អ្វី​ដែល​សរសេរ​នេះ​ក្នុង​នាម​ជា​អ្នក​កាសែត​អាជីព ក្នុង​នាម​ជា​ខ្សែ​រាជវង្សានុវង្ស ឬ​ក្នុង​នាម​ជា​អ្នក​នយោបាយ ដែល​សរសេរ​ដើម្បី​កេង​ចំណេញ​នយោបាយ​លើ​ព្រះបរមសព​របស់ ព្រះបាទ នរោត្តម សីហនុ។ ទោះ​ជា​យ៉ាង​ណា លោក ខៀវ កាញារីទ្ធ មិន​បាន​បញ្ជាក់​ពី​នីតិវិធី​ណា​មួយ​តាម​ផ្លូវ​ច្បាប់​សម្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែល​បាន​ចុះ​ផ្សាយ​នូវ​អត្ថបទ​របស់ ម្ចាស់​ក្សត្រិយ៍ នរោត្តម សោម៉ា នោះ​ទេ តែ​បញ្ជាក់​ថា ម្ចាស់​អត្ថបទ​នេះ​គួរ​កែ​តម្រូវ​លើ​អត្ថបទ​របស់​ខ្លួន​ដែល​បាន​ចេញ​ផ្សាយ៕

No comments:

Post a Comment