Wednesday, October 17, 2012

អ្នក​វិភាគ៖ ការ​សន្យា​របស់​លោក ហ៊ុនសែន ចំពោះ​បៀវត្ស​គ្រូ​ជា​ការ​រក​សន្លឹក​ឆ្នោត

2012-10-14
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​សៅរ៍ ទី១៣ ខែ​តុលា បាន​អះអាង​ថា លោក​នឹង​ត្រៀម​រៀបចំ​គោល​នយោបាយ ស្ដីពី​ការ​ដំឡើង​ប្រាក់​បៀវត្ស​គ្រូ​បង្រៀន សម្រាប់​អាណត្តិ​ទី៥ ចាប់​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៨ ខាង​មុខ។
RFA/Sok Serey
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឱកាស​សម្ពោធ​ផ្លូវ​ជាតិ​លេខ​៦ នា​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១២។
ប៉ុន្តែ អ្នក​វិភាគ​នយោបាយ ចាត់​ទុក​ថា នេះ​ជា​សារ​នយោបាយ​សម្រាប់​ការ​បោះ​ឆ្នោត។ ការ​អះអាង​ចុង​ក្រោយ​របស់​លោក ហ៊ុន សែន ផ្ទុយ​ទៅ​នឹង​ការ​ប្រកាស​របស់​លោក កាល​ពី​ថ្ងៃ​ទី៩ តុលា ថា លោក​មិន​អាច​ដំឡើង​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ​បាន​ទេ នៅ​ក្នុង​ស្ថានភាព​ប្រទេស​បច្ចុប្បន្ន។ អ្នក​វិភាគ​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ការ​សន្យា​របស់​លោក ហ៊ុន សែន គឺ​ជា​យុទ្ធនាការ​រក​សន្លឹក​ឆ្នោត​គាំទ្រ នៅ​មុន​ការ​បោះ​ឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ។ មន្ត្រី​ទាំង​នោះ​បាន​សុំ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​បន្ថែម អំពី​តុល្យភាព​នៃ​អតិផរណា ឬ​ទំនិញ​ឡើង​ថ្លៃ​បច្ចុប្បន្ន ទៅ​នឹង​ប្រាក់​ខែ​គ្រូ​បង្រៀន ព្រម​ទាំង​គុណភាព​វិស័យ​អប់រំ។ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក បាន​ស្វាគមន៍​ការ​អះអាង​របស់​លោក ហ៊ុន សែន ប៉ុន្តែ​លោក​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល​អំពី​ស្ថានភាព​រស់នៅ​របស់ ​គ្រូ​បង្រៀន ដែល​មាន​ប្រាក់​ខែ​ទាប និង​តម្លៃ​សាំង និង​ទំនិញ​សព្វ​សារពើ ដែល​កំពុង​ឡើង​ថ្លៃ​ជា​ខ្លាំង​នៅ​ទីផ្សារ។ លោក រ៉ុង ឈុន៖ «ការ​ដំឡើង​ប្រាក់​បៀវត្ស​ដែល​ពេល​បោះ​ឆ្នោត​ជិត​មក​ ដល់​នេះ យើង​ដឹង​ហើយ​ថា អ្នក​នយោបាយ​កំពុង​ស្វះស្វែង​រក​ការ​គាំទ្រ​ពី​គ្រូ​បង្រៀន មន្ត្រី​រាជការ ប៉ូលិស ទាហាន និង​ប្រជាពលរដ្ឋ។ យើង​ចង់​ឲ្យ​នាយក​រដ្ឋមន្ត្រី ត្រូវ​ប្រមើល​មើល​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ ដើម្បី​មាន​យន្តការ​ទប់ស្កាត់ និង​ទម្លាក់​តម្លៃ​ទំនិញ ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​តុល្យភាព ដែល​គ្រូ​បង្រៀន មន្ត្រី​រាជការ ប៉ូលិស ទាហាន​ទាំង​អស់ អាច​រស់នៅ​បាន​សមរម្យ»។ លោក រ៉ុង ឈុន មាន​ប្រសាសន៍​ផង​ដែរ​ថា ទោះ​បី​ជា​លោក ហ៊ុន សែន បាន​ដំឡើង​ប្រាក់​ខែ​គ្រូ​បង្រៀន ២០% ជា​រៀង​រាល់​ឆ្នាំ​ក៏ដោយ ក៏​ប្រាក់​បៀវត្ស​គ្រូ​បង្រៀន​ដែល​កម្រិត​ទាប​ពេក​នោះ មិន​អាច​ទប់ទល់​នឹង​ជីវភាព​រស់នៅ​បាន​ទេ។ លោក​ថា បញ្ហា​នេះ​បាន​ជា​ជំរុញ​ឲ្យ​គ្រូ​បង្រៀន​ខ្លះ បង្ខំ​ចិត្ត​លក់​វិញ្ញាសា​ដល់​សិស្ស ខ្លះ​លក់​នំនែក​នៅ​សាលា និង​ខ្លះ​ទៀត ចេញ​ទៅ​ប្រកប​ការងារ​ផ្សេង​ក្នុង​ម៉ោង​ធ្វើ​ការ ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែម​ផ្គត់ផ្គង់​ក្នុង​ជីវភាព​គ្រួសារ។ កាល​ពី​ថ្ងៃ​ទី១៣ ខែ​តុលា លោក ហ៊ុន សែន បាន​ប្រកាស​នៅ​ខេត្ត​កំពង់ចាម ថា គណបក្ស​ប្រជាជន​កម្ពុជា គ្រោង​រៀបចំ​គោល​នយោបាយ​ស្ដីពី​បៀវត្ស​សម្រាប់​អាណត្តិ​ទី៥ ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៨។ ប៉ុន្តែ លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​ថា តើ​គោល​នយោបាយ​ស្ដីពី​ប្រាក់​បៀវត្ស មាន​ចំណុច​សំខាន់​អ្វី​ខ្លះ​នោះ​ទេ។ លោក​គ្រាន់​តែ​បាន​អះអាង​ថា រដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ខែ​ជូន​គ្រូ​បង្រៀន​ចំនួន ២០% ជា​រៀង​រាល់​ឆ្នាំ៖ «អ្វី​ដែល​ខ្ញុំ​ជំទាស់ ជំទាស់ តាម​បែប​ឡើង​តាម​បែប​អស់​លោក ឡើង​ដូច​ឧទ្ធម្ភាគចក្រ។ អ៊ីចឹង តាំង​ពី​ឆ្នាំ​២០០៨ រហូត​មក​ឡើង​រហូត ២០% ២០% រហូត​មក​ដល់​ពេល​នេះ ប៉ុន្មាន​រយ​ភាគ​រយ​ទៅ​ហើយ។ ប៉ុន្តែ គេ​ឡើង​មាន​របៀប​របស់​គេ វា​មិន​ដែល​អា​ណា​ជណ្ដើរ ៩កាំ ឡើង​ទៅ​ដល់​កាំ​ទី៩ ហ្មង​ទេ​វី។ ហើយ​គណបក្ស​ប្រជាជន ក៏​កំពុង​ត្រៀម​រៀបចំ​គោល​នយោបាយ​ស្ដីពី​បៀវត្ស​សម្រាប់​អាណត្តិ​ទី៥ ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៨»។ ការ​ប្រកាស​របស់​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី១៣ តុលា នេះ គឺ​ផ្ទុយ​ទៅ​នឹង​គោល​ជំហរ​របស់​លោក ដែល​បាន​បញ្ជាក់​ប្រាប់​ជា​សាធារណៈ កាល​ពី​ថ្ងៃ​ទី៩ តុលា ថា រដ្ឋាភិបាល​កម្ពុជា មិន​អាច​ដំឡើង​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ​បាន​ទេ នៅ​ក្នុង​ស្ថានភាព​ប្រទេស​កម្ពុជា ដែល​កំពុង​ត្រូវ​ការ​ថវិកា​សម្រាប់​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​ផ្សេងៗ​ជា​ អាទិភាព។ បន្ថែម​ពី​នេះ លោក ហ៊ុន សែន ក៏​បាន​រិះគន់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ព្រម​ទាំង​ចំអក​ដល់​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​ថា ការ​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​របស់​មន្ត្រី​រាជការ​នោះ គឺ​ជា​ការ​លើក​ឡើង​ដើម្បី​ចំណេញ​ខាង​ផ្នែក​នយោបាយ៖ «បើ​លេង​តាម​អ្នក​ ឃោសនា​មួយ​ចំនួន ច្បាស់​ជា​ទៅ​ខ្ចី​លុយ​គេ យក​មក​បើក​ប្រាក់ខែ​ហើយ។ បើ​ខ្ចី​លុយ​គេ​មក​កសាង​ផ្លូវ កសាង​ប្រព័ន្ធ​ទឹក កសាង​អគ្គិសនី កសាង​អ្វី​ដែល​ជា​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច មាន​លទ្ធភាព​នឹង​ខ្ចី។ ប៉ុន្តែ បើ​ទៅ​ខ្ចី​មក​បើក​ប្រាក់​ខែ គឺ​គ្មាន​ផ្លូវ​ទេ ហើយ​អា​ហ្នឹង គឺ​អត់​មាន​អី​ថ្មី​ទេ តាំង​ពី​ឃោសនា ១៩៩៣ មក ធ្លាក់​ដល់​ឥឡូវ»។ ចំណែក​លោក ប៉ុល ហំម អនុប្រធាន​នៃ​គណៈកម្មាធិការ​បណ្ដោះ​អាសន្ន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​បង្រួប​បង្រួម​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស បាន​ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​គោល​នយោបាយ​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​មន្ត្រី​រាជការ​ទូទៅ និង​ប្រជាពលរដ្ឋ។ លោក​បន្ត​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​ជ័យ​ជំនះ​ក្នុង​ការ​បោះ​ឆ្នោត​សកល នៅ​ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ គណបក្ស​លោក​នឹង​ដំឡើង​ប្រាក់​ខែ​មន្ត្រី​រាជការ​ឡើង​ដល់ ១លាន​រៀន ប្រមាណ​ជា ២៥០​ដុល្លារ​អាមេរិក។ លោក ប៉ុល ហំម៖ «មន្ត្រី​រាជការ​ប្រាក់​ខែ​ទាប​មែន​ទែន ប្រព្រឹត្ត​អំពើ​ពុក​រលួយ​បាន​ទៅ រស់​ស្រួល​ទៅ អ្នក​ណា​អត់​បាន​ទេ រស់​នៅ​រហេមរហាម​ទៅ។ អ៊ីចឹង​ទៅ បាន​ជា​គណបក្ស​សង្គ្រោះ​ជាតិ គឺ​យើង​បាន​កំណត់ និង​បាន​ពិភាក្សា​គ្នា​ទាំង​អស់​ថា នៅ​ពេល​ដែល​គណបក្ស​ឈ្នះ​ឆ្នោត យើង​មាន​លទ្ធភាព​នឹង​ផ្តល់​ប្រាក់​បៀវត្ស​ជូន​គាត់​យ៉ាង​តិច ១លាន​រៀល គឺ​ស្មើ ២៥០​ដុល្លារ​អាមេរិក។ ហើយ ២៥០​ដុល្លារ​នេះ គឺ​ទាប​ណាស់ ប៉ុន្តែ​លទ្ធភាព​ដែល​យើង​អាច​ធ្វើ​បាន​ប៉ុណ្ណឹង ក្នុង​ដំណាក់​កាល​ទី១»។ ទោះ​ជា​ក្នុង​ហេតុផល​ណា​ក៏ដោយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ មាន​ប្រសាសន៍​ថា បញ្ហា​ប្រាក់​ខែ​គ្រូ​បង្រៀន​ទាប​នេះ នាំ​ឲ្យ​ប៉ះពាល់​ជា​ខ្លាំង​ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា ទាំង​នៅ​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត។ លោក​បណ្ឌិត​បន្ត​ថា បញ្ហា​ខ្វះ​ខាត​ក្នុង​ជីវភាព​រស់នៅ បាន​ជំរុញ​ឲ្យ​គ្រូ​បង្រៀន​ខ្លះ​ប្រព្រឹត្ត​អំពើ​មិន​គប្បី និង​អសីលធម៌៖ «តាម ​មើល គាត់​កែ​តម្រូវ​អ្វី​ដែល​គាត់​មាន​ប្រសាសន៍​កាល​ពី​អាទិត្យ​មុន ថា​ដំឡើង​ប្រាក់​ខែ​អត់​កើត​ទេ ព្រោះ​អត់​លុយ។ ជា​ការ​ល្អ​យើង​ស្វាគមន៍ ប៉ុន្តែ​អត់​គ្រប់គ្រាន់​ទេ។ រឿង​ប្រាក់​ខែ​នេះ ខ្ញុំ​ថា​ប៉ះពាល់​ទាំង​អស់ និង​មាន​ផល​វិបាក​វែង​ឆ្ងាយ។ ទី១ គុណភាព​នៃ​ការ​អប់រំ។ ទី២ គឺ​រឿង​សីលធម៌​ហ្នឹង​ឯង ម៉្លោះ​ហើយ​ការ​អប់រំ​មិន​បាន​ដិត​ដល់ គុណភាព​នៃ​ការ​អប់រំ ហើយ​សីលធម៌​របស់​សិស្ស និង​គ្រូ​បង្រៀន ដូច​ជា​ការ​លក់​វិញ្ញាសា ឬ​ការ​សូកប៉ាន់​គ្រូ តាំង​ពី​ក្មេងៗ​ទៅ យើង​ប្រព្រឹត្ត​អំពើ​អសីលធម៌ អបាយមុខ​បែប​នេះ គឺ​ដល់​ធំៗ​ទៅ យើង​តៗ​គ្នា​រហូត​ទៅ»។ ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រាក់​ខែ​គ្រូ​បង្រៀន​ទាប​នេះ នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីលកា អ្នកស្រី ធីតា ឃឹះ មាន​ប្រសាសន៍​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​គុណភាព​វិស័យ​អប់រំ​នៅ​កម្ពុជា។ អ្នកស្រី​ថា ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ស្ថានភាព​រស់នៅ​របស់​គ្រូ​បង្រៀន នឹង​ជំរុញ​ឲ្យ​មាន​គុណភាព​អប់រំ​ខ្ពស់​នៅ​កម្ពុជា​នេះ គឺ​មាន​សារសំខាន់​ណាស់ ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា អាច​ប្រកួត​ប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន៖ «ក៏ប៉ុន្តែ ២០% ប្រហែល​អត់​តាម​ទាន់​ទៅ​នឹង​តម្លៃ​ទីផ្សារ​ក្នុង​ការ​រស់នៅ​របស់​គាត់​ហ្នឹង ទី១។ ទី២ គឺ​ស្ថានភាព​ទូទៅ​នៅ​សាលារៀន នៅ​ជនបទ​នោះ គឺ​ត្រូវ​មាន​វិធានការ​ពិសេស ពីព្រោះ​ឥឡូវ​នេះ បើ​តាម​ខ្ញុំ​ដឹង ដែល​បាន​ចុះ​ធ្វើ​ការ​ផ្ទាល់ គឺ​ប្រជាពលរដ្ឋ​បាន​ត្អូញត្អែរ​ប្រាប់​ខ្ញុំ​ថា គ្រូ​អត់​ទៅ​ដល់​សាលា មាន​សាលា​តែ​អត់​មាន​គ្រូ។ ទី៣ ការ​គ្រប់គ្រង និង​ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​កម្មវិធី​សិក្សា​មាន​គុណភាព ប្រណាំង​ប្រជែង​ក្នុង​តំបន់។ ប៉ុន្តែ បើ​ធ្វើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ហើយ​ប្រជាពលរដ្ឋ​យើង​អត់​មាន​ចំណេះ​ចេះ​ដឹង យើង​មាន​ការ​លំបាក​ក្នុង​ការ​ប្រកួត​ប្រជែង»
លោក រ៉ុង ឈុន បញ្ជាក់​ផង​ដែរ​ថា ការ​ស្ទាប​ស្ទង់​មតិ​របស់​អង្គការ​ភាព​ជា​ដៃគូ​នៃ​ការ​អប់រំ កាល​ពី​ពេល​ថ្មីៗ​នេះ បាន​រក​ឃើញ​ថា ការ​ធ្លាក់​ចុះ​វិស័យ​អប់រំ​នៅ​កម្ពុជា ដោយ​សារ​តែ​ប្រាក់​ខែ​គ្រូ​បង្រៀន​ទាប ហើយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​តែ​ដំឡើង​ប្រាក់​បៀវត្ស​គ្រូ​បង្រៀន ដើម្បី​ឲ្យ​គ្រូ​ទាំង​នោះ មាន​ជីវភាព​រស់នៅ​សមរម្យ ថ្លៃថ្នូរ និង​ពង្រឹង​ការ​យក​ចិត្ត​ទុក​ដាក់​បង្រៀន​សិស្ស​ឲ្យ​បាន​ត្រឹមត្រូវ៕

No comments:

Post a Comment