Thursday, September 6, 2012

LICADHO - សេចក្តីថ្លែងការណ៍ - រយៈពេល​ពីរថ្ងៃ បទបញ្ជា​ឃុំខ្លួន​បណ្តោះអាសន្ន​ចំនួនពីរ ដែលមិនត្រឹមត្រូវ​លើអ្នកទាក់ទាញ​មតិគាំទ្រ​អំពីសិទិ្ធដីធ្លី​ដ៏លេចធ្លោ​នៅទីក្រុង​ភ្នំពេញ

ក្រុមសង្គមស៊ីវិល
អ្នកស្រី យ៉ោម បុប្ជា​ កំពុងនិយាយ​ទៅកាន់សារព័ត៌មាន​កាលពីដើមឆ្នាំនេះ​(រូបឆ្វេង) និងអ្នកស្រី ទឹម សាក់មុន្នី កំពុងរៀបចំ​សកម្មភាព​អហិង្សា​របស់សហគមន៍​(រួបស្តាំ)
ថ្ងៃ៦ ខែកញ្ញា ឆ្នាំ២០១២ - ភ្នំពេញ (ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១២)៖ ក្នុងរយៈពេលពីបីថ្ងៃមុន សាលាដំបូង​រាជធានីភ្នំពេញ បានចេញដីកាឃុំខ្លួន​បណ្តោះអាសន្នមិនសមហេតុផល​មកលើស្ត្រីទាំងពីរនាក់ ដែល​ជាអ្នកទាក់ទាញមតិគ្រាំទ្រអំពីសិទិ្ធដីធ្លី លើករណីដែលមិនពាក់ព័ន្ធនឹងអ្នកទាំងនោះ។ ព្រឹត្តិការណ៍​ទាំងពីរនេះ គឺជា​ព្រឹត្តិការណ៍ចុងក្រោយនៅក្នុង​ខ្សែសង្វាក់​នៃព្រឹត្តិការណ៍ ដែលតុលាការ​ត្រូវបានគេ​ប្រើប្រាស់ជា​ឧបករណ៍ ក្នុងការបំបាត់សម្លេង​សហគមន៍​ដែលបានរងគ្រោះ។

សកម្មជន​ដែលត្រូវបានចាប់ខ្លួនទាំងពីរនាក់ បានធ្វើការតស៊ូក្នុងការ​ទាក់ទាញមតិគាំទ្រ​ក្នុងនាមជាប្រជាពលរដ្ឋ​ដែល​ គ្មានអំណាច ទៅលើជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ាមួយចំនួនដែលជាអ្នកជំនួញមាន​អំណាចបំផុត និង​មានទំនាក់ទំនង​ជិតស្និត​ជាមួយ​អ្នកមានអំណាច​ក្នុង​ប្រទេសកម្ពុជា។

នៅថ្ងៃទី៤ ខែកញ្ញា ករណីដំបូង អ្នកតំណាង​សហគមន៍បឹងកក់​ដែល​និយាយ​ឥតសំចៃ អ្នកស្រី យ៉ោម បុប្ជា ត្រូវបានគេបញ្ជូន​ទៅកាន់​ពន្ធនាគារព្រៃសរ ​ម២ (CC2) ដើម្បីរង់ចាំបើក​សវនាការ​ លើការចោទប្រកាន់​ពីបទហិង្សា​ដោយចេតនា ដោយមានស្ថានទម្ងន់ទោស​ក្នុងមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។ អាជ្ញាធរ​អះអាងថា អ្នកស្រីបានចូលរួម​ក្នុងការ​ប្រើហិង្សា​វាយ​ទៅលើ​ជនសង្ស័យថា ជាចោរលួច​កញ្ចក់​រថយន្តរបស់​អ្នកស្រី។

សាក្សីបានប្រាប់​អ្នកស៊ើបអង្កេត​អង្គការ​សង្គមស៊ីវិលថា បុគ្គល​ដែលត្រូវបាន​គេវាយ​ឲ្យរបួស ត្រូវបានគេសង្ស័យថា​បានលួចកញ្ចក់​រថយន្ត​ជាច្រើនដង។ អ្នកស្រីបុប្ជា បានប្តឹងទៅ​អាជ្ញាធរនគរបាល​ក្នុងតំបន់​ជាច្រើន​លើកផងដែរ ប៉ុន្តែអ្នកទាំងនោះ​មិនមាន​សកម្មភាព​អ្វីទាំងអស់។ នៅថ្ងៃទី៧ ខែសីហា ជនសង្ស័យនោះ បានឈរជិតរថយន្ត​របស់អ្នកស្រី ពេលនោះ ប្រជាពលរដ្ឋ​ជិតខាងបាន​ឃើញ ហើយក៏មានការចោទថា មានអំពើហិង្សា​ទៅលើបុគ្គល​នោះ។

អ្នកស្រីបុប្ជា មិនមានវត្តមាន ហើយក៏​មិនដែល​ត្រូវបាន​សាកសួរ​ពីអាជ្ញាធរ អំពី​ហេតុការណ៍​នោះដែរ។ ទោះជាយ៉ាងណា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ តែ សំអាង បានចេញ​ដីកានាំខ្លួនទាំ​ងអ្នកស្រីបុប្ជា និងស្វាមី​របស់គាត់ ដែលនេះជាការ​អនុវត្ត​នីតិវិធី​ប្លែកពីធម្មតា។ ដីកានាំខ្លួន ស្មើនឹងដីកា​ចាប់ខ្លួន ដោយសារ​ដីកានេះ​អនុញ្ញាត​ឲ្យមានការ​ឃាត់ខ្លួន​ភ្លាមៗ។ បន្ទាប់ពីធ្វើការ​សាកសួរ​រយៈពេល​ខ្លី លោកចៅក្រម តែ សំអាង បានសម្រេច​ឃុំខ្លួន​អ្នកស្រី បុប្ជា ប៉ុន្តែដោះលែង​ប្តីអ្នកស្រី ដែលមិនមែន​ជាអ្នកសកម្ម​ក្នុងការតវ៉ា​អំពីបញ្ហាដីធ្លី។

អ្នកស្រី បុប្ជា បានចូលរួម​ក្នុង​ចលនាបាតុកម្ម ដោយអហិង្សា​ជាច្រើន ចាប់តាំងពី​ក្រុមហ៊ុន​ស៊ូកាគូ អ៊ិន (Shukaku Inc.) ចាប់ផ្តើម​ចាក់លុប​បឹងកក់ នាំអោយមាន​ការបណ្តេញចេញ​ជាច្រើនពាន់​គ្រួសារ។ អ្នកស្រី បានដឹកនាំ​ការតវ៉ា​ជាច្រើនលើក សម្រាប់ស្នើសុំ​ឲ្យមាន​ការដោះលែង​អ្នកភូមិ​បឹងកក់ទាំង ១៣ នាក់ (ក្រុមស្ត្រី​ត្រូវបានចាប់ខ្លួន​នៅដើមឆ្នាំនេះ​កាលពីថ្ងៃទី២២ ខែឧសភា ហើយឃុំខ្លួន​ក្នុងពន្ធនាគារ រយៈពេលជាងមួយខែ)។

អ្នកស្រី ទេព វន្នី អ្នកភូមិបឹងកក់​ម្នាក់នៃអ្នកភូមិ​បឹងកក់​ទាំង ១៣ បានមាន​ប្រសាសន៍ថា៖ “ការចាប់ខ្លួន​អ្នកស្រីបុប្ជា គឺជា​ការប៉ុនប៉ង​មួយយ៉ាង​ច្បាស់​ក្នុងការ​គម្រាមកំហែង​ប្រជាពលរដ្ឋ​ទាក់ទង​ នឹងការ​អំពាវនាវ​របស់អ្នក​ទាំងនោះ​លើការ​ទាមទារ​ឲ្យធ្វើការ​បោះបង្គោល​ ព្រំដី ១២.៤៤ ហិកតា ដែលត្រូវបាន​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន សន្យា​ឲ្យមកយើង​មួយឆ្នាំ​មកហើយ”។

បន្ទាប់មក​នៅព្រឹក​ម្សិលមិញ សកម្មជនដីធ្លី​ទីពីរ ត្រូវបានឃុំខ្លួន​ក្នុងករណី​ដោយឡែក​មួយទៀត។ អ្នកស្រី ទឹម សាក់មុន្នី ដែលជា​អ្នកតំណាង​គ្រួសារ​ដែលត្រូវគេ​បណ្តេញ​ចេញ​ពីបុរីកីឡា​ដ៏លេចធ្លោម្នាក់ ត្រូវបានគេបញ្ជាឲ្យ​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ព្រៃសរ​ ម២ (CC២) ពីបទ​ដែលគាត់បានធ្វើ “ការផ្តល់​សេចក្តីប្រកាស​ដោយភូតកុហក” នៃមាត្រា ៦៣៣ នៃក្រមព្រហ្មទណ្ឌ។ បណ្តឹងប្រឆាំងនឹង​អ្នកស្រី សាក់មុន្នី ត្រូវបានធ្វើឡើង​ដោយម្ចាស់ក្រុមហ៊ុន ផានអ៊ីមិច អ្នកស្រីស៊ុយ សុផាន។ ក្រុមហ៊ុន ផានអ៊ីមិច បានទទួលដី​សហគមន៍ បុរីកីឡា ជាថ្នូរនឹង​ការសន្យា​ក្នុងការសាងសង់​អគារស្នាក់នៅ​ចំនួន ១០ ខ្នង សម្រាប់អ្នករស់នៅ​ក្នុងតំបន់នោះ។ ទោះជាយ៉ាងណា ក្រុមហ៊ុន បានសម្រេច​ក្នុងការសាងសង់​ត្រឹមតែ​ចំនួន ៨ ខ្នង ដែល​បណ្តាល ឲ្យមានជម្លោះដីធ្លី​បន្តទៀត។

អាជ្ញាធរអះអាងថា អ្នកស្រី សាក់មុន្នីបានធ្វើ “ការផ្តល់​សេចក្តីប្រកាស​ដោយភូតកុហក” នៅក្នុងបំណង​ព្យាយាម​ទទួលបាន​ផ្ទះសម្រាប់​កូនប្រុសពិការ​របស់អ្នកស្រី​អាយុ ៤៩ឆ្នាំ ដែលជា​អ្នករស់នៅ​ក្នុងសហគមន៍​បុរីកីឡា។ កូនប្រុស​របស់អ្នកស្រី (ជាពោះម៉ាយ និង​ជាអតីតទាហាន) កំពុងមានជម្ងឺពិការ​មួយចំហៀង និង​មិនអាចនិយាយបាន។

អ្នកនាង ណាលី ពីឡូក នាយិកា​អង្គការ​សិទិ្ធមនុស្ស លីកាដូ បានមាន​ប្រសាសន៍ថា៖ “បទចោទប្រកាន់ គឺជា​ការកំប្លែងលេង​សើច ចូរពិចារណាថា​កូនប្រុសរបស់អ្នកស្រី គឺមានសិទ្ធិ​ទទួលបាន​ផ្ទះនៅក្នុងអគារ​បុរីកីឡា”។ អ្នកនាងបានមាន​ប្រសាសន៍​បន្តទៀតថា៖ “តើវាជាការភូតកុហក​យ៉ាងដូចម្តេច ក្នុងការធ្វើការទាក់ទាញ​មតិគាំទ្រ​សម្រាប់សិទិ្ធ​របស់អ្នកណាម្នាក់​ នៅក្នុងច្បាប់?”

មាត្រា ៦៣៣ បានហាមក្នុងការផ្តល់ “សេចក្តីប្រកាស​ដោយភូតកុហក​ទៅអង្គភាពរដ្ឋ​ក្នុងគោលបំណង​ទទួលបាន​ធនលាភ រង្វាន់ ឬក៏អត្ថប្រយោជន៍​ខុសច្បាប់​ណាមួយ”។ បទល្មើស​ព្រហ្មទណ្ឌ​នេះ គឺត្រូវ​ផ្តន្ទាទោស​ដោយដាក់​ពន្ធនាគារពី ប្រាំមួយខែ ដល់ ពីរឆ្នាំ ហើយពិន័យ​ជាប្រាក់ពី មួយលានរៀល ដល់ បួនលានរៀល ( ២៥០ដុល្លារ ទៅ ១.០០០ដុល្លារ)។

ការប្រើប្រាស់​ការឃុំខ្លួន​បណ្តោះអាសន្ន​នៅក្នុងករណីនេះ គឺពិតជា​ការភ្ញាក់ផ្អើល ដោយនៅក្នុងក្រម​នីតិវិធី​ព្រហ្មទណ្ឌកម្ពុជា​បានចែងថា ការឃុំខ្លួន​បណ្តោះអាសន្ន​ត្រូវបានចេញ​តែនៅក្នុងករណី “លើកលែង”។ ច្បាប់ក៏បានចែងថា​ការឃុំខ្លួននេះ អាចត្រូវបានចេញ​ក្នុងគោលដៅ​ការពារ​ការឃុបឃិតគ្នា​រវាងអ្នកសមគំនិត ការពារភស្តុតាង ការពារ​សណ្តាប់ធ្នាប់​សាធារណៈ ឬក៏ធានាវត្តមាន និងសុវត្ថិភាព​ជនជាប់ចោទ។ គ្មានករណី​ទាំងនេះ នៅក្នុងករណី​របស់អ្នកស្រីបុប្ជា ឬក៏ករណី​អ្នកស្រី សាក់មុន្នី​នោះទេ។

លោក យ៉េង វីរៈ នាយកប្រតិបត្តិ​នៃមជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់សហគមន៍​បានមានប្រសាសន៍ថា៖ “ការកើនឡើង​ឥតឈប់ឈរ ក្នុងការប្រើប្រាស់​បទលើ្មស​ព្រហ្មទណ្ឌ និង​ការឃុំខ្លួន​បណ្តោះអាសន្ន ដើម្បីបំបិទ​សម្លេង​របស់សហគមន៍​រងគ្រោះ អ្នកតំណាង និង​អ្នកការពារ​សិទិ្ធមនុស្ស។ នេះ​គឺជា​វិធីសាស្ត្រស៊ីចង្វាក់ ដដែលៗ និងជាប្រព័ន្ធ ដែលរំលោភសិទ្ធិ​របស់ប្រជាពលរដ្ឋ​ដែលចែងក្នុង​រដ្ឋធម្មនុញ្ញកម្ពុជា”។

តុលាការគួរតែ​ពិចារណាលើ​ចំនុចសំខាន់​នៃការឃុំខ្លួន​បណ្តោះអាសន្ន នៅក្នុងករណី​ទាំងពីរនេះ ហើយធ្វើការ​ពិនិត្យ​ដោយឯករាជ្យ​លើការ​ប្តឹងតវ៉ា​នឹងដីកាឃុំខ្លួន​ទាំងនេះ ដោយផ្អែកការ​ទាមទារ​ផ្លូវច្បាប់​ជាក់លាក់​ដែលបាន​រៀបរាប់​ខាងលើ។ យើងខ្ញុំ ជាអង្គការ​សង្គមស៊ីវិល​មានរាយនាម​ដូចខាងក្រោម ជឿជាក់ថា​ការពិនិត្យ​ឡើងវិញនេះ គួរតែអាច​ឈានដល់​ការដោះលែង​ស្ត្រីទាំងពីរ ដោយធ្វើឲ្យ​អ្នកទាំងនោះ​មានការត្រៀមខ្លួន​បានល្អ ក្នុងការ​ការពារខ្លួន​ដោយយោងទៅតាម​ច្បាប់។

សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្ម(CFSWF)
សមាគមមន្ត្រីរាជការកម្ពុជា(CICA)
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
បណ្តាញយុវជនកម្ពុជា(CYN)
សមធម៌កម្ពុជា(EC)
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ​(IDEA)
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ(LICADHO)
ក្រុមការងារពិសេសសិទ្ធិលំនៅឋាន(HRTF)
គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តីភេទ(NGO-CEDAW)
សមាគមធាងត្នោត​(STT)


សម្រាប់ពត៌មានបន្ថែម សូមទាក់ទង:
• Eang Vuthy, Equitable Cambodia Representative, 012 791 700
• Am Sam Ath, LICADHO Technical Supervisor, 012 327 770


Download full statement (PDF;English)
មើលសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ (PDF;Khmer)

No comments:

Post a Comment